km:tipitaka:sut:sn:02:sut.sn.02.025



ជន្តុសូត្រ ទី៥

សង្ខេប

ជន្តុ​ទេវ​បុត្រ សម្តែង​ធម៌​នឹង​ភិក្ខុ មួយ​ចំនួន​ដែល​មិន​ប្រព្រឹត្ត​តាម​ធម៌។

sn 02.025 បាលី cs-km: sut.sn.02.025 អដ្ឋកថា: sut.sn.02.025_att PTS: ?

ជន្តុសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. ជន្តុសុត្តំ)

[២៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ពួកភិក្ខុជាច្រើនរូប នៅក្នុងអរញ្ញកុដិ ខាងភ្នំហេមពាន្ត ក្នុងដែនកោសល ជាអ្នកមានចិត្តរាយមាយ1) មានមានះដូចជាបបុសលើកឡើងហើយ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ ភ្លេចសតិ មិនដឹងខ្លួន មានចិត្តមិនខ្ជាប់ខ្ជួន មានចិត្តវិលទៅខុស មានឥន្ទ្រិយជាប្រក្រតី (ដូចជាគ្រហស្ថ)។

[២៩៨] គ្រានោះ ជន្តុទេវបុត្ត ក្នុងវេលាថ្ងៃឧបោសថ ទី១៥នោះ ក៏ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលនឹងភិក្ខុទាំងនោះ ដោយគាថាទាំងឡាយថា

កាលពីដើម មានពួកភិក្ខុ ជាសាវ័ករបស់ព្រះគោតម មានការរស់នៅជាសុខ ភិក្ខុទាំងនោះ ជាអ្នកមិនប្រាថ្នា ដោយការស្វែងរកបិណ្ឌបាត ជាអ្នកមិនប្រាថ្នា ដោយការស្វែងរកទីដេក ទីអង្គុយ ដឹងនូវសេចក្តីមិនទៀងក្នុងលោក ហើយក៏បានធ្វើនូវទីបំផុតនៃទុក្ខ ពួកភិក្ខុដែលធ្វើខ្លួន ឲ្យគេចិញ្ចឹមបានដោយកម្រ ស៊ីដេក ស៊ីដេក ដូចជាបុរសអ្នកធំក្នុងស្រុក ជជ្រកមមកនៅក្បែរផ្ទះ នៃបុគ្គលដទៃ ខ្ញុំធ្វើអញ្ជលី ចំពោះសង្ឃហើយ សូមពោលចំពោះភិក្ខុពួកខ្លះ ក្នុងសាសនានេះ ភិក្ខុទាំងនោះ ដែលគេបោះបង់ហើយ ក៏ឥតមានទីពឹងឡើយ ពួកប្រេតយ៉ាងណា ភិក្ខុទាំងនោះ ក៏យ៉ាងនោះដែរ ភិក្ខុទាំងឡាយណាប្រមាទ ខ្ញុំក៏ពោលសំដៅភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណាមិនប្រមាទ ខ្ញុំសូមធ្វើនមស្ការ ចំពោះភិក្ខុទាំងនោះ។

 

លេខយោង

1)
បុគ្គលមានប្រក្រតីជាអ្នករាយមាយ ដោយសំគាល់ថា គួរក្នុងរបស់ដែលមិនគួរផង សំគាល់ថា មិនគួរក្នុងរបស់ដែលគួរផង សំគាល់ថា ជាទោស ក្នុងរបស់ដែលមិនមានទោសផង សំគាល់ថា មិនមានទោស ក្នុងរបស់ដែលជាទោសផង។ អដ្ឋកថា។
km/tipitaka/sut/sn/02/sut.sn.02.025.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann