km:tipitaka:sut:sn:04:sut.sn.04.v01



តបោកម្មវគ្គ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 04.v01 បាលី cs-km: sut.sn.04.v01 អដ្ឋកថា: sut.sn.04.v01_att PTS: ?

តបោកម្មវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. បឋមវគ្គោ)

តបោកម្មសូត្រ ទី១

(១. តបោកម្មសុត្តំ)

[៤២០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងត្រាស់ដឹងជាដំបូង គង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ ពួនសម្ងំ មានព្រះហឫទ័យត្រិះរិះកើតឡើង យ៉ាងនេះថា អាត្មាអញ រួចចាកទុក្ករកិរិយានោះហើយហ្ន៎ ឱហ្ន៎ អាត្មាអញ រួចចាកទុក្ករកិរិយា ដែលមិនប្រកបដោយប្រយោជន៍នោះ ល្អហើយ ឱហ្ន៎ អាត្មាអញ ជាអ្នកបានត្រាស់ដឹងនូវពោធិញ្ញាណ ប្រពៃហើយ។

[៤២១] លំដាប់នោះឯង មារមានចិត្តបាប បានដឹងសេចក្តីត្រិះរិះ ក្នុងព្រះហឫទ័យ របស់ព្រះមានព្រះភាគ ដោយចិត្តរបស់ខ្លួនហើយ ចូលទៅជិតព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា

ពួកមាណព ចេញចាកតបោកម្ម ហើយបរិសុទ្ធ ដោយផ្លូវណា ព្រះអង្គ ជាអ្នកមិនទាន់បរិសុទ្ធ ដើរវាងផ្លូវដ៏បរិសុទ្ធនោះ ហើយសំគាល់ខ្លួន ថាជាអ្នកបរិសុទ្ធ។

[៤២២] ព្រះមានព្រះភាគ ទ្រង់ជ្រាប់ច្បាស់ថា អ្នកនេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាប ដោយគាថាទាំងឡាយថា

តថាគត ដឹងនូវតបៈដទៃណាមួយ ដែលមិនប្រកបដោយប្រយោជន៍ថា តបៈទាំងអស់ មិនជាតបៈនាំមកនូវប្រយោជន៍ឡើយ ដូចបុគ្គលកាន់ច្រវា និងថ្នោល អុំដោលទូកលើគោក ដូច្នេះ ហើយចម្រើននូវសីលផង នូវសមាធិផង នូវបញ្ញាផង ដើម្បីត្រាស់ដឹងនូវមគ្គ ឥឡូវនេះ ក៏បានដល់នូវសេចក្តីបរិសុទ្ធិ ដ៏ប្រសើរហើយ ម្នាលមារ អ្នកឯង តថាគតបានកំចាត់ចេញហើយ។

គ្រានោះឯង មារមានចិត្តបាប ក៏កើតទុក្ខ ទោមនស្ស ដោយគិតថា ព្រះមានព្រះភាគ ស្គាល់ច្បាស់នូវអញ ព្រះសុគត ស្គាល់ច្បាស់នូវអញ ដូច្នេះហើយ ក៏ស្រាប់តែបាត់ចាកទីនោះទៅ។

នាគសូត្រ ទី២

(២. ហត្ថិរាជវណ្ណសុត្តំ)

[៤២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងបានត្រាស់ដឹងជាដំបូង គង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរនៃស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង។ ចួនជាភ្លៀង ក៏រលឹមស្រឹបៗ។

[៤២៤] លំដាប់នោះ មារមានចិត្តបាប មានប្រាថ្នា ដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើង ដល់ព្រះមានព្រះភាគ ក៏និម្មិតភេទជាស្តេចដំរីធំ ហើយចូលសំដៅទៅរកព្រះមានព្រះភាគ។ ក្បាលរបស់ដំរីនោះ មានទំហំប៉ុនថ្មខ្មៅដ៏ធំ។ ភ្លុករបស់វា ដូចប្រាក់សុទ្ធ។ ប្រមោយរបស់វា ដូចយាមនង្គ័លដ៏ធំ។

[៤២៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា នេះជាមារមានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាបនោះ ដោយគាថាដូច្នេះថា

អ្នកឯង កាលអន្ទោលទៅមក អស់កាលយូរអង្វែង បានតំណែងភេទល្អខ្លះ មិនល្អខ្លះ ម្នាលមារមានចិត្តបាប អ្នកឯង មិនគួរនឹងធ្វើដូច្នោះឡើយ ម្នាលមារ ទាំងអ្នកឯងសោត ក៏តថាគត បានកំចាត់ចោលស្រឡះហើយដែរ។

គ្រានោះឯង មារមានចិត្តបាប ក៏កើតទុក្ខ តូចចិត្ត ដោយគិតថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

សុភសូត្រ ទី៣

(៣. សុភសុត្តំ)

[៤២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងបានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ទៀបឆ្នេរនៃស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង។ ចួនជាភ្លៀង ក៏រលឹមស្រឹបៗ។

[៤២៧] គ្រានោះឯង មារមានចិត្តបាប ប្រាថ្នានឹងញុំាងភ័យ សេចក្តីតក់ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើង ដល់ព្រះមានព្រះភាគ ក៏ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏សំដែងនូវភេទដ៏ខ្ពស់ និងទាប ល្អខ្លះ មិនល្អខ្លះ ក្នុងទីជិតនៃព្រះមានព្រះភាគ។

[៤២៨] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា នេះជាមារមានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាបនោះ ដោយគាថាដូច្នេះថា

អ្នកឯង កាលអន្ទោលទៅមក អស់កាលយូរអង្វែង បានតំណែងភេទល្អខ្លះ មិនល្អខ្លះ ម្នាលមារ អ្នកឯង មិនគួរនឹងធ្វើដូច្នោះឡើយ ម្នាលមារ អ្នកឯង តថាគត បានកំចាត់ចោលស្រឡះហើយ (ព្រោះថា) បុគ្គលទាំងឡាយណា បានសម្រួមល្អ ដោយកាយ ដោយវាចា ដោយចិត្តហើយ ម្នាលមារ បុគ្គលនោះឯង មិនលុះក្នុងអំណាចអ្នកឯងឡើយ មិនមែនជាសិស្សគណ របស់អ្នកឯងជាមារឡើយ។

គ្រានោះ មារមានចិត្តបាប។បេ។ ក៏អន្តរធាន ចាកទីនោះទៅ។

បឋមបាសសូត្រ ទី៤

(៤. បឋមមារបាសសុត្តំ)

[៤២៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អរហត្តផលវិមុត្តិ ដ៏ប្រសើរ តថាគត បានសម្រេចហើយ អរហត្តផលវិមុត្តិ ដ៏ប្រសើរ តថាគត បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះការយកចិត្តទុកដាក់ ដោយឧបាយ ព្រោះសេចក្តីព្យាយាមដ៏ល្អដោយឧបាយ ម្នាលភិក្ខុទាំងឡាយ ទាំងចំណែកអ្នកទាំងឡាយ ក៏ចូរសម្រេចនូវអរហត្តផលវិមុត្តិដ៏ប្រសើរ ចូរធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផលវិមុត្តិដ៏ប្រសើរ ព្រោះការយកចិត្តទុកដាក់ ដោយឧបាយ ព្រោះសេចក្តីព្យាយាមដ៏ល្អ ដោយឧបាយ។

[៤៣០] គ្រានោះឯង មារមានចិត្តបាប បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ ដោយគាថាដូច្នេះថា

ព្រះអង្គ ជាប់ហើយដោយអន្ទាក់នៃមារ អន្ទាក់ទាំងឡាយណាៗ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ព្រះអង្គជាប់ហើយ ដោយអន្ទាក់ទាំងនោះ ព្រះអង្គជាប់ចំពាក់ហើយ ដោយចំណងនៃមារ បពិត្រព្រះសមណៈ ព្រះអង្គមិនរួច (ចាកវិស័យ) របស់ខ្ញុំឡើយ។

[៤៣១] ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា

តថាគត រួចហើយចាកអន្ទាក់នៃមារ អន្ទាក់ទាំងឡាយណាៗ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី តថាគត បានរួចស្រឡះហើយ ចាកអន្ទាក់ទាំងនោះ តថាគត រួចហើយចាក ចំណងរបស់មារ ម្នាលមារ ទាំងអ្នកឯងសោត ក៏តថាគត កំចាត់បានហើយដែរ។

គ្រានោះ មារមានចិត្តបាប។បេ។ ក៏អន្តរធានចាកទីនោះទៅ។

ទុតិយបាសសូត្រ ទី៥

(៥. ទុតិយមារបាសសុត្តំ)

[៤៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត រួចហើយចាកអន្ទាក់ទាំងអស់ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ ទាំងអ្នកទាំងឡាយសោត ក៏បានរួចចាកអន្ទាក់ទាំងអស់ដែរ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ តែអ្នកទាំងឡាយ កុំទៅពីរនាក់ តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ សម្តែងធម៌ មានលំអបទដើម លំអបទកណ្តាល លំអបទចុង បរិបូណ៌ដោយអត្ថ និងព្យញ្ជនៈ អ្នកទាំងឡាយ ចូរប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ សត្វទាំងឡាយ ដែលមានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែក គឺបញ្ញា សត្វទាំងនោះ នឹងសាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយ បម្រុងនឹងត្រាស់ដឹងធម៌ ក៏មានដែរ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ក៏នឹងចូលទៅឯសេនានិគម ក្នុងឧរុវេលាប្រទេស ដើម្បីសម្តែងធម៌ដែរ។

[៤៣៣] គ្រានោះឯង មារមានចិត្តបាប ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ព្រះអង្គជាប់ចំពាក់ហើយ ដោយអន្ទាក់ទាំងពួង ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី បពិត្រព្រះសមណៈ ព្រះអង្គជាបុគ្គលជាប់ចំពាក់ ដោយចំណងដ៏មាំ ព្រះអង្គមិនរួច (ចាកវិស័យ) របស់ខ្ញុំឡើយ។

[៤៣៤] ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា

តថាគត រួចចាកអន្ទាក់ទាំងអស់ហើយ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី តថាគត រួចស្រឡះ ចាកចំណងដ៏មាំហើយ នែមារ ទាំងអ្នកឯង ក៏តថាគត បានកំចាត់ហើយដែរ។

គ្រានោះឯង មារមានចិត្តបាប។បេ។ បាត់ចាកទីនោះទៅ។

សប្បសូត្រ ទី៦

(៦. សប្បសុត្តំ)

[៤៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង។ ចួនជាមានភ្លៀងរលឹមស្រឹបៗ។

[៤៣៦] លំដាប់នោះឯង មារមានចិត្តបាប មានប្រាថ្នានឹងញុំាងភ័យ សេចក្តីតក់ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើង ដល់ព្រះមានព្រះភាគ ទើបនិម្មិតភេទជាស្តេចពស់១ធំ ហើយលូនចូលទៅរកព្រះមានព្រះភាគ។ កាយរបស់ស្តេចពស់នោះ ប៉ុនទូកធំ១ ដែលធ្វើដោយដើមឈើទាំងមូល។ ពពាររបស់វា ប៉ុនកន្ទេលធំសម្រាប់ហាលម្សៅ របស់អ្នកធ្វើសុរា។ ភ្នែករបស់វា ប៉ុនភាជន៍សំរិទ្ធិ៍ធំសម្រាប់សោយ1) របស់ព្រះបាទបសេនទិកោសល។ អណ្តាតរបស់វា លៀនចេញអំពីមាត់មក ដូចផ្លេកបន្ទោរផ្សាយចេញក្នុងកាលមេឃគ្រហឹម។ សូរសន្ធឹកនៃខ្យល់ដង្ហើមចេញចូលរបស់វា ដូចសំឡេងនៃស្នប់របស់ជាងលោហៈ ដែលគេកំពុងសប់។

[៤៣៧] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ពស់នេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាបនោះ ដោយគាថាដូច្នេះថា

បុគ្គលណា គប់រកនូវសុញ្ញាគារស្ថាន ដើម្បីដេក បុគ្គលនោះ ឈ្មោះថា អ្នកប្រាជ្ញមានខ្លួនសង្រួមហើយ បុគ្គលនោះឈ្មោះថា ប្រព្រឹត្តលះបង់ (នូវសេចក្តីអាល័យ) ក្នុងអត្តភាពនោះ ព្រោះថា ការប្រព្រឹត្តិលះបង់ (នូវសេចក្តីអាល័យ) ក្នុងអត្តភាពនោះ របស់បុគ្គលមានសភាពដូច្នោះ ជាការសមគួរហើយ ពួកសត្វដែលសញ្ចរទៅមក (មានខ្លាធំ ជាដើម) ក៏មានច្រើន អារម្មណ៍ដែលគួរខ្លាច ក៏មានច្រើន ទាំងរបោម និងសត្វទីឃជាតិ ក៏មានច្រើន ព្រះមហាមុនី ដែលនៅក្នុងសុញ្ញាគារស្ថាន ក៏មិនព្រឺព្រួចរោម ព្រោះអារម្មណ៍ដែលគួរខ្លាចទាំងនោះឡើយ (កាលបើ) អាកាសគប្បីបែក ផែនដី គប្បីកម្រើក ពួកសត្វទាំងអស់ គប្បីតក់ស្លុតក្តី សត្វទាំងឡាយ ទ្រទ្រង់សរ ឰដ៏ទ្រូងក្តី ព្រះពុទ្ធទាំងឡាយ មិនធ្វើទីពឹងចំពោះខន្ធូបធិទាំងឡាយឡើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគស្គាល់អញ ព្រះសុគតស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ។

សុប្បតិសូត្រ ទី៧

(៧. សុបតិសុត្តំ)

[៤៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចង្ក្រមក្នុងទីវាលស្រឡះ ដល់យប់ជ្រៅ ទ្រង់លាងព្រះបាទទាំងគូ ក្នុងបច្ចូសសម័យនៃរាត្រី ហើយចូលទៅកាន់វិហារ សម្រេចនូវសីហសេយ្យា ផ្អៀងទៅខាងស្តាំ យកព្រះបាទតម្រួតព្រះបាទ ទ្រង់មានសតិសម្បជញ្ញៈ យកព្រះហឫទ័យទុកដាក់នូវឧដ្ឋានសញ្ញា។

[៤៣៩] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថាដូច្នេះថា

ព្រះអង្គផ្ទំលក់ដូចម្តេច ព្រោះហេតុដូចម្តេចហ្ន៎ បានជាព្រះអង្គផ្ទំលក់ ហេតុដូចម្តេច បានជាព្រះអង្គផ្ទំលក់ ដូចជាមនុស្សស្លាប់ ព្រះអង្គផ្ទំលក់ ដោយស្មានថា សុញ្ញាគារស្ថាន អាត្មាអញ (បានហើយ) ព្រះអាទិត្យ រះឡើងហើយ ហេតុដូចម្តេច បានជាព្រះអង្គនៅតែផ្ទំលក់។

[៤៤០] ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់តបថា

បុគ្គលណា មិនមានតណ្ហា ដូចជាបណ្តាញ ដែលជាប់ទៅក្នុងអារម្មណ៍ផ្សេងៗ ដើម្បីនាំទៅក្នុងភពណាមួយទេ បុគ្គលនោះឈ្មោះថា ជាព្រះពុទ្ធ តែងដេកលក់ ព្រោះការអស់ទៅនៃឧបធិទាំងពួង ម្នាលមារ ចុះមានប្រយោជន៍អ្វី ដល់អ្នកឯង ក្នុងដំណើរនោះ។

គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏អន្តរធានចាកទីនោះទៅ។

នន្ទនសូត្រ ទី៨

(៨. នន្ទតិសុត្តំ)

[៤៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។

[៤៤២] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលគាថានេះ ក្នុងទីជិតនៃព្រះមានព្រះភាគថា

អ្នកមានកូន តែងត្រេកអរនឹងកូន អ្នកមានគោ តែងត្រេកអរនឹងគោដូចគ្នា ឯឧបធិទាំងឡាយ ជាទីត្រេកអររបស់ជន បុគ្គលណា មិនមានឧបធិ បុគ្គលនោះ រមែងមិនត្រេកអរឡើយ។

[៤៤៣] ព្រះសម្ពុទ្ធត្រាស់តបថា

អ្នកមានកូន តែងក្រៀមក្រំចិត្តនឹងកូន អ្នកមានគោ តែងក្រៀមក្រំចិត្តនឹងគោដូចគ្នា ឧបធិ ជាទីក្រៀមក្រំចិត្តរបស់ជន បុគ្គលណា មិនមានឧបធិ បុគ្គលនោះ រមែងមិនក្រៀមក្រំចិត្តឡើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

បឋមអាយុសូត្រ ទី៩

(៩. បឋមអាយុសុត្តំ)

[៤៤៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អាយុ របស់មនុស្សទាំងឡាយនេះ តិចណាស់ សត្វដែលត្រូវទៅកាន់បរលោក គួរធ្វើកុសល គួរប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថាមិនស្លាប់ មិនមានទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលរស់នៅយ៉ាងយូរត្រឹមមួយរយឆ្នាំ ឬថយចុះមកក៏មាន លើសជាងបន្តិចក៏មាន។

[៤៤៥] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

អាយុរបស់មនុស្សទាំងឡាយ វែង សប្បុរស មិនគួរខ្ពើមឆ្អើមអាយុនោះឡើយ បុគ្គលគប្បីប្រព្រឹត្តខ្លួន ឲ្យដូចជាកូនក្មេងស្រវឹងទឹកដោះ (ព្រោះថា) ដំណើរមកនៃមច្ចុ មិនមានទេ។

[៤៤៦] ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា

អាយុរបស់មនុស្សទាំងឡាយ តិច សប្បុរស គួរខ្ពើមឆ្អើមអាយុនោះ បុគ្គលគួរខំប្រព្រឹត្ត (សុចរិត) ដូចបុគ្គល ដែលភ្លើងកំពុងឆេះក្បាល (ព្រោះ) ដំណើរមិនមក នៃសេចក្តីស្លាប់ មិនមានឡើយ។

គ្រានោះ មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។

ទុតិយអាយុសូត្រ ទី១០

(១០. ទុតិយអាយុសុត្តំ)

[៤៤៧] សម័យនោះ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងរាជគ្រឹះ។បេ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្សទាំងឡាយនេះ តិចពេក សត្វដែលត្រូវទៅកាន់បរលោក គួរធ្វើកុសល គួរប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថា មិនស្លាប់ មិនមានទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលរស់នៅយ៉ាងយូរ ត្រឹមមួយរយឆ្នាំ ឬថយតិចចុះក៏មាន លើសជាងបន្តិចទៅក៏មាន។

[៤៤៨] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

បើថ្ងៃនិងយប់ មិនកន្លងទៅ ជីវិតក៏មិនរួញថយចុះដែរ អាយុនៃសត្វទាំងឡាយ តែងប្រព្រឹត្តទៅតាម (ថ្ងៃនិងយប់) ដូចខ្នងកង់ ដែលវិលទៅតាមក្បាលក្រពើនៃរទេះ។

[៤៤៩] ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា

ថ្ងៃនិងយប់ តែងកន្លងទៅ ជីវិតតែងរួញថយចុះមក អាយុរបស់សត្វទាំងឡាយ ចេះតែអស់ទៅ ដូចទឹកស្ទឹងតូចទាំងឡាយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ។

ចប់ តបោកម្មវគ្គ ទី១។

បញ្ជីរឿងនៃតបោកម្មវគ្គនោះ គឺ

តបោកម្មសូត្រ១ នាគសូត្រ១ សុភសូត្រ១ បឋមបាសសូត្រ១ ទុតិយបាសសូត្រ១ សប្បសូត្រ១ សុប្បតិសូត្រ១ នន្ទនសូត្រ១ បឋមអាយុសូត្រ១ ទុតិយអាយុសូត្រ១។

 

លេខយោង

1)
ភាជន៍សម្រាប់សោយរបស់ព្រះបាទបសេនទិកោសលនេះ ទំហំប៉ុនកង់រាជរថ។
km/tipitaka/sut/sn/04/sut.sn.04.v01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann