ពេលបន្សល់ទុកទំនៀមទម្លាប់ខេមរៈ (ខ្មែរ ខេម)៖ «អ្នកបររទេះ តែលះបង់ផ្លូវស្មើ លះបង់ផ្លូវធំចេញ ហើយបរឡើងលើផ្លូវមិនស្មើវិញ រមែងបាក់ភ្លៅរទេះ ហើយសញ្ជប់សញ្ជឹង…»
sn 02.022 បាលី cs-km: sut.sn.02.022 អដ្ឋកថា: sut.sn.02.022_att PTS: ?
ខេមសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
(២. ខេមសុត្តំ)
[២៨៣] ខេមទេវបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ពោលគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
កម្មដ៏លាមកណា មានផលក្តៅផ្សា ពួកជនពាល ឥតប្រាជ្ញា មានខ្លួនដូចជាសត្រូវ រមែងប្រព្រឹត្តធ្វើនូវកម្មដ៏លាមក (នោះ) បុគ្គលធ្វើកម្មណាហើយ តែងក្តៅតាមក្នុងខាងក្រោយ (ឬ) បុគ្គល មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មដែលបុគ្គលធ្វើហើយនោះ មិនប្រពៃទេ បុគ្គលធ្វើកម្មណាហើយ មិនក្តៅតាមក្នុងខាងក្រោយ (ឬ) បុគ្គលមានសេចក្តីត្រេកអរ មានចិត្តល្អ ទទួលផលនៃកម្មណា កម្មដែលបុគ្គលធ្វើហើយនោះ ជាកម្មប្រពៃ បុគ្គលដឹងនូវកម្មណា ដែលជាប្រយោជន៍ដល់ខ្លួន ត្រូវតែធ្វើកម្មនោះជាមុនឲ្យហើយ អ្នកប្រាជ្ញដែលមានប្រាជ្ញា មានសេចក្តីប្រឹងប្រែង មិនត្រូវធ្វើកម្មដោយគំនិតដូចជាអ្នកបររទេះឡើយ អ្នកបររទេះ តែលះបង់ផ្លូវស្មើ លះបង់ផ្លូវធំចេញ ហើយបរឡើងលើផ្លូវមិនស្មើវិញ រមែងបាក់ភ្លៅរទេះ ហើយសញ្ជប់សញ្ជឹង យ៉ាងណាមិញ ឯបុគ្គលខ្លៅ តែគេចចេញអំពីកុសលធម៌ហើយ ប្រព្រឹត្តតាមអកុសលធម៌វិញ ក៏រមែងដល់នូវមាត់នៃមច្ចុ ហើយសញ្ជប់សញ្ជឹង ដូចជាអ្នកបររទេះបាក់ភ្លៅរទេះ យ៉ាងនោះឯង។