km:tipitaka:sut:sn:04:sut.sn.04.v03



សម្ពហុលវគ្គ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 04.v03 បាលី cs-km: sut.sn.04.v03 អដ្ឋកថា: sut.sn.04.v03_att PTS: ?

សម្ពហុលវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. តតិយវគ្គោ)

សម្ពហុលសូត្រ ទី១

(១. សម្ពហុលសុត្តំ)

[៤៨២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុកសិលាវតី ក្នុងដែនសក្កៈ។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅហើយ នៅក្នុងទីជិតនៃព្រះមានព្រះភាគ។

[៤៨៣] គ្រានោះឯង មារមានចិត្តបាប និម្មិតភេទជាព្រាហ្មណ៍ មានផ្នួងសក់ធំ ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក ជាមនុស្សចាស់គ្រាំគ្រា មានកាយកោង ដូចបង្កង់ផ្ទះ ដកដង្ហើមចូលឮសូរឃរូកៗ កាន់ឈើច្រត់ដើមល្វា ចូលទៅរកពួកភិក្ខុ លុះចូលទៅដល់ និយាយនឹងពួកភិក្ខុនោះ ដូច្នេះថា លោកដ៏ចម្រើនទាំងឡាយ ជាអ្នកបួស នៅក្មេងកម្លោះ មានសក់ខ្មៅស្រិល ប្រកបដោយវ័យល្អ គឺបឋមវ័យ មិនទាន់ដែលលេងកាមទាំងឡាយទេ ចូរលោកដ៏ចម្រើនទាំងឡាយ បរិភោគកាម ជារបស់មនុស្សសិន ចូរលោកទាំងឡាយ កុំលះបង់សន្ទិដ្ឋិកកាម1) ហើយស្ទុះទៅរកកាលិកកាម2) ឡើយ។ ពួកភិក្ខុតបវិញថា ម្នាលព្រាហ្មណ៍ ពួកយើងមិនមែនលះបង់សន្ទិដ្ឋិកកាម ស្ទុះទៅរកកាលិកកាមទេ ម្នាលព្រាហ្មណ៍ ពួកយើងលះបង់កាលិកកាម ស្ទុះទៅរកសន្ទិដ្ឋិកលោកុត្តរធម៌ទេតើ ម្នាលព្រាហ្មណ៍ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ មានច្រើនក្រៃលែង ធម៌នេះ ជាធម៌ដែលត្រូវឃើញច្បាស់ខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងបានចំពោះខ្លួនឯង។ កាលពួកភិក្ខុ ពោលយ៉ាងនេះ មារមានចិត្តបាប ក៏ងក់ក្បាល លៀនអណ្តាត ធ្វើថ្ងាសឲ្យមានផ្នត់៣ជាន់ ហើយច្រត់ឈើច្រត់ ដើរចៀសចេញទៅ។

[៤៨៤] ទើបភិក្ខុទាំងនោះ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានជោគ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានជោគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ជាអ្នកមិនប្រមាទ ព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីជិតព្រះអង្គឯណោះ បពិត្រព្រះអង្គដ៏ចំរើន ស្រាប់តែមានព្រាហ្មណ៍ម្នាក់ មានផ្នួងសក់ធំ ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក ជាមនុស្សចាស់ជរា មានកាយកោង ដូចបង្កង់ផ្ទះ ដកដង្ហើមឮឃរូកៗ កាន់ឈើច្រត់ដើមល្វា ចូលទៅរកពួកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ បាននិយាយនឹងពួកខ្ញុំព្រះអង្គ យ៉ាងនេះថា លោកទាំងឡាយដ៏ចម្រើន ជាអ្នកបួស នៅក្មេងកម្លោះ មានសក់ខ្មៅស្រិល ប្រកបដោយវ័យល្អ គឺបឋមវ័យ មិនទាន់ដែលលេងក្នុងកាមទាំងឡាយ ចូរលោកដ៏ចម្រើនទាំងឡាយ បរិភោគកាម ជារបស់មនុស្សសិន កុំលះបង់សន្ទិដ្ឋិកកាម ស្ទុះទៅរកកាលិកកាមឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រាហ្មណ៍នោះ ពោលយ៉ាងនេះ ពួកខ្ញុំព្រះអង្គ ក៏បានតបនឹងព្រាហ្មណ៍នោះ ដូច្នេះថា ម្នាលព្រាហ្មណ៍ យើងមិនមែនលះបង់សន្ទិដ្ឋិកកាម ស្ទុះទៅរកកាលិកកាមទេ ម្នាលព្រាហ្មណ៍ ពួកយើងលះបង់កាលិកកាម ស្ទុះទៅរកសន្ទិដ្ឋិកលោកុត្តរធម៌ទេតើ ម្នាលព្រាហ្មណ៍ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ មានច្រើនក្រៃលែង ធម៌នេះ ជាធម៌ដែលត្រូវឃើញច្បាស់ខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងបានចំពោះខ្លួនឯង បពិត្រព្រះអង្គដ៏ចំរើន កាលបើយើងខ្ញុំព្រះអង្គ ពោលយ៉ាងនេះ ព្រាហ្មណ៍នោះ ក៏ងក់ក្បាល លៀនអណ្តាត ធ្វើថ្ងាសឲ្យមានផ្នត់ ៣ជាន់ ហើយច្រត់ឈើច្រត់ ដើរចៀសចេញទៅ។

[៤៨៥] ព្រះអង្គទ្រង់ត្រាស់តបថា ម្នាលភិក្ខុទាំងឡាយ អ្នកនុ៎ះ មិនមែនជាព្រាហ្មណ៍ទេ អ្នកនុ៎ះ ជាមារមានចិត្តបាប មកដើម្បីធ្វើបញ្ញាចក្ខុ របស់អ្នកទាំងឡាយឲ្យវិនាសទេតើ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបត្រាស់គាថានេះ ក្នុងវេលានោះថា

សត្វណាបានឃើញសេចក្តីទុក្ខ ដែលមានកាមណាជាហេតុ សត្វនោះ នឹងបង្អោនចិត្តទៅរកកាមនោះ ដូចម្តេចកើត (បើ) សត្វ បានដឹងច្បាស់ នូវឧបធិកិ្កលេស ថាជាគ្រឿងចំពាក់ក្នុងលោក ដូច្នេះហើយ គួរសិក្សាដើម្បីកំចាត់បង់ នូវឧបធិក្កិលេសនោះចេញ។

សមិទ្ធិសូត្រ ទី២

(២. សមិទ្ធិសុត្តំ)

[៤៨៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុក សិលាវតី ក្នុងដែនសក្កៈ។ សម័យនោះឯង ព្រះសមិទ្ធិមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីជិត នៃព្រះមានព្រះភាគ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ នៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះ កើតឡើងក្នុងចិត្ត យ៉ាងនេះថា អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានព្រះអរហន្ត សម្មាសម្ពុទ្ធជាគ្រូ អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ បានបួសក្នុងធម្មវិន័យ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយដោយប្រពៃ យ៉ាងនេះ អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានពួកបុគ្គលមានសីល មានធម៌ដ៏ល្អ ជាសព្រហ្មចារី។

[៤៨៧] លំដាប់នោះឯង មារមានចិត្តបាប បានដឹងសេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះសមិទ្ធិមានអាយុ ដោយចិត្តរបស់ខ្លួន ក៏ចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសំឡេងគួរខ្លាច គួរស្ញប់ស្ញែងយ៉ាងខ្លាំង ក្នុងទីជិតព្រះសមិទ្ធិមានអាយុ ចំណែកផែនដី ហាក់ដូចជាលាន់រំពង។

[៤៨៨] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នក មិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីជិតព្រះមានព្រះភាគឯណោះ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គនោះ នៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះ កើតឡើងក្នុងចិត្ត យ៉ាងនេះថា អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានព្រះអរហន្ត សម្មាសម្ពុទ្ធជាគ្រូ អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ បានបួសក្នុងធម្មវិន័យ ដែលព្រះអង្គ ទ្រង់សំដែងហើយដោយប្រពៃ យ៉ាងនេះ អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានពួកបុគ្គលមានសីល មានធម៌ដ៏ល្អ ជាសព្រហ្មចារី បពិត្រព្រះអង្គដ៏ចំរើន សំឡេងគួរខ្លាច គួរស្ញប់ស្ញែងយ៉ាងខ្លាំង ក៏កើតមាន ក្នុងទីជិតខ្ញុំព្រះអង្គនោះ ចំណែកផែនដី ហាក់ដូចជាលាន់ឮរំពង។

[៤៨៩] ព្រះអង្គទ្រង់ត្រាស់តបថា ម្នាលសមិទ្ធិ នុ៎ះមិនមែនជាផែនដីលាន់ឮរំពងទេ នុ៎ះជាមារមានចិត្តបាប មកដើម្បីធ្វើបញ្ញាចក្ខុរបស់អ្នក ឲ្យវិនាសទេតើ ម្នាលសមិទ្ធិ ចូរអ្នកទៅចុះ អ្នកកុំប្រមាទ ខំព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីនោះវិញចុះ។ ព្រះសមិទ្ធិមានអាយុ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ដូច្នេះហើយ ក្រោកអំពីអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ដើរចេញទៅ។

[៤៩០] ព្រះសមិទ្ធិមានអាយុ មិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីនោះឯង អស់វារៈ ជាគម្រប់ពីរដង។ ព្រះសមិទ្ធិមានអាយុ នៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងកម្មដ្ឋាន អស់វារៈ ជាគម្រប់ពីរដង។បេ។ មារមានចិត្តបាប បានដឹងសេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះសមិទ្ធិមានអាយុ ដោយចិត្តរបស់ខ្លួន អស់វារៈជាគម្រប់ពីរដងផង។បេ។ ចំណែកផែនដី ហាក់ដូចជាលាន់ឮរំពង។

[៤៩១] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ ដឹងច្បាស់ថា អ្នកនេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបពោលនឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

អាត្មាចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយសទ្ធា សតិ និងបញ្ញា អាត្មាបានដឹងហើយ ទាំងចិត្តសោត ក៏បានតាំងល្អហើយ ចូរអ្នកធ្វើរូប (ដែលគួរខ្លាច) តាមប្រាថ្នាចុះ អ្នកមិនអាចធ្វើអាត្មា ឲ្យញាប់ញ័របានឡើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា សមិទ្ធិភិក្ខុ ស្គាល់អាត្មាអញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

គោធិកសូត្រ ទី៣

(៣. គោធិកសុត្តំ)

[៤៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះគោធិកៈមានអាយុ នៅក្នុងកាឡសិលា ខាងភ្នំឥសិគិលិ។

[៤៩៣] គ្រានោះឯង ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា។ លំដាប់នោះឯង ព្រះគោធិកៈមានអាយុ សាបសូន្យចាកចេតោវិមុត្តិ ដែលប្រកបតាមកាលវេលានោះ។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយក៏បាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈ ជាគម្រប់ពីរដង។ ព្រះគោធិកៈមានអាយុ សាបសូន្យ ចាកចេតោវិមុត្តិ ប្រកបតាមកាលវេលានោះ អស់វារៈជាគម្រប់ពីរដងទៀត។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈ ជាគម្រប់បីដង។ ព្រះគោធិកៈមានអាយុ។បេ។ សាបសូន្យ ចាកចេតោវិមុត្តិនោះ អស់វារៈជាគម្រប់បីដង។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ។បេ។ បាននូវចេតោវិមុត្តិ អស់វារៈជាគម្រប់៤ដង។ ព្រះគោធិកៈមានអាយុ។បេ។ សាបសូន្យចាកចេតោវិមុត្តិនោះ អស់វារៈជាគម្រប់៤ដង។ ព្រះគោធិកៈមានអាយុ។បេ។ បាននូវចេតោវិមុត្តិ អស់វារៈ ជាគម្រប់៥ដង។ ព្រះគោធិកៈមានអាយុ។បេ។ សាបសូន្យចាកចេតោវិមុត្តិ អស់វារៈជាគម្រប់៥ដង។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈជាគម្រប់៦ដង។ ព្រះគោធិកៈមានអាយុ សាបសូន្យចាកចេតោវិមុត្តិ ប្រកបតាមកាលវេលានោះ អស់វារៈ ជាគម្រប់៦ដងទៀត។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយក៏បាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈជាគម្រប់៧ដង។ គ្រានោះឯង ព្រះគោធិកៈមានអាយុ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ សាបសូន្យចាកចេតោវិមុត្តិ ប្រកបតាមកាល ដរាបអស់វារៈជាគម្រប់៦ដងហើយ បើដូច្នោះ គួរតែអាត្មាអញ យកកាំបិតមក។

[៤៩៤] គ្រានោះឯង មារមានចិត្តបាប បានដឹងនូវបរិវិតក្កៈ ក្នុងចិត្តរបស់ព្រះគោធិកៈមានអាយុ ដោយចិត្ត (របស់ខ្លួន) ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា

បពិត្រព្រះអង្គ អ្នកមានព្យាយាមធំ មានប្រាជ្ញាច្រើន រុងរឿងដោយឫទ្ធិ និងយស កន្លងបង់នូវពៀរ និងភ័យគ្រប់ប្រការ ទ្រង់មានចក្ខុ ខ្ញុំព្រះអង្គ សូមក្រាបថ្វាយបង្គំព្រះបាទា បពិត្រព្រះអង្គ អ្នកមានព្យាយាមធំ សាវ័ករបស់ព្រះអង្គ ត្រូវសេចក្តីស្លាប់គ្របសង្កត់ ប្រាថ្នាគិតនូវសេចក្តីស្លាប់ បពិត្រព្រះអង្គ អ្នកទ្រទ្រង់នូវអានុភាព សូមព្រះអង្គឃាត់ នូវសាវ័កនោះ បពិត្រព្រះមានព្រះភាគ អ្នកល្បីក្នុងប្រជុំជន សាវ័ករបស់ព្រះអង្គ ជាសេក្ខបុគ្គល មានបំណងមិនទាន់សម្រេច នៅត្រេកអរក្នុងសាសនា គប្បីធ្វើមរណកាលដូចម្តេចបាន។

សម័យនោះឯង ព្រះគោធិកៈមានអាយុ ក៏យកកាំបិតមក។

[៤៩៥] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបពោលនឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

ពិតមែន អ្នកប្រាជ្ញទាំងឡាយ តែងធ្វើយ៉ាងនេះឯង រមែងមិននឹកស្តាយ នូវជីវិត គោធិកភិក្ខុ បានដកតណ្ហា ព្រមទាំងឫស បរិនិព្វានហើយ។

[៤៩៦] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ មក យើងនឹងចូលទៅឯ កាឡសិលា ខាងភ្នំឥសិគិលិ ដ្បិតគោធិកកុលបុត្រ យកកាំបិតមកហើយ។ ពួកភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ ថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅកាន់កាឡសិលា ខាងភ្នំឥសិគិលិ មួយអន្លើ ដោយពួកភិក្ខុច្រើនរូប។ ព្រះមានព្រះភាគ ក៏បានឃើញគោធិកៈមានអាយុ កំពុងដេកផ្ងារ ផ្ងើយ-ក លើគ្រែ អំពីចម្ងាយលឹមៗ។ សម័យនោះឯង ផ្សែង និងអ័ព្ទ ក៏បក់ទៅកាន់ទិសខាងកើតខ្លះ បក់ទៅកាន់ទិសខាងលិចខ្លះ បក់ទៅកាន់ទិសខាងជើងខ្លះ បក់ទៅកាន់ទិសខាងត្បូងខ្លះ បក់ទៅកាន់ទិសខាងលើខ្លះ បក់ទៅកាន់ទិសខាងក្រោមខ្លះ បក់ទៅកាន់ទិសតូចខ្លះ។

[៤៩៧] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញនូវផ្សែង និងអ័ព្ទនុ៎ះ បក់ទៅកាន់ទិសខាងកើត បក់ទៅកាន់ទិសខាងលិច បក់ទៅកាន់ទិសខាងជើង បក់ទៅកាន់ទិសខាងត្បូង បក់ទៅកាន់ទិសខាងលើ បក់ទៅកាន់ទិសខាងក្រោម បក់ទៅកាន់ទិសតូច ឬទេ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ នុ៎ះឯង ជាមារមានចិត្តបាប កំពុងស្វែងរកបដិសន្ធិវិញ្ញាណ នៃគោធិកកុលបុត្តថា វិញ្ញាណរបស់គោធិកកុលបុត្ត ឋិតនៅក្នុងទីណា ម្នាលភិក្ខុទាំងឡាយ ឯគោធិកកុលបុត្ត មានវិញ្ញាណមិនបានឋិតនៅទេ បរិនិព្វានហើយ។

[៤៩៨] គ្រានោះឯង មារមានចិត្តបាប យកពិណមានពណ៌លឿង ដូចផ្លែព្នៅ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ខ្ញុំព្រះអង្គ បានស្វែងរក (វិញ្ញាណ) របស់គោធិកកុលបុត្ត ក្នុងទិសខាងលើផង ខាងក្រោមផង ទិសទទឹងផង ទិសធំ ទិសតូចផង មិនបានចួបប្រទះសោះឡើយ ចុះគោធិកៈនោះ ទៅក្នុងទីណា។

[៤៩៩] ព្រះអង្គត្រាស់តបថា គោធិកភិក្ខុ ជាអ្នកប្រាជ្ញ បរិបូណ៌ដោយប្រាជ្ញា ជាអ្នកមានឈាន អ្នកត្រេកអរក្នុងឈាន សព្វកាល ខំប្រឹងប្រែងទាំងថ្ងៃ ទាំងយប់ មិនគិតស្តាយជីវិត បានឈ្នះសេនារបស់មច្ចុ មិនមកកាន់ភពថ្មីទៀត ដកតណ្ហា ព្រមទាំងឫស បរិនិព្វានហើយ។ កាលមារនោះ កំពុងត្រូវសោកគ្របសង្កត់ ពិណក៏របូតចេញអំពីក្លៀក តពីនោះមក យក្ខនោះ ក៏មានសេចក្តីតូចចិត្ត ហើយក៏បាត់ចាកទីនោះទៅ។

សត្តវស្សសូត្រ ទី៤

(៤. សត្តវស្សានុពន្ធសុត្តំ)

[៥០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមអជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង មារមានចិត្តបាប ជាប់តាមព្រះមានព្រះភាគ អស់៧ឆ្នាំ រមិលមើលទោស តែមិនបានឃើញទោសឡើយ។

[៥០១] គ្រានោះ មារមានចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ព្រះអង្គត្រូវសេចក្តីសោកគ្របសង្កត់ ទើបសញ្ជប់សញ្ជឹងនៅក្នុងព្រៃឬ ព្រះអង្គប្រាថ្នានូវទ្រព្យបានឈ្នះហើយឬ ឬក៏ព្រះអង្គធ្វើអំពើអាក្រក់ណាមួយ ក្នុងស្រុកទេដឹង ព្រោះហេតុអ្វី ព្រះអង្គមិនយកពួកជនធ្វើជាមិត្ត មិត្តរបស់ព្រះអង្គ រមែងមិនសម្រេចដោយហេតុណាមួយឡើយ។

[៥០២] ព្រះអង្គត្រាស់តបថា តថាគត ជីកឫសគល់សេចក្តីសោកទាំងអស់ហើយ មិនមានអំពើអាក្រក់ មិនសោកសៅ សញ្ជប់សញ្ជឹងទេ ម្នាលមារ តថាគត ឈ្នះនូវតណ្ហា គឺសេចក្តីលោភ ក្នុងភពទាំងអស់ហើយ ជាអ្នកមិនមានអាសវៈ តែងស្មឹងស្មាធិ៍។

[៥០៣] មារតបថា ជនទាំងឡាយណា តែងពោលនូវរបស់ណាថា នេះរបស់អញ ដូច្នេះក្តី ពោលថា អញ ដូច្នេះក្តី បើព្រះហឫទ័យរបស់ព្រះអង្គ មានក្នុងរបស់នុ៎ះដែរ បពិត្រសមណៈ ព្រះអង្គមិនរួចចាកវិស័យរបស់ខ្ញុំឡើយ។

[៥០៤] ព្រះអង្គត្រាស់ថា ពួកជន ពោលដៅយករបស់ណា របស់នោះ មិនមានដល់តថាគតទេ ពួកជនណាពោលថា (អញដូច្នេះ) ពួកជននោះ មិនដូចតថាគតទេ ម្នាលមារ អ្នកឯងចូរដឹងយ៉ាងនេះចុះ អ្នកឯង មិនឃើញផ្លូវនៃតថាគតទេ។

[៥០៥] មារទូលថា ប្រសិនបើព្រះអង្គបាននូវផ្លូវ ដែលព្រះអង្គបានត្រាស់ដឹងហើយ ជាផ្លូវដ៏ក្សេម ជាផ្លូវសម្រាប់ទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ ចូរព្រះអង្គ ចេញទៅ ចូរព្រះអង្គទៅចុះ ព្រះអង្គជាបុគ្គលម្នាក់ឯង ប្រៀនប្រដៅបុគ្គលដទៃ ដូចម្តេចកើត។

[៥០៦] ព្រះអង្គត្រាស់ថា ពួកជនណា ប្រាថ្នាទៅកាន់ត្រើយ គឺព្រះនិព្វាន លះបង់នូវព្រះនិព្វាន ដែលមិនមែនជាឱកាសនៃមច្ចុ តថាគត កាលបើពួកជននោះ សួរហើយ នឹងប្រាប់ថា ធម្មជាតណាជារបស់ពិត ធម្មជាតនោះ មិនមានឧបធិក្កិលេសឡើយ។

[៥០៧] មារពោលតបថា បពិត្រព្រះអង្គដ៏ចំរើន ស្រុក ឬនិគម មានស្រះបោក្ខរណីនៅជិត ក្នុងស្រះនោះ មានក្តាម១ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះឯង ពួកក្មេងប្រុស ឬក្មេងស្រី ច្រើននាក់ នាំគ្នាចេញទៅអំពីស្រុក ឬនិគមនោះ ចូលសំដៅទៅរកស្រះបោក្ខរណី លុះចូលទៅដល់ហើយ ទើបស្រង់ក្តាមនោះ អំពីទឹក មកដាក់លើគោក បពិត្រព្រះអង្គដ៏ចំរើន ក្តាមនោះ លានូវជើងណាៗ ពួកក្មេងប្រុស ឬក្មេងស្រី ក៏យកកំណាត់ឈើ ឬអំបែង មកកាច់បំបាក់ កម្ទេចចោល នូវជើងនោះៗទៅ បពិត្រព្រះអង្គដ៏ចំរើន លុះក្តាមនោះ មានជើងទាំងអស់ ត្រូវគេកាច់បំបាក់ កម្ទេចចោល យ៉ាងនេះហើយ ក៏មិនគួរនឹងចុះកាន់ស្រះបោក្ខរណីនោះ ឲ្យដូចជាក្នុងពេលមុនបានទៀតឡើយ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន មានឧបមេយ្យដូចយ៉ាងអំពើណាមួយ ដែលជាចម្រូងចម្រាស់ ជាទំនាស់ ញាប់ញ័រ អំពើទាំងអស់នោះ ព្រះមានព្រះភាគ បានកាច់បំបាក់ កម្ទេចចោលហើយ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលឥឡូវនេះ ខ្ញុំព្រះអង្គ មិនគួរនឹងចូលទៅរមិលមើលទោស ចំពោះព្រះមានព្រះភាគបានទៀតឡើយ។

[៥០៨] គ្រានោះឯង មារមានចិត្តបាប ក៏បានពោលគាថា ដែលគួរនឿយណាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ក្អែក ឃើញថ្មដែលមានសម្បុរដូចខ្លាញ់ខាប់ ហើរក្រឡឹងជុំវិញ ដោយគិតថា យើងនឹងបាននូវអាហារទន់ ក្នុងទីនុ៎ះ អាហារឆ្ងាញ់ នឹងគប្បីមាន លុះក្អែកនោះ មិនបាននូវអាហារឆ្ងាញ់ ក្នុងទីនោះហើយ ក៏ព្យាយាមហើរចេញទៅ បពិត្រព្រះគោតម យើងក៏នឿយណាយ ដូចជាក្អែក ដែលចួបប្រទះនឹងថ្ម ដូច្នោះដែរ។

លុះមារមានចិត្តបាប បានពោលគាថា ដែលគួរនឿយណាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគរួចហើយ ក៏គេចចេញពីទីនោះ ទៅអង្គុយពែនភ្នែនលើផែនដីនៅស្ងៀម អៀនអន់ ឱនក ដាក់មុខចុះ សញ្ជប់សញ្ជឹង មិនក្លៀវក្លា គូសផែនដីដោយកំណាត់ឈើ ក្នុងទីជិតនៃព្រះមានព្រះភាគ។

មារធីតុសូត្រ ទី៥

(៥. មារធីតុសុត្តំ)

[៥០៩] គ្រានោះឯង ធីតារបស់មារ ឈ្មោះ នាងតណ្ហា ១ អរតី ១ រាគា ១ នាំគ្នាចូលទៅរកមារមានចិត្តបាប លុះចូលទៅដល់ ក៏ពោលនឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

បពិត្របិតា ព្រះអង្គតូចចិត្តដោយហេតុអ្វី ព្រះអង្គសោកស្តាយបុរសណាហ្ន៎ យើងខ្ញុំម្ចាស់ នឹងចងបុរសនោះ ដោយអន្ទាក់ គឺរាគៈ ហើយនាំមក ដូចជាបុគ្គលចងដំរីព្រៃ បុរសនោះ នឹងលុះក្នុងអំណាចរបស់ព្រះអង្គ។

[៥១០] មារតបថា ព្រះសុគត ជាព្រះអរហន្តក្នុងលោក មិនងាយនឹងនាំមក ដោយរាគៈបានឡើយ លោកកន្លងនូវវដ្តៈ ជាទីតាំងនៃមាររួចហើយ ព្រោះហេតុនោះ ទើបអញសោកស្តាយក្រែលែង។

[៥១១] លំដាប់នោះ ធីតារបស់មារឈ្មោះ នាងតណ្ហា១ អរតី១ រាគា១ បាននាំគ្នាចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទាព្រះអង្គ។ គ្រានោះឯង ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុងព្រះហឫទ័យឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១២] គ្រានោះឯង ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីដ៏សមគួរ ហើយក៏គិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់បុរសទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរពួកយើងនិម្មិតនូវវណ្ណៈ នៃនាងកុមារីមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ ទើបធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ នាំគ្នានិម្មិតនូវវណ្ណៈ នៃនាងកុមារីមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់ ហើយចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទារបស់ព្រះអង្គ។ ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុងព្រះហឫទ័យ នឹងពាក្យនោះឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១៣] គ្រានោះឯង ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីសមគួរ ហើយគិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់បុរសទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរពួកយើងនិម្មិតនូវវណ្ណៈស្រីមិនទាន់សម្រាលមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ ទើបធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ និម្មិតនូវវណ្ណៈស្រីមិនទាន់សម្រាល មួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទាព្រះអង្គ។ ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុងព្រះហឫទ័យនឹងពាក្យនោះឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១៤] លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីដ៏សមគួរ ទើបគិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់បុរសទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរតែពួកយើងនិម្មិតនូវវណ្ណៈស្រីមួយរយ ដែលទើបសម្រាលម្តង ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ គ្រានោះឯង នាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈស្រីមួយរយ ដែលទើបសម្រាលម្តង ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១៥] លំដាប់នោះ នាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈ ស្រីមួយរយ ដែលសម្រាលអស់វារៈពីរដង ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១៦] លំដាប់នោះឯង នាងតណ្ហា១។បេ។ ពួកយើងនិម្មិតនូវវណ្ណៈស្រីមួយរយ មានវ័យជាកណ្តាល។ គ្រានោះឯង នាងតណ្ហា១។បេ។ ក៏និម្មិតនូវវណ្ណៈស្រី មួយរយ មានវ័យជាកណ្តាល ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១៧] លំដាប់នោះ នាងតណ្ហា១។បេ។ ពួកយើងនិម្មិតនូវវណ្ណៈស្រីចាស់ មួយរយ។ ទើបនាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈស្រីចាស់ មួយរយ ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១៨] លំដាប់នោះ ធីតារបស់មារ ឈ្មោះ តណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីសមគួរ ហើយពោលដូច្នេះថា ឮថា បិតារបស់យើង បានពោលពិតមែនថា

ព្រះសុគត ជាព្រះអរហន្តក្នុងលោក មិនងាយនឹងនាំមក ដោយរាគៈបានឡើយ ព្រះអង្គកន្លងវដ្តៈ ជាទីតាំងនៃមាររួចហើយ ព្រោះហេតុនោះ ទើបអញសោកស្តាយក្រែលែង។

ព្រោះថាពួកយើង ព្យាយាម (ធ្វើ) សមណៈ ឬព្រាហ្មណ៍ណា ដែលមានរាគៈ មិនទាន់ទៅប្រាសនៅឡើយ ដោយសេចក្តីព្យាយាមនេះ ហឫទ័យ របស់សមណព្រាហ្មណ៍នោះ គប្បីបែក ឬឈាមដ៏ក្តៅ គប្បីខ្ពុរចេញអំពីមាត់ ឬដល់នូវសេចក្តីឆ្កួត ពុំនោះ រាយមាយចិត្ត ដូចយ៉ាងដើមបបុស មានពណ៌ខៀវ ដែលបុគ្គលដកចេញ តែងស្វិតស្រពោន ក្រៀមទៅយ៉ាងណា សមណព្រាហ្មណ៍នោះ គប្បីស្វិត ស្រពោនក្រៀមទៅ ដូច្នោះដែរ។ លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ បាននាំគ្នាចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរក្នុងទីដ៏សមគួរ។

[៥១៩] លុះមារធីតា ឈ្មោះនាងតណ្ហា ឈរនៅក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ព្រះអង្គ មានសេចក្តីសោកគ្របសង្កត់ ទើបសញ្ជប់សញ្ជឹងនៅក្នុងព្រៃឬ ព្រះអង្គ កាលប្រាថ្នានូវទ្រព្យ ត្រូវចាញ់គេហើយឬ ឬក៏ព្រះអង្គ ធ្វើអំពើអាក្រក់ណាមួយ ក្នុងស្រុកទេដឹង ព្រោះហេតុអ្វី បានជាព្រះអង្គមិនធ្វើនូវមិត្តភាព ជាមួយនឹងពួកជន មិត្តភាពរបស់ព្រះអង្គ មិនសម្រេចដោយហេតុណាមួយឬ។

[៥២០] ព្រះអង្គត្រាស់ថា តថាគត តែម្នាក់ឯង បានឈ្នះនូវសេនា ដែលមានសភាពគួរស្រឡាញ់ គួរត្រេកអរ កំពុងចម្រើនឈាន ក៏បានចួបនូវសេចក្តីសុខ ក្នុងព្រះអរហត្ត ដែលជាចំណែកនៃប្រយោជន៍ ឬជាសេចក្តីស្ងប់នៃហឫទ័យ ព្រោះហេតុនោះ បានជាតថាគត មិនធ្វើមិត្តភាព ជាមួយនឹងពួកជន មិត្តភាពរបស់តថាគត មិនសម្រេច ដោយហេតុណាមួយឡើយ។

[៥២១] ទើបមារធីតាឈ្មោះ អរតី បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ភិក្ខុក្នុងសាសនានេះ ជាអ្នកច្រើនដោយវិហារធម៌ ដូចម្តេច បានឆ្លងនូវអន្លង់ ប្រព្រឹត្តទៅក្នុងទ្វារទាំង៥ ហើយឆ្លងអន្លង់ ប្រព្រឹត្តទៅក្នុងមនោទ្វារមួយទៀត ជាគម្រប់៦ ក្នុងអត្តភាពនេះ កាមសញ្ញាទាំងឡាយ ជាខាងក្រៅ មិនបានប្រទះបុគ្គលមានឈានច្រើននោះ ដោយប្រការដូចម្តេច។

[៥២២] ព្រះអង្គត្រាស់ថា បុគ្គល មានកាយស្ងប់រម្ងាប់ មានចិត្តរួចស្រឡះ ដោយប្រពៃហើយ មិនបានតាក់តែង មានស្មារតី មិនមានទីអាល័យ បានដឹងច្បាស់នូវចតុសច្ចធម៌ មានចតុត្ថជ្ឈានប្រាសចាកវិតក្កៈ មិនកម្រើក (ព្រោះទោសៈ) មិនរឭក (ព្រោះរាគៈ) មិនងោកងក់ (ព្រោះមោហៈ) ភិក្ខុក្នុងសាសនានេះ ជាអ្នកច្រើនដោយវិហារធម៌ យ៉ាងនេះ ឆ្លងនូវអន្លង់ ប្រព្រឹត្តទៅក្នុងទ្វារទាំង៥ បានឆ្លងនូវអន្លង ប្រព្រឹត្តទៅក្នុងមនោទ្វារមួយទៀត ជាគម្រប់៦ ក្នុងអត្តភាពនេះ កាមសញ្ញាទាំងឡាយ ជាខាងក្រៅ មិនបានប្រទះបុគ្គល មានឈានច្រើននោះ យ៉ាងនេះឯង។

[៥២៣] គ្រានោះឯង មារធីតាឈ្មោះ រាគា បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

បុគ្គល ជាអ្នកប្រព្រឹត្តទៅក្នុងគណៈ និងសង្ឃ បានកាត់បង់នូវតណ្ហា មួយទៀត ពួកជនច្រើននាក់ មានសទ្ធា នឹងប្រព្រឹត្តដោយចំណែកមួយ ព្រះសាស្តានេះ មិនមានទីអាល័យ បានដណ្តើមយក នូវប្រជុំជនដ៏ច្រើន អំពីដៃនៃមច្ចុរាជ ហើយនាំទៅកាន់ត្រើយ គឺព្រះនិព្វាន។

[៥២៤] ព្រះតថាគតទាំងឡាយ មានព្យាយាមធំ តែងដឹកនាំសត្វ ដោយព្រះសទ្ធម្ម ច្រណែនអ្វីដល់ព្រះតថាគតទាំងឡាយ ដែលជាអ្នកប្រាជ្ញ អាចដឹកនាំសត្វដោយធម៌។

[៥២៥] លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ បាននាំគ្នាចូលទៅរកមារមានចិត្តបាប។ មារមានចិត្តបាប ក៏បានឃើញនូវមារធីតាឈ្មោះ នាងតណ្ហា១ អរតី១ រាគា១ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលដោយគាថាទាំងឡាយ ដូច្នេះថា

នាងទាំងឡាយជាពាល ញាំញីភ្នំ ដោយដើមកុមុទ ជីកភ្នំ ដោយក្រចក ទំពាដែក ដោយធ្មេញ ហាក់ដូចជាយកដុំថ្ម មកតំកល់លើក្បាល ហើយស្វែងរកទីពឹង ក្នុងបាតាល បៀតបៀនព្រះសមណគោតម ហាក់ដូចជាប្រហារនូវដង្គត់ត្រង់ទ្រូង (ខ្លួនឯង) ចូរនាងទាំងឡាយចេញទៅ។ នាងតណ្ហា អរតី រាគា ក៏នាំគ្នាដើរមក ដោយសេចក្តីរុងរឿង ព្រះសាស្តា បណ្តេញនូវនាងទាំងនោះ ពីទីនោះចេញ ដូចជាខ្យល់ ដែលបក់ផាត់នូវប៉ុយ ដែលធ្លាក់ចុះអំពីផ្លែ។

ចប់ សម្ពហុលវគ្គ ទី៣។

បញ្ជីរឿងនៃ សម្ពហុលវគ្គ នោះគឺ

សម្ពហុលសូត្រ១ សមិទ្ធិសូត្រ១ គោធិកសូត្រ១ សត្តវស្សសូត្រ១ ជាគម្រប់៥ នឹងមារធីតុសូត្រនេះ ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់សំដែងហើយ។

ចប់ មារសំយុត្ត។

ចប់ ភាគ២៩

 

លេខយោង

1)
សំដៅយកកាម ជារបស់មនុស្ស។
2)
សំដៅយកកាម ជារបស់ទិព្វ។
km/tipitaka/sut/sn/04/sut.sn.04.v03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann