km:tipitaka:sut:sn:05:sut.sn.05.010



វជិរាសូត្រ ទី១០

សង្ខេប

ពេល​ផ្តល់​​អ្វី​​មួយ​​ពិត​​ប្រាកដ​​ក្នុង​​ការ​​ធ្វើ​សមាធិ ល្អ​​​សួរ​​ថា «ជា​ពិត​​ទេ?» វជិរា​ភិក្ខុ​បង្ហាញ​ពី​របៀប​ដែល​នាង​គ្រប់​គ្រង​វា។

sn 05.010 បាលី cs-km: sut.sn.05.010 អដ្ឋកថា: sut.sn.05.010_att PTS: ?

វជិរាសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០. វជិរាសុត្តំ)

[៣១] ខ្ញុំស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ វជិរាភិក្ខុនី ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងបច្ឆាភត្ត ក៏ដើរសំដៅទៅកាន់អន្ធវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់អន្ធវ័នហើយ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[៣២] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់វជិរាភិក្ខុនី មានប្រាថ្នាឲ្យនាងឃ្លាតចាកសមាធិ ក៏ចូលទៅរកវជិរាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលគាថានឹងវជិរាភិក្ខុនីថា

សត្វនេះ បុគ្គលណាតាក់តែងឡើង បុគ្គលអ្នកតាក់តែងសត្វ ឋិតនៅក្នុងទីណា សត្វកើតឡើង ក្នុងទីណា សត្វរលត់ទៅក្នុងទីណា។

[៣៣] លំដាប់នោះ វជិរាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស (មក) ពោលគាថា ដូច្នេះ។ ទើបវជិរាភិក្ខុនី មានសេចក្តីចូលចិត្តថា នេះពិតជាមារមានចិត្តបាប ប្រាថ្នាញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ មានប្រាថ្នាឲ្យអាត្មាអញឃ្លាតចាកសមាធិ បានជាពោលគាថា។ លំដាប់នោះ វជិរាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាប ហើយបានពោលគាថាទាំងឡាយនឹងមារមានចិត្តបាបថា

ម្នាលមារ ទិដ្ឋិរបស់អ្នកយល់ថា សត្វមែនឬ នេះជាគំនរនៃសង្ខារសុទ្ធទេ ក្នុងគំនរនៃសង្ខារសុទ្ធនេះ អ្នករកសត្វមិនឃើញឡើយ1) ដូចសព្ទដែលបានឈ្មោះថា រថ ដូច្នេះ កើតឡើងបាន ព្រោះបរិបូណ៌ដោយអង្គ2) យ៉ាងណាមិញ កាលបើខន្ធមានហើយ ការសន្មតិថា សត្វដូច្នេះក៏មាន យ៉ាងនោះឯង ព្រោះថា សេចក្តីទុក្ខ រមែងកើតឡើង សេចក្តីទុក្ខ រមែងឋិតនៅផង វិនាសទៅផង វៀរចាកសេចក្តីទុក្ខ ឥតមានធម៌ដទៃកើតឡើង វៀរចាកសេចក្តីទុក្ខ ឥតមានធម៌ដទៃរលត់ទេ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា វជិរាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

ចប់ ភិក្ខុនីសំយុត្ត។

ឧទ្ទាននៃភិក្ខុនីសំយុត្តនោះ ដូច្នេះ

សូត្រទាំង១០ នោះ គឺ អាឡវិកាសូត្រ១ សោមាសូត្រ១ គោតមីសូត្រ១ វិជយាសូត្រ១ ឧប្បលវណ្ណាសូត្រ១ ចាលាសូត្រ១ ឧបចាលាសូត្រ១ សីសុបចាលាសូត្រ១ សេលាសូត្រ១ វជិរាសូត្រ១។

 

លេខយោង

1)
នេះជាពាក្យបរិយាយតាមបរមត្ថ។
2)
អង្គរបស់រថនោះមានកង់ ទូក ប្រែក ជាដើម។
km/tipitaka/sut/sn/05/sut.sn.05.010.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann