ព្រះពុទ្ធជាម្ចាស់បានត្រាស់តឿនរឮកព្រះរាជារដ្ឋកោសល អំពីការមិនត្រូវមើលងាយរឿងតូចតាចទេ..
sn 03.001 បាលី cs-km: sut.sn.03.001 អដ្ឋកថា: sut.sn.03.001_att PTS: ?
ទហរសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសក សុខវិបុល
(១. ទហរសុត្តំ)
[៣២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើនូវសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់នៅក្នុងទីសមគួរ។
[៣២៧] លុះព្រះបាទបសេនទិកោសល គង់នៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចម្រើនប្តេជ្ញាថា ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ដូច្នេះឬទេ។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ បុគ្គលនិយាយដោយប្រពៃ នូវពាក្យណាថា តថាគតត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ បុគ្គលពោលពាក្យនោះ ចំពោះតថាគត ឈ្មោះថា ពោលដោយប្រពៃ បពិត្រមហារាជ ព្រោះថា តថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណមែន។
[៣២៨] ព្រះរាជាត្រាស់ថា បពិត្រព្រះគោតមដ៏ចម្រើន ពួកសមណព្រាហ្មណ៍ណា ដែលមានពួក មានគណៈ ជាអាចារ្យរបស់គណៈ មានកេរ្តិ៍ឈ្មោះប្រាកដ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ ដូចជាកំពង់ ដែលជនជាច្រើន សន្មតថាជាសប្បុរស គឺគ្រូឈ្មោះបូរណកស្សប១ មក្ខលិគោសាល១ និគន្ថនាដបុត្ត១ សញ្ជយវេលដ្ឋបុត្ត១ បកុធកច្ចាយនៈ១ អជិតកេសកម្ពល១ ឯសមណព្រាហ្មណ៍ទាំងនោះ កាលដែលខ្ញុំព្រះអង្គបានសួរហើយថា លោកទាំងឡាយ ប្តេជ្ញាខ្លួនថា ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណឬ ក៏មិនប្តេជ្ញាខ្លួនថា ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ចំណែកព្រះគោតមដ៏ចម្រើន ក្មេងដោយកំណើតផង ថ្មីដោយផ្នួសផង មែនឬ។
[៣២៩] បពិត្រមហារាជ សភាវៈ៤ ពួកនេះ បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថា ក្មេងឡើយ ឯសភាវៈ៤ពួកនោះ តើដូចម្តេច បពិត្រមហារាជ ក្សត្រិយ៍ បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថា ក្មេង១ បពិត្រមហារាជ ពស់ បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថា ក្មេង១ បពិត្រមហារាជ ភ្លើង បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថាក្មេង គឺថាភ្លើងតិច១ បពិត្រមហារាជ ភិក្ខុ បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថាក្មេង១ បពិត្រមហារាជ សភាវៈ៤ពួកនេះឯង បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថាក្មេងឡើយ។
[៣៣០] ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះរួចហើយ ព្រះសុគតជាសាស្តា លុះត្រាស់ពាក្យនេះរួចហើយ ក៏ទ្រង់ត្រាស់ពាក្យដូច្នេះ តទៅទៀតថា
បុគ្គលមិនគប្បីមើលងាយក្សត្រិយ៍ ដែលបរិបូណ៌ដោយជាតិ មានជាតិដ៏ខ្ពង់ខ្ពស់ មានយសបរិវារថា ក្មេង មិនគប្បីរិះគន់ក្សត្រិយ៍នោះថា ក្មេងទេ ព្រោះក្សត្រិយ៍នោះ រមែងមានឋានៈជាធំជាងមនុស្ស លុះបានសោយរាជសម្បត្តិហើយ ក្សត្រិយ៍នោះ ទ្រង់ក្រោធឡើង រមែងព្យាយាមដ៏ក្លាខ្លាំង ចំពោះបុគ្គលនោះ ដោយព្រះរាជអាជ្ញា ព្រោះហេតុនោះ បុគ្គល កាលរក្សានូវជីវិតរបស់ខ្លួន គប្បីវៀរនូវក្សត្រិយ៍នោះ បុគ្គលឃើញនូវពស់ ក្នុងទីណា ទោះក្នុងស្រុកក្តី ព្រៃក្តី កុំគប្បីមើលងាយថាតូច កុំគប្បីបំពាននូវពស់នោះថាតូច ព្រោះពស់ មានតេជះ តែងត្រាច់ទៅដោយភេទ មានប្រការផ្សេងៗ ពស់នោះ បើចួបនឹងមនុស្សប្រុសក្តី ស្រីក្តី ដែលល្ងង់ តែងចឹកក្នុងកាលណាមួយ ព្រោះហេតុនោះ បុគ្គល កាលរក្សាជីវិតរបស់ខ្លួន គប្បីវៀរពស់នោះឲ្យស្រឡះ បុគ្គលមិនគប្បីមើលងាយភ្លើង ដែលមានអណ្តាត មានចំណី គឺឧសច្រើន មានផ្លូវ គឺស្នាមប្រឆេះខ្មៅ ថាជាភ្លើងតិច កុំគប្បីបំពានភ្លើងនោះថាតិចឡើយ ដ្បិតភ្លើងនោះ លុះបានកម្ទេចជាគ្រឿងឆេះហើយ នឹងទៅជាភ្លើងធំបាន ភ្លើងនោះ ចួបនឹងមនុស្សប្រុសក្តី ស្រីក្តី ដែលល្ងង់ តែងឆេះក្នុងកាលណាមួយ ព្រោះហេតុនោះ បុគ្គល កាលរក្សាជីវិតរបស់ខ្លួន គប្បីវៀរនូវភ្លើងនោះ ភ្លើងជាសភាវៈធ្វើឲ្យស្អាត ជាសភាវៈមានផ្លូវខ្មៅ បើឆេះនូវព្រៃណា ឯសភាវៈដុះនៅលើផែនដីទាំងឡាយ (មានឈើ និងស្មៅជាដើម) តែងដុះឡើងក្នុងព្រៃនោះវិញ ក្នុងកាលដែលកន្លងទៅនៃថ្ងៃ និងយប់ ឯភិក្ខុដែលបរិបូណ៌ដោយសីល បើឆេះនូវបុគ្គលណាដោយតេជះហើយ ពួកកូន និងសត្វចិញ្ចឹមរបស់បុគ្គលនោះ ក៏មិនមាននៅ ពួកជនជាញាតិ ក៏មិនបាននូវទ្រព្យ ឯពួកជនមិនមែនជាកូនចៅ និងជនមិនមែនជាញាតិទាំងនោះ (មិនចម្រើនឡើង) ដូចជាត្នោតកំបុតក ព្រោះហេតុនោះ បុរសជាបណ្ឌិត កាលបើឃើញច្បាស់នូវភ័យនៃខ្លួន គប្បីប្រព្រឹត្តឲ្យស្មើដោយប្រពៃ ចំពោះពស់ផង ភ្លើងផង ក្សត្រិយ៍ដែលមានយសផង និងភិក្ខុដែលបរិបូណ៌ដោយសីលផង។
[៣៣១] កាលបើព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះបាទបសេនទិកោសល ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ដូចបុគ្គលផ្ងារ នូវរបស់ដែលផ្កាប់ ឬបើកនូវរបស់ដែលកំបាំង ពុំនោះសោត ដូចបុគ្គលប្រាប់ផ្លូវដល់មនុស្សអ្នកវង្វេងទិស ឬទ្រោលនូវប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែក រមែងឃើញរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគ ទាំងព្រះធម៌ ទាំងភិក្ខុសង្ឃ ថាជាទីពឹង ទីរឭក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត តាំងតែអំពីថ្ងៃនេះជាដើមទៅ។