km:tipitaka:sut:sn:03:sut.sn.03.v02



ជដិលវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 03.v02 បាលី cs-km: sut.sn.03.v02 អដ្ឋកថា: sut.sn.03.v02_att PTS: ?

ជដិលវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ទុតិយវគ្គោ)

ជដិលសូត្រ ទី១

(១. សត្តជដិលសុត្តំ)

[៣៥៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើមិគារមាតុប្រាសាទ ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយទ្រង់គង់ត្រង់ក្លោងទ្វារខាងក្រៅ។ គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ ទ្រង់គង់នៅក្នុងទីសមគួរ។

[៣៥៩] ក៏សម័យនោះឯង ពួកជដិល៧នាក់ ពួកនិគ្រន្ថ៧នាក់ ពួកអចេល៧នាក់ ពួកឯកសាដកបុគ្គល៧នាក់ ពួកបរិព្វាជក៧នាក់ មានរោមក្លៀក មានក្រចក និងរោមឯទៀតដុះវែងៗ នាំគ្នារែកអម្រែកផ្សេងៗ ដើរជិតព្រះមានព្រះភាគ ហើយហួសទៅ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល ទ្រង់ក្រោកអំពីអាសនៈ ធ្វើនូវឧត្តរាសង្គ ឆៀងព្រះអង្សាម្ខាង លុតព្រះជានុមណ្ឌលខាងស្តាំលើផែនដី ប្រណម្យអញ្ជលី ចំពោះជដិល៧នាក់ផង និគ្រន្ថ៧នាក់ផង អចេល៧នាក់ផង ឯកសាដកបុគ្គល៧នាក់ផង បរិព្វាជក៧នាក់ផង ទ្រង់ប្រកាសព្រះនាមអស់វារៈបីដងថា បពិត្រលោកទាំងឡាយដ៏ចម្រើន ខ្ញុំជាព្រះរាជាបសេនទិកោសល… បពិត្រលោកទាំងឡាយដ៏ចម្រើន ខ្ញុំជាព្រះរាជាបសេនទិកោសល។ កាលដែលជដិល៧នាក់ និគ្រន្ថ៧នាក់ អចេល៧នាក់ ឯកសាដកបុគ្គល៧នាក់ បរិព្វាជក៧នាក់ទាំងនោះ ចៀសចេញទៅមិនយូរប៉ុន្មាន ទើបព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះស្តេចចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយទ្រង់គង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល ទ្រង់គង់ក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលទាំងឡាយណា ជាព្រះអរហន្តក្តី ជាអ្នកដល់នូវព្រះអរហត្តមគ្គក្តី ក្នុងលោក បណ្តាបុគ្គលទាំងនោះ លោកអស់ទាំងនេះ ជាព្រះអរហន្តមួយដែរ។

[៣៦០] ព្រះអង្គត្រាស់តបថា បពិត្រមហារាជ ពាក្យថា

បុគ្គលពួកនេះ ជាព្រះអរហន្តក្តី បុគ្គលពួកនេះ ដល់នូវអរហត្តមគ្គក្តី ដូច្នេះនេះ ព្រះអង្គជាគ្រហស្ថ នៅបរិភោគកាម អាស្រ័យព្រះក្រឡាបន្ទំ ចង្អៀតដោយព្រះរាជបុត្រ ប្រើប្រាស់នូវខ្លឹមចន្ទន៍ដ៏ល្អិត ទ្រទ្រង់នូវកម្រងផ្កា គ្រឿងក្រអូប និងគ្រឿងលាប ត្រេកអរនូវមាស និងប្រាក់ ក៏ដឹងបានដោយក្រពេកណាស់ បពិត្រមហារាជ សីល បុគ្គលគប្បីដឹងបាន ដោយការនៅរួមគ្នា ក៏សីលនោះឯង បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បីដឹងបានដោយកាលខ្លីទេ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បីដឹងបានឡើយ បពិត្រមហារាជ សេចក្តីស្អាត បុគ្គលគប្បីដឹងបាន ដោយពាក្យសំដី ឯសេចក្តីស្អាតនោះ បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បីដឹងបានដោយកាលខ្លីឡើយ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បីដឹងបានឡើយ បពិត្រមហារាជ កម្លាំងបញ្ញា បុគ្គលគប្បីដឹង ក្នុងពេលដែលមានសេចក្តីអន្តរាយ ឯកម្លាំងនោះ បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បីដឹងបានដោយកាលខ្លីឡើយ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បីដឹងបានឡើយ បពិត្រមហារាជ បញ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកសួរ ឯបញ្ញានោះ បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បីដឹងបានដោយកាលខ្លីឡើយ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បីដឹងបានឡើយ។

[៣៦១] ព្រះបាទបសេនទិកោសល ទូលថា

បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះអង្គបានសំដែងសេចក្តីនេះថា បពិត្រមហារាជ ពាក្យនេះ ព្រះអង្គជាគ្រហស្ថ នៅបរិភោគកាម ដឹងបានដោយកម្រ។បេ។ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បីដឹងបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ពួកបុរសរបស់ខ្ញុំព្រះអង្គទាំងនេះ ជាអ្នកឈ្លបដើររករឿង បានដឹងរឿងអ្នកជនបទ រួចត្រឡប់មកវិញ កាលបើបុរសទាំងនោះ យករឿងបានមុនហើយ ទើបខ្ញុំព្រះអង្គពិនិត្យជាខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ បុរសទាំងនោះ បានបន្សាត់បង់នូវធុលី និងមន្ទិលនោះ ងូតដោយស្រួលបួល លាបដោយប្រពៃ ហើយកោរសក់ និងពុកមាត់ ស្លៀកសំពត់មានពណ៌ស ឲ្យគេបម្រើឆ្អែតស្កប់ស្កល់ ដោយកាមគុណទាំង៥។

[៣៦២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវសេចក្តីនុ៎ះហើយ ទើបត្រាស់នូវគាថាទាំងឡាយនេះ ក្នុងវេលានោះថា

ជនមិនមែនមានជាតិល្អ ដោយសម្បុរ និងរូបទេ បុគ្គលមិនត្រូវស្និទ្ធស្នាលដោយការឃើញភ្លាមទេ ព្រោះថា ពួកជនមិនសង្រួម ត្រាច់ទៅក្នុងលោកនេះបាន ដោយសារភណ្ឌបរិក្ខារ របស់ពួកជនដែលសង្រួមល្អ កុណ្ឌល ជាវិការនៃដី មានរូបប្រៀបដូចជាកុណ្ឌលមាសក្តី មាសកជាវិការៈនៃលោហៈ ស្រោបដោយមាសក្តី (យ៉ាងណា) ជនទាំងឡាយ មានបរិវារហែហម មិនស្អាតខាងក្នុង ស្អាតតែខាងក្រៅ តែងត្រាច់ទៅក្នុងលោកបាន (យ៉ាងនោះដែរ)។

បញ្ចរាជសូត្រ ទី២

(២. បញ្ចរាជសុត្តំ)

[៣៦៣] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក៏សម័យនោះឯង ព្រះរាជាទាំងឡាយ ៥អង្គ មានព្រះបាទបសេនទិ ជាប្រធាន កំពុងឲ្យគេបម្រើឆ្អែតស្កប់ស្កល់ ដោយកាមគុណ ទាំង៥ ក៏កើតមានអន្តរាកថា ដូច្នេះថា បណ្តាកាមទាំងឡាយ អ្វីហ្ន៎ ប្រសើរជាងគេ។ បណ្តាព្រះរាជាទាំងនោះ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រូបប្រសើរជាងគេ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ សំឡេងប្រសើរជាងគេ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ក្លិនប្រសើរជាងគេ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រសប្រសើរជាងគេ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ផ្សព្វប្រសើរជាងគេ។ ព្រះរាជាទាំងនោះ មិនអាចញុំាងគ្នា និងគ្នាឲ្យយល់បានក្នុងកាលណាឡើយ ទើបព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ពាក្យនេះ នឹងព្រះរាជាទាំងនោះថា ម្នាលគ្នាយើងទាំងឡាយ មក យើងនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ យើងនឹងទូលសួរនូវសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ បើព្រះមានព្រះភាគ ទ្រង់ព្យាករចំពោះយើងទាំងឡាយយ៉ាងណា យើងទាំងឡាយ នឹងចាំទុកនូវព្យាករណ៍នោះយ៉ាងនោះ។ ព្រះរាជាទាំងនោះ ទទួលស្តាប់ (នូវព្រះបន្ទូល) នៃព្រះបាទបសេនទិកោសលថា ព្រះករុណាវិសេស។

[៣៦៤] លំដាប់នោះឯង ព្រះរាជាទាំង៥អង្គ មានព្រះបាទបសេនទិ ជាប្រធាននោះ ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់នៅក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ជាព្រះរាជាទាំង៥ កំពុងឲ្យគេបម្រើឆ្អែតស្កប់ស្កល់ ដោយកាមគុណទាំង៥ ក្នុងទីឯណោះ ក៏កើតមានអន្តរាកថា ដូច្នេះថា បណ្តាកាមទាំងឡាយ អ្វីហ្ន៎ ប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រូបប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ សំឡេងប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ក្លិនប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រសប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ផ្សព្វប្រសើរជាងគេ បពិត្រព្រះអង្គដ៏ចំរើន បណ្តាកាមទាំងឡាយ អ្វីហ្ន៎ ដែលប្រសើរជាងគេ។

[៣៦៥] ព្រះអង្គត្រាស់ថា បពិត្រមហារាជ បណ្តាកាមគុណទាំង៥ តថាគតពោលសំដៅត្រង់របស់ជាទីគាប់ចិត្តបំផុត ថាប្រសើរជាងគេ បពិត្រមហារាជ ព្រោះថា រូបទាំងឡាយណា ជាទីគាប់ចិត្តរបស់បុគ្គលខ្លះ រូបទាំងនោះ ទៅជាមិនគាប់ចិត្ត របស់បុគ្គលខ្លះក៏មាន បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ដោយរូបទាំងឡាយណា បុគ្គលនោះ ក៏មិនប្រាថ្នារូបឯទៀត ដែលលើសលុប ឬឧត្តមជាងរូបទាំងនោះឡើយ រូបទាំងនោះ ជារូបក្រៃលែង របស់បុគ្គលនោះ រូបទាំងនោះ ជារូបប្រសើរលើស របស់បុគ្គលនោះ។ បពិត្រមហារាជ សំឡេងទាំងឡាយណា… បពិត្រមហារាជ ក្លិនទាំងឡាយណា… បពិត្រមហារាជ រសទាំងឡាយណា… បពិត្រមហារាជ ផ្សព្វទាំងឡាយណា ជាទីគាប់ចិត្តបុគ្គលខ្លះ ផ្សព្វទាំងនោះ ទៅជាមិនជាទីគាប់ចិត្តបុគ្គលខ្លះក៏មាន បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ដោយផ្សព្វទាំងឡាយណា បុគ្គលនោះ ក៏មិនប្រាថ្នានូវផ្សព្វឯទៀត សូម្បីលើសលុប ឬឧត្តមជាងផ្សព្វទាំងនោះឡើយ ផ្សព្វទាំងនោះ ជាផ្សព្វក្រៃលែង របស់បុគ្គលនោះ ផ្សព្វទាំងនោះ ជាផ្សព្វប្រសើរលើស របស់បុគ្គលនោះ។

[៣៦៦] ក្នុងសម័យនោះឯង ឧបាសកឈ្មោះ ចន្ទនង្គលិកៈ អង្គុយនៅក្នុងបរិស័ទនោះ។ លំដាប់នោះ ចន្ទនង្គលិកឧបាសក ក្រោកអំពីអាសនៈ ធ្វើសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងហេតុមួយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងហេតុមួយ។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាលចន្ទនង្គលិកៈ អ្នកចូរសំដែងហេតុនោះចុះ។ លំដាប់នោះ ចន្ទនង្គលិកឧបាសក បានសរសើរព្រះមានព្រះភាគ ក្នុងទីចំពោះព្រះភក្ត្រ ដោយគាថាដ៏សមគួរ ដល់សេចក្តីនោះថា

ផ្កាឈូក (ក្រហមច្រាល) រីកក្នុងវេលាព្រឹក មានក្លិនក្រអូប មិនប្រាសចាកក្លិន យ៉ាងណា អ្នកចូរមើលនូវព្រះសម្មាសម្ពុទ្ធ មានរស្មីផ្សាយចេញអំពីព្រះអង្គ កំពុងរុងរឿង ដូចព្រះអាទិត្យ ដែលរុងរឿងក្នុងអាកាស យ៉ាងនោះឯង។

[៣៦៧] គ្រានោះឯង ព្រះរាជាទាំង៥អង្គនោះ ទ្រង់បានបំពាក់នូវចន្ទនង្គលិកឧបាសក ដោយសំពត់ឧត្តរាសង្គទាំង៥។ លំដាប់នោះឯង ចន្ទនង្គលិកឧបាសក ថ្វាយសំពត់ឧត្តរាសង្គទាំង៥នោះ ដល់ព្រះមានព្រះភាគ។

ទោណបាកសូត្រ ទី៣

(៣. ទោណបាកសុត្តំ)

[៣៦៨] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ក៏ក្នុងសម័យនោះឯង ព្រះបាទបសេនទិកោសល ទ្រង់សោយនូវព្រះស្ងោយ ដែលពួកពិសេសចំអិនដោយអង្ករមួយទោណៈ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល ទ្រង់សោយរួចហើយ ទ្រង់ដកព្រះអស្សាសៈធំ ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះស្តេចចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ គង់ក្នុងទីសមគួរ។

[៣៦៩] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ព្រះបាទបសេនទិកោសលនោះ សោយរួចហើយ ទ្រង់ដកព្រះអស្សាសៈធំ ទើបត្រាស់នូវគាថានេះ ក្នុងវេលានោះថា

មនុស្ស មានស្មារតីសព្វកាល ដឹងប្រមាណក្នុងភោជនដែលខ្លួនបានហើយ រមែងមានវេទនាស្រាល អាហារនោះ តែងរក្សាអាយុ ជ្រួតជ្រាបបន្តិចម្តងៗ។

[៣៧០] ក៏សម័យនោះឯង មាណពឈ្មោះ សុទស្សនៈ ឈរនៅក្រោយព្រះបិដ្ឋិ នៃព្រះបាទបសេនទិកោសល។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ហៅសុទស្សនមាណព មកថា ម្នាលបាសុទស្សនៈ អ្នកចូរមករៀននូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ហើយសូត្រក្នុងកាលដែលនាំមកនូវភត្តដល់អញ អញនឹងឲ្យកហាបណៈមួយរយ ជានិច្ចភត្ត ដល់អ្នករាល់ថ្ងៃ។ សុទស្សនមាណព ទទួលព្រះរាជឱង្ការព្រះបាទបសេនទិកោសលថា សូមទ្រង់ព្រះមេត្តាប្រោស ប្រសើរណាស់ ក៏រៀននូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគហើយ សូត្រក្នុងកាលនាំភត្តមកថ្វាយព្រះបាទបសេនទិកោសលថា

មនុស្ស មានស្មារតីសព្វកាល ដឹងប្រមាណក្នុងភោជនដែលខ្លួនបានហើយ រមែងមានវេទនាស្រាល អាហារនោះ តែងរក្សាអាយុ ជ្រួតជ្រាបបន្តិចម្តងៗ។

[៣៧១] គ្រានោះឯង ព្រះបាទបសេនទិកោសល ទ្រង់កំណត់អង្ករមួយនាឡិតាមលំដាប់។ ក្នុងសម័យតមកទៀត ទើបព្រះបាទបសេនទិកោសល មានព្រះកាយផូរផង់ល្អ ទ្រង់យកព្រះហស្តស្ទាបព្រះអង្គហើយ បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ឱហ្ន៎ ព្រះមានព្រះភាគនោះ ទ្រង់អនុគ្រោះយើងដោយប្រយោជន៍២ប្រការគឺ ប្រយោជន៍បច្ចុប្បន្ន១ ប្រយោជន៍បរលោក១។

បឋមសង្គាមវត្ថុសូត្រ ទី៤

(៤. បឋមសង្គាមសុត្តំ)

[៣៧២] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា លើកទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសី។ ព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ។ ទើបព្រះបាទបសេនទិកោសល ទ្រង់រៀបចតុរង្គសេនា តទល់គ្នានឹងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ឰដ៏ដែនកាសី។ គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសលច្បាំងគ្នា។ ក៏ក្នុងសង្គ្រាមនោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់ផ្ចាញ់ព្រះបាទបសេនទិកោសលបាន។ លុះព្រះបាទបសេនទិកោសល ទ្រង់បរាជ័យហើយ ក៏ស្តេចចូលមកកាន់ក្រុងសាវត្ថី ជាព្រះរាជធានីរបស់ព្រះអង្គវិញ។

[៣៧៣] គ្រានោះឯង ភិក្ខុច្រើនរូបស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់បិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងអម្បាលនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលានេះ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា ទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសីឯណោះ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា មកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ព្រះបាទបសេនទិកោសល ក៏ទ្រង់រៀបចតុរង្គសេនា ទៅតទល់គ្នានឹងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ឰដ៏ដែនកាសី បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសល ក៏បានច្បាំងគ្នា បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងសង្គ្រាមនោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ទ្រង់ផ្ចាញ់ព្រះបាទបសេនទិកោសល ឲ្យចាញ់បាន បពិត្រព្រះអង្គដ៏ចំរើន លុះព្រះបាទបសេនទិកោសល ទ្រង់បរាជ័យហើយ ក៏ស្តេចចូលមកកាន់ក្រុងសាវត្ថី ជាព្រះរាជធានីរបស់ព្រះអង្គវិញ។

[៣៧៤] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ មានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានព្រះទ័យឱនទៅរកសេចក្តីអាក្រក់ ក៏ឯព្រះបាទបសេនទិកោសល មានមិត្តល្អ មានសំឡាញ់ល្អ មានព្រះទ័យឱនទៅរកសេចក្តីល្អ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃនេះ ព្រះបាទបសេនទិកោសល ទ្រង់បរាជ័យ ហើយផ្ទំជាទុក្ខក្នុងរាត្រីនេះ ដោយប្រការយ៉ាងនេះ។

[៣៧៥] ព្រះមានព្រះភាគ បានត្រាស់នូវភាសិតនេះ។បេ។

បុគ្គលអ្នកឈ្នះ តែងប្រទះពៀរ បុគ្គលអ្នកចាញ់ តែងដេកកើតទុក្ខ បុគ្គលអ្នកស្ងប់រម្ងាប់ លះបង់នូវការឈ្នះ និងការចាញ់បានហើយ តែងដេកជាសុខ។

ទុតិយសង្គាមវត្ថុសូត្រ ទី៥

(៥. ទុតិយសង្គាមសុត្តំ)

[៣៧៦] គ្រានោះឯង ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា ទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសី។ ព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ។ ទើបព្រះបាទបសេនទិកោសល ស្តេចរៀបចតុរង្គសេនា ទៅតទល់គ្នា នឹងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ឰដ៏ដែនកាសី។ គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសល ក៏ច្បាំងគ្នា។ ឯក្នុងសង្គ្រាមនោះឯង ព្រះបាទបសេនទិកោសល ញុំាងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ឲ្យចាញ់ ហើយចាប់យកព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈនោះបានទាំងរស់។

