សហម្បត្តិព្រហ្ម សម្តែងធម៌ចំពោះនាងព្រាហ្មណីជាមាតារបស់ព្រះព្រហ្មទេព ដ៏មានអាយុ។
sn 06.003 បាលី cs-km: sut.sn.06.003 អដ្ឋកថា: sut.sn.06.003_att PTS: ?
ព្រហ្មទេវសូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៣. ព្រហ្មទេវសុត្តំ)
[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអារាម ឈ្មោះជេតពន របស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង កូនប្រុសរបស់នាងព្រាហ្មណីមួយនាក់ ឈ្មោះ ព្រហ្មទេព បានចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះមានព្រះភាគ។ គ្រានោះ ព្រះព្រហ្មទេពមានអាយុ ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ចំពោះអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ដោយមិនយូរប៉ុន្មាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះព្រហ្មទេពមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
[៤៣] ទើបព្រះព្រហ្មទេពមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី កាលកំពុងត្រាច់ទៅបិណ្ឌបាត តាមលំដាប់ច្រក ក្នុងក្រុងសាវត្ថី ក៏ចូលសំដៅទៅកាន់ផ្ទះមាតារបស់ខ្លួន។ ក៏ក្នុងសម័យនោះ នាងព្រាហ្មណី ជាមាតារបស់ខ្លួន។ ក៏ក្នុងសម័យនោះ នាងព្រាហ្មណី ជាមាតារបស់ព្រះព្រហ្មទេពមានអាយុ តែងរៀបចំនូវគ្រឿងបូជា1) ជានិច្ចដល់ព្រហ្ម។ លំដាប់នោះ សហម្បតិព្រហ្ម មានសេចក្តីត្រិះរិះ យ៉ាងនេះថា នាងព្រាហ្មណី ជាមាតារបស់ព្រះព្រហ្មទេពមានអាយុនេះ តែងរៀបចំនូវគ្រឿងបូជាជានិច្ចដល់ព្រហ្ម បើដូច្នោះ មានតែអាត្មាអញ ចូលទៅរកនាងនោះ ហើយធ្វើឲ្យកើតសេចក្តីសង្វេគ។
[៤៤] ទើបសហម្បតិព្រហ្ម បាត់អំពីព្រហ្មលោក មកប្រាកដលើផ្ទះនៃមាតា របស់ព្រះព្រហ្មទេពមានអាយុ ដោយឆាប់រហ័ស ដូចជាបុរសមានកំលាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ។ លំដាប់នោះ សហម្បតិព្រហ្ម ឋិតនៅឰដ៏អាកាស បានពោលគាថាទាំងឡាយ នឹងនាងព្រាហ្មណីជាមាតា របស់ព្រះព្រហ្មទេពមានអាយុថា
ម្នាលនាងព្រាហ្មណី នាងរៀបចំនូវគ្រឿងបូជា ជានិច្ច ចំពោះព្រហ្មណា លោករបស់ព្រហ្មនោះ នៅឆ្ងាយ2) អំពីទីនេះណាស់ ម្នាលនាងព្រាហ្មណី គ្រឿងបូជាប្រាកដដូច្នេះ មិនមែនជាចំណីរបស់ព្រហ្មទេ នាងមិនដឹងនូវផ្លូវ3) របស់ព្រហ្ម ហើយចរចាដូចម្តេចបាន ម្នាលនាងព្រាហ្មណី ក៏ឯភិក្ខុ ឈ្មោះព្រហ្មទេព (ជាកូន) របស់នាងនេះ ជាអ្នកមិនមានឧបធិ ជាអ្នកដល់នូវភាពជាទេវតា ដ៏ក្រៃលែង មិនមានសេចក្តីកង្វល់ ជាអ្នកមិនចិញ្ចឹមបុគ្គលដទៃ ភិក្ខុនោះ ចូលមកកាន់ផ្ទះនាងឥឡូវនេះ ដើម្បីបិណ្ឌបាត ជាបុគ្គលគួរដើម្បីទទួលដុំបាយ ដែលគេនាំមកបូជា ជាអ្នកដល់នូវទីបំផុត នៃទុក្ខដោយវេទ4) មានខ្លួនអប់រំហើយ ជាបុគ្គលគួរទទួលទាន របស់ពួកមនុស្ស និងទេវតា បានបន្សាត់ចោល នូវបាបទាំងឡាយ មិនប្រឡាក់ដោយជ័រ គឺតណ្ហា និងទិដ្ឋិ ជាបុគ្គលមានសេចក្តីត្រជាក់ តែងប្រព្រឹត្តនូវការស្វែងរកអាហារ ភិក្ខុនោះ មិនមានសេចក្តីស្រឡាញ់ខាងក្រោយ5) មិនមានសេចក្តីស្រឡាញ់ខាងមុខ6) បានរម្ងាប់នូវរាគាទិក្កិលេសអស់ហើយ ប្រាសចាកផ្សែង គឺសេចក្តីក្រោធ មិនមានសេចក្តីទុក្ខ មិនមានសេចក្តីប្រាថ្នា ដាក់ចុះនូវដំបងក្នុងពួកសត្វ ដែលតក់ស្លុត7) និងពួកសត្វ ដែលខ្ជាប់ខ្ជួន8) ភិក្ខុនោះ ចូរបរិភោគនូវគ្រឿងបូជា គឺដុំបាយ ដ៏ប្រសើររបស់នាង ភិក្ខុនោះ ប្រាសចាកសេនា គឺកិលេស មានចិត្តស្ងប់រម្ងាប់ហើយ មិនមានសេចក្តីញាប់ញ័រ គឺតណ្ហា តែងត្រាច់ទៅ ដូចដំរី ដែលគេទូន្មានបាន មានសីលដ៏ល្អ មានចិត្តរួចស្រឡះហើយ ភិក្ខុនោះ ចូរបរិភោគ នូវគ្រឿងបូជា គឺដុំបាយដ៏ប្រសើរ របស់នាងចុះ នាងចូរមានសេចក្តីជ្រះថ្លា ចំពោះភិក្ខុនោះ កុំមានសេចក្តីញាប់ញ័រ ចូរតម្កល់នូវទាន ក្នុងទក្ខិណេយ្យបុគ្គល ម្នាលនាងព្រាហ្មណី ចូរនាងមើល នូវអ្នកប្រាជ្ញកន្លងបង់នូវឱឃៈ ហើយធ្វើបុណ្យ ជាទីនាំមក នូវសេចក្តីសុខចុះ។ នាងព្រាហ្មណី មានសេចក្តីជ្រះថ្លា មិនញាប់ញ័រចំពោះភិក្ខុនោះ បានតម្កល់នូវទាន ក្នុងទក្ខិណេយ្យបុគ្គល នាងព្រាហ្មណី បានឃើញអ្នកប្រាជ្ញ ដែលកន្លងបង់នូវឱឃៈហើយ ធ្វើនូវបុណ្យជាទីនាំមក នូវសេចក្តីសុខ។