នេះពិតជាគ្រោះថ្នាក់ធំណាស់ ក្នុងការរិះគន់បុគ្គលល្អខុស ហើយមែននិយាយ ការមិនគោរពអ្នកបរិសុទ្ធទេ។
sn 06.010 បាលី cs-km: sut.sn.06.010 អដ្ឋកថា: sut.sn.06.010_att PTS: ?
ទុតិយកោកាលិកសូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១០. កោកាលិកសុត្តំ)
[៧៧] ទៀបក្រុងសាវត្ថី… លំដាប់នោះឯង កោកាលិកភិក្ខុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះកោកាលិកភិក្ខុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមក ប្រព្រឹត្តទៅតាមអំណាចសេចក្តីប្រាថ្នាលាមក។
[៧៨] កាលបើកោកាលិកភិក្ខុ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ យ៉ាងនេះថា ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបទូលព្រះមានព្រះភាគ ជាគំរប់ពីរដង យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលគួរជឿ គួរប្រតិបត្តិតាមរបស់ខ្ញុំ មានស្រាប់ហើយ សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមកពិតៗ ប្រព្រឹត្តទៅតាមអំណាចនៃសេចក្តីប្រាថ្នាដ៏លាមក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់ពីរដង យ៉ាងនេះថា ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានទៅចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបទូលព្រះមានព្រះភាគ ជាគំរប់បីដង យ៉ាងនេះថា។បេ។ ប្រព្រឹត្តទៅតាមអំណាចសេចក្តីប្រាថ្នា។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់បីដង យ៉ាងនេះថា។បេ។ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។
[៧៩] លំដាប់នោះឯង កោកាលិកភិក្ខុ ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ កោកាលិកភិក្ខុ ចេញទៅមិនយូរប៉ុន្មាន កាយទាំងមូល ក៏ចេញជាអុទ1) ប៉ុនៗគ្រាប់ស្ពៃ អុទដែលប៉ុនគ្រាប់ស្ពៃ ក្លាយឡើងប៉ុនៗគ្រាប់សណ្តែកបាយ អុទដែលប៉ុនគ្រាប់សណ្តែកបាយ ក្លាយឡើងប៉ុនៗគ្រាប់សណ្តែកកង់ អុទដែលប៉ុនគ្រាប់សណ្តែកកង់ ក្លាយឡើងប៉ុនៗគ្រាប់ពុទ្រា អុទដែលប៉ុនគ្រាប់ពុទ្រា ក្លាយឡើងប៉ុនៗផ្លែពុទ្រា អុទដែលប៉ុនផ្លែពុទ្រា ក្លាយឡើងប៉ុនៗផ្លែកន្ទួតព្រៃ អុទដែលប៉ុនផ្លែកន្ទួតព្រៃ ក្លាយឡើងប៉ុនៗក្តិបព្នៅ អុទដែលប៉ុនក្តិបព្នៅ ក្លាយឡើងប៉ុនៗផ្លែព្នៅ អុទដែលប៉ុនផ្លែព្នៅ ក៏បែកធ្លាយ ហូរខ្ទុះនិងឈាម។ គ្រានោះ កោកាលិកភិក្ខុ ក៏ធ្វើមរណកាល ដោយជម្ងឺនោះទៅ។ លុះកោកាលិកភិក្ខុ ធ្វើមរណកាលហើយ ទៅកើតក្នុងបទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន។
[៨០] លំដាប់នោះ លុះវេលារាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ។ លុះសហម្បតិព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចបាត់អំពីទីនោះ។
[៨១] លុះកន្លងរាត្រីនោះទៅ ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ក្នុងរាត្រីនេះ សហម្បតិព្រហ្ម មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឈរនៅក្នុងទីដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ លុះសហម្បតិព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ ទើបនិយាយពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ រួចក៏បាត់អំពីទីនោះទៅ។
[៨២] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រមាណអាយុក្នុងបទុមនរក តើយូរប៉ុន្មាន។ ម្នាលភិក្ខុ ប្រមាណអាយុក្នុង បទុមនរក យូរពន់ពេក ប្រមាណអាយុ ក្នុងបទុមនរកនោះ មិនអាចរាប់បានដោយងាយថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណោះរយឆ្នាំ ប៉ុណ្ណោះពាន់ឆ្នាំ ឬប៉ុណ្ណោះសែនឆ្នាំបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះអាចធ្វើឧបមាបានឬទេ។
[៨៣] ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុ តថាគត អាចធ្វើបាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុ ដូចជារទេះផ្ទុកគ្រាប់ល្ង របស់អ្នកដែនកោសល ដែលមានចំណុះ ២០ខារិ2) លុះដល់កន្លងទៅមួយរយឆ្នាំៗ បុរសចាប់យកគ្រាប់ល្ងមួយគ្រាប់ៗ អំពីរទេះនោះ ម្នាលភិក្ខុ រទេះល្ងរបស់អ្នកដែនកោសល ដែលមានចំណុះ ២០ខារិនោះ អស់រលីង ឥតសេសសល់ ដោយលំដាប់ នេះឆាប់ជាង នៅមិនទាន់ដល់នរកឈ្មោះ អព្វុទៈ មួយទេ ម្នាលភិក្ខុ ២០អព្វុទនរក ស្មើនឹង និរព្វុទនរក មួយ ម្នាលភិក្ខុ ២០និរព្វុទនរក ស្មើនឹង អពពនរក មួយ ម្នាលភិក្ខុ ២០អពពនរក ស្មើនឹង អដដនរក មួយ ម្នាលភិក្ខុ ២០អដដនរក ស្មើនឹង អហហនរក មួយ ម្នាលភិក្ខុ ២០អហហនរក ស្មើនឹង កុមុទនរក មួយ ម្នាលភិក្ខុ ២០កុមុទនរក ស្មើនឹង សោគន្ធិកនរក មួយ ម្នាលភិក្ខុ ២០សោគន្ធិកនរក ស្មើនឹង ឧប្បលកនរក មួយ ម្នាលភិក្ខុ ២០ឧប្បលកនរក ស្មើនឹង បុណ្ឌរីកនរក មួយ ម្នាលភិក្ខុ ២០បុណ្ឌរីកនរក ទើបស្មើនឹង បទុមនរក មួយ ម្នាលភិក្ខុ ចំណែកកោកាលិកភិក្ខុ ទៅកើតក្នុងនរក ឈ្មោះ បទុមៈ ព្រោះតែចងចិត្តអាឃាត ក្នុងសារីបុត្ត និងមោគ្គល្លាន។
[៨៤] ព្រះមានព្រះភាគ បានត្រាស់សូត្រនេះហើយ លុះព្រះសុគតជាសាស្តា ទ្រង់ត្រាស់សូត្រនេះរួចហើយ ទើបត្រាស់ពាក្យនេះ តទៅទៀតថា
បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួន ដោយវាចាណា វាចានោះ ដូចជាផ្លែដឹង កើតក្នុងមាត់បុរស ដែលកើតហើយ អ្នកណាសរសើរបុគ្គល ដែលគួរនិន្ទា ឬនិន្ទាបុគ្គលដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់ រមែងមិនបានសុខព្រោះទោសនោះ ការចាញ់ធន ព្រមទាំងទ្រព្យគ្រប់ចំពូក ព្រមទាំងខ្លួន ទៅលើល្បែងភ្នាល់ទាំងឡាយ ទោសនេះ ជាទោសមានប្រមាណតិចទេ បុគ្គលដែលញុំាងចិត្តឲ្យប្រទូស្ត ក្នុងបុគ្គលទាំងឡាយ ដែលមានគតិល្អ ទោសនេះឯង ទើបជាទោសធំជាង។ បុគ្គលតំកល់វាចា និងចិត្តអាក្រក់ ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ទៅកើតក្នុងនរកណា នរកនោះ មានអាយុចំនួនមួយសែន និងសាមសិបប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។
ចប់ អាយាចនវគ្គ។
ឧទ្ទាននៃអាយាចនវគ្គនោះ គឺ
អាយាចនសូត្រ១ គារវសូត្រ១ ព្រហ្មទេវសូត្រ១ ពកព្រហ្មសូត្រ១ អបរាទិដ្ឋិសូត្រ១ បមាទសូត្រ១ បឋមកោកាលិកសូត្រ១ តិស្សកសូត្រ១ តុទុព្រហ្មសូត្រ១ ទុតិយកោកាលិកសូត្រដទៃទៀត១។