(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 01.v04 បាលី cs-km: sut.sn.01.v04 អដ្ឋកថា: sut.sn.01.v04_att PTS: ?
សតុល្លប្បកាយិកវគ្គ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. សតុល្លបកាយិកវគ្គោ)
(១. សព្ភិសុត្តំ)
[៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាម កន្លងហើយ មានពួកសតុល្លប្បកាយិកាទេវតា1) ជាច្រើន មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺរុងរឿង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។
[៨០] លុះទេវតាមួយអង្គ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស ព្រោះដឹងច្បាស់នូវព្រះសទ្ធម្ម របស់ពួកសប្បុរស រមែងបានជាបុគ្គលប្រសើរ មិនអាក្រក់ឡើយ។
[៨១] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល នឹងពួកសប្បុរស បុគ្គលបានប្រាជ្ញា ព្រោះដឹងច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស មិនមែនបានអំពីទីដទៃឡើយ។
[៨២] លំដាប់នោះឯង ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលគួរតែអង្គុយរួម ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានដឹងនូវព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងមិនសោកសៅ ក្នុងកណ្តាលពួកជនអ្នកសោកសៅឡើយ។
[៨៣] លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលគួរតែអង្គុយរួម ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានដឹងច្បាស់ នូវព្រះសទ្ធម្ម របស់ពួកសប្បុរស រមែងរុងរឿងក្នុងកណ្តាលនៃញាតិ។
[៨៤] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលគួរតែអង្គុយរួម ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស សត្វទាំងឡាយបានដឹងច្បាស់ នូវព្រះសទ្ធម្មរបស់ពួកសប្បុរសហើយ រមែងទៅកាន់សុគតិបាន។
[៨៥] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល នឹងពួកសប្បុរស សត្វទាំងឡាយដឹងច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស រមែងឋិតនៅជាសុខអស់កាលយូរ។
លំដាប់នោះឯង ទេវតាមួយអង្គទៀត បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភាសិតអ្នកណាហ្ន៎ ជាសុភាសិត។
[៨៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ភាសិតរបស់អ្នកទាំងអស់ ជាសុភាសិត ដោយបរិយាយដែរហើយ តែអ្នកទាំងឡាយ ចូរស្តាប់ពាក្យរបស់តថាគតវិញថា
បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាលនឹងពួកសប្បុរស បុគ្គលដឹងច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស រមែងរួចចាកទុក្ខទាំងអស់បាន។
(២. មច្ឆរិសុត្តំ)
[៨៧] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាម កន្លងហើយ មានពួកសតុល្លប្បកាយិកាទេវតាជាច្រើន មានរស្មីរុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។
[៨៨] លុះទេវតាមួយអង្គ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ព្រោះសេចក្តីកំណាញ់ និងសេចក្តីប្រមាទ បានជានរជនឲ្យទានមិនកើត យ៉ាងនេះ ទាន កាលបើបុគ្គលដឹងច្បាស់ ជាអ្នកប្រាថ្នានូវបុណ្យគួរតែឲ្យ។
[៨៩] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
មនុស្សកំណាញ់ ភ័យចំពោះហេតុណា ហើយមិនឲ្យទាន ហេតុនោះឯង ជាភ័យរបស់អ្នកមិនឲ្យ បុគ្គលកំណាញ់ ខ្លាចចំពោះហេតុណា ព្រោះសេចក្តីឃ្លាន និងស្រេក ហេតុនោះឯង តែងពាល់ត្រូវបុគ្គលពាល ក្នុងលោកនេះ និងលោកខាងមុខ ព្រោះហេតុនោះ សាធុជន គួរតែកំចាត់បង់នូវសេចក្តីកំណាញ់ ជាអ្នកគ្របសង្កត់នូវមន្ទិល ហើយត្រូវឲ្យទាន (ព្រោះថា) បុណ្យទាំងឡាយ ជាទីពឹងរបស់ពួកសត្វក្នុងលោកខាងមុខ។
[៩០] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ពួកជនណា កាលទ្រព្យមានតិច ក៏នៅតែឲ្យទានបាន ដូចជាអ្នកដើរផ្លូវឆ្ងាយ (ចែកស្បៀងដែលមានតិចតួច ដល់គ្នាបាន) កាលបើគេស្លាប់រាល់គ្នា ជននោះឈ្មោះថាមិនស្លាប់ ធម៌នេះ ជាធម៌របស់បុរាណាចារ្យ ជនពួកខ្លះ កាលទ្រព្យមានតិច ក៏នៅតែឲ្យទានបាន ជនពួកខ្លះ សូម្បីសម្បូណ៌ទ្រព្យច្រើន ក៏ឲ្យទានមិនកើត ទក្ខិណាទាន ដែលគេបែងអំពីទ្រព្យតិច ហើយឲ្យ រមែងមានផលស្មើគ្នានឹងទានរាប់ពាន់។
[៩១] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
កាលបើពួកសប្បុរស កំពុងឲ្យរបស់ដែលឲ្យបានដោយកម្រ កំពុងធ្វើអំពើដែលធ្វើបានដោយកម្រ ពួកអសប្បុរស ធ្វើតាមមិនបាន (ព្រោះ) ធម៌របស់ពួកសប្បុរស គឺពួកអសប្បុរសប្រព្រឹត្តតាមបានដោយកម្រ ព្រោះហេតុនោះ គតិរបស់ពួកសប្បុរស និងអសប្បុរស រមែងផ្សេងគ្នា អំពីលោកនេះទៅ គឺពួកអសប្បុរស ទៅកាន់នរក ពួកសប្បុរស ទៅកាន់ឋានសួគ៌។
លំដាប់នោះឯង ទេវតាមួយអង្គទៀត បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភាសិតរបស់អ្នកណាហ្ន៎ ជាសុភាសិត។
[៩២] ភាសិតរបស់អ្នកគ្រប់គ្នា ជាសុភាសិត ដោយបរិយាយដែរហើយ តែអ្នកទាំងឡាយ ចូរស្តាប់ពាក្យរបស់តថាគតវិញថា
ជនណា ចិញ្ចឹមភរិយាផង កាលបើទ្រព្យមានតិច នៅតែឲ្យទានបានផង ប្រព្រឹត្តធម៌បានផង ប្រព្រឹត្តនូវសេចក្តីខ្វល់ខ្វាយ (ក្នុងការងារ) ផង ពួកជនដែលមានការបូជារាប់ពាន់ ដល់បុគ្គលមួយសែននាក់ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះបាន។
[៩៣] លំដាប់នោះ ទេវតាមួយអង្គទៀត បានពោលគាថា ចំពោះព្រះមានព្រះភាគថា
យ័ញ្ញនុ៎ះ មានផលដ៏ទូលាយច្រើនដែរ នៅតែមិនដល់ទាន ដែលបុគ្គលឲ្យហើយ ដោយធម៌ដ៏ស្មើ តើដោយហេតុដូចម្តេច បុគ្គល មានការបូជារាប់ពាន់ ដល់បុគ្គលមួយពាន់នាក់នោះ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះ តើដូចម្តេច។
[៩៤] លំដាប់នោះឯង ព្រះមានព្រះភាគ បានត្រាស់នឹងទេវតានោះ ដោយគាថាថា
បុគ្គលពួកមួយ បានឋិតនៅស៊ប់ក្នុងធម៌មិនស្មើ ហើយបៀតបៀន សម្លាប់ ពុំនោះសោត ធ្វើបុគ្គលដទៃ ឲ្យសោកសៅ ទើបឲ្យទាន ទក្ខិណាទាននោះ ឈ្មោះថា មានមុខទទឹកដោយទឹកភ្នែក ប្រកបដោយអាជ្ញា មិនដល់នូវតម្លៃនៃទាន ដែលបុគ្គលឲ្យហើយ ដោយធម៌ដ៏ស្មើទេ បុគ្គលមានការបូជារាប់ពាន់ ដល់បុគ្គលមួយពាន់នាក់នោះ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះ ដូច្នេះឯង។
(៣. សាធុសុត្តំ)
[៩៥] លំដាប់នោះឯង កាលរាត្រីបឋមយាមកន្លងទៅហើយ ពួកសតុល្លប្បកាយិកាទេវតាជាច្រើន មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ។
[៩៦] ទេវតាមួយអង្គ ឈរក្នុងទីដ៏សមគួរ បន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទានជាការប្រពៃណាស់ បុគ្គលឲ្យទានមិនបាន យ៉ាងនេះ ព្រោះសេចក្តីកំណាញ់ផង ព្រោះសេចក្តីប្រហែសផង ទាន កាលបើបុគ្គលដឹងច្បាស់ ជាអ្នកប្រាថ្នានូវបុណ្យ គួរតែឲ្យ។
[៩៧] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលទ្រព្យមានតិច នៅតែឲ្យបាន ជាការប្រពៃ ជនពួកខ្លះ សូម្បីមានទ្រព្យបន្តិចបន្តួច ក៏ឲ្យបាន ជនពួកខ្លះ មានទ្រព្យច្រើនតែឲ្យមិនកើត ទក្ខិណាទានដែលគេចែករំលែកអំពីទ្រព្យតិច ហើយឲ្យ មានផលស្មើគ្នានឹងទានដទៃរាប់ពាន់។
[៩៨] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលទ្រព្យមានតិច នៅតែឲ្យបាន ជាការប្រពៃ មួយទៀត ការឲ្យដោយសទ្ធា ជាការប្រពៃ ពួកអ្នកប្រាជ្ញ ពោលថា ទាន និងចម្បាំង មានកម្លាំងស្មើគ្នា ពួកសប្បុរស សូម្បីមានគ្នាតិច រមែងឈ្នះពួកអសប្បុរស ដែលមានគ្នាច្រើនបាន កាលបើបុគ្គលណាជឿ (កម្មផល) ហើយឲ្យទានសូម្បីបន្តិចបន្តួច បុគ្គលនោះ រមែងបានសេចក្តីសុខក្នុងលោកខាងមុខ ព្រោះតែទាននោះឯង។
[៩៩] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលទ្រព្យមានតិច នៅតែឲ្យបាន ជាការប្រពៃ ការឲ្យដោយសទ្ធា ជាការប្រពៃ មួយទៀត ការឲ្យនូវរបស់ដែលបានមកដោយធម៌ ជាការប្រពៃ ជនណាឲ្យទានដល់បុគ្គលអ្នកបានធម៌ អ្នកត្រាស់ដឹងដោយសេចក្តីសង្វាត និងសេចក្តីព្យាយាម ជន (នោះ) កន្លងបង់នូវវេតរណិនរក2) របស់ស្តេចយមៈ ហើយដល់នូវឋានទាំងឡាយ ជាទិព្វបាន។
[១០០] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលមានទ្រព្យតិច នៅតែឲ្យបាន ជាការប្រពៃ មួយទៀត ការឲ្យដោយសទ្ធា ជាការប្រពៃ ទាំងឲ្យរបស់ដែលបានមកដោយធម៌ ជាការប្រពៃ ប៉ុន្តែការពិចារណាហើយឲ្យ ទើបជាការប្រពៃពិត ព្រោះទានដែលបុគ្គលពិចារណាហើយឲ្យ ព្រះសុគតទ្រង់សរសើរ ពួកទក្ខិណេយ្យបុគ្គលណា មានក្នុងជីវលោកនេះ ទានដែលបុគ្គលឲ្យ ចំពោះពួកទក្ខិណេយ្យបុគ្គលនុ៎ះ មានផលច្រើន ដូចជាពូជ ដែលបុគ្គលសាបព្រោះក្នុងស្រែល្អ។
[១០១] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលមានទ្រព្យតិច នៅតែឲ្យបាន ជាការប្រពៃ ការឲ្យទានដោយសទ្ធា ជាការប្រពៃ ការឲ្យរបស់ដែលបានមកដោយធម៌ ជាការប្រពៃ ការពិចារណាហើយឲ្យ ក៏ជាការប្រពៃហើយ ប៉ុន្តែការសង្រួម គឺការមិនបៀតបៀន ក្នុងសត្វទាំងឡាយ ក៏រិតតែជាការប្រពៃណាស់ បុគ្គលណា មិនប្រព្រឹត្តបៀតបៀននូវសត្វទាំងឡាយ មិនធ្វើបាប ព្រោះខ្លាចការតិះដៀលអំពីអ្នកដទៃ ជនទាំងឡាយ តែងសរសើរបុគ្គលខ្លាចបាប មិនសរសើរបុគ្គលក្លៀវក្លា ក្នុងបាបនោះទេ ឯពួកសប្បុរសមិនធ្វើបាប ព្រោះខ្លាចបាប។
[១០២] លំដាប់នោះ ទេវតាដទៃទៀត បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភាសិតរបស់អ្នកណាហ្ន៎ ជាសុភាសិត។
[១០៣] ព្រះមានព្រះភាគត្រាស់ថា ភាសិត របស់អ្នកទាំងឡាយគ្រប់គ្នា ជាសុភាសិត ដោយបរិយាយដែរហើយ តែអ្នកទាំងឡាយ ចូរស្តាប់ពាក្យរបស់តថាគតវិញថា
ការឲ្យដោយសទ្ធា អ្នកប្រាជ្ញសរសើរ ដោយចំណែកច្រើនប្រការ តែថា ធម៌ជាឧបាយដើម្បីព្រះនិព្វាន ត្រឹមតែ១បទ ក៏ប្រសើរក្រៃលែងជាងទានទៅទៀត ព្រោះសប្បុរសទាំងឡាយជាន់ដើម ឬជាន់ដើមទៅទៀត ដែលជាអ្នកប្រកបដោយប្រាជ្ញា ក៏បានដល់ព្រះនិព្វានមែនពិត។
(៤. នសន្តិសុត្តំ)
[១០៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងហើយ ពួកសតុល្លកប្បកាយិកាទេវតា មានប្រមាណច្រើនអង្គ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។
[១០៥] ទេវតាមួយអង្គ ឈរក្នុងទីសមគួរហើយ ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
កាមទាំងឡាយក្នុងពួកមនុស្ស រកទៀងគ្មានទេ បុរសដែលជាប់ចំពាក់ក្នុងឥដ្ឋារម្មណ៍ទាំងឡាយ ស្រវឹងក្នុងឥដ្ឋារម្មណ៍ទាំងឡាយ ចេញចាកវដ្តៈ ដែលជាលំនៅនៃមារ ទៅកាន់ព្រះនិព្វាន ជាស្ថានមិនត្រឡប់មកវិញទៀត មិនបានទេ ឥដ្ឋារម្មណ៍ទាំងនោះ រមែងមានក្នុងលោកនេះ។ បញ្ចក្ខន្ធ កើតអំពីតណ្ហា សេចក្តីទុក្ខ ក៏កើតអំពីតណ្ហា ការកំចាត់បង់បញ្ចក្ខន្ធ ព្រោះកំចាត់បង់តណ្ហាបាន ការកំចាត់បង់វដ្តទុក្ខ ក៏ព្រោះកំចាត់បង់បញ្ចក្ខន្ធបាន។ អារម្មណ៍ ដ៏វិចិត្រទាំងឡាយក្នុងលោក ហៅថាកាមនោះ មិនបានទេ តម្រេកដែលបុគ្គលត្រិះរិះ ទើបហៅថា កាមរបស់បុរស អារម្មណ៍ដ៏វិចិត្រទាំងឡាយ តែងឋិតនៅក្នុងលោក តាមធម្មតា តែថាពួកអ្នកប្រាជ្ញ តែងកំចាត់បង់នូវសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ទាំងនុ៎ះ។ បុគ្គលត្រូវលះបង់សេចក្តីក្រោធ ត្រូវរំសាយសេចក្តីប្រកាន់ ត្រូវឆ្លងឲ្យផុតសញ្ញោជនៈទាំងអស់ ព្រោះថា ទុក្ខទាំងឡាយ មិនធ្លាក់លើបុគ្គល ដែលមិនជាប់ចំពាក់ក្នុងនាមរូប ជាអ្នកឥតមានកង្វល់នោះទេ។ បុគ្គល លះសេចក្តីបញ្ញត្តិបានហើយ នឹងមិនបានមកកាន់វិមាន គឺផ្ទៃនៃមាតាទេ បុគ្គលកាត់បង់តណ្ហា ក្នុងនាមរូបនេះបានហើយ ពួកទេវតា និងពួកមនុស្ស ស្វែងរកបុគ្គល ដែលផ្តាច់បង់ធម៌ ជាគ្រឿងចាក់ស្រែះ ជាបុគ្គលឥតមានទុក្ខ ឥតមានតណ្ហានោះ មិនប្រទះក្នុងលោកនេះ ក្នុងលោកខាងមុខ ឬក្នុងឋានសួគ៌ ឬក៏ក្នុងលំនៅរបស់សត្វគ្រប់កន្លែង។
[១០៦] (ព្រះមោឃរាជ មានអាយុ បានទូលសួរថា)
បើពួកទេវតា និងមនុស្ស មើលមិនឃើញនូវបុគ្គលនោះ ដែលមានចិត្តរួចស្រឡះ យ៉ាងនោះហើយ ពួកទេវតា និងមនុស្សណា ក្នុងលោកនេះ ឬលោកខាងមុខ នមស្ការព្រះអង្គដ៏ប្រសើរជាងជន ជាអ្នកប្រព្រឹត្តប្រយោជន៍ ដល់នរជនទាំងឡាយ ពួកទេវតា និងមនុស្សនោះ គួរគេសរសើរឬទេ។
[១០៧] (ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងមោឃរាជថា)
ម្នាលភិក្ខុ ពួកទេវតា និងមនុស្សនោះ ឈ្មោះថា ជាបុគ្គលគួរបុគ្គលសរសើរបានផង ម្នាលភិក្ខុ ពួកបុគ្គលណា នមស្ការបុគ្គល ដែលរួចចាកតណ្ហា ដោយប្រការដូច្នោះនោះ ពួកបុគ្គលនោះឈ្មោះថា បានដឹងច្បាស់នូវធម៌ លះបង់នូវវិចិកិច្ឆា ជាបុគ្គលកន្លងបង់នូវធម៌ ជាគ្រឿងជាប់ចំពាក់បានផង។
(៥. ឧជ្ឈានសញ្ញិសុត្តំ)
[១០៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងទៅហើយ ពួកទេវតាច្រើនអង្គ ជាអ្នកមានសេចក្តីសំគាល់ ក្នុងការពោលទោស មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឋិតនៅនាអាកាស។
[១០៩] ទេវតាមួយអង្គ ឋិតនៅនាអាកាសហើយ ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលណា ប្រកាសនូវខ្លួនដែលមានប្រការដទៃ ដោយប្រការដទៃ ការបរិភោគរបស់បុគ្គលនោះ ឈ្មោះថា បរិភោគ ដោយការលួចលាក់ ដូចជាព្រានសត្វស្លាប បញ្ឆោតបាញ់សត្វ យកសាច់មកបរិភោគ ព្រោះថា បុគ្គលធ្វើអំពើណា ត្រូវនិយាយចំពោះអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយចំពោះអំពើនោះទេ ព្រោះពួកអ្នកប្រាជ្ញ តែងកំណត់ដឹងពួកបុគ្គល ដែលបានតែខាងនិយាយ តែមិនធ្វើ។
[១១០] ព្រះមានព្រះភាគ ត្រាស់ថា
បដិបទានេះឯង ជាបដិបទាដ៏មាំ ពួកអ្នកប្រាជ្ញមានឈាន រមែងរួចចាកចំណងមារ ដោយបដិបទាណា បុគ្គល មិនអាចប្រតិបត្តិបដិបទានេះ ដោយគ្រាន់តែចេះនិយាយ ឬគ្រាន់តែស្តាប់ ដោយចំណែកមួយទេ ពួកអ្នកប្រាជ្ញ ដឹងច្បាស់នូវហេតុក្នុងលោក បានដឹងនូវចតុសច្ចធម៌ ជាអ្នករំលត់កិលេស បានឆ្លងនូវតណ្ហា ដែលផ្សាយទៅក្នុងលោក រមែងមិននិយាយអួតទេ។
[១១១] គ្រានោះឯង ទេវតាទាំងឡាយនោះ ប្រតិស្ឋានលើប្រឹថពី ហើយក្រាបសីរ្សៈទៀបព្រះបាទ នៃព្រះមានព្រះភាគ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសដែលប្រព្រឹត្តកន្លងគ្របសង្កត់ហើយ នូវខ្ញុំព្រះអង្គទាំងឡាយ តាមដោយខ្ញុំព្រះអង្គទាំងឡាយ ជាអ្នកល្ងង់ខ្លៅ ជាអ្នកវង្វេង ជាអ្នកមិនឈ្លាស ខ្ញុំព្រះអង្គទាំងឡាយណា បានមើលងាយព្រះមានព្រះភាគ ដែលជាបុគ្គលមិនគួរបៀតបៀន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់នូវទោស ដែលប្រព្រឹត្តកន្លង គ្របសង្កត់ហើយ ដល់ខ្ញុំព្រះអង្គទាំងឡាយនោះ ដើម្បីនឹងសង្រួមតទៅ។ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើការញញឹមឲ្យប្រាកដឡើង។
[១១២] លំដាប់នោះឯង ទេវតាទាំងនោះ ក៏ពោលទោសច្រើនហួសប្រមាណ ហើយហោះទៅឯអាកាស។ ទេវតាមួយអង្គ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បើអ្នកណាមិនអត់ទោសឲ្យ ដល់បុគ្គលអ្នកសំដែងទោស អ្នកនោះឈ្មោះថា មានសេចក្តីក្រោធនៅខាងក្នុង ធ្វើទោសឲ្យកាន់តែធ្ងន់ឡើង ឈ្មោះថា ឱបក្រសោបពៀរទុក (ដូចជាបុគ្គលពាក់ឡេវក្ឌុំ)។ បើទោសមិនមានទេ កំហុសក្នុងលោកនេះ ក៏មិនមានដែរ បើពៀរទាំងឡាយមិនរម្ងាប់ទេ ក្នុងលោកនេះ នឹងមានអ្នកឈ្លាសដូចម្តេចបាន។ បុគ្គលណា មិនមានទោស ប្រព្រឹត្តកន្លង (ដោយវាចា) បុគ្គលណា មិនមានកំហុស បុគ្គលណា មិនដល់នូវសេចក្តីភាន់ច្រឡំ បុគ្គលណា ជាអ្នកប្រាជ្ញ មានសតិសព្វកាលក្នុងលោកនេះ។
[១១៣] ព្រះមានព្រះភាគ ត្រាស់ថា
ព្រះតថាគតនោះ ជាព្រះពុទ្ធ ជាអ្នកមានសេចក្តីអនុគ្រោះ ដល់សព្វសត្វ មិនមានទោសប្រព្រឹត្តកន្លងទេ ព្រះតថាគតនោះ មិនមានកំហុសទេ ព្រះតថាគតនោះ មិនដល់នូវសេចក្តីភាន់ច្រឡំទេ ព្រះតថាគតនោះ ជាអ្នកមានប្រាជ្ញា មានសតិសព្វកាល ក្នុងលោកនេះ។ បើអ្នកណា មិនអត់ទោស ដែលប្រព្រឹត្តកន្លង ដល់បុគ្គលអ្នកសំដែងទោស អ្នកនោះឈ្មោះថា មានសេចក្តីក្រោធនៅខាងក្នុង ធ្វើទោសឲ្យកាន់តែធ្ងន់ឡើង ឈ្មោះថា ឱបក្រសោបពៀរទុក តថាគត មិនត្រេកអរនឹងពៀរនោះទេ តថាគត អត់ទោស ដែលប្រព្រឹត្តកន្លង ដល់អ្នកទាំងឡាយហើយ។
(៦. សទ្ធាសុត្តំ)
[១១៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ពួកសតុល្លប្បកាយិកាទេវតា3) ជាច្រើន មានរស្មីល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។
[១១៥] លុះទេវតាមួយអង្គ ឋិតនៅ ក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
សទ្ធាជាទីពីរ របស់បុរស បើបុគ្គលមិនឋិតនៅក្នុងភាពជាអ្នកមិនមានសទ្ធាទេ យសបរិវារក្តី កិត្តិសព្ទក្តី តែងមានដល់បុរសនោះ ព្រោះតែការមិនឋិតនៅក្នុងភាពជាបុគ្គល មិនមានសទ្ធានោះ លុះបុគ្គលនោះ លះសរីរៈហើយ រមែងទៅកាន់ឋានសួគ៌។ បុគ្គលគប្បីលះបង់សេចក្តីក្រោធ គប្បីលះបង់មានះ គប្បីលះបង់សំយោជនៈទាំងពួង សង្គធម៌ទាំងឡាយ4) មិនធ្លាក់សង្កត់នូវបុគ្គលនោះ ដែលមិនជាប់ចំពាក់នៅក្នុងនាម និងរូប មិនមានសេចក្តីក្រវល់ក្រវាយឡើយ។
[១១៦] ពួកជនពាល ឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ អ្នកប្រាជ្ញ រមែងរក្សានូវសេចក្តីមិនប្រមាទ ដូចជាគេរក្សាទុក នូវទ្រព្យដ៏ប្រសើរ បុគ្គលកុំគប្បីប្រកបរឿយៗ នូវសេចក្តីប្រមាទ កុំប្រកបរឿយៗ នូវការមូលមិត្ត ដោយតម្រេកក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ អ្នកមានឈាន រមែងដល់នូវសេចក្តីសុខដ៏ឧត្តម។
(៧. សមយសុត្តំ)
[១១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ នាដែនសក្កៈ មួយអន្លើដោយភិក្ខុសង្ឃជាច្រើន ចំនួនភិក្ខុប្រាំរយរូប សុទ្ធតែជាព្រះអរហន្តទាំងអស់។ ក៏ពួកទេវតា មកអំពីលោកធាតុទាំង១០ ប្រជុំគ្នាដោយច្រើន ដើម្បីឃើញព្រះមានព្រះភាគ និងភិក្ខុសង្ឃ។
[១១៨] លំដាប់នោះឯង ពួកសុទ្ធាវាសទេវតា ទាំងបួនអង្គ ត្រិះរិះយ៉ាងនេះថា ព្រះមានព្រះភាគ អង្គនេះ គង់នៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ នាដែនសក្កៈ មួយអន្លើដោយភិក្ខុសង្ឃជាច្រើន ចំនួនភិក្ខុប្រាំរយរូប សុទ្ធតែជាអរហន្តទាំងអស់ ក៏ពួកទេវតា មកអំពីលោកធាតុ ទាំង១០ ប្រជុំគ្នាដោយច្រើន ដើម្បីឃើញព្រះមានព្រះភាគ និងភិក្ខុសង្ឃ បើដូច្នោះ គួរតែពួកយើង ចូលទៅគាល់ព្រះមានព្រះភាគដែរ លុះចូលទៅដល់ហើយ ពួកយើងគប្បីសំដែង នូវគាថាមួយម្នាក់ៗ ក្នុងសំណាក់នៃព្រះមានព្រះភាគ។
[១១៩] លំដាប់នោះឯង ទេវតាទាំងនោះ ក៏បាត់អំពីសុទ្ធាវាសទេវលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ ដូចជាបុរសមានកំឡាំង លាដៃដែលអង្កុញ ឬអង្កុញដៃដែលលា ដូច្នោះឯង។ ទេវតាទាំងនោះ ក៏ថ្វាយបង្គំដោយគោរព ចំពោះព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។
[១២០] លុះទេវតាមួយអង្គ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
សម័យនេះ ជាសម័យប្រជុំធំ ក្នុងដងព្រៃ ពួកទេវតា ក៏មកប្រជុំគ្នាហើយ យើងទាំងឡាយ មកកាន់ទីប្រជុំ ប្រកបដោយធម៌នេះ ដើម្បីឃើញអបរាជិតសង្ឃ គឺសង្ឃដែលមារផ្ចាញ់មិនបាន។
[១២១] លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ពួកភិក្ខុក្នុងទីប្រជុំនោះ ប្រកបដោយសមាធិ ធ្វើចិត្តរបស់ខ្លួន (ដែលវៀចកោង) ឲ្យជាចិត្តស្លូតត្រង់ ភិក្ខុជាបណ្ឌិតទាំងឡាយ តែងរក្សានូវឥន្ទ្រិយទាំងឡាយដោយល្អ ដូចជាសារថីកាន់ទប់នូវខ្សែបរទុកដូច្នោះឯង។
[១២២] លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ភិក្ខុទាំងនោះ កាត់បង់នូវបង្គោល គឺរាគៈ ទោសៈ មោហៈ កាត់បង់នូវរនុកទ្វារគឺរាគៈ ទោសៈ មោហៈ គាស់រំលើងនូវសសរគោល គឺរាគៈ ទោសៈ មោហៈ ហើយជាអ្នកមិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ជាអ្នកបរិសុទ្ធស្អាត ប្រាសចាកមន្ទិល ជានាគកម្លោះ មានចក្ខុ មានឥន្ទ្រិយទូន្មានល្អហើយ តែងត្រាច់ទៅ (ក្នុងទីទាំងពួងបាន តាមប្រាថ្នា)។
[១២៣] លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ជនទាំងឡាយណាមួយ បានដល់នូវព្រះពុទ្ធ ជាទីរឭក ជនទាំងនោះ នឹងមិនទៅកាន់អបាយភូមិឡើយ លុះលះបង់រាងកាយ ជារបស់មនុស្សហើយ នឹងទៅបំពេញក្នុងពួកនៃទេវតាមិនខាន។
(៨. សកលិកសុត្តំ)
[១២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឱទ្យានឈ្មោះ មទ្ទកុច្ឆិ ជាទីឲ្យអភ័យដល់ម្រឹគ ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះបាទនៃព្រះមានព្រះភាគ ទង្គិចដោយបំណែកថ្ម (ដែលទេវទត្តប្រមៀលមក)។ វេទនាដ៏មានកម្លាំង ជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត ក៏ប្រព្រឹត្តទៅ ក្នុងព្រះសរីរៈ នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់សង្កត់ នូវវេទនាទាំងនោះបាន មិនលំបាកឡើយ។ គ្រានោះ ព្រះមានព្រះភាគ ត្រាស់បង្គាប់ភិក្ខុ ឲ្យក្រាលសង្ឃាដី មានជាន់បួន ទ្រង់សម្រេចព្រះសីហសេយ្យាខាងស្តាំ តម្រួតព្រះបាទខាងឆ្វេង លើព្រះបាទខាងស្តាំ ទ្រង់មានព្រះសតិសម្បជញ្ញៈ។
២៥>[១២៥]</span> លំដាប់នោះ កាលវេលារាត្រីបឋមយាម កន្លងទៅហើយ ពួកសតុល្លប្បកាយិកាទេវតា ៧០០អង្គ មានរស្មីដ៏ល្អ ញុំាងមទ្ទកុច្ឆិឱទ្យានទាំងមូលឲ្យភ្លឺ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។
[១២៦] លុះទេវតាមួយអង្គ ឋិតនៅ ក្នុងទីសមគួរហើយ ក៏បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
យីអើ ព្រះសមណគោតម ជានាគមែនហ្ន៎ ព្រោះព្រះអង្គ ជាបុគ្គលមានព្រះពលានុភាព ទោះបីវេទនាជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១២៧] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ដូច្នេះថា
យីអើ ព្រះសមណគោតម ជាសីហៈមែនហ្ន៎ ព្រោះព្រះអង្គ ជាអ្នកមិនតក់ស្លុត ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១២៨] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
យីអើ ព្រះសមណគោតម ជាអាជានេយ្យមែនហ្ន៎ ព្រោះព្រះអង្គទ្រង់ជ្រាបនូវហេតុ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១២៩] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
យីអើ ព្រះសមណគោតម ជានិសភៈ5) មែនហ្ន៎ ព្រោះព្រះអង្គ ជាបុគ្គល ឥតមានអ្នកណាស្មើ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១៣០] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
យីអើហ្ន៎ ព្រះសមណគោតម ព្រះអង្គ ជាធោរយ្ហបុគ្គលមែន ព្រោះព្រះអង្គ ជាអ្នកនាំទៅនូវធុរៈ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១៣១] លំដាប់នោះ ទេវតាដទៃទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ដូច្នេះថា
យីអើហ្ន៎ ព្រះសមណគោតម ជាទន្តបុគ្គល (អ្នកប្រដៅព្រះហឫទ័យបាន) មែន ព្រោះព្រះអង្គ ជាអ្នកមិនមានពុតត្បុត ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅ ក្នុងព្រះសរីរៈ ក៏ព្រះអង្គ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១៣២] លំដាប់នោះ ទេវតាដទៃទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ដូច្នេះថា
សូមព្រះអង្គ ទតចំពោះតែអរហត្តផលសមាធិ ដែលចម្រើនល្អហើយ និងចិត្តដែលរួចស្រឡះ ដោយផលវិមុត្តិហើយ សូមកុំទតនូវចិត្តដែលប្រព្រឹត្តទៅតាមរាគៈ ប្រព្រឹត្តទៅតាមទោសៈ និងចិត្តដែលសង្កត់សង្កិន នូវកិលេស ដោយសេចក្តីព្យាយាម របស់ខ្លួនហើយប្រព្រឹត្តទៅ អ្នកណាឡើយ នឹងរាប់អានបុគ្គល ដែលបៀតបៀននូវនាគបុរស សីហបុរស អាជានីយបុរស និសភបុរស ធោរយ្ហបុរស ទន្តបុរស មានសភាពយ៉ាងនេះ ដូចម្តេចបាន វៀរលែងតែបុគ្គលជាអន្ធពាលចេញ។
ពួកព្រាហ្មណ៍ អ្នកទ្រទ្រង់នូវវេទ ទាំង៥ ជាអ្នកប្រព្រឹត្តអាស្រ័យនូវតបៈ អស់មួយរយឆ្នាំគត់ ក៏ចិត្តរបស់ពួកព្រាហ្មន៍នោះ នៅតែមិនរួចស្រឡះដោយប្រពៃនៅឡើយ ព្រាហ្មណ៍ទាំងនោះ មានសភាពជាអ្នកធ្វើខ្លួនឲ្យថោកទាប មិនដល់នូវព្រះនិព្វានឡើយ។ បុគ្គលអ្នកជាប់ចំពាក់ដោយសីលពត្ត6) ព្រោះតណ្ហាគ្របសង្កត់ ទោះប្រព្រឹត្តនូវតបៈដ៏សៅហ្មង អស់មួយរយឆ្នាំ ក៏ចិត្តរបស់បុគ្គលទាំងនោះ មិនរួចស្រឡះ ដោយប្រពៃឡើយ បុគ្គលទាំងនោះ មានសភាពជាអ្នកធ្វើខ្លួនឲ្យថោកទាប មិនដល់នូវព្រះនិព្វានឡើយ។ ក្នុងលោកនេះ បុគ្គលអ្នកប្រាថ្នានូវមានះ រមែងមិនមានការទូន្មានឥន្ទ្រិយ បុគ្គលអ្នកមានចិត្តមិនតាំងមាំ រមែងមិនមានបញ្ញា បុគ្គលជាអ្នកប្រមាទ ទុកជានៅក្នុងព្រៃតែម្នាក់ឯង ក៏ឆ្លងនូវទីនៅ របស់មារទៅព្រះនិព្វាន ពុំបានឡើយ។ បុគ្គលណា លះមានះបានហើយ មានចិត្តតម្កល់នៅ ដោយប្រពៃ មានចិត្តផូរផង់ រួចស្រឡះចាកធម៌ ជាគ្រឿងសៅហ្មងទាំងពួង នៅក្នុងព្រៃតែម្នាក់ឯង ជាអ្នកមិនប្រមាទ បុគ្គលនោះ ទើបឆ្លងនូវទីនៅ របស់មារ ទៅព្រះនិព្វានបាន។
(៩. បឋមបជ្ជុន្នធីតុសុត្តំ)
[១៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ គ្រានោះ កាលដែលវេលារាត្រីបឋមយាមកន្លងទៅហើយ ទេវតាឈ្មោះ កោកនទា ជាធីតា នៃ បជ្ជុន្នទេវរាជ មានរស្មីដ៏ល្អ ញុំាងមហាវ័នទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។
[១៣៤] លុះទេវតាឈ្មោះ កោកនទា ជាធីតានៃបជ្ជុន្នទេវរាជ ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ខ្ញុំម្ចាស់ឈ្មោះ កោកនទា ខ្ញុំម្ចាស់ឈ្មោះ កោកនទា ជាធីតា នៃបជ្ជុន្នទេវរាជ សូមថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះអង្គ ជាកំពូលរបស់សត្វ ទ្រង់គង់នៅក្នុងមហាវ័ន ជិតក្រុងវេសាលី ក្នុងកាលមុន ខ្ញុំម្ចាស់បានឮថា ព្រះធម៌ គឺព្រះតថាគត អ្នកមានចក្ខុ ត្រាស់ដឹងហើយ ឥឡូវនេះ ខ្ញុំម្ចាស់ដឹងច្បាស់លាស់ (នូវធម៌) ដែលព្រះសុគតជាមុនីសម្តែងហើយ ពួកបុគ្គលអាប់ប្រាជ្ញាណាមួយ ប្រព្រឹត្តតិះដៀល នូវព្រះធម៌ដ៏ប្រសើរ នឹងចូលទៅដល់ រោរុវនរក រងទុក្ខដ៏ក្លា អស់រាត្រីយូរអង្វែង លុះតែបុគ្គលពួកណា មានខន្តី ចូលទៅរម្ងាប់កិលេស មានរាគៈ ជាដើម ក្នុងអរិយធម៌ ទើបបុគ្គលពួកនោះ លះបង់នូវរាងកាយ ជារបស់មនុស្ស ហើយនឹងចូលទៅបំពេញនូវកាយ ជារបស់ទេវតាបាន។
(១០. ទុតិយបជ្ជុន្នធីតុសុត្តំ)
[១៣៥] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ គ្រានោះ កាលដែលវេលារាត្រីបឋមយាមកន្លងទៅហើយ ទេវតា ឈ្មោះ ចុល្លកោកនទា ជាធីតានៃ បជ្ជុន្នទេវរាជ មានរស្មីដ៏ល្អ ញុំាងមហាវ័នទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។
[១៣៦] លុះទេវតាឈ្មោះ ចុល្លកោកនទា ជាធីតា នៃបជ្ជុន្នទេវរាជ ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ទេវតាឈ្មោះ កោកនទា ជាធីតានៃបជ្ជុន្នទេវរាជ មានរស្មីដ៏ភ្លឺ ដូចជាផ្លេកបន្ទោរ មកហើយក្នុងទីនេះ កាលនមស្ការព្រះពុទ្ធ ព្រះធម៌ (និងព្រះសង្ឃ) បានពោលនូវគាថានេះ ដ៏ប្រកបដោយអត្ថថា
ខ្ញុំម្ចាស់ក៏ត្រូវចែកនូវគាថានោះ ដោយបរិយាយដ៏ច្រើនប្រការ ធម៌បែបនោះ ខ្ញុំម្ចាស់នឹងសំដែង នូវសេចក្តីយ៉ាងសង្ខេប ធម៌ទាំងប៉ុន្មាននោះ ខ្ញុំម្ចាស់បានរៀនដោយចិត្ត (ជ្រះថ្លា)
បុគ្គលមិនគប្បីធ្វើបាប ដោយកាយវាចាចិត្ត បុគ្គលគប្បីលះបង់ នូវកង្វល់ ក្នុងលោកទាំងពួង គប្បីលះបង់ នូវកាមទាំងឡាយ គប្បីជាអ្នកមានសតិ និងសម្បជញ្ញៈ មិនគប្បីសេពអំពើឥតប្រយោជន៍ ដែលនាំមកនូវសេចក្តីទុក្ខ។
ចប់ សតុល្លប្បកាយិកវគ្គ ទី៤។
បញ្ជីរឿងក្នុងសតុល្លប្បកាយិកវគ្គនោះ គឺ
សព្ភិសូត្រ១ មច្ឆរិសូត្រ១ សាធុសូត្រ១ នសន្តិសូត្រ១ ឧជ្ឈានសញ្ញិសូត្រ១ សទ្ធាសូត្រ១ សមយសូត្រ១ សកលិកសូត្រ១ បជ្ជុន្នធិតុសូត្រ២។