(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 02.v03 បាលី cs-km: sut.sn.02.v03 អដ្ឋកថា: sut.sn.02.v03_att PTS: ?
នានាតិត្ថិយវគ្គ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. នានាតិត្ថិយវគ្គោ)
(១. សិវសុត្តំ)
[២៨០] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រាកាលដែលរាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះ សិវៈ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។
[២៨១] លុះ សិវទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលគួរទាក់ទង ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស ព្រោះដឹងច្បាស់នូវព្រះសទ្ធម្ម1) របស់ពួកសប្បុរស រមែងបានសេចក្តីល្អ មិនមានអាក្រក់ឡើយ បុគ្គលគួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានប្រាជ្ញា ព្រោះដឹងច្បាស់ នូវព្រះសទ្ធម្ម របស់ពួកសប្បុរស មិនមែនបានអំពីទីដទៃឡើយ បុគ្គលគួរទាក់ទង ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងមិនសោកសៅ ក្នុងកណ្តាលពួកជនអ្នកសោកសៅឡើយ បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងរុងរឿង ក្នុងកណ្តាលពួកញាតិ បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស សត្វទាំងឡាយ បានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងទៅកាន់សុគតិបាន បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស សត្វទាំងឡាយ ដឹងព្រះសទ្ធម្ម របស់ពួកសប្បុរស រមែងឋិតនៅ (ជាសុខ) អស់កាលយូរ។
[២៨២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា តបទៅនឹងសិវទេវបុត្តវិញ ដោយគាថា ថា
បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងរួចចាកទុក្ខទាំងអស់បាន។
(២. ខេមសុត្តំ)
[២៨៣] ខេមទេវបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ពោលគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
កម្មដ៏លាមកណា មានផលក្តៅផ្សា ពួកជនពាល ឥតប្រាជ្ញា មានខ្លួនដូចជាសត្រូវ រមែងប្រព្រឹត្តធ្វើនូវកម្មដ៏លាមក (នោះ) បុគ្គលធ្វើកម្មណាហើយ តែងក្តៅតាមក្នុងខាងក្រោយ (ឬ) បុគ្គល មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មដែលបុគ្គលធ្វើហើយនោះ មិនប្រពៃទេ បុគ្គលធ្វើកម្មណាហើយ មិនក្តៅតាមក្នុងខាងក្រោយ (ឬ) បុគ្គលមានសេចក្តីត្រេកអរ មានចិត្តល្អ ទទួលផលនៃកម្មណា កម្មដែលបុគ្គលធ្វើហើយនោះ ជាកម្មប្រពៃ បុគ្គលដឹងនូវកម្មណា ដែលជាប្រយោជន៍ដល់ខ្លួន ត្រូវតែធ្វើកម្មនោះជាមុនឲ្យហើយ អ្នកប្រាជ្ញដែលមានប្រាជ្ញា មានសេចក្តីប្រឹងប្រែង មិនត្រូវធ្វើកម្មដោយគំនិតដូចជាអ្នកបររទេះឡើយ អ្នកបររទេះ តែលះបង់ផ្លូវស្មើ លះបង់ផ្លូវធំចេញ ហើយបរឡើងលើផ្លូវមិនស្មើវិញ រមែងបាក់ភ្លៅរទេះ ហើយសញ្ជប់សញ្ជឹង យ៉ាងណាមិញ ឯបុគ្គលខ្លៅ តែគេចចេញអំពីកុសលធម៌ហើយ ប្រព្រឹត្តតាមអកុសលធម៌វិញ ក៏រមែងដល់នូវមាត់នៃមច្ចុ ហើយសញ្ជប់សញ្ជឹង ដូចជាអ្នកបររទេះបាក់ភ្លៅរទេះ យ៉ាងនោះឯង។
(៣. សេរីសុត្តំ)
[២៨៤] សេរីទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគ ដោយគាថា ថា
យក្សនោះឯង មិនត្រេកអរចំពោះបាយណា ឯទេវតា និងមនុស្សទាំងពីរពួក រមែងត្រេកអរ ចំពោះបាយនោះ។
[២៨៥] ព្រះមានព្រះភាគត្រាស់ថា
ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយនោះ ដោយសទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ព្រោះហេតុនោះ បុគ្គល គប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្របសង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទាន (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឹង របស់ពួកសត្វ ក្នុងលោកខាងមុខ។
[២៨៦] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សំដែងហើយ ដោយប្រពៃដូច្នេះថា
ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយនោះ ដោយសទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ព្រោះហេតុនោះ បុគ្គល គប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្របសង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទាន (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឹងរបស់ពួកសត្វ ក្នុងលោកខាងមុខ។
[២៨៧] បពិត្រព្រះអង្គដ៏ចំរើន ពីព្រេងនាយមក ខ្ញុំព្រះអង្គកើតជាស្តេច នាមថា សេរី ជាទាយក (អ្នកឲ្យទាន) ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យទាន ដល់សមណព្រាហ្មណ៍ អ្នកកំសត់ អ្នកដើរផ្លូវឆ្ងាយ អ្នកពណ៌នាហើយសូម និងស្មូមទាំងឡាយ ទៀបទ្វារទាំង៤។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ អគ្គមហេសី ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យដូច្នេះថា ព្រះសម្មតិទេព បានឲ្យទានហើយ ពួកយើងមិនទាន់បានឲ្យទានទេ សូមព្រះរាជានុញ្ញាត ឲ្យពួកយើងបានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី កាលបើមានគេពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏បានឲ្យទ្វារជាបឋម ដល់មហេសី មហេសី ក៏បានឲ្យទាន ក្នុងទ្វារជាបឋមនោះ ឯទានរបស់ខ្ញុំព្រះអង្គ ក៏ថយចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកក្សត្រិយ៍ជាចំណុះ ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យនេះ នឹងខ្ញុំព្រះអង្គថា ព្រះសម្មតិទេព បានឲ្យទានហើយ មហេសី ក៏បានឲ្យទានដែរ ឯពួកយើងមិនទាន់បានឲ្យទានសោះ សូមព្រះរាជានុញ្ញាត ឲ្យពួកយើងបានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី កាលបើមានគេពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ក៏បានឲ្យទ្វារទីពីរ ដល់ពួកក្សត្រិយ៍ចំណុះ ពួកក្សត្រិយ៍ចំណុះ ក៏បានឲ្យទាន ក្នុងទ្វារទីពីរនោះ ឯទានរបស់ខ្ញុំព្រះអង្គ ក៏ថយចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកពល ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យដូច្នេះថា ព្រះសម្មតិទេព បានឲ្យទានហើយ មហេសីបានឲ្យទានហើយ ពួកក្សត្រិយ៍ចំណុះ ក៏បានឲ្យទានដែរ ឯពួកយើង មិនទាន់បានឲ្យទានសោះ សូមព្រះរាជានុញ្ញាត ឲ្យពួកយើងបានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី កាលបើមានគេពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏បានឲ្យទ្វារទីបី ដល់ពួកពល ពួកពល ក៏បានឲ្យទាន ក្នុងទ្វារទីបីនោះ ឯទានរបស់ខ្ញុំព្រះអង្គ ក៏ថយចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យ ដូច្នេះថា ព្រះសម្មតិទេព បានឲ្យទានហើយ មហេសី បានឲ្យទានហើយ ពួកក្សត្រិយ៍ជាចំណុះ បានឲ្យទានហើយ ពួកពល ក៏បានឲ្យទានដែរ ឯពួកយើង មិនទាន់បានឲ្យទានសោះ សូមព្រះរាជានុញ្ញាត ឲ្យពួកយើងបានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី កាលបើមានគេពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏បានឲ្យទ្វារទីបួន ដល់ពួកព្រាហ្មណ៍ និងគហបតី ពួកព្រាហ្មណ៍ និងគហបតី ក៏បានឲ្យទាន ក្នុងទ្វារទីបួននោះ ឯទានរបស់ខ្ញុំព្រះអង្គ ក៏ថយចេញអស់។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួករាជបុរស ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យដូច្នេះថា ឥឡូវនេះ ព្រះសម្មតិទេព មិនដែលឲ្យទាន ក្នុងទីណាមួយឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើពួករាជបុរស ក្រាបទូលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏ពោលតប ទៅនឹងពួករាជបុរសទាំងនោះ ដូច្នេះថា នែព្រះស្តែង បើដូច្នោះ សួយណា ដែលកើតឡើង ក្នុងជនបទទាំងឡាយខាងក្រៅ អ្នកទាំងឡាយ ចូរញុំាងសួយពាក់កណ្តាលអំពីសួយនោះ ឲ្យចូលមកកាន់ព្រះរាជវាំង ហើយចូរឲ្យទានពាក់កណ្តាល ដល់សមណព្រាហ្មណ៍ អ្នកកំសត់ អ្នកដើរផ្លូវឆ្ងាយ អ្នកពណ៌នាហើយសូម និងស្មូមទាំងឡាយ ក្នុងជនបទនោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មិនបានដឹងប្រាកដ នូវទីបំផុតរបស់បុណ្យ ដែលខ្ញុំព្រះអង្គបានធ្វើហើយ អស់កាលយូរយ៉ាងនេះ និងទីបំផុតរបស់កុសល ដែលខ្ញុំព្រះអង្គបានធ្វើហើយ អស់កាលយូរយ៉ាងនេះថា បុណ្យមានប្រមាណប៉ុណ្ណេះផង ផលនៃបុណ្យ មានប្រមាណប៉ុណ្ណេះផង អាត្មាអញ គប្បីឋិតនៅ ក្នុងឋានសួគ៌ អស់កាលមានប្រមាណប៉ុណ្ណេះផង។
[២៨៨] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សំដែងហើយ ដោយប្រពៃដូច្នេះ
ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយនោះ ដោយសទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះវិញ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ព្រោះហេតុនោះ បុគ្គលគប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្របសង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ហើយ ឲ្យនូវទាន (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឺងរបស់សត្វ ក្នុងលោកខាងមុខ។
(៤. ឃដីការសុត្តំ)
[២៨៩] ឃដិការទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ភិក្ខុទាំង៧រូប បានទៅកើតក្នុងជាន់អវិហាហើយ ជាអ្នកមានចិត្តផុតស្រឡះ មានរាគៈ ទោសៈអស់ហើយ ឆ្លងនូវតណ្ហា ក្នុងលោកបាន។
[២៩០] ព្រះមានព្រះភាគត្រាស់ថា
បុគ្គលទាំងឡាយណា បានឆ្លងនូវសង្គកិលេស ជាលំនៅនៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក បុគ្គលទាំងនោះ បានលះបង់នូវរាងកាយ ជារបស់មនុស្សហើយ កន្លងនូវទិព្វយោគ គឺសំយោជនៈ ជាចំណែកខាងលើបាន។
[២៩១] ទេវតាទូលថា
ព្រះថេរៈ ទាំង៣រូបនោះ គឺ ព្រះថេរៈឈ្មោះ ឧបកៈ ១ ផលគណ្ឌៈ ១ បុក្កុសាតិ ១ (និងព្រះថេរៈ ៤រូបទៀត) គឺ ភទ្ទិយៈ ១ ខណ្ឌទេវៈ ១ ពាហុរគ្គិ ១ សិង្គិយៈ ១ ព្រះថេរៈទាំងនោះ បានលះបង់នូវរាងកាយ ជារបស់មនុស្ស ហើយកន្លងនូវទិព្វយោគបាន។
[២៩២] ព្រះមានព្រះភាគត្រាស់ថា
អ្នកឯង ជាអ្នកមានកុសល ពោលសរសើរគុណ នៃព្រះថេរៈទាំងនោះ ជាអ្នកលះបង់ នូវអន្ទាក់នៃមារ ចុះព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា។
[២៩៣] ទេវតាទូលថា
ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា បុគ្គលនោះ វៀរតែព្រះមានព្រះភាគចេញ មិនមាន វៀរតែសាសនា របស់ព្រះអង្គចេញ មិនមាន នាម និងរូបរលត់ទៅ ឥតមានសេសសល់ ក្នុងធម៌ណា ឯព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌នោះ ក្នុងសាសនានេះ។
[២៩៤] ព្រះមានព្រះភាគត្រាស់ថា
អ្នកឯងបានជាពោលវាចាជ្រាលជ្រៅ កម្រដឹងបាន កម្រយល់បានក្រៃពេក តើអ្នកឯង ពោលវាចាប្រាកដដូច្នេះ ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា។
[២៩៥] ទេវតាទូលថា
ខ្ញុំព្រះអង្គពីដើមជាស្មូនឆ្នាំង ឈ្មោះ ឃដិការ កើតក្នុងនិគមឈ្មោះ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធ ព្រះនាមកស្សប ជាអ្នកវៀរចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅក្នុងស្រុក ជាមួយនឹងព្រះអង្គ ជាសម្លាញ់នឹងព្រះអង្គ ក្នុងកាលមុន ខ្ញុំព្រះអង្គស្គាល់ច្បាស់ នូវភិក្ខុទាំង៧រូបនុ៎ះ ដែលមានចិត្តផុតស្រឡះ មានរាគៈ ទោសៈអស់ហើយ បានឆ្លងនូវតណ្ហាក្នុងលោក។
[២៩៦] ព្រះមានព្រះភាគត្រាស់ថា
ម្នាលភគ្គវៈ អ្នកឯង ពោលយ៉ាងណា ឯរឿងនុ៎ះ ក្នុងកាលនោះ ក៏មានយ៉ាងនោះមែន អ្នកឯងពីដើម ជាស្មូនឆ្នាំង ឈ្មោះឃដិការ កើតក្នុងនិគមឈ្មោះ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធ ព្រះនាមកស្សប ជាអ្នកវៀរចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅក្នុងស្រុកជាមួយនឹងតថាគត ជាសម្លាញ់នឹងតថាគត ក្នុងកាលមុន។ នេះជាការដែលបានចួបជុំសម្លាញ់ ដែលមានក្នុងកាលមុនទាំងពីរនាក់ ដែលមានខ្លួនចម្រើនហើយ បានទ្រទ្រង់នូវសរីរៈ ជាទីបំផុតយ៉ាងនេះឯង។
(៥. ជន្តុសុត្តំ)
[២៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ពួកភិក្ខុជាច្រើនរូប នៅក្នុងអរញ្ញកុដិ ខាងភ្នំហេមពាន្ត ក្នុងដែនកោសល ជាអ្នកមានចិត្តរាយមាយ2) មានមានះដូចជាបបុសលើកឡើងហើយ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ ភ្លេចសតិ មិនដឹងខ្លួន មានចិត្តមិនខ្ជាប់ខ្ជួន មានចិត្តវិលទៅខុស មានឥន្ទ្រិយជាប្រក្រតី (ដូចជាគ្រហស្ថ)។
[២៩៨] គ្រានោះ ជន្តុទេវបុត្ត ក្នុងវេលាថ្ងៃឧបោសថ ទី១៥នោះ ក៏ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលនឹងភិក្ខុទាំងនោះ ដោយគាថាទាំងឡាយថា
កាលពីដើម មានពួកភិក្ខុ ជាសាវ័ករបស់ព្រះគោតម មានការរស់នៅជាសុខ ភិក្ខុទាំងនោះ ជាអ្នកមិនប្រាថ្នា ដោយការស្វែងរកបិណ្ឌបាត ជាអ្នកមិនប្រាថ្នា ដោយការស្វែងរកទីដេក ទីអង្គុយ ដឹងនូវសេចក្តីមិនទៀងក្នុងលោក ហើយក៏បានធ្វើនូវទីបំផុតនៃទុក្ខ ពួកភិក្ខុដែលធ្វើខ្លួន ឲ្យគេចិញ្ចឹមបានដោយកម្រ ស៊ីដេក ស៊ីដេក ដូចជាបុរសអ្នកធំក្នុងស្រុក ជជ្រកមមកនៅក្បែរផ្ទះ នៃបុគ្គលដទៃ ខ្ញុំធ្វើអញ្ជលី ចំពោះសង្ឃហើយ សូមពោលចំពោះភិក្ខុពួកខ្លះ ក្នុងសាសនានេះ ភិក្ខុទាំងនោះ ដែលគេបោះបង់ហើយ ក៏ឥតមានទីពឹងឡើយ ពួកប្រេតយ៉ាងណា ភិក្ខុទាំងនោះ ក៏យ៉ាងនោះដែរ ភិក្ខុទាំងឡាយណាប្រមាទ ខ្ញុំក៏ពោលសំដៅភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណាមិនប្រមាទ ខ្ញុំសូមធ្វើនមស្ការ ចំពោះភិក្ខុទាំងនោះ។
(៦. រោហិតស្សសុត្តំ)
[២៩៩] (ព្រះមានព្រះភាគ) ទ្រង់គង់នៅជិតក្រុងសាវត្ថី… លុះរោហិតស្សទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា បពិត្រព្រះអង្គដ៏ចំរើន ទីបំផុតនៃលោកនោះ បុគ្គលអាចដើម្បីដឹង ដើម្បីឃើញ ដើម្បីដល់ ដោយកិរិយាទៅដោយជើងបានដែរឬ។
[៣០០] ព្រះអង្គត្រាស់ថា ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹងបាន គប្បីឃើញបាន គប្បីដល់បាន ដោយការទៅដោយជើង ដូច្នេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ព្រោះព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ ទ្រង់ពោលហើយ ដោយប្រពៃថា ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយការទៅដោយជើងឡើយ។
[៣០១] បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយ ខ្ញុំព្រះអង្គ បានកើតជាឫស្សី ឈ្មោះ រោហិតស្ស ជាកូននៃព្រាន មានឫទ្ធិ ហោះទៅក្នុងអាកាសបាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសន្ទុះដូចខ្មាន់ធ្នូ ដែលមានធ្នូដ៏មាំ បានសិក្សាដោយប្រពៃ មានដៃស្ទាត់ មានយានចាត់ចែងហើយ មានគ្រឿងក្រោះធ្វើហើយ អាចយកព្រួញដែលស្រាល បាញ់កាត់ទទឹងស្រមោលដើមត្នោត ដោយមិនលំបាកសោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានការឈានទៅ នៃជំហាន មានសភាពដូចជាឈានអំពីសមុទ្រខាងកើត ទៅកាន់សមុទ្រខាងលិច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីប្រាថ្នា មានសភាពដូច្នេះ កើតឡើងថា អាត្មាអញនឹងដល់ នូវទីបំផុតនៃលោក ដោយការទៅដោយជើង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ប្រកបដោយសន្ទុះ មានសភាពដូច្នេះផង ប្រកបដោយការឈានទៅនៃជំហាន មានសភាពដូច្នេះផង វៀរលែងតែវេលាស៊ី ទំពាស៊ី និងក្រេបជញ្ជក់ វៀរលែងតែការធ្វើនូវឧច្ចារៈ បស្សាវៈ វៀរលែងតែការដេកលក់ និងការបន្ទោបង់ នូវសេចក្តីនឿយហត់ មានអាយុ១០០ឆ្នាំ រស់នៅ១០០ឆ្នាំ ដើរទៅអស់កំណត់១០០ឆ្នាំ គង់មិនបានដល់នូវទីបំផុត នៃលោកសោះ ហើយក៏ធ្វើមរណកាល ក្នុងរវាងនោះ។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ ទ្រង់ពោលហើយដោយប្រពៃថា ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយការទៅដោយជើងបានឡើយ។
[៣០២] ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយការទៅដោយជើង ដូច្នេះឡើយ ម្នាលអាវុសោ មួយទៀត តថាគត មិនបានពោលនូវដំណើរ ដែលសត្វមិនបានដល់ នូវទីបំផុតនៃសង្ខារលោក ហើយធ្វើនូវទីបំផុត នៃវដ្តទុក្ខទេ ម្នាលអាវុសោ ម្យ៉ាងទៀត តថាគត សំដែងនូវលោក គឺទុក្ខសច្ចផង នូវហេតុជាទីកើតឡើងនៃលោក គឺសមុទយសច្ចផង នូវទីរលត់នៃលោក គឺនិរោធសច្ចផង នូវបដិបទា ជាហេតុទៅកាន់ទីរលត់ នៃលោក គឺមគ្គសច្ចផង ក្នុងអត្តភាពប្រមាណមួយព្យាម ដែលប្រកបដោយសញ្ញា ប្រកបដោយចិត្តនេះទេតើ។
ទីបំផុតនៃលោក បុគ្គល មិនគប្បីដល់ ដោយការទៅដោយជើង ក្នុងកាលណាៗឡើយ ឯការមិនបានដល់នូវទីបំផុតនៃលោក ហើយរួចស្រឡះចាកទុក្ខ មិនមានទេ ព្រោះហេតុនោះ បុគ្គលអ្នកមានបញ្ញាល្អ ដឹងច្បាស់នូវលោក ដល់នូវទីបំផុតនៃលោក មានព្រហ្មចរិយធម៌នៅស្រេចហើយ មានបាបរម្ងាប់បង់ហើយ ដឹងនូវទីបំផុតនៃលោក រមែងមិនប្រាថ្នា នូវលោកនេះផង នូវលោកខាងមុខផង។
(៧. នន្ទសុត្តំ)
[៣០៣] នន្ទទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងញុំាងសត្វឲ្យឆ្លងទៅ (រកសេចក្តីស្លាប់) ជំនាន់របស់វ័យទាំងឡាយ តែងលះបង់ដោយលំដាប់ទៅ កាលបើបុគ្គល បានសម្លឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះ គួរតែខំធ្វើបុណ្យទាំងឡាយ ដែលជាគុណ នាំសេចក្តីសុខមកឲ្យ។
[៣០៤] កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងញុំាងសត្វឲ្យឆ្លងទៅ (រកសេចក្តីស្លាប់) ជំនាន់របស់វ័យទាំងឡាយ តែងលះបង់ ដោយលំដាប់ទៅ កាលបើបុគ្គល បានសម្លឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះ សម្លឹងរំពឹងយកនូវសេចក្តីស្ងប់ គឺព្រះនិព្វាន ហើយលះបង់នូវអាមិសៈ ក្នុងលោកចោលចេញ។
(៨. នន្ទិវិសាលសុត្តំ)
[៣០៥] នន្ទិវិសាលទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដោយគាថា ថា
បពិត្រព្រះអង្គអ្នកមានព្យាយាមធំ (យន្ត គឺសរីរៈនេះ) មានចក្រ ៤3) មានទ្វារ៩ ដ៏ពេញ (ដោយវត្ថុមិនស្អាត) ប្រកបដោយសេចក្តីលោភ ជាសរីរៈដូចជាភក់ បុគ្គលនឹងយាត្រា (ចេញចាកសរីរៈនោះ) ដោយប្រការដូចម្តេចបាន។
[៣០៦] ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលកាត់នូវចំណង គឺឧបនាហៈផង នូវព្រ័ត្រ គឺកិលេសផង នូវសេចក្តីប្រាថ្នា និងការលោភដ៏លាមកផង ដកចេញនូវតណ្ហា ព្រមទាំងឫសផង ទើបយាត្រា (ចេញចាកសរីរៈនោះបាន) ដោយប្រការយ៉ាងនេះឯង។
(៩. សុសិមសុត្តំ)
[៣០៧] សាវត្ថីនិទាន។ គ្រានោះ ព្រះអានន្ទមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលអានន្ទ សារីបុត្ត គាប់ចិត្តនឹងអ្នក ដែរឬ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្ត នឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតព្រះសារីបុត្តមានអាយុ ជាបណ្ឌិត បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញាច្រើន បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញាក្រាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញា ជាគ្រឿងរីករាយ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញារហ័ស បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញាមុត បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញា ជាគ្រឿងទម្លាយនូវកិលេស បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ គ្មានសេចក្តីប្រាថ្នា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកសន្តោស បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកស្ងប់ស្ងាត់ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកមិនច្រឡូកច្រឡំ ដោយគ្រហស្ថ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានព្យាយាមប្រារព្ធហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកប៉ិនសំដី បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកអត់ទ្រាំនឹងពាក្យសំដី បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកដាស់តឿនគេ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកតិះដៀលបុគ្គលបាប បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ។
[៣០៨] ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុនុ៎ះយ៉ាងនេះឯង ម្នាលអានន្ទ ហេតុនុ៎ះ យ៉ាងនេះឯង ម្នាលអានន្ទ មិនសមបើនឹងថា សារីបុត្ត មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ ម្នាលអានន្ទ ដ្បិតសារីបុត្ត ជាបណ្ឌិត ម្នាលអានន្ទ សារីបុត្ត ជាអ្នកមានបញ្ញាច្រើន ម្នាលអានន្ទ សារីបុត្ត ជាអ្នកមានបញ្ញាក្រាស់ ម្នាលអានន្ទ សារីបុត្ត មានបញ្ញា ជាគ្រឿងរីករាយ ម្នាលអានន្ទ សារីបុត្ត មានបញ្ញារហ័ស ម្នាលអានន្ទ សារីបុត្ត មានបញ្ញាមុត ម្នាលអានន្ទ សារីបុត្ត មានបញ្ញា ជាគ្រឿងទម្លាយនូវកិលេស ម្នាលអានន្ទ សារីបុត្ត គ្មានសេចក្តីប្រាថ្នា ម្នាលអានន្ទ សារីបុត្ត ជាអ្នកសន្តោស ម្នាលអានន្ទ សារីបុត្ត ជាអ្នកស្ងប់ស្ងាត់ ម្នាលអានន្ទ សារីបុត្ត ជាអ្នកមិនច្រឡូកច្រឡំ ដោយគ្រហស្ថ ម្នាលអានន្ទ សារីបុត្ត ជាអ្នកមានព្យាយាមប្រារព្ធហើយ ម្នាលអានន្ទ សារីបុត្ត ជាអ្នកប៉ិនសំដី ម្នាលអានន្ទ សារីបុត្ត ជាអ្នកអត់ទ្រាំនឹងពាក្យសំដី ម្នាលអានន្ទ សារីបុត្ត ជាអ្នកដាស់តឿនគេ ម្នាលអានន្ទ សារីបុត្ត ជាអ្នកតិះដៀលបុគ្គលបាប ម្នាលអានន្ទ មិនសមបើនឹងថា សារីបុត្ត មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ។
[៣០៩] គ្រាកាលដែលព្រះមានព្រះភាគ កំពុងត្រាស់សរសើរគុណ របស់ព្រះសារីបុត្តមានអាយុ ក៏សុសិមទេវបុត្ត ដែលមានទេវបុត្ត ជាបរិស័ទជាច្រើន ហែហមចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតនៅក្នុងទីសមគួរ។ លុះសុសិមទេវបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ហេតុនុ៎ះយ៉ាងនេះឯង បពិត្រព្រះសុគត ហេតុនុ៎ះយ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតព្រះសារីបុត្តមានអាយុ ជាបណ្ឌិត។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកតិះដៀលបុគ្គលបាប បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនជាអ្នកប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ខ្ញុំព្រះអង្គ បានចូលទៅកាន់សំណាក់ទេវបុត្តជាបរិស័ទ ក៏បានឮសំឡេងជាច្រើន ដូច្នេះដែរថា ព្រះសារីបុត្តមានអាយុ ជាបណ្ឌិត ព្រះសារីបុត្តមានអាយុ មានបញ្ញាច្រើន ព្រះសារីបុត្តមានអាយុ មានបញ្ញាក្រាស់ ព្រះសារីបុត្ត មានអាយុ មានបញ្ញាជាគ្រឿងរីករាយ ព្រះសារីបុត្តមានអាយុ មានបញ្ញារហ័ស ព្រះសារីបុត្តមានអាយុ មានបញ្ញាមុត ព្រះសារីបុត្តមានអាយុ មានបញ្ញាជាគ្រឿងទម្លាយនូវកិលេស ព្រះសារីបុត្តមានអាយុ គ្មានសេចក្តីប្រាថ្នា ព្រះសារីបុត្តមានអាយុ ជាអ្នកសន្តោស ព្រះសារីបុត្តមានអាយុ ជាអ្នកស្ងប់ស្ងាត់ ព្រះសារីបុត្តមានអាយុ ជាអ្នកមិនច្រឡូកច្រឡំ ដោយគ្រហស្ថ ព្រះសារីបុត្តមានអាយុ មានព្យាយាមប្រារព្ធហើយ ព្រះសារីបុត្តមានអាយុ ជាអ្នកប៉ិនសំដី ព្រះសារីបុត្តមានអាយុ ជាអ្នកអត់ទ្រាំនឹងពាក្យសំដី ព្រះសារីបុត្តមានអាយុ ជាអ្នកដាស់តឿនគេ ព្រះសារីបុត្តមានអាយុ ជាអ្នកតិះដៀលបុគ្គលបាប បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ។
[៣១០] គ្រាកាលដែលសុសិមទេវបុត្ត កំពុងពោលសរសើរគុណ នៃព្រះសារីបុត្តមានអាយុ ក៏ទេវបុត្តជាបរិស័ទ របស់សុសិមទេវបុត្តនោះ មានសេចក្តីត្រេកអរ រីករាយ កើតបីតិសោមនស្ស បញ្ចេញនូវរស្មី មានប្រការផ្សេងៗ។
[៣១១] កែវពៃទូរ្យដ៏ល្អ ប្រកបដោយជាតិដ៏បរិសុទ្ធ មានជ្រុង៨ ដែលជាងបានច្នៃដោយល្អ ហើយដាក់លើសំពត់កម្ពលលឿងទុំ រមែងភ្លឺច្រាល រុងរឿង យ៉ាងណាមិញ កាលដែលសុសិមទេវបុត្ត កំពុងពោលសរសើរគុណ នៃព្រះសារីបុត្ត មានអាយុ ក៏ទេវបុត្តជាបរិស័ទ របស់សុសិមទេវបុត្ត មានសេចក្តីត្រេកអរ រីករាយ កើតបីតិសោមនស្ស បញ្ចេញរស្មីមានប្រការផ្សេងៗ ក៏យ៉ាងនោះដែរ។
[៣១២] គ្រឿងប្រដាប់ជាវិការៈនៃមាសជម្ពោនទ ដែលកូនជាងមាសដ៏ប៉ិនប្រសប់ បានឲ្យដីលើមាត់បាវ ហើយយកមកដាក់លើសំពត់កម្ពលលឿងទុំ រមែងភ្លឺច្រាល រុងរឿង យ៉ាងណាមិញ ក៏ទេវបុត្តជាបរិស័ទ របស់សុសិមទេវបុត្ត។បេ។ បញ្ចេញរស្មី មានប្រការផ្សេងៗ យ៉ាងនោះឯង។
[៣១៣] ផ្កាយព្រឹក ឰដ៏អាកាសដ៏ស្រឡះប្រាសចាកពពក ក្នុងសរទសម័យ រមែងភ្លឺច្រាល រុងរឿង យ៉ាងណាមិញ កាលដែល សុសិមទេវបុត្ត កំពុងពោលសរសើរគុណ របស់ព្រះសារីបុត្តមានអាយុ ក៏ទេវបុត្តជាបរិស័ទរបស់សុសិមទេវបុត្ត មានសេចក្តីត្រេកអរ រីករាយ កើតបីតិសោមនស្ស បញ្ចេញរស្មីមានប្រការផ្សេងៗ យ៉ាងនោះឯង។
[ ៣១៤] ព្រះអាទិត្យ ឰដ៏អាកាសដ៏ស្រឡះប្រាសចាកពពក ក្នុងសរទសម័យ ខ្ពស់ត្រដែត ឰដ៏អាកាស កំចាត់នូវងងឹត ដែលតាំងនៅលើអាកាសទាំងអស់ រមែងភ្លឺច្រាល រុងរឿង យ៉ាងណាមិញ កាលដែល សុសិមទេវបុត្ត កំពុងពោលសរសើរគុណ នៃព្រះសារីបុត្ត មានអាយុ ក៏ទេវបុត្តជាបរិស័ទ របស់សុសិមទេវបុត្ត មានសេចក្តីត្រេកអរ រីករាយ កើតបីតិសោមនស្ស បញ្ចេញរស្មីមានប្រការផ្សេងៗ យ៉ាងនោះឯង។
[៣១៥] លំដាប់នោះ សុសិមទេវបុត្ត ប្រារព្ធចំពោះព្រះសារីបុត្តមានអាយុ ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ព្រះសារីបុត្ត ប្រាកដថាជាបណ្ឌិត មិនមានសេចក្តីក្រោធ គ្មានសេចក្តីប្រាថ្នា ជាអ្នកស្លូតបូត មានខ្លួនទូន្មានហើយ ជាឥសី មានគុណដែលព្រះសាស្តា ទ្រង់នាំមកសរសើរហើយ។
[៣១៦] គ្រានោះ ព្រះមានព្រះភាគ ប្រារព្ធចំពោះព្រះសារីបុត្តមានអាយុហើយ ក៏ត្រាស់តបនឹងសុសិមទេវបុត្ត ដោយគាថា ថា
សារីបុត្តប្រាកដថាជាបណ្ឌិត មិនមានសេចក្តីក្រោធ គ្មានសេចក្តីប្រាថ្នា ជាអ្នកស្លូតបូត មានខ្លួនទូន្មានហើយ ចម្រើនហើយ ទូន្មានដោយល្អហើយ តែងប្រាថ្នានូវបរិនិព្វានកាល។
(១០. នានាតិត្ថិយសាវកសុត្តំ)
[៣១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រាកាលដែលរាត្រីបឋមយាមកន្លងទៅហើយ មានពួកទេវបុត្តជាសាវ័ក នៃនានាតិរ្ថិយជាច្រើនអង្គ គឺទេវបុត្តឈ្មោះ អសមៈ ១ សហលី ១ និកៈ ១ អាកោដកៈ ១ វេដម្ពរី ១ មាណវគាមិយៈ ១ មានរស្មីដ៏រុងរឿង ញុំាងវត្តវេឡុវ័នជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ឋិតនៅក្នុងទីសមគួរ។
[៣១៨] លុះអសមទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ប្រារព្ធចំពោះគ្រូឈ្មោះ បូរណកស្សប ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
គ្រូឈ្មោះកស្សប មិនឃើញច្បាស់នូវបាប ក្នុងការកាត់ និងការសម្លាប់ ក្នុងការបៀតបៀន និងការវិនាស នៃទ្រព្យទាំងឡាយ ក្នុងលោកនេះ ទាំងមិនឃើញច្បាស់នូវបុណ្យរបស់ខ្លួនសោះឡើយ គ្រូឈ្មោះកស្សបនោះឯង គ្រាន់តែប្រាប់នូវសេចក្តីស្និទ្ធស្នាល គឺទីពឹងអាស្រ័យ (ដល់ពួកសត្វ) ក៏គួរដើម្បីធ្វើនូវការរាប់អាន (ថ្វាយបង្គំ របស់មនុស្ស) បូជា។
[៣១៩] លំដាប់នោះ សហលីទេវបុត្ត ប្រារព្ធចំពោះគ្រូឈ្មោះ មក្ខលិគោសាល ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលមានខ្លួនសង្រួមហើយដោយប្រពៃ ព្រោះខ្ពើមបាបដោយតបៈ លះបង់នូវវាចា ជាគ្រឿងឈ្លោះជាមួយនឹងមហាជន ជាបុគ្គលស្ងប់រម្ងាប់ វៀរចាកកម្មប្រកបដោយទោស ពោលតែពាក្យពិត បុគ្គលមានសភាពដូច្នោះ រមែងមិនធ្វើនូវបាបដោយពិត។
[៣២០] លំដាប់នោះ និកទេវបុត្ត ប្រារព្ធនិគន្ថនាដបុត្ត ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ភិក្ខុជាបណ្ឌិត មានសេចក្តីខ្ពើមបាប សង្រួមដោយប្រពៃ គ្រប់យាមទាំង៤ ប្រាប់នូវហេតុ ដែលខ្លួនឃើញហើយផង នូវហេតុដែលខ្លួនឮហើយផង មិនឈ្មោះថា ធ្វើនូវអំពីអាក្រក់ដោយពិត។
[៣២១] លំដាប់នោះ អាកោដកទេវបុត្ត ប្រារព្ធចំពោះពួកនានាតិរ្ថិយ ហើយពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ពួកគ្រូនៃគណៈណា គឺគ្រូឈ្មោះ បកុធកកាតិយានៈ ១ និគន្ថនាដបុត្ត ១ មក្ខលិគោសាល ១ បូរណកស្សប ១ សុទ្ធតែដល់នូវភាពនៃខ្លួនជាសមណៈ គ្រូទាំងនោះ ឋិតនៅមិនឆ្ងាយអំពីពួកសប្បុរសដោយពិត។
[៣២២] គ្រានោះ វេដម្ពរីទេវបុត្ត ពោលទៅនឹងអាកោដកទេវបុត្ត ដោយគាថាថា
សត្វចចកខ្វាក់ លាមក ដើរទៅជាមួយនឹងសត្វសីហៈ សត្វចចក (នោះ) នឹងស្មើដោយសត្វសីហៈ ក្នុងកាលណាមួយ មិនមានទេ ឯគ្រូរបស់គណៈ ជាអ្នកអាក្រាត អ្នកពោលពាក្យកុហក មានមារយាទគួររឭកដោយសេចក្តីរង្កៀស ក៏មិនប្រហែលដោយពួកសប្បុរសដែរ។
[៣២៣] គ្រានោះ មារមានចិត្តបាប ជ្រែកចូលវេដម្ពរីទេវបុត្ត ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
សត្វទាំងឡាយណា ប្រកបក្នុងកិរិយាខ្ពើមបាប ដោយតបៈ រក្សានូវសេចក្តីស្ងប់ស្ងាត់ តាំងនៅក្នុងរូប ត្រេកអរចំពោះទេវលោក សត្វទាំងនោះឯង រមែងប្រៀនប្រដៅដោយប្រពៃ ដើម្បីទៅកាន់លោកខាងមុខ។
[៣២៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា នេះជាតួមារមានចិត្តបាប ហើយក៏ត្រាស់តបទៅនឹងមារមានចិត្តបាបវិញ ដោយគាថាថា
រូបទាំងឡាយណាមួយ មានក្នុងលោកនេះក្តី ក្នុងលោកខាងមុខក្តី និងរូបទាំងឡាយណា ដែលមានរស្មីរុងរឿងឰដ៏អាកាស ម្នាលមារ ឯរូបទាំងអស់នោះ អ្នកឯងបានសរសើរហើយ ដូចជានុយដែលគេបោះទៅ ដើម្បីសម្លាប់ពួកត្រី។
[៣២៥] គ្រានោះ មាណវគាមិយទេវបុត្ត ប្រារព្ធចំពោះព្រះមានព្រះភាគហើយ ពោលនូវគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ភ្នំវិបុលប្រសើរវិសេសជាងពួកភ្នំ ដែលនៅក្បែរក្រុងរាជគ្រឹះ ភ្នំសេត (ភ្នំកេលាស) ប្រសើរវិសេសជាងពួកភ្នំហេមពាន្ត ព្រះអាទិត្យ ប្រសើរវិសេសជាងសភាវៈ ដែលដើរទៅក្នុងអាកាស សមុទ្រ ប្រសើរវិសេសជាងទីដែលទ្រទ្រង់ទឹក ព្រះចន្ទ ប្រសើរវិសេសជាងពួកផ្កាយ ឯព្រះពុទ្ធ ប្រសើរជាងពួកមនុស្សលោក ព្រមទាំងទេវលោក។
ចប់ នានាតិត្ថិយវគ្គ ទី៣។
ឧទ្ទាននៃនានាតិត្ថិយវគ្គនោះ គឺ
សិវសូត្រ ១ ខេមសូត្រ ១ សេរីសូត្រ ១ ឃដិការសូត្រ ១ ជន្តុសូត្រ ១ រោហិតស្សសូត្រ ១ នន្ទសូត្រ ១ នន្ទិវិសាលសូត្រ ១ សុសិមសូត្រ ១ និងនានាតិត្ថិយសូត្រ ១ ជា១០។
ចប់ ទេវបុត្តសំយុត្ត។