មារព្យាយាមរំខានសេលាភិក្ខុនីជាមួយនឹងសំណួរទស្សនវិជ្ជា។
sn 05.009 បាលី cs-km: sut.sn.05.009 អដ្ឋកថា: sut.sn.05.009_att PTS: ?
សេលាសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៩. សេលាសុត្តំ)
[២៨] ទៀបក្រុងសាវត្ថី… គ្រានោះ សេលាភិក្ខុនី ស្លៀកដណ្តប់ ក្នុងបុព្វណ្ហសម័យ។បេ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។
[២៩] គ្រានោះ មារមានចិត្តបាប ញុំាងភ័យឲ្យកើតឡើង ដល់សេលាភិក្ខុនី។បេ។ បានពោលគាថា នឹងសេលាភិក្ខុនីថា
ពុម្ព គឺអត្តភាពនេះ អ្នកណាតាក់តែងឡើង បុគ្គលតាក់តែងនូវពុម្ពឋិតនៅក្នុងទីណាខ្លះ ពុម្ពកើតឡើងក្នុងទីណាខ្លះ ពុម្ព រលត់ទៅក្នុងទីណាខ្លះ។
[៣០] លំដាប់នោះ សេលាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស (មក) ពោលគាថាដូច្នេះ។ ទើបសេលាភិក្ខុនី មានសេចក្តីចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ មានប្រាថ្នាឲ្យអាត្មាអញ ឃ្លាតចាកសមាធិ បានជាពោលគាថា។ លុះសេលាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ ក៏ពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា
ពុម្ពនេះ ឥតមានអ្នកណាតាក់តែងទេ អឃៈ1) នេះ ឥតមានអ្នកណាធ្វើទេ កើតឡើងបាន ព្រោះអាស្រ័យហេតុ រលត់ទៅវិញ ព្រោះបែកធ្លាយនៃហេតុ ដូចជាពូជណាមួយ ដែលគេព្រោះក្នុងស្រែ រមែងដុះឡើងបាន ព្រោះអាស្រ័យនូវធម្មជាត ២យ៉ាង គឺរសនៃផែនដី១ ជ័រ2) ១ យ៉ាងណាមិញ ធម៌ទាំងនេះ គឺ ខន្ធ ធាតុ និងអាយតនៈ ៦ កើតឡើងបាន ព្រោះអាស្រ័យហេតុ រលត់ទៅវិញ ព្រោះបែកធ្លាយនៃហេតុ យ៉ាងនោះឯង។
លំដាប់នោះ មារមានចិត្តបាប ដឹងថា សេលាភិក្ខុនី ស្គាល់នូវអញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។