ព្រះពុទ្ធអង្គ បានជួបសាកច្ឆាធម៌នឹងទេវតាដែលធ្លាប់ជាសំឡាញ់ពីអតីត។
sn 01.050 បាលី cs-km: sut.sn.01.050 អដ្ឋកថា: sut.sn.01.050_att PTS: ?
ឃដិករសូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១០. ឃដីការសុត្តំ)
[១៥៤] ទេវតាទូលថា
ភិក្ខុទាំង៧រូប បានទៅកើតក្នុងព្រហ្មលោក ឈ្មោះ អវិហា មានចិត្តរួចស្រឡះហើយ1) មានរាគៈ ទោសៈ អស់ហើយ ឆ្លងនូវតណ្ហាក្នុងលោករួចហើយ។ ភិក្ខុទាំងឡាយណា បានឆ្លងនូវកិលេស ជាគ្រឿងចំពាក់ ជាទីតាំងនៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក ភិក្ខុទាំងឡាយនោះ លុះលះបង់នូវរាងកាយ ជារបស់មនុស្សហើយ កន្លងនូវទិព្វយោគ គឺ សំយោជនៈ ទាំង៥ ជាចំណែកខាងលើ។ ភិក្ខុទាំងនោះគឺ ព្រះឧបកៈ១ ព្រះផលគណ្ឌៈ១ ព្រះបុក្កុសាតិ១ ជា៣រូប និងព្រះភទ្ទិយៈ១ ព្រះខណ្ឌទេវៈ១ ព្រះពហុទន្តី១ ព្រះសិង្គិយៈ១ (៤រូបនេះទៀត ជា៧) ភិក្ខុទាំងនោះ បានលះបង់នូវរាងកាយ ជារបស់មនុស្សហើយ ទើបកន្លងនូវទិព្វយោគបាន។
[១៥៥] ព្រះមានព្រះភាគត្រាស់ថា
អ្នកឯង ជាបុគ្គលមានកុសល បានពោលសរសើរនូវភិក្ខុទាំងនោះ ដែលជាអ្នកលះបង់ នូវអន្ទាក់នៃមារ ភិក្ខុទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា។
[១៥៦] ទេវតាទូលថា
ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា បុគ្គលនោះ វៀរតែព្រះមានព្រះភាគចេញ មិនមានទេ វៀរតែសាសនា របស់ព្រះអង្គចេញ មិនមានទេ នាមនិងរូប រលត់ទៅឥតមានសេសសល់ ក្នុងសាសនាណា ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌នោះ ក្នុងសាសនានេះ។
[១៥៧] ព្រះមានព្រះភាគត្រាស់ថា
អ្នកឯង ជាបុគ្គលពោលវាចាមានអត្ថដ៏ជ្រៅ ដែលដឹងបានដោយកម្រ យល់បានដោយកម្រក្រៃពេក អ្នកឯង ពោលវាចាបែបនេះ ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលដូចម្តេច។
[១៥៨] ទេវតាទូលថា
ខ្ញុំព្រះអង្គ ជាស្មូនឆ្នាំងឈ្មោះ ឃដិការ កើតក្នុងបុរីឈ្មោះ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធ ទ្រង់ព្រះនាមកស្សប ជាអ្នកវៀរចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅក្នុងស្រុកជាមួយនឹងព្រះអង្គ ជាសំឡាញ់នឹងព្រះអង្គ ក្នុងកាលមុន ខ្ញុំព្រះអង្គ ស្គាល់នូវភិក្ខុទាំង៧រូបនុ៎ះ ដែលមានចិត្តរួចស្រឡះហើយ មានរាគៈ និងទោសៈអស់ហើយ បានឆ្លងហើយនូវតណ្ហាក្នុងលោក។
[១៥៩] ព្រះមានព្រះភាគត្រាស់ថា
ម្នាលភគវៈ អ្នកឯងនិយាយយ៉ាងណា រឿងនុ៎ះ ក៏មានយ៉ាងនោះមែន ក្នុងកាលនោះ អ្នកឯងជាស្មូនឆ្នាំង ឈ្មោះឃដិការ កើតក្នុងបុរីឈ្មោះ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធកស្សប ជាអ្នកវៀរចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ (ជាអនាគាមី) ប្រាសចាកអាមិសៈ បាននៅក្នុងស្រុកជាមួយនឹងតថាគត ជាសំឡាញ់របស់តថាគត ក្នុងកាលមុន។ ការចួបជុំនឹងសម្លាញ់ពីបុរាណនេះ របស់យើងទាំងពីរនាក់ ដែលមានខ្លួនចម្រើនហើយ ជាអ្នកទ្រទ្រង់នូវសរីរៈជាទីបំផុត យ៉ាងនេះឯង។
ចប់ អាទិត្តវគ្គ ទី៥។
បញ្ជីរឿង ក្នុងអាទិត្តវគ្គនោះគឺ
អាទិត្តសូត្រ១ កិន្ទទសូត្រ១ អន្នសូត្រ១ ឯកមូលសូត្រ១ អនោមិយសូត្រ១ អច្ឆរាសូត្រ១ វនរោបសូត្រ១ ជេតវនសូត្រ១ មច្ឆរិសូត្រ១ ឃដិករសូត្រ១។