(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 04.025 បាលី cs-km: sut.sn.04.025 អដ្ឋកថា: sut.sn.04.025_att PTS: ?
មារធីតុសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥. មារធីតុសុត្តំ)
[៥០៩] គ្រានោះឯង ធីតារបស់មារ ឈ្មោះ នាងតណ្ហា ១ អរតី ១ រាគា ១ នាំគ្នាចូលទៅរកមារមានចិត្តបាប លុះចូលទៅដល់ ក៏ពោលនឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា
បពិត្របិតា ព្រះអង្គតូចចិត្តដោយហេតុអ្វី ព្រះអង្គសោកស្តាយបុរសណាហ្ន៎ យើងខ្ញុំម្ចាស់ នឹងចងបុរសនោះ ដោយអន្ទាក់ គឺរាគៈ ហើយនាំមក ដូចជាបុគ្គលចងដំរីព្រៃ បុរសនោះ នឹងលុះក្នុងអំណាចរបស់ព្រះអង្គ។
[៥១០] មារតបថា ព្រះសុគត ជាព្រះអរហន្តក្នុងលោក មិនងាយនឹងនាំមក ដោយរាគៈបានឡើយ លោកកន្លងនូវវដ្តៈ ជាទីតាំងនៃមាររួចហើយ ព្រោះហេតុនោះ ទើបអញសោកស្តាយក្រែលែង។
[៥១១] លំដាប់នោះ ធីតារបស់មារឈ្មោះ នាងតណ្ហា១ អរតី១ រាគា១ បាននាំគ្នាចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទាព្រះអង្គ។ គ្រានោះឯង ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុងព្រះហឫទ័យឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។
[៥១២] គ្រានោះឯង ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីដ៏សមគួរ ហើយក៏គិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់បុរសទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរពួកយើងនិម្មិតនូវវណ្ណៈ នៃនាងកុមារីមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ ទើបធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ នាំគ្នានិម្មិតនូវវណ្ណៈ នៃនាងកុមារីមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់ ហើយចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទារបស់ព្រះអង្គ។ ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុងព្រះហឫទ័យ នឹងពាក្យនោះឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។
[៥១៣] គ្រានោះឯង ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីសមគួរ ហើយគិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់បុរសទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរពួកយើងនិម្មិតនូវវណ្ណៈស្រីមិនទាន់សម្រាលមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ ទើបធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ និម្មិតនូវវណ្ណៈស្រីមិនទាន់សម្រាល មួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទាព្រះអង្គ។ ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុងព្រះហឫទ័យនឹងពាក្យនោះឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។
[៥១៤] លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីដ៏សមគួរ ទើបគិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់បុរសទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរតែពួកយើងនិម្មិតនូវវណ្ណៈស្រីមួយរយ ដែលទើបសម្រាលម្តង ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ គ្រានោះឯង នាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈស្រីមួយរយ ដែលទើបសម្រាលម្តង ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។
[៥១៥] លំដាប់នោះ នាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈ ស្រីមួយរយ ដែលសម្រាលអស់វារៈពីរដង ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។
[៥១៦] លំដាប់នោះឯង នាងតណ្ហា១។បេ។ ពួកយើងនិម្មិតនូវវណ្ណៈស្រីមួយរយ មានវ័យជាកណ្តាល។ គ្រានោះឯង នាងតណ្ហា១។បេ។ ក៏និម្មិតនូវវណ្ណៈស្រី មួយរយ មានវ័យជាកណ្តាល ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។
[៥១៧] លំដាប់នោះ នាងតណ្ហា១។បេ។ ពួកយើងនិម្មិតនូវវណ្ណៈស្រីចាស់ មួយរយ។ ទើបនាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈស្រីចាស់ មួយរយ ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។
[៥១៨] លំដាប់នោះ ធីតារបស់មារ ឈ្មោះ តណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីសមគួរ ហើយពោលដូច្នេះថា ឮថា បិតារបស់យើង បានពោលពិតមែនថា
ព្រះសុគត ជាព្រះអរហន្តក្នុងលោក មិនងាយនឹងនាំមក ដោយរាគៈបានឡើយ ព្រះអង្គកន្លងវដ្តៈ ជាទីតាំងនៃមាររួចហើយ ព្រោះហេតុនោះ ទើបអញសោកស្តាយក្រែលែង។
ព្រោះថាពួកយើង ព្យាយាម (ធ្វើ) សមណៈ ឬព្រាហ្មណ៍ណា ដែលមានរាគៈ មិនទាន់ទៅប្រាសនៅឡើយ ដោយសេចក្តីព្យាយាមនេះ ហឫទ័យ របស់សមណព្រាហ្មណ៍នោះ គប្បីបែក ឬឈាមដ៏ក្តៅ គប្បីខ្ពុរចេញអំពីមាត់ ឬដល់នូវសេចក្តីឆ្កួត ពុំនោះ រាយមាយចិត្ត ដូចយ៉ាងដើមបបុស មានពណ៌ខៀវ ដែលបុគ្គលដកចេញ តែងស្វិតស្រពោន ក្រៀមទៅយ៉ាងណា សមណព្រាហ្មណ៍នោះ គប្បីស្វិត ស្រពោនក្រៀមទៅ ដូច្នោះដែរ។ លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ បាននាំគ្នាចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរក្នុងទីដ៏សមគួរ។
[៥១៩] លុះមារធីតា ឈ្មោះនាងតណ្ហា ឈរនៅក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
ព្រះអង្គ មានសេចក្តីសោកគ្របសង្កត់ ទើបសញ្ជប់សញ្ជឹងនៅក្នុងព្រៃឬ ព្រះអង្គ កាលប្រាថ្នានូវទ្រព្យ ត្រូវចាញ់គេហើយឬ ឬក៏ព្រះអង្គ ធ្វើអំពើអាក្រក់ណាមួយ ក្នុងស្រុកទេដឹង ព្រោះហេតុអ្វី បានជាព្រះអង្គមិនធ្វើនូវមិត្តភាព ជាមួយនឹងពួកជន មិត្តភាពរបស់ព្រះអង្គ មិនសម្រេចដោយហេតុណាមួយឬ។
[៥២០] ព្រះអង្គត្រាស់ថា តថាគត តែម្នាក់ឯង បានឈ្នះនូវសេនា ដែលមានសភាពគួរស្រឡាញ់ គួរត្រេកអរ កំពុងចម្រើនឈាន ក៏បានចួបនូវសេចក្តីសុខ ក្នុងព្រះអរហត្ត ដែលជាចំណែកនៃប្រយោជន៍ ឬជាសេចក្តីស្ងប់នៃហឫទ័យ ព្រោះហេតុនោះ បានជាតថាគត មិនធ្វើមិត្តភាព ជាមួយនឹងពួកជន មិត្តភាពរបស់តថាគត មិនសម្រេច ដោយហេតុណាមួយឡើយ។
[៥២១] ទើបមារធីតាឈ្មោះ អរតី បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
ភិក្ខុក្នុងសាសនានេះ ជាអ្នកច្រើនដោយវិហារធម៌ ដូចម្តេច បានឆ្លងនូវអន្លង់ ប្រព្រឹត្តទៅក្នុងទ្វារទាំង៥ ហើយឆ្លងអន្លង់ ប្រព្រឹត្តទៅក្នុងមនោទ្វារមួយទៀត ជាគម្រប់៦ ក្នុងអត្តភាពនេះ កាមសញ្ញាទាំងឡាយ ជាខាងក្រៅ មិនបានប្រទះបុគ្គលមានឈានច្រើននោះ ដោយប្រការដូចម្តេច។
[៥២២] ព្រះអង្គត្រាស់ថា បុគ្គល មានកាយស្ងប់រម្ងាប់ មានចិត្តរួចស្រឡះ ដោយប្រពៃហើយ មិនបានតាក់តែង មានស្មារតី មិនមានទីអាល័យ បានដឹងច្បាស់នូវចតុសច្ចធម៌ មានចតុត្ថជ្ឈានប្រាសចាកវិតក្កៈ មិនកម្រើក (ព្រោះទោសៈ) មិនរឭក (ព្រោះរាគៈ) មិនងោកងក់ (ព្រោះមោហៈ) ភិក្ខុក្នុងសាសនានេះ ជាអ្នកច្រើនដោយវិហារធម៌ យ៉ាងនេះ ឆ្លងនូវអន្លង់ ប្រព្រឹត្តទៅក្នុងទ្វារទាំង៥ បានឆ្លងនូវអន្លង ប្រព្រឹត្តទៅក្នុងមនោទ្វារមួយទៀត ជាគម្រប់៦ ក្នុងអត្តភាពនេះ កាមសញ្ញាទាំងឡាយ ជាខាងក្រៅ មិនបានប្រទះបុគ្គល មានឈានច្រើននោះ យ៉ាងនេះឯង។
[៥២៣] គ្រានោះឯង មារធីតាឈ្មោះ រាគា បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
បុគ្គល ជាអ្នកប្រព្រឹត្តទៅក្នុងគណៈ និងសង្ឃ បានកាត់បង់នូវតណ្ហា មួយទៀត ពួកជនច្រើននាក់ មានសទ្ធា នឹងប្រព្រឹត្តដោយចំណែកមួយ ព្រះសាស្តានេះ មិនមានទីអាល័យ បានដណ្តើមយក នូវប្រជុំជនដ៏ច្រើន អំពីដៃនៃមច្ចុរាជ ហើយនាំទៅកាន់ត្រើយ គឺព្រះនិព្វាន។
[៥២៤] ព្រះតថាគតទាំងឡាយ មានព្យាយាមធំ តែងដឹកនាំសត្វ ដោយព្រះសទ្ធម្ម ច្រណែនអ្វីដល់ព្រះតថាគតទាំងឡាយ ដែលជាអ្នកប្រាជ្ញ អាចដឹកនាំសត្វដោយធម៌។
[៥២៥] លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ បាននាំគ្នាចូលទៅរកមារមានចិត្តបាប។ មារមានចិត្តបាប ក៏បានឃើញនូវមារធីតាឈ្មោះ នាងតណ្ហា១ អរតី១ រាគា១ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលដោយគាថាទាំងឡាយ ដូច្នេះថា
នាងទាំងឡាយជាពាល ញាំញីភ្នំ ដោយដើមកុមុទ ជីកភ្នំ ដោយក្រចក ទំពាដែក ដោយធ្មេញ ហាក់ដូចជាយកដុំថ្ម មកតំកល់លើក្បាល ហើយស្វែងរកទីពឹង ក្នុងបាតាល បៀតបៀនព្រះសមណគោតម ហាក់ដូចជាប្រហារនូវដង្គត់ត្រង់ទ្រូង (ខ្លួនឯង) ចូរនាងទាំងឡាយចេញទៅ។ នាងតណ្ហា អរតី រាគា ក៏នាំគ្នាដើរមក ដោយសេចក្តីរុងរឿង ព្រះសាស្តា បណ្តេញនូវនាងទាំងនោះ ពីទីនោះចេញ ដូចជាខ្យល់ ដែលបក់ផាត់នូវប៉ុយ ដែលធ្លាក់ចុះអំពីផ្លែ។
ចប់ សម្ពហុលវគ្គ ទី៣។
បញ្ជីរឿងនៃ សម្ពហុលវគ្គ នោះគឺ
សម្ពហុលសូត្រ១ សមិទ្ធិសូត្រ១ គោធិកសូត្រ១ សត្តវស្សសូត្រ១ ជាគម្រប់៥ នឹងមារធីតុសូត្រនេះ ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់សំដែងហើយ។
ចប់ មារសំយុត្ត។
ចប់ ភាគ២៩