[៣៧៧] គ្រានោះឯង ព្រះបាទបសេនទិកោសល មានសេចក្តីត្រិះរិះថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈនេះ ប្រទូស្តនឹងអាត្មាអញ ដែលជាអ្នកមិនប្រទូស្ត ពិតមែនហើយ តែថាស្តេចនោះ ត្រូវជាក្មួយរបស់អាត្មាអញ បើដូច្នោះ មានតែអាត្មាអញ រឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែងព្រះបាទអជាតសត្តុនោះ ឲ្យរួចទៅទាំងរស់វិញ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល បានរឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែងព្រះបាទអជាតសត្តុនោះ ឲ្យរួចទៅទាំងរស់វិញ។

[៣៧៨] គ្រានោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងពេលក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសីឯណោះ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ បពិត្រព្រះអង្គដ៏ចំរើន ទើបព្រះបាទបសេនទិកោសល រៀបចតុរង្គសេនា ទៅចាំតទល់គ្នា នឹងព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ឰដ៏ដែនកាសី បពិត្រព្រះអង្គដ៏ចំរើន ឯព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសល ក៏ច្បាំងគ្នា បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងសង្គ្រាមនោះ ព្រះបាទបសេនទិកោសល ទ្រង់ផ្ចាញ់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ឲ្យបរាជ័យហើយ ចាប់យកព្រះបាទអជាតសត្តុនោះបានទាំងរស់ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ព្រះបាទបសេនទិកោសល មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈនេះ ប្រទូស្តចំពោះអាត្មាអញ ដែលជាអ្នកមិនប្រទូស្តក៏មែនហើយ តែថា ស្តេចនោះ ត្រូវជាក្មួយរបស់អាត្មាអញ បើដូច្នោះ មានតែអាត្មាអញ រឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែងព្រះបាទអជាតសត្តុនោះ ឲ្យរួចទៅទាំងរស់វិញ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ព្រះបាទបសេនទិកោសល ក៏បានរឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែងព្រះបាទអជាតសត្តុនោះ ឲ្យរួចទៅទាំងរស់វិញ។

[៣៧៩] គ្រាកាលដែលព្រះមានព្រះភាគ ជ្រាបសេចក្តីនុ៎ះច្បាស់ហើយ ទ្រង់ត្រាស់ព្រះគាថាទាំងនេះ ក្នុងវេលានោះថា

ការរឹបជាន់ សម្រេចដល់បុរសនោះ ដរាបណា បុរសនោះ ឈ្មោះថា រឹបជាន់គេ ដរាបនោះ ជនទាំងឡាយដទៃ រឹបជាន់គេក្នុងកាលណា គេដែលពួកជនដទៃរឹបជាន់នោះ នឹងរឹបជាន់វិញ ក្នុងកាលនោះ បាបមិនទាន់ឲ្យផល ដរាបណា បុគ្គលពាល តែងសំគាល់បាបនោះថា គ្រាន់តែជាហេតុ ដរាបនោះ លុះតែបាបឲ្យផល ក្នុងកាលណា បុគ្គលពាល រមែងដល់នូវទុក្ខ ក្នុងកាលនោះ អ្នកសម្លាប់គេ តែងបានគេសម្លាប់ខ្លួនវិញ អ្នកឈ្នះគេ តែងបានគេឈ្នះខ្លួនវិញ អ្នកជេរគេ តែងបានគេជេរខ្លួនវិញ អ្នកប្រទូស្តគេ តែងបានគេប្រទូស្តខ្លួនវិញ មួយទៀត អ្នកដែលគេរឹបជាន់នោះ រមែងរឹបជាន់គេវិញ តាមការដែលផ្លាស់ប្តូរនៃកម្ម។

ធីតុសូត្រ ទី៦

(៦. មល្លិកាសុត្តំ)

[៣៨០] សាវត្ថីនិទាន។ គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ ទ្រង់គង់នៅក្នុងទីសមគួរ។ លំដាប់នោះ បុរសម្នាក់ ចូលទៅគាល់ព្រះបាទបសេនទិកោសល លុះចូលទៅដល់ហើយ ខ្សឹបទូលព្រះបាទបសេនទិកោសលថា បពិត្រព្រះសម្មតិទេព ព្រះនាងមល្លិកាទេវី ប្រសូតព្រះរាជធីតាហើយ។ កាលបើបុរសនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទបសេនទិកោសល ក៏មានព្រះហឫទ័យអាក់អន់។

[៣៨១] លុះព្រះមានព្រះភាគ ទ្រង់ជ្រាបថា ព្រះបាទបសេនទិកោសល មានព្រះហឫទ័យអាក់អន់ហើយ ទើបត្រាស់នូវគាថាទាំងឡាយនេះ ក្នុងវេលានោះថា

បពិត្រព្រះអង្គជាធំជាងជន សូមព្រះអង្គចិញ្ចឹមតែស្ត្រីមួយពួក ដែលមានបញ្ញា មានសីល មានម្តាយក្មេក និងឪពុកក្មេកដូចជាទេព្តា ជាអ្នកធ្វើវត្តដល់ប្តី ជាស្ត្រីប្រសើរ បពិត្រព្រះអង្គជាធំក្នុងទិស បុរសណា កើតចាកស្ត្រីនោះ បុរសនោះ ជាអ្នកក្លៀវក្លា ឯបុត្តនៃភរិយាល្អប្រាកដដូច្នោះ តែងប្រៀនប្រដៅនូវជន ដែលនៅក្នុងដែនបាន។

បឋមអប្បមាទសូត្រ ទី៧

(៧. អប្បមាទសុត្តំ)

[៣៨២] ទៀបក្រុងសាវត្ថី… លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ទ្រង់ត្រាស់នឹងព្រះមានព្រះភាគ ដូច្នេះថា ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ មានដែរឬ ព្រះអង្គ។ ព្រះអង្គត្រាស់ថា ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ មានដែរ មហារាជ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ តើដូចម្តេចខ្លះ។

[៣៨៣] ព្រះអង្គត្រាស់ថា បពិត្រមហារាជ ធម៌តែមួយ គឺអប្បមាទធម៌ តែងឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១។ បពិត្រមហារាជ ដានជើងណាមួយ នៃពួកសត្វដែលដើរលើផែនដី ដានជើងទាំងអស់នោះ រមែងប្រជុំចុះ ក្នុងដានជើងដំរី ដានជើងដំរី ប្រាកដជាធំជាងដានជើងសត្វទាំងអម្បាលនោះ ព្រោះថា ដានជើងដំរី ជាដានជើងធំ យ៉ាងណាមិញ បពិត្រមហារាជ ធម៌តែមួយ គឺអប្បមាទធម៌ តែងឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ យ៉ាងនោះឯង។

[៣៨៤] ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ។បេ។

បុគ្គល កាលប្រាថ្នានូវអាយុ ភាពជាអ្នកមិនមានរោគ សម្បុរកាយ ឋានសួគ៌ ត្រកូលខ្ពស់ និងសេចក្តីត្រេកអរទាំងឡាយ ដ៏លើសលុបតៗទៅ (គួរតែធ្វើសេចក្តីមិនប្រមាទ) បណ្ឌិតទាំងឡាយ តែងសរសើរសេចក្តីមិនប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ បណ្ឌិតជាអ្នកមិនប្រមាទ តែងបានប្រយោជន៍ទាំងពីរ គឺប្រយោជន៍ណា ក្នុងបច្ចុប្បន្នក្តី ប្រយោជន៍ណា ដែលមានក្នុងបរលោកក្តី ធីរជន ឈ្មោះថាបណ្ឌិត ព្រោះការបាននូវប្រយោជន៍ទាំងពីរនោះ។

ទុតិយអប្បមាទសូត្រ ទី៨

(៨. កល្យាណមិត្តសុត្តំ)

[៣៨៥] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… គង់នៅក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គពួនសម្ងំនៅក្នុងទីស្ងាត់ ក្នុងទីឯណោះ មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើងយ៉ាងនេះថា ធម៌ដែលព្រះមានព្រះភាគត្រាស់ហើយដោយប្រពៃ ធម៌នោះឯង ជារបស់បុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន មិនមែនជារបស់បុគ្គល អ្នកមានមិត្តអាក្រក់ អ្នកមានសម្លាញ់អាក្រក់ អ្នកបង្អោនទៅរកបាបជនឡើយ។ បពិត្រមហារាជ នុ៎ះយ៉ាងនេះមែនហើយ បពិត្រមហារាជ នុ៎ះយ៉ាងនេះមែនហើយ បពិត្រមហារាជ ធម៌ដែលតថាគតត្រាស់ហើយដោយប្រពៃ ធម៌នោះឯង ជារបស់បុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន មិនមែនជារបស់បុគ្គលអ្នកមានមិត្តអាក្រក់ អ្នកមានសម្លាញ់អាក្រក់ អ្នកបង្អោនទៅរកបាបជនឡើយ។

[២៨៦] បពិត្រមហារាជ សម័យមួយ តថាគតនៅក្នុងនិគមឈ្មោះនគរកៈ របស់ពួកសក្យជន ក្នុងសក្កជនបទឯណោះ។ បពិត្រមហារាជ លំដាប់នោះឯង ភិក្ខុឈ្មោះអានន្ទ បានចូលទៅរកតថាគត លុះចូលទៅដល់ ថ្វាយបង្គំតថាគតហើយ អង្គុយក្នុងទីសមគួរ។ បពិត្រមហារាជ លុះអានន្ទភិក្ខុ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះជាគុណពាក់កណ្តាល របស់មគ្គព្រហ្មចរិយៈ។ បពិត្រមហារាជ កាលអានន្ទភិក្ខុ ក្រាបទូលយ៉ាងនេះហើយ តថាគត បានត្រាស់នឹងអានន្ទភិក្ខុ ដូច្នេះថា ម្នាលអានន្ទ អ្នកកុំនិយាយយ៉ាងនេះឡើយ ឯភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះចាត់ជាមគ្គព្រហ្មចរិយៈទាំងមូល ម្នាលអានន្ទ មគ្គព្រហ្មចរិយៈនុ៎ះ កើតប្រាកដ ដល់ភិក្ខុដែលជាអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន ភិក្ខុនោះ នឹងចម្រើននូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ និងធ្វើឲ្យរឿយៗ នូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ។

[៣៨៧] ម្នាលអានន្ទ ចុះភិក្ខុអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន ចម្រើននូវមគ្គ ប្រកបដោយអង្គ៨ ដ៏ប្រសើរ ធ្វើឲ្យរឿយៗ នូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ ដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគ អាស្រ័យនិរោធ មានកិរិយាបង្អោនចិត្តទៅ ដើម្បីលះកិលេស ចម្រើននូវសម្មាសង្កប្ប… ចម្រើននូវសម្មាវាចា… ចម្រើននូវសម្មាកម្មន្ត… ចម្រើននូវសម្មាអាជីវៈ… ចម្រើននូវសម្មាវាយាមៈ… ចម្រើននូវសម្មាសតិ… ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគ អាស្រ័យនិរោធ មានកិរិយាបង្អោនចិត្តទៅ ដើម្បីលះបង់កិលេស។ ម្នាលអានន្ទ ភិក្ខុអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន តែងចម្រើននូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ តែងធ្វើឲ្យរឿយៗ នូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ ដោយប្រការយ៉ាងនេះឯង។ ម្នាលអានន្ទ ភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះជាតួមគ្គព្រហ្មចរិយៈទាំងមូល ដោយហេតុណា ហេតុនោះ បុគ្គលត្រូវដឹង ដោយបរិយាយនេះឯង។ ម្នាលអានន្ទ សត្វទាំងឡាយ មានជាតិជាធម្មតា រមែងរួចចាកជាតិ សត្វទាំងឡាយ មានជរាជាធម្មតា រមែងរួចចាកជរា សត្វទាំងឡាយ មានព្យាធិជាធម្មតា រមែងរួចចាកព្យាធិ សត្វទាំងឡាយ មានមរណៈជាធម្មតា រមែងរួចចាកមរណៈ សត្វទាំងឡាយ មានសោក បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាសជាធម្មតា រមែងរួចចាកសោក បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាសទាំងឡាយបាន ក៏ព្រោះអាស្រ័យនឹងតថាគតជាមិត្តល្អ។ ម្នាលអានន្ទ ភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះជាតួមគ្គព្រហ្មចរិយៈទាំងមូល ដោយហេតុណា ហេតុនោះ បុគ្គលត្រូវដឹងដោយបរិយាយនេះឯង។

[៣៨៨] បពិត្រមហារាជ ព្រោះហេតុនោះ ក្នុងសាសនានេះ ព្រះអង្គគប្បីសិក្សាយ៉ាងនេះថា អាត្មាអញ ជាអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន។ បពិត្រមហារាជ ព្រះអង្គគប្បីសិក្សាយ៉ាងនេះឯង។ បពិត្រមហារាជ ធម៌មួយនេះ គឺសេចក្តីមិនប្រមាទ ក្នុងធម៌ជាកុសលទាំងឡាយ ព្រះអង្គជាអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន គួរតែអាស្រ័យនៅកុំខាន។ បពិត្រមហារាជ កាលបើព្រះអង្គជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីស្រីស្នំដែលដើរហែតាម ក៏គង់មានសេចក្តីត្រិះរិះថា ព្រះរាជាមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីក្សត្រទាំងឡាយ ដែលជាចំណុះ គង់មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជាជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីពួកពល គង់មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជា ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីអ្នកនិគម និងអ្នកជនបទ គង់មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជា ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីខ្លួនក្តី ក៏នឹងឈ្មោះថា ព្រះអង្គបានគ្រប់គ្រងរក្សា ស្រីស្នំក្តី ក៏នឹងឈ្មោះថា ព្រះអង្គបានគ្រប់គ្រងរក្សា ព្រះឃ្លាំង និងជង្រុកក្តី ក៏នឹងឈ្មោះថា ព្រះអង្គបានគ្រប់គ្រងរក្សា។

[៣៨៩] ព្រះមានព្រះភាគ បានត្រាស់នូវគាថានេះ។បេ។

បុគ្គលកាលប្រាថ្នានូវភោគៈទាំងឡាយ ឲ្យច្រើនលើសលុបតៗទៅ (គួរតែធ្វើសេចក្តីមិនប្រមាទ) បណ្ឌិតទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ បណ្ឌិតអ្នកមិនប្រមាទ តែងបានសម្រេចប្រយោជន៍ទាំងពីរ គឺ ប្រយោជន៍ណាក្នុងបច្ចុប្បន្នក្តី ប្រយោជន៍ណា ក្នុងបរលោកក្តី ធីរជនឈ្មោះថា បណ្ឌិត ព្រោះបាននូវប្រយោជន៍នោះៗ។

បឋមាបុត្តកសូត្រ ទី៩

(៩. បឋមអបុត្តកសុត្តំ)

[៣៩០] ទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ ទាំងក្នុងវេលាថ្ងៃត្រង់ លុះស្តេចយាងដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយទ្រង់គង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់ដូច្នេះថា បពិត្រមហារាជ ចុះព្រះអង្គទើបនឹងស្តេចមកពីណាទាំងថ្ងៃត្រង់។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតី ក្នុងក្រុងសាវត្ថីនេះ ធ្វើមរណកាលទៅហើយ ខ្ញុំព្រះអង្គ នាំទ្រព្យរបស់សេដ្ឋី ដែលគ្មានកូននោះ មកកាន់ខាងក្នុងព្រះរាជវាំង បពិត្រព្រះអង្គដ៏ចំរើន គ្រាន់តែប្រាក់មានប៉ែតសិបសែនទៅហើយ នឹងបាច់ពោលទៅថ្វី ដល់រូបិយៈ1) បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតីនោះ មានការបរិភោគភត្តបែបនេះ គឺគាត់បរិភោគបាយចុងអង្ករ មានជ្រក់ជាគម្រប់ពីរ មានការប្រើប្រាស់សំពត់បែបនេះ គឺគាត់ស្លៀកសំពត់សំបកធ្មៃប៉ះជា៣ផ្ទាំង2) មានការប្រើប្រាស់យានបែបនេះ គឺគាត់ជិះរថតូចកញ្ចាស់ បាំងឆត្រស្លឹកយ៉ាងតូច។

[៣៩១] បពិត្រមហារាជ ពាក្យនេះយ៉ាងនេះហើយ បពិត្រមហារាជ ពាក្យនេះ យ៉ាងនេះហើយ បពិត្រមហារាជ ធម្មតាអសប្បុរស បើបានភោគៈច្រើនលើសលុបហើយ មិនធ្វើខ្លួនឲ្យសុខ មិនបំពេញខ្លួន មិនធ្វើមាតាបិតាឲ្យសុខ មិនបំពេញមាតាបិតា មិនធ្វើបុត្តភរិយាឲ្យបានសុខ មិនបំពេញបុត្តភរិយា មិនធ្វើពួកបុរសជាទាសកម្មករ ឲ្យបានសុខ មិនបំពេញពួកបុរស ជាទាសកម្មករ មិនធ្វើពួកមិត្ត និងអាមាត្យឲ្យបានសុខ មិនបំពេញពួកមិត្ត និងអាមាត្យ ទាំងមិនតំកល់ទុកនូវទក្ខិណាទាន ក្នុងសមណព្រាហ្មណ៍ទាំងឡាយ ដែលជាទានមានផលខ្ពង់ខ្ពស់ ជាទានឲ្យនូវអារម្មណ៍ មានរូបជាដើម ដ៏ប្រសើរដោយប្រពៃ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីសួគ៌ឡើយ។ កាលបើអសប្បុរសនោះ មិនប្រើប្រាស់ភោគសម្បត្តិទាំងនោះដោយស្រួល យ៉ាងនេះហើយ ព្រះរាជាទាំងឡាយ នាំយកទៅខ្លះ ពួកចោរនាំយកទៅខ្លះ ភ្លើងឆេះខូចទៅខ្លះ ទឹកបន្សាត់ទៅខ្លះ ពួកញាតិដែលមិនជាទីស្រឡាញ់ នាំយកទៅខ្លះ។ បពិត្រមហារាជ កាលបើភោគៈទាំងនោះ ដែលអសប្បុរសនោះ មិនប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ រមែងដល់នូវការអស់ទៅ មិនដល់នូវការប្រើប្រាស់បានឡើយ។ បពិត្រមហារាជ ស្រះបោក្ខរណី ក្នុងទីគ្មានមនុស្ស មានទឹកថ្លា មានទឹកត្រជាក់ មានទឹកឆ្ងាញ់ មានទឹកស (ដោយអន្លើ) មានកំពង់ល្អ គួរជាទីត្រេកអរ អ្នកផងមិនទៅដងទឹកនោះ មិនផឹកទឹកនោះ មិនងូតទឹកនោះ មិនយកទឹកនោះ ទៅប្រើប្រាស់ តាមសមគួរដល់សេចក្តីត្រូវការឡើយ បពិត្រមហារាជ ឯទឹកនោះ កាលគេមិនប្រើប្រាស់ ដោយប្រពៃ យ៉ាងនេះហើយ គប្បីដល់នូវការអស់ទៅ មិនដល់នូវការប្រើប្រាស់បាន យ៉ាងណា បពិត្រមហារាជ អសប្បុរស បានភោគៈច្រើនលើសលុបហើយ មិនធ្វើខ្លួនឲ្យសុខ មិនបំពេញខ្លួន។បេ។ បពិត្រមហារាជ កាលបើភោគៈទាំងឡាយ ដែលអសប្បុរសនោះមិនប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ តែងដល់នូវការអស់ទៅ មិនដល់នូវការប្រើប្រាស់បាន យ៉ាងនោះឯង។

[៣៩២] បពិត្រមហារាជ ចំណែកសប្បុរស បានភោគៈច្រើនលើសលុបហើយ តែងធ្វើខ្លួនឲ្យសុខ បំពេញខ្លួន ធ្វើមាតាបិតាឲ្យសុខ បំពេញមាតាបិតា ធ្វើបុត្តភរិយាឲ្យសុខ បំពេញបុត្តភរិយា ធ្វើពួកបុរសជាទាសកម្មករ ឲ្យសុខ បំពេញពួកបុរស ជាទាសកម្មករ ធ្វើពួកមិត្ត និងអាមាត្យឲ្យសុខ បំពេញពួកមិត្ត និងអាមាត្យ ទាំងបានតម្កល់ទុកនូវទក្ខិណាទាន ក្នុងសមណព្រាហ្មណ៍ទាំងឡាយ ដែលជាទានមានផលខ្ពង់ខ្ពស់ ជាទានឲ្យនូវអារម្មណ៍ មានរូបជាដើម ដ៏ប្រសើរដោយប្រពៃ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីសួគ៌។ កាលបើសប្បុរសនោះ បានប្រើប្រាស់ភោគសម្បត្តិទាំងនោះ ដោយប្រពៃ យ៉ាងនេះហើយ ពួកព្រះរាជា ក៏មិននាំយកទៅ ពួកចោរក៏មិនលួចទៅ ភ្លើងក៏មិនឆេះ ទឹកក៏មិនបន្សាត់ទៅ ពួកញាតិដែលមិនជាទីស្រឡាញ់ ក៏មិនបាននាំយកទៅ។ បពិត្រមហារាជ ភោគៈទាំងនោះ ដែលសប្បុរសនោះ ប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ រមែងដល់នូវការប្រើប្រាស់បាន មិនដល់នូវការអស់ទៅឡើយ។ បពិត្រមហារាជ ស្រះបោក្ខរណី ដែលនៅជិតស្រុក ឬនិគម មានទឹកថ្លា មានទឹកត្រជាក់ មានទឹកឆ្ងាញ់ មានទឹកស (ដោយអន្លើ) មានកំពង់ល្អ គួរជាទីត្រេកអរ អ្នកផងទៅដងទឹកនោះមកខ្លះ ផឹកខ្លះ ងូតខ្លះ ប្រើប្រាស់តាមសមគួរ ដល់សេចក្តីត្រូវការខ្លះ បពិត្រមហារាជ ឯទឹកនោះ ដែលអ្នកផងបរិភោគដោយប្រពៃ យ៉ាងនេះហើយ គប្បីដល់នូវការប្រើប្រាស់បាន មិនដល់នូវការអស់ទៅឡើយ យ៉ាងណាមិញ បពិត្រមហារាជ សប្បុរស បានភោគៈច្រើនលើសលុបហើយ តែងធ្វើខ្លួនឲ្យសុខ បំពេញខ្លួន។បេ។ កាលបើភោគសម្បត្តិទាំងនោះ ដែលសប្បុរសនោះ ប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ តែងដល់នូវការប្រើប្រាស់បាន មិនដល់នូវការអស់ទៅឡើយ យ៉ាងនោះឯង។

[៣៩៣] ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះហើយ។បេ។

បុរស បានចួបប្រទះនឹងទឹក ដែលដក់នៅក្នុងទីគ្មានមនុស្ស ជាទឹកផឹកមិនបាន យ៉ាងណាមិញ បុរសអាក្រក់ បាននូវទ្រព្យហើយ មិនប្រើប្រាស់ខ្លួនឯង មិនឲ្យទាន យ៉ាងនោះឯង ឯអ្នកប្រាជ្ញ ជាអ្នកចេះដឹងនោះ បើបានភោគសម្បត្តិហើយ តែងប្រើប្រាស់ខ្លួនឯងខ្លះ ធ្វើកិច្ចឯទៀតៗខ្លះ អ្នកប្រាជ្ញនោះ ជាបុគ្គលប្រសើរ ចំណាយចិញ្ចឹមពួកញាតិខ្លះ ឥតមានគេតិះដៀល (លុះស្លាប់ទៅ) ក៏ទៅកាន់ស្ថានសួគ៌។

ទុតិយាបុត្តកសូត្រ ទី១០

(១០. ទុតិយអបុត្តកសុត្តំ)

[៣៩៤] គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ ទាំងថ្ងៃត្រង់ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ គង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា បពិត្រមហារាជ ចុះព្រះអង្គទើបនឹងស្តេចមកពីណា ទាំងថ្ងៃត្រង់។ ព្រះបាទបសេនទិកោសល ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតី ក្នុងក្រុងសាវត្ថីនេះ ធ្វើមរណកាលទៅហើយ ខ្ញុំព្រះអង្គមកនាំយកទ្រព្យសេដ្ឋីគ្មានកូននោះ ទៅកាន់ខាងក្នុងព្រះរាជវាំង បពិត្រព្រះអង្គដ៏ចំរើន គ្រាន់តែប្រាក់មានមួយរយសែនទៅហើយ នឹងបាច់ពោលទៅថ្វីដល់រូបិយៈ បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតីនោះ មានការបរិភោគភត្តបែបនេះ គឺគាត់បរិភោគបាយចុងអង្ករ មានជ្រក់ជាគម្រប់ពីរ មានការប្រើប្រាស់សំពត់បែបនេះ គឺគាត់ប្រើប្រាស់សំពត់សំបកធ្មៃប៉ះជា៣ផ្ទាំង មានការប្រើប្រាស់យានបែបនេះ គឺគាត់ជិះរថតូចកញ្ចាស់ បាំងឆត្រស្លឹកយ៉ាងតូច។

[៣៩៥] បពិត្រមហារាជ ពាក្យនេះយ៉ាងនេះហើយ បពិត្រមហារាជ ពាក្យនេះ យ៉ាងនេះហើយ បពិត្រមហារាជ កាលពីព្រេងនាយមក សេដ្ឋីគហបតីនោះ បានឲ្យគេប្រតិបត្តិព្រះតគរសិខីបច្ចេកសម្ពុទ្ធ ដោយបិណ្ឌបាតថា អ្នកទាំងឡាយ ចូរឲ្យនូវដុំបាយដល់សមណៈ ដូច្នេះ លុះពោលរួចហើយ ក៏ក្រោកអំពីអាសនៈ ចៀសចេញទៅ លុះសេដ្ឋីគហបតីនោះ ឲ្យរួចហើយ ជាអ្នកមានសេចក្តីក្តៅក្រហាយ ក្នុងពេលជាខាងក្រោយថា ទាសៈទាំងឡាយក្តី កម្មករទាំងឡាយក្តី គប្បីបរិភោគនូវបិណ្ឌបាតនេះប្រសើរជាង មិនតែប៉ុណ្ណោះ សេដ្ឋីគហបតីនោះ បានទាំងផ្តាច់ជីវិតកូនម្នាក់របស់បង ព្រោះហេតុនៃទ្រព្យ។ បពិត្រមហារាជ សេដ្ឋីគហបតីនោះ បានឲ្យគេប្រតិបត្តិព្រះតគរសិខីបច្ចេកសម្ពុទ្ធ ដោយបិណ្ឌបាតហើយ បានទៅកាន់សុគតិសួគ៌ទេវលោក អស់វារៈ៧ដង ដោយវិបាករបស់កម្មនោះឯង បានដំណែងជាសេដ្ឋី ក្នុងក្រុងសាវត្ថីនេះឯង អស់វារៈ៧ដង ដោយសេសសល់ផលកម្មនោះឯង។ បពិត្រមហារាជ លុះសេដ្ឋីគហបតីនោះឲ្យរួចហើយ ជាអ្នកមានសេចក្តីក្តៅក្រហាយ ក្នុងពេលជាខាងក្រោយថា ទាសៈទាំងឡាយក្តី កម្មករទាំងឡាយក្តី គប្បីបរិភោគនូវបិណ្ឌបាតនេះប្រសើរជាង ដោយវិបាកនៃកម្មនោះ បានជាសេដ្ឋីគហបតីនោះ មិនបង្អោនចិត្តទៅ ដើម្បីបរិភោគនូវភត្តឆ្ងាញ់ពិសា មិនបង្អោនចិត្តទៅ ដើម្បីប្រើប្រាស់សំពត់ល្អថ្លៃថ្លា មិនបង្អោនចិត្តទៅ ដើម្បីប្រើប្រាស់យានល្អ មិនបង្អោនចិត្តទៅ ដើម្បីបរិភោគបញ្ចកាមគុណដ៏ថ្លៃថ្លា។ បពិត្រមហារាជ សេដ្ឋីគហបតីនោះ ផ្តាច់ជីវិតកូនប្រុសម្នាក់ របស់បង ព្រោះហេតុនៃទ្រព្យ បានជាឆេះនៅក្នុងនរក អស់ឆ្នាំជាច្រើន អស់ពាន់នៃឆ្នាំជាច្រើន អស់សែននៃឆ្នាំជាច្រើន ដោយវិបាកនៃកម្មនោះ ជនទាំងឡាយ តែងទៅនាំយកទ្រព្យសេដ្ឋីគ្មានកូននេះ មកដាក់ព្រះឃ្លាំង អស់វារៈជាគម្រប់៧ដងនេះហើយ ដោយសេសសល់នៃផលកម្មនោះឯង អស់រយនៃឆ្នាំជាច្រើន។ បពិត្រមហារាជ បុណ្យចាស់របស់សេដ្ឋីគហបតីនោះ អស់រលីងទៅ ទាំងបុណ្យថ្មី គាត់ក៏មិនសន្សំឡើង។ បពិត្រមហារាជ ក៏ក្នុងថ្ងៃនេះ សេដ្ឋីគហបតីនោះ ឆេះក្នុងមហារោរុវនរក។ បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតី ចូលទៅកាន់មហារោរុវនរក មែនឬ។ បពិត្រមហារាជ សេដ្ឋីគហបតី ចូលទៅកាន់ មហារោរវនរក មែន។

[៣៩៦] ព្រះមានព្រះភាគ ទ្រង់បានត្រាស់នូវពាក្យនេះហើយ។បេ។

របស់ណាមួយ គឺស្រូវ ទ្រព្យ ប្រាក់ មាស ដែលខ្លួនហួងហែងក្តី ជនទាំងឡាយណា គឺទាសៈ កម្មករ អ្នកបម្រើ និងអ្នកស៊ីឈ្នួលនៃខ្លួននោះក្តី បុគ្គលមិនគប្បីកាន់យករបស់ទាំងអស់នោះទៅបានទេ ត្រូវតែលះបង់របស់ទាំងអស់នោះ ហើយទៅ លុះតែបុគ្គលធ្វើកម្មណា ដោយកាយ ដោយវាចា ឬដោយចិត្ត កម្មនោះឯង ជារបស់ខ្លួននៃបុគ្គលនោះ បុគ្គលតែងកាន់យកនូវកម្មនោះទៅ កម្មនោះ តែងទៅតាមនូវបុគ្គលនោះ ដូចជាស្រមោល អន្ទោលតាមប្រាណ ព្រោះហេតុនោះ សាធុជន គួរធ្វើកម្មជាកុសល ដែលប្រព្រឹត្តទៅក្នុងបរលោកឲ្យចម្រើន (ព្រោះថា) បុណ្យទាំងឡាយ តែងជាទីពឹងរបស់សត្វទាំងឡាយ ក្នុងបរលោក។

ចប់ ជដិលវគ្គ ទី២។

បញ្ជីរឿង នៃជដិលវគ្គទីពីរនោះ គឺ

ជដិលសូត្រ១ បញ្ចរាជសូត្រ១ ទោណបាកសូត្រ១ សង្គាមសូត្រ២ ដែលលោកពោលហើយ ធីតុសូត្រ១ អប្បមាទសូត្រ២ អបុត្តកសូត្រ២ ដែលលោកពោលហើយ ព្រោះហេតុនោះ បានជាលោកហៅថា វគ្គ។

 

លេខយោង

1)
រូបិយៈនោះ សំដៅយករបស់ដុំ ដូចមាស ប្រាក់ ទង់ដែង សំរិទ្ធិ ផាល និងដឹង ជាដើមខ្លះ សំដៅយករូបិយភណ្ឌ ដូចភាជនៈសម្រាប់ប្រើប្រាស់ជាដើមខ្លះ។ អដ្ឋកថា។
2)
សំពត់ធ្មៃ បីកន្សែង ដេរភ្ជាប់គ្នា៣អន្លើ។
km/tipitaka/sut/sn/03/sut.sn.03.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann