km:tipitaka:sut:sn:03:sut.sn.03.009



យញ្ញសូត្រ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 03.009 បាលី cs-km: sut.sn.03.009 អដ្ឋកថា: sut.sn.03.009_att PTS: ?

យញ្ញសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. យញ្ញសុត្តំ)

[៣៥៣] ជិតក្រុងសាវត្ថី… សម័យនោះ ព្រះបាទបសេនទិកោសល តាំងផ្តើមធ្វើមហាយ័ញ្ញ (បូជាធំ)។ ពួកគោឧសភៈ ៥០០ កូនគោឈ្មោល ៥០០ កូនគោញី ៥០០ ពពែ ៥០០ ចៀម ៥០០ គេចងភ្ជាប់នឹងសសរយ័ញ្ញ ដើម្បីបូជា។ ពួកជនណា ដែលជាខ្ញុំប្រុសក្តី ជាអ្នកបម្រើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ ត្រូវអាជ្ញាគម្រាមហើយ ត្រូវភ័យគម្រាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ ធ្វើនូវបរិកម្មទាំងឡាយ (ការរំពឹងគិត)។

[៣៥៤] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់ពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទបសេនទិកោសល តាំងផ្តើមធ្វើមហាយ័ញ្ញ ក្នុងទីឯណោះ ពួកគោឧសភ៥០០ កូនគោឈ្មោល៥០០ កូនគោញី៥០០ ពពែ៥០០ ចៀម៥០០ គេចងភ្ជាប់នឹងសសរយ័ញ្ញ ដើម្បីបូជា ពួកជនណា ដែលជាខ្ញុំប្រុសក្តី ជាអ្នកបម្រើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ ត្រូវអាជ្ញាគម្រាមហើយ ត្រូវភ័យគម្រាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ ធ្វើនូវបរិកម្មទាំងឡាយ។

[៣៥៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបត្រាស់នូវគាថាទាំងនេះ ក្នុងវេលានោះថា

(មហាយ័ញ្ញទាំងឡាយ) មានការរវល់ច្រើន គឺ អស្សមេធៈ1) ១ បុរិសមេធៈ2) ១ សម្មាបាសៈ3) ១ វាជបេយ្យ4) ១ និរគ្គឡៈ5) ១ យ័ញ្ញទាំងនោះ មិនមែនមានផលច្រើនទេ ពួកសត្វផ្សេងៗ គឺពពែ ចៀម គោ ត្រូវគេសម្លាប់ ក្នុងយ័ញ្ញណា ពួកបុគ្គលអ្នកប្រតិបត្តិល្អ អ្នកស្វែងរកគុណដ៏ធំ រមែងមិនប្រកបនូវយ័ញ្ញនោះឡើយ មួយទៀត ពួកយ័ញ្ញណា មិនមានកិច្ចកង្វល់ ជនទាំងឡាយ តែងបូជាយ័ញ្ញទាំងនោះ តាមលំដាប់ត្រកូល សព្វៗកាល ពួកសត្វផ្សេងៗ គឺពពែ ចៀម គោ បុគ្គលមិនបានសម្លាប់ក្នុងយ័ញ្ញនុ៎ះទេ ពួកបុគ្គលអ្នកប្រតិបត្តិល្អ អ្នកស្វែងរកគុណដ៏ធំ តែងប្រកបនូវយ័ញ្ញនុ៎ះ អ្នកប្រាជ្ញគប្បីបូជានូវយ័ញ្ញនុ៎ះ យ័ញ្ញនុ៎ះមានផលច្រើន ព្រោះថា កាលបើបុគ្គលបូជា នូវយ័ញ្ញនុ៎ះហើយ គុណដ៏ប្រសើរ រមែងមាន ឯសេចក្តីអាក្រក់ មិនមានឡើយ។

យ័ញ្ញ ជាសភាវៈមានផលដ៏បរិបូណ៌ផង ទេវតាទាំងឡាយ រមែងជ្រះថ្លាផង។

 

លេខយោង

1)
អស្សមេធំ សម្លាប់សេះ។
2)
បុរិសមេធំ សម្លាប់បុរស
3)
សម្មាបាសំ ពួកជននាំគ្នាបោះកាំនឹម ទៅឰដ៏អាកាសរាល់ៗថ្ងៃ កាំនឹមនោះ ធ្លាក់ចុះត្រង់កន្លែងណា ក៏នាំគ្នាទៅសាងវេទិកា គឺទីសម្រាប់បូជាយ័ញ្ញត្រង់កន្លែងនោះ។
4)
វាជបេយ្យំ ផឹកទឹកផ្អែម មានសប្បិ និងទឹកឃ្មុំ ជាដើម។
5)
និរគ្គឡំ មិនមានទ្វារបើកបិទ។
km/tipitaka/sut/sn/03/sut.sn.03.009.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann