km:tipitaka:sut:sn:06:sut.sn.06.004



ពកសូត្រ ទី៤

សង្ខេប

ពក​ព្រហ្មជា​ជឿ​ថា​ខ្លួន​ឯង​ជា​អាទិទេព​ដែល​បង្កើត​ទាំង​អស់ ហើយ​ផ្សាយ​ស្ថាន​សួគ៌។ តើ​ពក​ព្រហ្មជា​​អ្នក​ណា មាន​ទិដ្ឋិ​អាក្រក់​កើត​ឡើង យ៉ាង​ណា​ខ្លះ? បាន​ជា​ព្រះពុទ្ធ​ព្រះអង្គ បាន​យាង​ទៅ​កាន់​ព្រហ្ម​លោក ដោយ​បំណង​នឹង​ដាស់​សតិ​គាត់ ដោយ​ការ រំលឹក​ប្រាប់​សីល​វត្ត ពី​ដើម​ដែល​នាំ​ឲ្យ​គាត់ បាន​កើត​ជា​ព្រហ្ម។

sn 06.004 បាលី cs-km: sut.sn.06.004 អដ្ឋកថា: sut.sn.06.004_att PTS: ?

ពកសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

សម្រាប់រឿងវែងសូមមើល ព្រហ្មនិមន្តនិកសូត្រ (sut.mn.049) នៅក្នុងមជ្ឈិមនិកាយ

អានដោយ ឧបាសិកា វិឡា

(៤. ពកព្រហ្មសុត្តំ)

[៤៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពកព្រហ្មមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា ទីនេះទៀង ទីនេះឋិតថេរ ទីនេះ មាននៅគ្រប់កាល ទីនេះខ្ជាប់ខ្ជួន ទីនេះមានសភាពមិនច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃ ដែលជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែង ជាងទីរបស់ព្រហ្មនេះ មិនមានឡើយ។

[៤៦] គ្រានោះ ព្រះមានព្រះភាគ ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់ពកព្រហ្ម ដោយព្រះទ័យ របស់ព្រះអង្គហើយ ក៏បាត់អំពីវត្តជេតពន ទៅប្រាកដ ក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស ដូចបុរសមានកំលាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ពកព្រហ្ម បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ សូមព្រះអង្គស្តេចមក បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គស្តេចមកល្អហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គខានធ្វើបរិយាយ ដើម្បីស្តេចមកក្នុងទីនេះ ជាយូរអង្វែងហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទីនេះទៀង ទីនេះឋិតថេរ ទីនេះ មាននៅគ្រប់កាល ទីនេះខ្ជាប់ខ្ជួន ទីនេះមានសភាពមិនច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃ ដែលជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែងជាងទីរបស់ព្រហ្មនេះ មិនមានឡើយ។

[៤៧] កាលបើពកព្រហ្ម ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះ នឹងពកព្រហ្មថា ឱហ្ន៎ ពកព្រហ្មប្រកបដោយអវិជ្ជាហើយ ឱហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជាហើយ ព្រោះថា គាត់ពោលនូវរបស់ដែលមិនទៀង ថាជារបស់ទៀងវិញ ពោលនូវរបស់ដែលមិនឋិតថេរ ថាជារបស់ឋិតថេរវិញ ពោលនូវរបស់ដែលគ្មាននៅគ្រប់កាល ថាជារបស់មាននៅគ្រប់កាលវិញ ពោលនូវរបស់ដែលមិនខ្ជាប់ខ្ជួន ថាជារបស់ខ្ជាប់ខ្ជួនវិញ ពោលនូវរបស់ដែលមានសភាពច្យុត ថាជារបស់មានសភាពមិនច្យុតវិញ មួយទៀត សត្វតែងកើតផង ចាស់ផង ស្លាប់ផង ច្យុតផង បដិសន្ធិផង ក្នុងទីណា គាត់ពោលទីនោះថា សត្វក្នុងទីនេះមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ដូច្នោះវិញ មួយទៀត គាត់ពោលនូវទីដទៃ ជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែង ថាទីដទៃជាគ្រឿងរលាស់ចេញដ៏ក្រៃលែង មិនមានឡើយ។

[៤៨] ពកព្រហ្មពោលថា បពិត្រព្រះគោតម យើងទាំងឡាយ ជាជន៧២នាក់ ជាអ្នកស្រឡាញ់បុណ្យ ញុំាងអ្នកដទៃ ឲ្យប្រព្រឹត្តទៅតាមអំណាច (នៃខ្លួន) កន្លងហើយ នូវជាតិ និងជរា កំណើតក្នុងព្រហ្មនេះ ជាទីបំផុត ជាធម្មជាត ប្រព្រឹត្តទៅដោយវេទ ជនទាំងឡាយ ដ៏ច្រើន រមែងស្រឡាញ់យើងទាំងឡាយ។

[៤៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលពកព្រហ្ម អ្នកសំគាល់នូវអាយុណា ថាវែង អាយុនុ៎ះតិច មិនមែនវែងឡើយ ម្នាលព្រហ្ម មួយទៀត តថាគត ដឹងច្បាស់នូវអាយុមានប្រមាណ១សែន នៃនិរព្វុទៈ។1)

[៥០] ពកព្រហ្ម ទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឃើញអារម្មណ៍រកទីបំផុតគ្មាន ប្រព្រឹត្តកន្លងហើយ នូវជាតិជរា និងសេចក្តីសោក អើសីលវត្ត មានមកអំពីដើម របស់ខ្ញុំព្រះអង្គដូចម្តេច ខ្ញុំព្រះអង្គអាចដឹងច្បាស់ នូវសីលវត្តណា សូមព្រះអង្គ ប្រាប់នូវសីលវត្តនុ៎ះ ដល់ខ្ញុំព្រះអង្គ។

[៥១] ព្រះអង្គត្រាស់ថា អ្នកញុំាងមនុស្សច្រើន ដែលស្រេកទឹក ដែលត្រូវកំដៅគ្របសង្កត់ ឲ្យផឹកទឹកក្នុងរដូវប្រាំង2) ដោយហេតុណា ហេតុនោះ ជាសីលវត្តមានមកអំពីដើមរបស់អ្នក តថាគតរលឹកបានដូចបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកញុំាងប្រជុំជន ដែលត្រូវចោរចាប់ក្នុងឆ្នេរស្ទឹង ឈ្មោះឯណិ នាំទៅជាឈ្លើយ ឲ្យរួចបាន ដោយអំពើណា អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកញុំាងទូក ដែលនាគរាជកំណាច កំហែងចាប់ដោយកំលាំង ត្រង់ខ្សែទឹកនៃទន្លេគង្គា ឲ្យរួចបាន ដោយសេចក្តីអនុគ្រោះ ដល់មនុស្ស អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង ពីដើម តថាគត ឈ្មោះកប្បៈ ជាកូនសិស្សរបស់អ្នក រាប់អានអ្នកជាបុគ្គលមានប្រាជ្ញាល្អ បរិបូណ៌ដោយវត្ត អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកដឹងច្បាស់នូវអាយុនោះ របស់តថាគត ដោយពិត មួយទៀត ដឹងច្បាស់នូវជនទាំងឡាយដទៃ ហាក់ដូចជាព្រះពុទ្ធ នេះជាអានុភាពដ៏រុងរឿងរបស់អ្នក ជាសភាវៈ ញុំាងព្រហ្មលោកឲ្យភ្លឺស្វាងឋិតនៅ។

 

លេខយោង

1)
ជាឈ្មោះសំខ្យាមួយយ៉ាង ប្រើលេខ១ មានពិន្ទុហុកសិបបី។
2)
គិម្ហរដូវ។
km/tipitaka/sut/sn/06/sut.sn.06.004.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann