(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 01.v05 បាលី cs-km: sut.sn.01.v05 អដ្ឋកថា: sut.sn.01.v05_att PTS: ?
អាទិត្តវគ្គ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥. អាទិត្តវគ្គោ)
(១. អាទិត្តសុត្តំ)
[១៣៧] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះឯង កាលដែលវេលារាត្រីបឋមយាម កន្លងទៅហើយ ទេវតាមួយអង្គ មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។
[១៣៨] លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលជញ្ជូននូវភាជន៍ណា អំពីផ្ទះដែលភ្លើងកំពុងឆេះ ពុំនោះសោត ភ្លើងមិនទាន់ឆេះនូវវត្ថុណា ក្នុងផ្ទះនោះ ភាជន៍ និងវត្ថុនោះ ជាប្រយោជន៍នៃបុគ្គលនោះឯង សត្វលោកដែលជរា និងមរណៈឆេះយ៉ាងនេះ ត្រូវតែនាំទ្រព្យចេញ ដោយទានកុំខាន ទានដែលបុគ្គលឲ្យហើយ ឈ្មោះថា នាំចេញដោយល្អ វត្ថុដែលបុគ្គលឲ្យហើយ ជាវត្ថុមានសុខជាផល វត្ថុដែលបុគ្គលមិនឲ្យហើយ ជាវត្ថុមិនមានសុខជាផលទេ ពួកចោរតែងនាំទៅ ពួករាជការតែងរឹបយក ភ្លើងតែងឆេះវិនាសទៅ ពុំនោះសោត វេលាស្លាប់ទៅ ក៏រមែងលះបង់នូវសរីរៈ និងរបស់ដែលបុគ្គលធ្លាប់ហួងហែង អ្នកប្រាជ្ញដឹងនូវសេចក្តីនេះហើយ គប្បីបរិភោគផង ឲ្យទានផង បុគ្គលឲ្យទាន ទាំងបរិភោគ ឲ្យសមគួរតាមសភាពហើយ គេមិនដែលនិន្ទាទេ តែងបានទៅកើតក្នុងឋានសួគ៌។
(២. កិំទទសុត្តំ)
[១៣៩] ទេវតាក្រាបបង្គំសួរថា
បុគ្គលឲ្យអ្វី ឈ្មោះថា ឲ្យកម្លាំង ឲ្យអ្វី ឈ្មោះថា ឲ្យពណ៌សម្បុរ ឲ្យអ្វី ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យអ្វី ឈ្មោះថា ឲ្យចក្ខុ មួយទៀត បុគ្គលណា ឲ្យរបស់អ្វី ឈ្មោះថា ឲ្យគ្រប់យ៉ាង សូមព្រះអង្គ សំដែងប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គជាអ្នកសួរ។
[១៤០] ព្រះមានព្រះភាគត្រាស់ថា
បុគ្គលឲ្យបាយ ឈ្មោះថា ឲ្យកម្លាំង ឲ្យសំពត់ ឈ្មោះថា ឲ្យពណ៌សម្បុរ ឲ្យយានជំនិះ ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យប្រទីប ឈ្មោះថា ឲ្យចក្ខុ មួយទៀត បុគ្គលណា ឲ្យទីនៅអាស្រ័យ បុគ្គលនោះ ឈ្មោះថា ឲ្យវត្ថុគ្រប់យ៉ាង បុគ្គលណា ប្រៀនប្រដៅធម៌ បុគ្គលនោះ ឈ្មោះថា ឲ្យព្រះនិព្វាន។
(៣. អន្នសុត្តំ)
[១៤១] ទេវតាទូលថា
ជនទាំងពីរពួក គឺទេវតា និងមនុស្ស រមែងប្រាថ្នានូវបាយតែម្យ៉ាង អ្នកណា មិនប្រាថ្នានូវបាយ អ្នកនោះ ឈ្មោះថា យក្ខដោយពិត។
[១៤២] ព្រះមានព្រះភាគត្រាស់ថា
ជនទាំងឡាយណា មានចិត្តជ្រះថ្លា ឲ្យបាយនោះ ដោយសទ្ធា បាយនោះ រមែងចូលទៅរកជនទាំងនោះវិញ ក្នុងលោកនេះ និងលោកខាងមុខ ព្រោះហេតុនោះ សាធុជន គប្បីកំចាត់បង់ នូវសេចក្តីកំណាញ់ចេញ គ្របសង្កត់នូវមន្ទិល ហើយឲ្យទានចុះ (ព្រោះថា) បុណ្យទាំងឡាយ ជាទីពឹង នៃពួកសត្វក្នុងបរលោក។
(៤. ឯកមូលសុត្តំ)
[១៤៣] ទេវតាទូលថា
ឥសី បានឆ្លងហើយ នូវសមុទ្របាតាល ដែលមានមូលមួយ គឺតណ្ហា មានអន្លង់ពីរ គឺសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ មានមន្ទិលបី គឺ រាគៈ ទោសៈ មោហៈ មានគ្រឿងផ្សាយចេញ ៥យ៉ាង គឺបញ្ចកាមគុណ មានកំនួចទឹក ១២ គឺ អាតយនៈ ទាំង១២។
(៥. អនោមសុត្តំ)
[១៤៤] ទេវតាទូលថា
អ្នកទាំងឡាយ ចូរមើលនូវព្រះមានព្រះភាគនោះ ព្រះអង្គមានព្រះនាមបរិបូណ៌ ព្រោះទ្រង់ប្រកបដោយគុណទាំងពួង ព្រះអង្គ ឃើញនូវប្រយោជន៍ ដ៏ល្អិតល្អ ជាអ្នកឲ្យនូវបញ្ញា ព្រះអង្គ មិនជាប់នៅក្នុងអាល័យ គឺកាម ព្រះអង្គត្រាស់ដឹងសព្វ ព្រះអង្គមានប្រាជ្ញាល្អ ព្រះអង្គស្តេចទៅក្នុងផ្លូវដ៏ប្រសើរ គឺ អរិយមគ្គ ព្រះអង្គស្វែងរកនូវគុណដ៏ធំ។
(៦. អច្ឆរាសុត្តំ)
[១៤៥] សមណទេវបុត្តពោលថា1)
ព្រៃឈ្មោះ មោហនៈ នោះ ជាព្រៃគឹកកង ដោយពួកនៃស្រីអប្សរ ជាទីសេពគប់នៃពួកបិសាច2) ធ្វើដូចម្តេចនឹងយាត្រា (ចេញអំពីព្រៃនេះ) ទៅបាន។
[១៤៦] ព្រះមានព្រះភាគត្រាស់ថា
ផ្លូវ គឺអដ្ឋង្គិកមគ្គនោះ ឈ្មោះថា ជាផ្លូវត្រង់ទិស គឺព្រះនិព្វាននោះ ឈ្មោះថា ជាទិសគ្មានភ័យ រថ គឺអដ្ឋង្គិកមគ្គ ឈ្មោះថា ជារថមិនឮសូរ ប្រកបដោយកង់ គឺធម៌ បានដល់សេចក្តីព្យាយាម ដោយកាយ និងចិត្ត ហិរិ និងឱត្តប្បៈ ជាទ្រពងនៃរថនោះ សតិ ជាព្រ័ត្រជ្រាមនៃរថនោះ តថាគតពោលថា ធម៌ គឺលោកុត្តរមគ្គ ជាសារថី មានសម្មាទិដ្ឋិ ជាសន្ទុះទៅខាងមុខ ជនណា ទោះស្រី ឬប្រុស បានយានបែបនោះហើយ ជននោះឯង នឹងដល់នូវទីជិត នៃព្រះនិព្វានដោយយាននុ៎ះមិនខាន។
(៧. វនរោបសុត្តំ)
[១៤៧] ទេវតាទូលថា
បុណ្យ រមែងចម្រើនមិនដាច់ ទាំងថ្ងៃទាំងយប់ គ្រប់វេលា ដល់ជនពួកណា ជនពួកណា ឈ្មោះថា តាំងនៅក្នុងធម៌ ឈ្មោះថា បរិបូណ៌ដោយសីល គួរទៅកាន់ឋានសួគ៌បាន។
[១៤៨] ព្រះមានព្រះភាគត្រាស់ថា
ជនណា ដាំច្បារឈើ មានផ្កាផ្លែ ដាំច្បារឈើមានម្លប់ សាងស្ពាន សាងរោង ឲ្យទានទឹក ទាំងជីកស្រះ ជនទាំងឡាយណា ឲ្យនូវទីសំណាក់អាស្រ័យ បុណ្យ រមែងចម្រើនមិនដាច់ ទាំងថ្ងៃទាំងយប់គ្រប់វេលា ដល់ជនទាំងឡាយនោះ ជនទាំងនោះ ឈ្មោះថា ជាអ្នកតាំងនៅក្នុងធម៌ ឈ្មោះថា បរិបូណ៌ដោយសីល គួរទៅកាន់ឋានសួគ៌បាន។
(៨. ជេតវនសុត្តំ)
[១៤៩] អនាថបិណ្ឌិកទេវបុត្តពោលថា
វត្តជេតពននេះ ជាវត្តមានប្រយោជន៍ ដែលពួកឥសី គឺភិក្ខុសង្ឃ គង់នៅមិនដាច់ ជាវត្ត ដែលព្រះសម្ពុទ្ធជាធម្មរាជ ទ្រង់គង់នៅ ជាទីញុំាងបីតិ ឲ្យកើតដល់ខ្ញុំព្រះអង្គ សត្វទាំងឡាយ រមែងបរិសុទ្ធដោយអដ្ឋង្គិកមគ្គនេះ គឺកម្ម បានដល់មគ្គចេតនា វិជ្ជា បានដល់សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ធម្មៈ បានដល់សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ សីលៈ បានដល់សម្មាវាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈ ឈ្មោះថា ជីវិតដ៏ឧត្តម មិនមែនបរិសុទ្ធ ដោយគោត្រ ឬ ដោយទ្រព្យទេ ព្រោះហេតុនោះឯង បុរសជាបណ្ឌិត កាលបើឃើញច្បាស់នូវប្រយោជន៍របស់ខ្លួន គួរតែពិចារណានូវធម៌ ដោយឧបាយនៃប្រាជ្ញា រមែងបរិសុទ្ធ ក្នុងអរិយមគ្គនោះ យ៉ាងនេះឯង ព្រះសារីបុត្ត ទើបជាបុគ្គល (ប្រសើរ) ដោយបញ្ញាផង ដោយសីលផង ដោយការស្ងប់រម្ងាប់ផង ភិក្ខុដែលប្រសើរ ដោយគុណធម៌ប៉ុណ្ណេះ ទើបគួរជាអ្នកដល់នូវព្រះនិព្វាន។
(៩. មច្ឆរិសុត្តំ)
[១៥០] ទេវតាទូលថា
ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នកកំណាញ់ស្វិតស្វាញ ជាអ្នកពោលពាក្យទ្រគោះ ជាអ្នកធ្វើសេចក្តីអន្តរាយ3) ដល់ជនដទៃ ដែលកំពុងឲ្យទាន ផលវិបាករបស់ជនទាំងឡាយនោះ ដូចម្តេច សម្បរាយភព របស់ជនទាំងឡាយនោះ ដូចម្តេច យើងខ្ញុំមក ដើម្បីក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។
[១៥១] ព្រះមានព្រះភាគត្រាស់ថា
ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នកកំណាញ់ស្វិតស្វាញ ជាអ្នកពោលពាក្យទ្រគោះ ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ជនដទៃ ដែលកំពុងឲ្យទាន ជនទាំងឡាយនោះ តែងទៅកើតក្នុងនរក ក្នុងកំណើតសត្វតិរច្ឆាន និងក្នុងយមលោក ប្រសិនបើដល់នូវភាពជាមនុស្ស រមែងកើតក្នុងត្រកូលកំសត់ ស្វែងរកតែសំពត់ និងអាហារ និងសេចក្តីត្រេកអរ ក្នុងបញ្ចកាមគុណ និងល្បែង ក៏បានដោយកម្រ ពួកពាលតែងនឹកប៉ង នូវទ្រព្យណា អំពីទីដទៃ ទ្រព្យនោះ មិនដែលបានដល់ពួកពាលនោះឡើយ នេះជាផលវិបាក ក្នុងទិដ្ឋធម៌ គឺក្នុងទីដែលកើត ចំណែកសម្បរាយភព រមែងមានទុគ្គតិជាផល។
[១៥២] ទេវតាទូលថា
យើងខ្ញុំ ដឹងសេចក្តីនេះ ជាក់ច្បាស់ដូច្នេះហើយ យើងខ្ញុំសូមក្រាបបង្គំទូលសួរ នូវសេចក្តីដទៃ នឹងព្រះគោតមជាម្ចាស់ (តទៅទៀត) ក្នុងលោកនេះ ជនទាំងឡាយណា បាននូវអត្តភាពជាមនុស្សហើយ ជាអ្នកដឹង នូវពាក្យពោល ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកជ្រះថ្លា ទាំងមានសេចក្តីគោរពយ៉ាងខ្លាំង ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ផលវិបាក របស់ជនទាំងឡាយនោះ ដូចម្តេច សម្បរាយភព របស់ជនទាំងឡាយនោះ ដូចម្តេច យើងខ្ញុំមក ដើម្បីក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។
[១៥៣] ព្រះមានព្រះភាគត្រាស់ថា
ក្នុងលោកនេះ ជនទាំងឡាយណា បានអត្តភាពជាមនុស្សហើយ ជាអ្នកដឹងនូវពាក្យពោល ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកជ្រះថ្លា ទាំងមានសេចក្តីគោរពយ៉ាងខ្លាំង ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជនទាំងឡាយនោះ រមែងរុងរឿង ក្នុងឋានសួគ៌ ជនទាំងឡាយនោះ ទោះទៅកើតក្នុងទីណា បើដល់នូវអត្តភាពជាមនុស្ស រមែងកើតក្នុងត្រកូលដ៏ស្តុកស្តម្ភ ស្វែងរកសំពត់ និងអាហារ និងសេចក្តីត្រេកអរក្នុងបញ្ចកាមគុណ និងល្បែងបានដោយងាយ ទាំងមានអំណាច ផ្សាយទៅក្នុងភោគៈទាំងឡាយ ដែលអ្នកដទៃសន្សំបានមក សប្បាយរីករាយក្នុងចិត្ត នេះជាផលវិបាក ក្នុងទិដ្ឋធម៌ គឺក្នុងទីដែលកើត ចំណែកសម្បរាយភព រមែងមានសុគតិជាផល។
(១០. ឃដីការសុត្តំ)
[១៥៤] ទេវតាទូលថា
ភិក្ខុទាំង៧រូប បានទៅកើតក្នុងព្រហ្មលោក ឈ្មោះ អវិហា មានចិត្តរួចស្រឡះហើយ4) មានរាគៈ ទោសៈ អស់ហើយ ឆ្លងនូវតណ្ហាក្នុងលោករួចហើយ។ ភិក្ខុទាំងឡាយណា បានឆ្លងនូវកិលេស ជាគ្រឿងចំពាក់ ជាទីតាំងនៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក ភិក្ខុទាំងឡាយនោះ លុះលះបង់នូវរាងកាយ ជារបស់មនុស្សហើយ កន្លងនូវទិព្វយោគ គឺ សំយោជនៈ ទាំង៥ ជាចំណែកខាងលើ។ ភិក្ខុទាំងនោះគឺ ព្រះឧបកៈ១ ព្រះផលគណ្ឌៈ១ ព្រះបុក្កុសាតិ១ ជា៣រូប និងព្រះភទ្ទិយៈ១ ព្រះខណ្ឌទេវៈ១ ព្រះពហុទន្តី១ ព្រះសិង្គិយៈ១ (៤រូបនេះទៀត ជា៧) ភិក្ខុទាំងនោះ បានលះបង់នូវរាងកាយ ជារបស់មនុស្សហើយ ទើបកន្លងនូវទិព្វយោគបាន។
[១៥៥] ព្រះមានព្រះភាគត្រាស់ថា
អ្នកឯង ជាបុគ្គលមានកុសល បានពោលសរសើរនូវភិក្ខុទាំងនោះ ដែលជាអ្នកលះបង់ នូវអន្ទាក់នៃមារ ភិក្ខុទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា។
[១៥៦] ទេវតាទូលថា
ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា បុគ្គលនោះ វៀរតែព្រះមានព្រះភាគចេញ មិនមានទេ វៀរតែសាសនា របស់ព្រះអង្គចេញ មិនមានទេ នាមនិងរូប រលត់ទៅឥតមានសេសសល់ ក្នុងសាសនាណា ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌នោះ ក្នុងសាសនានេះ។
[១៥៧] ព្រះមានព្រះភាគត្រាស់ថា
អ្នកឯង ជាបុគ្គលពោលវាចាមានអត្ថដ៏ជ្រៅ ដែលដឹងបានដោយកម្រ យល់បានដោយកម្រក្រៃពេក អ្នកឯង ពោលវាចាបែបនេះ ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលដូចម្តេច។
[១៥៨] ទេវតាទូលថា
ខ្ញុំព្រះអង្គ ជាស្មូនឆ្នាំងឈ្មោះ ឃដិការ កើតក្នុងបុរីឈ្មោះ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធ ទ្រង់ព្រះនាមកស្សប ជាអ្នកវៀរចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅក្នុងស្រុកជាមួយនឹងព្រះអង្គ ជាសំឡាញ់នឹងព្រះអង្គ ក្នុងកាលមុន ខ្ញុំព្រះអង្គ ស្គាល់នូវភិក្ខុទាំង៧រូបនុ៎ះ ដែលមានចិត្តរួចស្រឡះហើយ មានរាគៈ និងទោសៈអស់ហើយ បានឆ្លងហើយនូវតណ្ហាក្នុងលោក។
[១៥៩] ព្រះមានព្រះភាគត្រាស់ថា
ម្នាលភគវៈ អ្នកឯងនិយាយយ៉ាងណា រឿងនុ៎ះ ក៏មានយ៉ាងនោះមែន ក្នុងកាលនោះ អ្នកឯងជាស្មូនឆ្នាំង ឈ្មោះឃដិការ កើតក្នុងបុរីឈ្មោះ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធកស្សប ជាអ្នកវៀរចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ (ជាអនាគាមី) ប្រាសចាកអាមិសៈ បាននៅក្នុងស្រុកជាមួយនឹងតថាគត ជាសំឡាញ់របស់តថាគត ក្នុងកាលមុន។ ការចួបជុំនឹងសម្លាញ់ពីបុរាណនេះ របស់យើងទាំងពីរនាក់ ដែលមានខ្លួនចម្រើនហើយ ជាអ្នកទ្រទ្រង់នូវសរីរៈជាទីបំផុត យ៉ាងនេះឯង។
ចប់ អាទិត្តវគ្គ ទី៥។
បញ្ជីរឿង ក្នុងអាទិត្តវគ្គនោះគឺ
អាទិត្តសូត្រ១ កិន្ទទសូត្រ១ អន្នសូត្រ១ ឯកមូលសូត្រ១ អនោមិយសូត្រ១ អច្ឆរាសូត្រ១ វនរោបសូត្រ១ ជេតវនសូត្រ១ មច្ឆរិសូត្រ១ ឃដិករសូត្រ១។