km:tipitaka:sut:sn:05:sut.sn.05.005



ឧប្បលវណ្ណាសូត្រ ទី៥

សង្ខេប

មារ៖ ម៉េច​មិន​បោះ​បង់​ភ័យន្តរាយ​នៃ​ព្រៃ ហើយ​រស់​នៅ​កន្លែង​ណា​ដែល​មាន​សុវត្ថិភាព​ជាង?

sn 05.005 បាលី cs-km: sut.sn.05.005 អដ្ឋកថា: sut.sn.05.005_att PTS: ?

ឧប្បលវណ្ណាសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥. ឧប្បលវណ្ណាសុត្តំ)

[១៣] សាវត្ថីនិទាន។ គ្រានោះ ឧប្បលវណ្ណាភិក្ខុនី ស្លៀកស្បង់ ក្នុងបុព្វណ្ហសម័យ។បេ។ ឋិតនៅក្រោមម្លប់ដើមសាលព្រឹក្ស ដែលមានផ្ការីកស្គុសស្គាយ មួយដើម។

[១៤] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើង ដល់ឧប្បលវណ្ណាភិក្ខុនី មានប្រាថ្នាឲ្យនាងឃ្លាតចាកសមាធិ ហើយចូលទៅរកឧប្បលវណ្ណាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលគាថានឹងឧប្បលវណ្ណាភិក្ខុនីថា

ម្នាលភិក្ខុនី នាងអាស្រ័យនៅដើមសាលព្រឹក្ស មានចុងប្រកបដោយផ្ការីកស្គុសស្គាយ ឋិតនៅតែម្នាក់ឯង ក្រោមម្លប់ដើមសាលព្រឹក្ស ធាតុ គឺភេទ1) ជាគម្រប់ពីររបស់នាង មិនមាន គួរតែមានស្ត្រីទាំងឡាយ ប្រាកដដូចជានាង មកក្នុងទីនេះផង នាងខ្លាចអំពើពាល របស់ពួកអ្នកលេងឬ។

[១៥] លំដាប់នោះ ឧប្បលវណ្ណាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស (មក) ពោលគាថា ដូច្នេះ។ ទើបឧប្បលវណ្ណាភិក្ខុនី មានសេចក្តីចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប ញុំាងភ័យ។បេ។ ដល់អាត្មាអញ បានជាពោលគាថា។ លុះឧប្បលវណ្ណាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ បានពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា

អ្នកលេងមួយរយនាក់ ក៏ដោយ មួយពាន់នាក់ក៏ដោយ ជនទាំងឡាយ ប្រាកដដូចជាអ្នក ដែលមកក្នុងទីនេះក៏ដោយ យើងក៏មិនព្រឺរោម មិនតក់ស្លុតទេ ម្នាលមារ យើងសូម្បីតែម្នាក់ឯងមែន ក៏មិនខ្លាចអ្នកឡើយ យើងនេះចង់ឲ្យបាត់ទៅក៏បាន ចង់ចូលក្នុងពោះអ្នកក៏បាន អ្នកមិនឃើញយើង ដែលកំពុងឋិតនៅក្នុងចន្លោះរោមភ្នែកឡើយ យើងជាស្ត្រីស្ទាត់ក្នុងចិត្ត ឥទ្ធិបាទទាំងឡាយ យើងបានចម្រើនហើយ ដោយប្រពៃ យើងផុតហើយ ចាកចំណងទាំងអស់ នែអាវុសោ យើងមិនខ្លាចអ្នកទេ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា ឧប្បលវណ្ណាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

 

លេខយោង

1)
ភិក្ខុនី ជាគ្នាមិនមានឡើយ។
km/tipitaka/sut/sn/05/sut.sn.05.005.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann