km:tipitaka:sut:sn:05:sut.sn.05.002



សោមាសូត្រ ទី២

សង្ខេប

តើ​ស្ត្រី​អាច​សម្រេចដោយ​ត្រាស់​ដឹង​បាន​​ទេ? ភិក្ខុនី សោមា ដោះ​ស្រាយ​សំណួរ​ដែល​យល់​ខុស​នេះ​ដោយ​ងាយ​ស្រួល។

sn 05.002 បាលី cs-km: sut.sn.05.002 អដ្ឋកថា: sut.sn.05.002_att PTS: ?

សោមាសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២. សោមាសុត្តំ)

[៤] សាវត្ថីនិទាន។ គ្រានោះ សោមាភិក្ខុនី ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ដើរសំដៅទៅកាន់អន្ធវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់អន្ធវ័នហើយ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[៥] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់សោមាភិក្ខុនី ប្រាថ្នាឲ្យនាងឃ្លាតចាកសមាធិ ក៏ចូលទៅរកសោមាភិក្ខុនី លុះចូលទៅដល់ហើយ ក៏ពោលគាថានឹងសោមាភិក្ខុនីថា

ទី1) ណា ដែលមានដោយកម្រ ជាទីដែលឥសីទាំងឡាយ គប្បីដល់ ទីនោះស្ត្រីដែលមានបញ្ញាប្រវែងពីរធ្នាប់ មិនអាចនឹងដល់បានឡើយ។

[៦] លំដាប់នោះ សោមាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលនូវគាថា។ ទើបសោមាភិក្ខុនី មានសេចក្តីចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ ប្រាថ្នាឲ្យអាត្មាអញ ឃ្លាតចាកសមាធិ បានជាពោលនូវគាថា។ លុះសោមាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ ក៏ពោលគាថាទាំងឡាយនឹងមារមានចិត្តបាបថា

កាលបើចិត្ត របស់ស្ត្រីភាពដែលឃើញនូវធម៌2) ដោយប្រពៃ បានតាំងមាំហើយ3) កាលបើញាណ4) កំពុងប្រព្រឹត្តទៅ ស្ត្រីភាពនឹងធ្វើអ្វី (ក៏ធ្វើបាន) បើបុគ្គលណា មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញជាស្ត្រី ឬជាបុរស ឬមួយមានកង្វល់ថា អាត្មាអញ មាន ដូច្នេះ មារគួរនឹងស្តីថាឲ្យបុគ្គលនោះបាន។

លំដាប់នោះ មារមានចិត្តបាប ដឹងថា សោមាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

 

លេខយោង

1)
ព្រះអរហត្ត។
2)
ចតុសច្ចធម៌ ឬខន្ធបញ្ចកៈ ជាអារម្មណ៍នៃវិបស្សនា។
3)
ចិត្តដែលតាំងនៅក្នុងសមាធិ។
4)
ផលសមាបត្តិញ្ញាណ។
km/tipitaka/sut/sn/05/sut.sn.05.002.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann