km:tipitaka:sut:sn:04:sut.sn.04.v02



បាសាណវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 04.v02 បាលី cs-km: sut.sn.04.v02 អដ្ឋកថា: sut.sn.04.v02_att PTS: ?

បាសាណវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ទុតិយវគ្គោ)

បាសាណសូត្រ ទី១

(១. បាសាណសុត្តំ)

[៤៥០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង។ ចួនជាមានភ្លៀងរលឹមស្រឹបៗ។

[៤៥១] គ្រានោះឯង មារមានចិត្តបាប ប្រាថ្នានឹងញុំាងភ័យ សេចក្តីតក់ស្លុត សេចក្តីព្រួចព្រឺរោម ឲ្យកើតឡើង ដល់ព្រះមានព្រះភាគ ហើយចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ប្រមៀលថ្មធំៗ ក្នុងទីជិតនៃព្រះមានព្រះភាគ។

[៤៥២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះជាមារមានចិត្តបាប ដូច្នេះ ទើបត្រាស់នឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

បើទុកជាអ្នកឯង ប្រមៀលភ្នំគិជ្ឈកូដអស់ទាំងមូល ក៏ព្រះពុទ្ធទាំងឡាយ ដែលមានចិត្តផុតស្រឡះ ដោយប្រពៃហើយ មិនបានញាប់ញ័រទេ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

សីហសូត្រ ទី២

(២. កិន្នុសីហសុត្តំ)

[៤៥៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មានបរិស័ទជាច្រើន គាល់ត្រៀបត្រា កំពុងសម្តែងធម៌។ វេលានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង មានបរិស័ទជាច្រើន គាល់ត្រៀបត្រា កំពុងសម្តែងធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅជិតព្រះសមណគោតមនោះ ដើម្បីនឹងធ្វើបញ្ញាចក្ខុឲ្យវិនាស។

[៤៥៤] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ម្តេចក៏ព្រះអង្គ ក្លៀវក្លាក្នុងបរិស័ទម្ល៉េះ បន្លឺដូចជាសីហៈ មានអ្នកចំបាប់តនឹងព្រះអង្គដែរឬ បានជាព្រះអង្គ សំគាល់ថាមានជ័យជំនះ។

[៤៥៥] ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា

អ្នកមានព្យាយាមធំ ក្លៀវក្លាក្នុងពួកបរិស័ទ រមែងបន្លឺឡើង យ៉ាងហ្នឹងឯង ព្រះតថាគតទាំងឡាយ ជាអ្នកបរិបូណ៌ដោយកម្លាំង ទ្រង់បានឆ្លងនូវតណ្ហា ដែលជាប់ចំពាក់ក្នុងលោកហើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ។

សកលិកសូត្រ ទី៣

(៣. សកលិកសុត្តំ)

[៤៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងឱទ្យានឈ្មោះ មទ្ទកុច្ឆិ1) ជាទីឲ្យអភ័យដល់សត្វម្រឹគ ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះបាទរបស់ព្រះមានព្រះភាគ ជាំដាំដោយបំណែកថ្ម។ បានឮថា ព្រះមានព្រះភាគ មានវេទនាច្រើន ប្រជុំក្នុងព្រះសរីរៈ ជាទុក្ខ ក្លៀវក្លា រឹង ខ្លោចផ្សា មិនត្រជាក់ មិនជាទីគាប់ចិត្ត។ បានឮថា ព្រះមានព្រះភាគ ទ្រង់មានព្រះសតិសម្បជញ្ញៈ មិនត្អូញត្អែរ ទ្រង់អត់ទ្រាំ នូវវេទនាទាំងនោះ។ ទើបព្រះមានព្រះភាគ ទ្រង់ក្រាលសង្ឃាដី៤ជាន់ សម្រេចសីហសេយ្យា ផ្អៀងទៅខាងស្តាំ យកព្រះបាទតម្រួតព្រះបាទ មានព្រះសតិសម្បជញ្ញៈ។

[៤៥៧] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថាថា

ព្រះអង្គ ទ្រង់ផ្ទំដោយសេចក្តីវង្វេងជ្រប់ឬ ឬក៏ផ្ទំដូចជាបុគ្គលដែលស្រវឹង ដោយការធ្វើកាព្យឃ្លោង ប្រយោជន៍របស់ព្រះអង្គ មិនមានច្រើនទេឬ ព្រោះហេតុអ្វី ព្រះអង្គជាបុគ្គលម្នាក់ឯង មានព្រះភក្ត្រឆ្ពោះទៅកាន់ការលក់ ទ្រង់ផ្ទំលក់លើអាសនៈសម្រាប់ផ្ទំដ៏ស្ងាត់យ៉ាងនេះ។

[៤៥៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា

តថាគត មិនមែនសិង ដោយសេចក្តីវង្វេងជ្រប់ទេ មិនមែនសិងដូចជាបុគ្គលដែលស្រវឹង ដោយការធ្វើកាព្យឃ្លោងទេ តថាគត បានសម្រេចប្រយោជន៍ ប្រាសចាកសេចក្តីសោកហើយ តថាគត តែម្នាក់ឯង ជាអ្នកអនុគ្រោះ ដល់សត្វទាំងអស់ សិងលើអាសនៈសម្រាប់សិងដ៏ស្ងាត់ ឯពួកជនណា ដែលមានសរ មុតត្រង់ទ្រូង (សរនោះ) រមែងជ្រួតជ្រាបទៅកាន់ហឫទ័យភ្លាមៗ ជនទាំងនោះឯង ឈ្មោះថា ប្រកបដោយសរ រមែងបាននូវការដេកលក់ ក្នុងលោកនេះ តថាគត ជាអ្នកប្រាសចាកសរ លែងដេកលក់ហើយ កាលតថាគត ភ្ញាក់ ក៏លែងរង្កៀស ទាំងលែងខ្លាចនឹងការដេកលក់ ព្រោះហេតុអ្វី (ព្រោះថា) ថ្ងៃនិងយប់ មិនបានដុតកំដៅ នូវតថាគតឡើយ (ឈ្មោះថាការងារមួយ ដែលមិនទាន់សម្រេច) របស់តថាគត មិនមានឡើយ តថាគត មិនបានឃើញសេចក្តីសាបសូន្យណាមួយ ក្នុងលោកឡើយ ព្រោះហេតុនោះ តថាគត ឈ្មោះថា មានសេចក្តីអនុគ្រោះ ចំពោះសត្វទាំងអស់ ទើបផ្ទំលក់។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

បដិរូបសូត្រ ទី៤

(៤. បតិរូបសុត្តំ)

[៤៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងព្រាហ្មណគ្រាម ឈ្មោះ ឯកសាលា នាដែនកោសល។ សម័យនោះឯង ព្រះមានព្រះភាគ មានគិហិបរិស័ទជាច្រើន គាល់ត្រៀបត្រា ហើយទ្រង់សំដែងធម៌។ វេលានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង មានគិហិបរិស័ទជាច្រើន គាល់ត្រៀបត្រា សំដែងធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះសមណគោតម ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស។

[៤៦០] លំដាប់នោះឯង មារមានចិត្តបាប ក៏ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ បានពោលនឹងព្រះមានព្រះភាគ ដោយគាថាដូច្នេះថា

ព្រះអង្គទ្រង់ប្រៀនប្រដៅនូវបុគ្គលដទៃ ដោយពាក្យណា ពាក្យនុ៎ះ មិនសមគួរដល់ព្រះអង្គទេ ព្រះអង្គប្រព្រឹត្តនូវធម្មកថានោះ កុំជាប់ចំពាក់ចិត្ត ក្នុងអំណរ និងកំហឹងឡើយ។

[៤៦១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

ព្រះសម្ពុទ្ធ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ តែងប្រៀនប្រដៅនូវបុគ្គលដទៃ ព្រះតថាគត ទ្រង់ផុតស្រឡះ ចាកអំណរ និងកំហឹងហើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

មានសសូត្រ ទី៥

(៥. មានសសុត្តំ)

[៤៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។

[៤៦៣] លំដាប់នោះឯង មារមានចិត្តបាប ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

អន្ទាក់ គឺរាគៈណា ដែលត្រាច់ទៅលើអាកាស តែងតែប្រព្រឹត្តទៅក្នុងចិត្ត ខ្ញុំនឹងបៀតបៀនព្រះអង្គ ដោយអន្ទាក់នោះ បពិត្រព្រះសមណៈ ព្រះអង្គមិនរួច (ចាកវិស័យ) របស់ខ្ញុំឡើយ។

[៤៦៤] ព្រះសម្ពុទ្ធទ្រង់ត្រាស់តបថា

រូប សំឡេង ក្លិន រស ផ្សព្វ ដែលជាទីត្រេកអរ របស់ចិត្ត តថាគត បានប្រាសចាកសេចក្តីពេញចិត្ត ចំពោះអារម្មណ៍ទាំងនោះហើយ ម្នាលមារ អ្នកឯង ក៏តថាគតបានកំចាត់ចេញហើយ។

លំដាប់នោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

បត្តសូត្រ ទី៦

(៦. បត្តសុត្តំ)

[៤៦៥] ក្នុងវត្តទៀបក្រុងសាវត្ថី…។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់លើកយកឧបាទានក្ខន្ធ ទាំង៥ប្រការ មកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងត្រចៀកប្រុងចាំស្តាប់ធម៌។ លំដាប់នោះឯង មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង លើកយកឧបាទានក្ខន្ធ ទាំង៥ប្រការ មកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងត្រចៀកប្រុងចាំស្តាប់ធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះសមណគោតម ដើម្បីនឹងធ្វើបញ្ញាចក្ខុ ឲ្យវិនាសចេញ។ ក៏សម័យនោះឯង ចួនជាមានបាត្រច្រើន ដែលដាក់ទុកក្នុងទីវាលស្រឡះ។

[៤៦៦] គ្រានោះ មារមានចិត្តបាប បាននិម្មិតខ្លួនឲ្យមានភេទដូចជាគោហើយ ដើរសំដៅទៅត្រង់បាត្រទាំងនោះ។ គ្រានោះឯង ភិក្ខុ១រូប បានស្រែកប្រាប់ទៅភិក្ខុ១រូបថា ហ៏ភិក្ខុ ភិក្ខុ គោនុ៎ះ បំបែកបាត្រហើយ។ កាលបើភិក្ខុនោះ ពោលដូច្នោះហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់នឹងភិក្ខុនោះ ដូច្នេះថា នែភិក្ខុ នុ៎ះមិនមែនជាគោទេ នុ៎ះឯង គឺមារមានចិត្តបាប មកដើម្បីធ្វើបញ្ញាចក្ខុ របស់អ្នកទាំងឡាយ ឲ្យវិនាសទេតើ។

[៤៦៧] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះជាមារមានចិត្តបាប ដូច្នេះហើយ ទើបត្រាស់នឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

ខន្ធបញ្ចកៈណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ បុគ្គលនឿយណាយ ក្នុងខន្ធបញ្ចកៈនោះ យ៉ាងនេះថា នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជារបស់អញ សូម្បីមារ និងសេនានៃមារ កាលស្វែងរកក្នុងឋានទាំងពួង ក៏មិនបានឃើញនូវអត្តភាពក្សេមក្សាន្ត ប្រាសចាកតម្រេក កន្លងបង់នូវសំយោជនៈទាំងពួង យ៉ាងនេះឡើយ។

គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។

អាយតនសូត្រ ទី៧

(៧. ឆផស្សាយតនសុត្តំ)

[៤៦៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់លើកយកផស្សាយតនៈ ទាំង៦ប្រការ មកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា។ ឯភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងសោតប្រសាទ ប្រុងស្តាប់ធម៌។ គ្រានោះឯង មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង បានលើកយកផស្សាយតនៈ ទាំង៦ប្រការ មកពន្យល់ពួកភិក្ខុ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងសោតប្រសាទ ប្រុងស្តាប់ធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះសមណគោតម ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស។

[៤៦៩] គ្រានោះឯង មារមានចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសំឡេងយ៉ាងខ្លាំង ដែលគួរខ្លាច ស្ញប់ស្ញែង ក្នុងទីជិតព្រះមានព្រះភាគថា ហ៏ញ័រផែនដីហើយ។ គ្រានោះឯង ភិក្ខុមួយរូប បានស្រែកប្រាប់ភិក្ខុមួយរូប យ៉ាងនេះថា នែភិក្ខុ ភិក្ខុ ផែនដីនេះហាក់ដូចជាញ័រ។ កាលភិក្ខុនោះ ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលភិក្ខុ ផែនដីនេះមិនមែនញ័រទេ នុ៎ះជាមារមានចិត្តបាប មកដើម្បីធ្វើបញ្ញាចក្ខុ របស់អ្នកទាំងឡាយ ឲ្យវិនាសទេតើ។

[៤៧០] លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបត្រាស់នឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

រូប សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ទាំងអស់ របស់ទាំងនុ៎ះ ជាអាមិសៈក្នុងលោកដ៏ពន្លឹក សត្វលោក តែងជ្រប់ចុះក្នុងអារម្មណ៍ទាំងនុ៎ះ សាវ័កដែលមានស្មារតី របស់ព្រះពុទ្ធ បានឆ្លងផុតនូវអារម្មណ៍នុ៎ះផង បានកន្លងបង់នូវវដ្តៈ ជាទីនៅរបស់មារផង ហើយរុងរឿងដូចជាព្រះអាទិត្យ។

គ្រានោះឯង មារ។បេ។ ក៏បាត់ចាកទីនោះទៅ។

បិណ្ឌសូត្រ ទី៨

(៨. បិណ្ឌសុត្តំ)

[៤៧១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា នាដែនមគធៈ។ សម័យនោះឯង ក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា មានវត្ថុសម្រាប់ទទួលភ្ញៀវ របស់កូនក្មេងទាំងឡាយ។ គ្រានោះ ក្នុងបុព្វណ្ហសម័យ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅបិណ្ឌបាត ក្នុងស្រុកព្រាហ្មណ៍ ឈ្មោះបញ្ចសាលា។ សម័យនោះឯង មារមានចិត្តបាប ចូលជ្រែកពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកបញ្ចសាលា ដោយគិតថា កុំឲ្យព្រះសមណគោតម បានចង្ហាន់។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចូលទៅបិណ្ឌបាត ក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា ដោយបាត្រ ដែលលាងហើយយ៉ាងណា ទ្រង់ត្រឡប់មកវិញ ដោយបាត្រ ដែលលាងហើយ យ៉ាងនោះដដែល។

[៤៧២] គ្រានោះឯង មារមានចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏សួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រសមណៈ ចុះព្រះអង្គបានចង្ហាន់ដែរឬ។ ព្រះអង្គត្រាស់តបថា ម្នាលមារ ក្រែងអ្នកឯង ធ្វើតថាគតមិនឲ្យបានចង្ហាន់ឬ។ មារតបថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ សូមព្រះមានព្រះភាគ ចូលទៅបិណ្ឌបាត ក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា ជាលើកទីពីរទៀតចុះ ខ្ញុំព្រះអង្គ នឹងធ្វើឲ្យព្រះមានព្រះភាគ បានចង្ហាន់វិញ។

[៤៧៣] ព្រះមានព្រះភាគ ត្រាស់តបថា

មារបៀតបៀននូវតថាគតនោះ រមែងបាននូវបាប ម្នាលមារមានចិត្តបាប អ្នកសំគាល់ថា បាបមិនឲ្យផល ដល់ខ្លួនអញទេឬ យើងដែលឥតមានកង្វល់ ឈ្មោះថា រស់នៅដោយសេចក្តីសុខល្អណាស់ ពួកយើង ជាអ្នកមានបីតិជាអាហារ ដូចពួកទេវតានៅឋានអាភស្សរៈ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

កស្សកសូត្រ ទី៩

(៩. កស្សកសុត្តំ)

[៤៧៤] សាវត្ថីនិទាន។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា ដែលប្រកបព្រម ដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង មានសោតប្រសាទផ្ទៀងប្រុងស្តាប់ធម៌។ គ្រានោះឯង មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង ពន្យល់ភិក្ខុទាំងឡាយ ដោយធម្មីកថា ដែលប្រកបដោយព្រះនិព្វាន។បេ។ បើដូច្នោះ គួរអញចូលទៅរកព្រះសមណគោតមនោះ ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស។

[៤៧៥] គ្រានោះឯង មារមានចិត្តបាប និម្មិតខ្លួនឲ្យមានភេទដូចជាអ្នកភ្ជួររាស់ លីនង្គ័លយ៉ាងធំ កាន់ដងជន្លួញយ៉ាងវែង មានសក់កន្ទ្រើង ស្លៀកសំពត់ធ្មៃ មានជើងប្រឡាក់ភក់ ដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ ព្រះអង្គបានឃើញគោផងទេ។ ព្រះអង្គត្រាស់តបថា ចុះអ្នកឯងត្រូវការអ្វីដោយគោ។ មារសួរថា បពិត្រសមណៈ ភ្នែករបស់ខ្ញុំ រូបរបស់ខ្ញុំ ចក្ខុសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់ខ្ញុំ បពិត្រសមណៈ ព្រះអង្គទៅក្នុងទីណា ទើបរួចចាកវិស័យរបស់ខ្ញុំ បពិត្រសមណៈ ត្រចៀករបស់ខ្ញុំ សំឡេងរបស់ខ្ញុំ។បេ។ បពិត្រសមណៈ ច្រមុះរបស់ខ្ញុំ ក្លិនរបស់ខ្ញុំ។បេ។ បពិត្រសមណៈ អណ្តាតរបស់ខ្ញុំ រសរបស់ខ្ញុំ។បេ។ បពិត្រសមណៈ កាយរបស់ខ្ញុំ ផោដ្ឋព្វៈរបស់ខ្ញុំ។បេ។ បពិត្រសមណៈ ចិត្តរបស់ខ្ញុំ ធម្មារម្មណ៍របស់ខ្ញុំ មនោសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់ខ្ញុំ បពិត្រសមណៈ ព្រះអង្គទៅក្នុងទីណា ទើបរួចចាកវិស័យរបស់ខ្ញុំ។

[៤៧៦] ព្រះអង្គត្រាស់ថា

ម្នាលមារ ភ្នែករបស់អ្នក រូបរបស់អ្នក ចក្ខុសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់អ្នកពិតមែន ម្នាលមារ តែថា ចក្ខុមិនមាន រូបមិនមាន ចក្ខុសម្ផ័ស្ស និងវិញ្ញាណាយតនៈមិនមានក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែនជាគតិរបស់អ្នកឯងឡើយ ម្នាលមារ ត្រចៀករបស់អ្នក សំឡេងរបស់អ្នក សោតសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន ម្នាលមារ តែថា ត្រចៀកមិនមាន សំឡេងមិនមាន សោតសម្ផ័ស្ស និងវិញ្ញាណាយតនៈមិនមានក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែនជាគតិរបស់អ្នកឯងឡើយ ម្នាលមារ ច្រមុះរបស់អ្នក ក្លិនរបស់អ្នក ឃានសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់អ្នកពិតមែន ម្នាលមារ តែថា ច្រមុះមិនមាន ក្លិនមិនមាន ឃានសម្ផ័ស្ស និងវិញ្ញាណាយតនៈមិនមាន ក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែនជាគតិ របស់អ្នកឯងឡើយ ម្នាលមារ អណ្តាតរបស់អ្នក រសរបស់អ្នក ជិវ្ហាសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន។បេ។ ម្នាលមារ កាយរបស់អ្នក ផ្សព្វរបស់អ្នក កាយសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន។បេ។ ម្នាលមារ ចិត្តរបស់អ្នក ធម្មារម្មណ៍របស់អ្នក មនោសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន ម្នាលមារ តែថា ចិត្តមិនមាន ធម្មារម្មណ៍មិនមាន មនោសម្ផ័ស្ស និងវិញ្ញាណាយតនៈ មិនមានក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែនជាគតិ របស់អ្នកទេ។

[៤៧៧] មារពោលតបថា

ជនទាំងឡាយណា តែងពោលនូវរបស់ណាថា នេះរបស់អញ ដូច្នេះក្តី ពោលថា អញដូច្នេះក្តី បើព្រះទ័យរបស់ព្រះអង្គ មានក្នុងរបស់នុ៎ះ នៃជនទាំងនោះដែរ បពិត្រសមណៈ ព្រះអង្គមិនរួចចាកវិស័យ របស់ខ្ញុំឡើយ។

[៤៧៨] ព្រះសម្ពុទ្ធត្រាស់ថា

ពួកជនពោលដៅយករបស់ណា របស់នោះមិនមាន ដល់តថាគតទេ ពួកជនណាពោលថា (អញដូច្នេះ) ពួកជននោះ មិនដូចតថាគតទេ ម្នាលមារ អ្នកឯង ចូរដឹងយ៉ាងនេះចុះ អ្នកឯងមិនឃើញផ្លូវតថាគតទេ។

គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។

រជ្ជសូត្រ ទី១០

(១០. រជ្ជសុត្តំ)

[៤៧៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងខ្ទមក្នុងព្រៃ នាហិមវន្តប្បទេស ក្នុងដែនកោសល។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ ពួនសម្ងំនៅ (ក្នុងផលសមាបត្តិ) មានព្រះទ័យត្រិះរិះ កើតឡើងយ៉ាងនេះថា កាលបើតថាគត មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ អាចនឹងសោយរាជ្យដោយធម៌បានឬហ្ន៎។

[៤៨០] គ្រានោះឯង មារមានចិត្តបាប ដឹងនូវបរិវិតក្កៈ ក្នុងព្រះទ័យរបស់ព្រះមានព្រះភាគ ដោយចិត្តរបស់ខ្លួនហើយ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ សូមសោយរាជ្យដោយធម៌ចុះ សូមព្រះសុគត សោយរាជ្យដោយធម៌ចុះ។ ព្រះអង្គត្រាស់ថា ម្នាលមារ ចុះអ្នកឯង ឃើញហេតុដូចម្តេច របស់តថាគត បានជាអ្នកឯងពោលនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញគេ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ សូមសោយរាជ្យដោយធម៌ចុះ សូមព្រះសុគត សោយរាជ្យដោយធម៌ចុះ។ មារទូលតបថា

បពិត្រព្រះអង្គដ៏ចំរើន ព្រោះ ឥទ្ធិបាទ ៤ប្រការ ព្រះមានព្រះភាគ បានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីតាំងហើយ បានឲ្យឋិតនៅរឿយៗហើយ បានសន្សំហើយ បានប្រារព្ធដោយប្រពៃហើយ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើព្រះមានព្រះភាគ ប៉ុនប៉ងនឹងអធិដ្ឋានស្តេចភ្នំឈ្មោះ ហិមវន្ត ឲ្យទៅជាមាស ភ្នំនោះ ក៏ក្លាយទៅជាភ្នំមាសបាន។

[៤៨១] ព្រះអង្គត្រាស់ថា

ភ្នំមាសសុទ្ធ មានសម្បុរល្អ ទោះបីភ្នំពីរ ក៏មិនល្មមគ្រាន់ដល់បុគ្គលម្នាក់ឡើយ បុគ្គលដឹងដូច្នេះ គួរប្រព្រឹត្តស្មើ សត្វណា បានឃើញសេចក្តីទុក្ខ ដែលមានកាមជាហេតុ សត្វនោះ នឹងបង្អោនចិត្តទៅរកកាម ដូចម្តេចកើត លុះសត្វបានដឹងច្បាស់ នូវឧបធិ ក្នុងលោកថា ជាគ្រឿងចំពាក់ដូច្នេះហើយ គួរសិក្សាដើម្បីកំចាត់បង់ នូវឧបធិនោះចេញ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

ចប់ បាសាណវគ្គ ទី២។

បញ្ជីរឿងនៃបាសាណវគ្គនោះ គឺ

បាសាណសូត្រ១ សីហសូត្រ១ សកលិកសូត្រ១ បដិរូបសូត្រ១ មានសសូត្រ១ បត្តសូត្រ១ អាយតនសូត្រ១ បិណ្ឌសូត្រ១ កស្សកសូត្រ១ រជ្ជសូត្រ១ រួមត្រូវជា១០សូត្រ។

 

លេខយោង

1)
កាលដែលព្រះបាទអជាតសត្តុរាជ ស្ថិតនៅក្នុងផ្ទៃព្រះមាតា។ ទ្រង់ជ្រាបថា ព្រះរាជឱរសនេះ ជាសត្រូវនឹងព្រះបិតារបស់ខ្លួន នឹងសម្លាប់ព្រះបិតាមិនខាន ហើយក៏ឲ្យគេច្របាច់ផ្ទៃ បំណងនឹងរំលូតព្រះរាជឱរសនោះ ក្នុងឱទ្យាននេះឯង បានជាហៅថា មទ្ទកុច្ឆិឱទ្យាន ប្រែថា សួនច្របាច់ផ្ទៃ។ អដ្ឋកថា។
km/tipitaka/sut/sn/04/sut.sn.04.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann