km:tipitaka:sut:sn:03:sut.sn.03.025



បព្វតោបមសូត្រ ទី៥

សង្ខេប

មាន​​ហេតុ​​ទាំង​​អស់​​ដើម្បី​​រស់​​នៅ​ក្នុង​​ការ​​ធ្វើ​​បុណ្យ។

sn 03.025 បាលី cs-km: sut.sn.03.025 អដ្ឋកថា: sut.sn.03.025_att PTS: ?

បព្វតោបមសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. បព្វតូបមសុត្តំ)

[៤១៥] សាវត្ថីនិទាន។ គ្រានោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ ទាំងថ្ងៃត្រង់ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់នៅក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់នៅក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា អើហ្ន៎ មហារាជ ព្រះអង្គទើបស្តេចយាងមកពីទីណា ទាំងថ្ងៃត្រង់។ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេច បានមុទ្ធាភិសេករួចហើយ ស្រវឹងជ្រប់ដោយភាពជាធំ មានសេចក្តីត្រេកអរ ក្នុងកាមគ្របសង្កត់ ដល់នូវការមាំមួន ក្នុងជនបទ នៅត្រួតត្រាបឋវីមណ្ឌលដ៏ធំ តែងមានរាជកិច្ចណា ឥឡូវនេះ ខ្ញុំព្រះអង្គ ដល់នូវការខ្វល់ខ្វាយ ចំពោះរាជកិច្ចនោះ។

[៤១៦] បពិត្រមហារាជ ព្រះអង្គសំគាល់ហេតុនោះ ដូចម្តេច បុរសរបស់ព្រះអង្គ ក្នុងជនបទនេះ មានពាក្យគួរជឿ មានពាក្យគួរធ្វើតាម មកពីទិសខាងកើត បុរសនោះ ចូលមកគាល់ព្រះអង្គ ក្រាបបង្គំទូលយ៉ាងនេះថា សូមព្រះរាជតេជះតំកល់លើត្បូង បពិត្រមហារាជ សូមទ្រង់ជ្រាប ខ្ញុំព្រះអង្គទើបនឹងមកអំពីទិសខាងកើត បានឃើញភ្នំធំខ្ពស់ ស្មើនឹងអាកាស រមៀលមកកិនសត្វទាំងអស់ ក្នុងទីនោះ បពិត្រមហារាជ សូមព្រះអង្គធ្វើកិច្ច ដែលទ្រង់ត្រូវធ្វើឥឡូវនេះចុះ។ លំដាប់នោះ បុរសទីពីរ មកអំពីទិសខាងត្បូង។បេ។ លំដាប់នោះ បុរសទីបី មកអំពីទិសខាងលិច។បេ។ លំដាប់នោះ បុរសទីបួន មានពាក្យគួរជឿ មានពាក្យគួរធ្វើតាម មកអំពីទិសខាងជើង បុរសនោះ ចូលមកគាល់ព្រះអង្គ ក្រាបបង្គំទូល យ៉ាងនេះថា សូមព្រះរាជតេជះ តំកល់លើត្បូង បពិត្រមហារាជ សូមទ្រង់ជ្រាប ខ្ញុំព្រះអង្គ ទើបនឹងមកអំពីទិសខាងជើង បានឃើញភ្នំធំខ្ពស់ ស្មើនឹងអាកាស រមៀលមកកិនសត្វទាំងអស់ ក្នុងទីនោះ បពិត្រមហារាជ សូមព្រះអង្គធ្វើកិច្ច ដែលទ្រង់ត្រូវធ្វើឥឡូវនេះចុះ។ បពិត្រមហារាជ កាលបើភ័យធំយ៉ាងនេះ កើតឡើងក្តី ហេតុអាក្រក់ គឺការអស់ទៅ នៃមនុស្សក្តី មនុស្សភាព ដែលសត្វបានដោយក្រក្តី ព្រះអង្គអាចធ្វើបានដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើភ័យធំយ៉ាងនេះ កើតឡើងក្តី ហេតុអាក្រក់ គឺការអស់ទៅ នៃមនុស្សក្តី មនុស្សភាព ដែលសត្វបានដោយក្រក្តី ខ្ញុំព្រះអង្គ គប្បីធ្វើដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការប្រព្រឹត្តិស្មើ ក្រៅអំពីការធ្វើកុសល ក្រៅអំពីការធ្វើបុណ្យ។

[៤១៧] ព្រះអង្គត្រាស់ថា បពិត្រមហារាជ តថាគតសូមថ្វាយព្រះពរព្រះអង្គ បពិត្រមហារាជ តថាគត សូមថ្វាយដំណឹងព្រះអង្គ បពិត្រមហារាជ ជរា និងមរណៈ រមែងគ្របសង្កត់ព្រះអង្គពិត បពិត្រមហារាជ កាលបើជរា និងមរណៈគ្របសង្កត់ព្រះអង្គ តើព្រះអង្គ ត្រូវធ្វើដូចម្តេច។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើជរា និងមរណៈគ្របសង្កត់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ គប្បីធ្វើដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការប្រព្រឹត្តិស្មើ ក្រៅអំពីការធ្វើកុសល ក្រៅអំពីការធ្វើបុណ្យ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេច បានមុទ្ធាភិសេកហើយ ស្រវឹងជ្រប់ ដោយភាពជាធំ មានសេចក្តីត្រេកអរ ក្នុងកាម មកគ្របសង្កត់ ដល់នូវការមាំមួនក្នុងជនបទ នៅត្រួតត្រាបឋវីមណ្ឌលដ៏ធំ តែងមានចម្បាំង ដោយដំរីណា បពិត្រព្រះអង្គដ៏ចំរើន ចម្បាំងដោយដំរីទាំងនោះ នឹងយកជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈគ្របសង្កត់ ពុំបាន បពិត្រព្រះអង្គដ៏ចម្រើន ឯក្សត្រ ជាស្តេចបានមុទ្ធាភិសេកហើយ។បេ។ នៅត្រួតត្រាបឋវីមណ្ឌលដ៏ធំ រមែងមានចម្បាំងដោយសេះ។បេ។ រមែងមានចម្បាំងដោយរថ។បេ។ រមែងមានចម្បាំងដោយពលថ្មើរជើង បពិត្រព្រះអង្គដ៏ចម្រើន ចម្បាំងដោយពលថ្មើរជើងទាំងនោះ នឹងយកជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈគ្របសង្កត់ ពុំបានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងរាជត្រកូលនេះ ទោះបីមានពួកមហាមាត្យ ដែលជាមន្ត្រី ល្មមនឹងទម្លាយពួកសត្រូវ ដែលមកដល់ដោយអាថ៌កម្បាំងទាំងឡាយបាន បពិត្រព្រះអង្គដ៏ចម្រើន ចម្បាំងដោយអាថ៌កម្បាំងទាំងនោះ នឹងយកជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈ មកគ្របសង្កត់ ពុំបានដែរ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងរាជត្រកូលនេះ មានប្រាក់ និងមាសជាច្រើន ដែលឋិតនៅលើផែនដីក្តី ដែលឋិតនៅលើអាកាសក្តី ល្មមឲ្យខ្ញុំព្រះអង្គ កំចាត់ពួកសត្រូវដែលមកដល់ ដោយទ្រព្យបាន បពិត្រព្រះអង្គដ៏ចម្រើន តែថា ចម្បាំងដោយទ្រព្យទាំងនោះ នឹងយកជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈគ្របសង្កត់ ក៏ពុំបាន បពិត្រព្រះអង្គដ៏ចម្រើន កាលដែលជរា និងមរណៈ មកគ្របសង្កត់ ខ្ញុំព្រះអង្គ អាចធ្វើដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការប្រព្រឹត្តិស្មើ ក្រៅអំពីការធ្វើកុសល ក្រៅអំពីការធ្វើបុណ្យ។

[៤១៨] ព្រះអង្គត្រាស់ថា បពិត្រមហារាជ នុ៎ះយ៉ាងហ្នឹងហើយ បពិត្រមហារាជ នុ៎ះយ៉ាងហ្នឹងហើយ កាលជរា និងមរណៈមកគ្របសង្កត់ ព្រះអង្គ អាចធ្វើដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការប្រព្រឹត្តិស្មើ ក្រៅអំពីការធ្វើកុសល ក្រៅអំពីការធ្វើបុណ្យ។

[៤១៩] ព្រះមានព្រះភាគ បានត្រាស់នូវភាសិតនេះ។បេ។

ភ្នំថ្មតាន់សុទ្ធ ដ៏ធំទូលាយ ទល់នឹងអាកាស រលំចុះមកកិនពួកសត្វជុំវិញ ក្នុងទិសទាំង៤ យ៉ាងណាមិញ ជរា និងមច្ចុ តែងគ្របសង្កត់ពួកសត្វទាំងឡាយ ទោះក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ មនុស្សចណ្ឌាល ត្រកូលអ្នកចោលសម្រាម យ៉ាងនោះឯង ឥតមានវៀរលែងបុគ្គលណាមួយឡើយ តែងញាំញីពួកសត្វទាំងអស់ ទីរបស់ពួកពលដំរី មិនមានក្នុងមច្ចុសង្គ្រាមនោះទេ ទីរបស់ពួកពលរថ ក៏មិនមាន ទាំងទីរបស់ពួកពលថ្មើរជើង ក៏មិនមាន ក្នុងមច្ចុសង្គ្រាមនោះដែរ មួយទៀត ឥតមានអ្នកណាមួយ អាចឈ្នះ (នូវជរា និងមរណៈនោះ) ដោយចម្បាំង ដោយអាថ៌កំបាំង ឬដោយទ្រព្យបានឡើយ ព្រោះហេតុនោះ បុរសជាបណ្ឌិត អ្នកមានប្រាជ្ញា កាលឃើញប្រយោជន៍របស់ខ្លួន ក៏គួរញុំាងសទ្ធា ឲ្យតំកល់នៅក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បុគ្គលណា ប្រព្រឹត្តធម៌ដោយកាយ ដោយវាចា ឬដោយចិត្ត បណ្ឌិតទាំងឡាយ តែងសរសើរបុគ្គលនោះ ក្នុងលោកនេះឯង លុះបុគ្គលនោះរំលាងខន្ធ ទៅកាន់បរលោក តែងត្រេកអរ ក្នុងឋានសួគ៌ទៀត។

ចប់ បុគ្គលវគ្គ ទី៣។

បញ្ជីរឿង នៃបុគ្គលវគ្គនោះ គឺ

បុគ្គលសូត្រ១ អយ្យិកាសូត្រ១ លោកសូត្រ១ ឥស្សត្ថសូត្រ១ បព្វតោបមសូត្រ១ ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់ត្រាស់ហើយ នេះហៅថា កោសលបញ្ចកៈ។

ចប់ កោសលសំយុត្ត។

 

លេខយោង

km/tipitaka/sut/sn/03/sut.sn.03.025.txt · ពេលកែចុងក្រោយ: 2024/01/05 06:57 និពន្ឋដោយ Johann