(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 06.v01 បាលី cs-km: sut.sn.06.v01 អដ្ឋកថា: sut.sn.06.v01_att PTS: ?
អាយាចនវគ្គ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. បឋមវគ្គោ)
(១. ព្រហ្មាយាចនសុត្តំ)
[៣៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ទើបនឹងបានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ប្របឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេចទៅគង់ក្នុងទីស្ងាត់សម្ងំនៅ មានព្រះទ័យត្រិះរិះកើតឡើង យ៉ាងនេះថា ធម៌1) នេះ អាត្មាអញ បានត្រាស់ដឹងហើយ ជាធម៌ដ៏ជ្រាលជ្រៅ ជាធម៌ដែលសត្វឃើញបានដោយកម្រ ជាធម៌ដែលសត្វត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា ជាធម៌ ដែលសត្វមិនគប្បីស្ទង់មើល ដោយសេចក្តីត្រិះរិះបាន ជាធម៌ដ៏ល្អិត ជាធម៌មានតែអ្នកប្រាជ្ញ ទើបត្រាស់ដឹងបាន ឯពួកសត្វនេះ ជាអ្នកត្រេកត្រអាល ដោយសេចក្តីអាល័យ2) ត្រេកអរក្នុងសេចក្តីអាល័យ រីករាយក្នុងសេចក្តីអាល័យ មួយទៀត បដិច្ចសមុប្បាទធម៌ គឺធម៌ជាបច្ច័យ នៃគ្នានិងគ្នាណា បដិច្ចសមុប្បាទធម៌នេះ ពួកសត្វជាអ្នកត្រេកត្រអាល ដោយសេចក្តីអាល័យ ត្រេកអរក្នុងសេចក្តីអាល័យ រីករាយក្នុងសេចក្តីអាល័យ ឃើញបានដោយក្រ មួយទៀត ធម៌ណា សម្រាប់រម្ងាប់សង្ខារទាំងពួង សម្រាប់លះបង់ឧបធិទាំងពួង ជាទីអស់ទៅនៃតណ្ហា ជាទីនឿយណាយចាករាគៈ ជាទីរំលត់សេចក្តីទុក្ខ គឺព្រះនិព្វាន ធម៌នេះ ពួកសត្វឃើញបានដោយក្រដូចគ្នា ប្រសិនបើអាត្មាអញ សំដែងធម៌ទៅ ក៏សត្វទាំងឡាយដទៃ មិនគប្បីត្រាស់ដឹងធម៌ របស់អាត្មាអញបានទេ អាត្មាអញ នឹងមានតែសេចក្តីលំបាកនោះ អាត្មាអញ នឹងមានតែសេចក្តីនឿយព្រួយនោះ (ឥតអំពើ)។ បានឮថា ព្រះគាថាជាអស្ចារ្យទាំងឡាយនេះ ដែលមិនធ្លាប់បានស្តាប់មក អំពីកាលមុន ក៏ប្រាកដដល់ព្រះមានព្រះភាគថា
ឥឡូវនេះ អាត្មាអញ មិនគួរប្រកាសធម៌ ដែលអាត្មាអញ បានត្រាស់ដឹងហើយ ដោយលំបាកទេ ព្រោះថា ធម៌នេះ សត្វទាំងឡាយ ដែលត្រូវរាគៈ ទោសៈ គ្របសង្កត់ហើយ មិនងាយត្រាស់ដឹងបានទេ សត្វទាំងឡាយត្រេកអរ ដោយរាគៈ មានគំនរងងឹត គឺអវិជ្ជាបិទបាំង រមែងមិនឃើញ នូវធម៌ដែលប្រព្រឹត្តច្រាសខ្សែទឹក3) ជាធម៌ល្អិត ជ្រាលជ្រៅ សត្វឃើញបានដោយកម្រ ជាធម៌ដ៏តូចឆ្មារ។
កាលព្រះមានព្រះភាគ ពិចារណាដូច្នេះហើយ ព្រះទ័យក៏បង្អោនទៅ ដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនបង្អោនទៅដើម្បីនឹងសំដែងធម៌ឡើយ។
[៣៥] គ្រានោះ សហម្បតិព្រហ្ម ដឹងនូវសេចក្តីត្រិះរិះ ក្នុងព្រះទ័យរបស់ព្រះមានព្រះភាគ ដោយចិត្តហើយ ទើបរំពឹងគិត ដូច្នេះថា ឱហ្ន៎ សត្វលោកសាបសូន្យមិនខាន ឱហ្ន៎ សត្វលោកវិនាសមិនខាន ដ្បិតថាព្រះទ័យ របស់ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ បង្អោនទៅដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនបង្អោនទៅ ដើម្បីសំដែងធម៌ឡើយ។
គ្រានោះ សហម្បតិព្រហ្ម ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ដោយឆាប់ភ្លាម ដូចបុរសមានកំលាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ លំដាប់នោះ សហម្បតិព្រហ្ម ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លុតចុះនូវមណ្ឌល នៃជង្គង់ខាងស្តាំលើផែនដី ប្រណម្យអញ្ជលី ចំពោះទៅរកព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សូមព្រះសុគត ទ្រង់សំដែងធម៌ សត្វទាំងឡាយ ដែលមានធូលី4) ស្រាលស្តើង ក្នុងភ្នែក5) ក៏មានខ្លះដែរ សត្វទាំងនោះ នឹងសាបសូន្យ ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយ ជាអ្នកត្រាស់ដឹងនូវធម៌ គង់មាន។ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះរួចហើយ ទើបពោលពាក្យនេះ តទៅទៀតថា
ពីមុនរៀងមក ធម៌ដែលជនទាំងឡាយ អ្នកប្រកបដោយមន្ទិល6) តែងគិត ជាធម៌មិនបរិសុទ្ធ កើតប្រាកដ ក្នុងដែនមគធៈ សូមព្រះអង្គបើកនូវទ្វារ7) នៃព្រះនិព្វាន សត្វទាំងឡាយ នឹងស្តាប់នូវធម៌ ដែលព្រះពុទ្ធជាអ្នកប្រាសចាកមន្ទិល ទ្រង់ត្រាស់ដឹងហើយ បុរសឈរនៅលើកំពូលភ្នំសុទ្ធសឹងថ្ម គប្បីឃើញប្រជុំជនដោយជុំវិញ យ៉ាងណាមិញ បពិត្រព្រះអង្គមានបញ្ញាល្អ មានចក្ខុជុំវិញ ប្រាសចាកសេចក្តីសោក សូមព្រះអង្គ ឡើងកាន់ប្រាសាទ ដ៏ហើយដោយធម៌ គឺបញ្ញាដូចជាភ្នំនោះ ហើយពិចារណាមើលនូវប្រជុំជន ដែលត្រូវសេចក្តីសោកគ្របសង្កត់ ដែលត្រូវជាតិ ជរា គ្របសង្កត់។ បពិត្រព្រះអង្គមានព្យាយាម ទ្រង់ឈ្នះនូវសង្គ្រាម សូមព្រះអង្គក្រោកឡើង បពិត្រព្រះអង្គ ជាអ្នកនាំទៅនូវពពួកសត្វ ព្រះអង្គមិនមានបំណុល សូមទ្រង់ស្តេចទៅក្នុងលោក សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សត្វទាំងឡាយ ជាអ្នកត្រាស់ដឹង គង់មាន។
[៣៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីអារាធនា របស់ព្រហ្មផង ទ្រង់អាស្រ័យនូវសេចក្តីករុណា ចំពោះសត្វទាំងឡាយផង ទើបទ្រង់រមិលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ។ កាលដែលព្រះមានព្រះភាគ ទ្រង់រមិលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ ទ្រង់បានឃើញសត្វទាំងឡាយ មានភ្នែកប្រកបដោយធូលីតិចខ្លះ មានភ្នែកប្រកបដោយធូលីច្រើនខ្លះ មានឥន្ទ្រិយក្លាខ្លះ មានឥន្ទ្រិយទន់ខ្លះ មានអាការល្អខ្លះ មានអាការអាក្រក់ខ្លះ ជាសត្វដែលឲ្យត្រាស់ដឹងបានដោយងាយខ្លះ ជាសត្វដែលឲ្យត្រាស់ដឹងបានដោយក្រខ្លះ ជាអ្នកឃើញនូវទោស និងភ័យ ក្នុងបរលោកខ្លះ។ ប្រៀបដូចជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ក្នុងគុម្ពព្រលិតក្តី គុម្ពឈូកក្រហមក្តី គុម្ពឈូកសក្តី ដុះឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុងទឹក មានជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ឋិតនៅត្រឹមស្មើនឹងទឹក មានជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក លូតផុតអំពីទឹក មិនទទឹកដោយទឹក មានឧបមាយ៉ាងណាមិញ កាលដែលព្រះមានព្រះភាគ ទ្រង់រមិលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ ទ្រង់ឃើញសត្វទាំងឡាយ មានភ្នែកប្រកបដោយធូលីតិចខ្លះ មានភ្នែកប្រកបដោយធូលីច្រើនខ្លះ មាឥន្ទ្រិយក្លាខ្លះ មានឥន្ទ្រិយទន់ខ្លះ មានអាការល្អខ្លះ មានអាការអាក្រក់ខ្លះ ជាសត្វដែលឲ្យត្រាស់ដឹងបានដោយងាយខ្លះ ជាសត្វដែលឲ្យត្រាស់ដឹងបានដោយក្រខ្លះ ជាអ្នកឃើញនូវទោស និងភ័យក្នុងបរលោកខ្លះ លុះទ្រង់ឃើញហើយ បានពោលគាថា តបនឹងសហម្បតិព្រហ្មថា
ទ្វារនៃព្រះនិព្វាននោះ តថាគតបានបើកហើយ សត្វទាំងឡាយណា មានសោតប្រសាទ ចូរបញ្ចេញនូវសទ្ធាចុះ ម្នាលព្រហ្ម តថាគត សំគាល់នូវសេចក្តីលំបាក បានជាមិនសំដែងធម៌ដែលស្ទាត់ ជាធម៌ដ៏ឧត្តម ដល់ពួកមនុស្សទាំងឡាយ។
[៣៧] គ្រានោះ សហម្បតិព្រហ្មគិតថា អាត្មាអញ ជាបុគ្គលដែលព្រះមានព្រះភាគ ទ្រង់ធ្វើឱកាស ដើម្បីនឹងសំដែងធម៌ហើយ (លុះគិតដូច្នេះហើយ) ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់អំពីទីនោះទៅ។
(២. គារវសុត្តំ)
[៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងបានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ប្របឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅក្នុងទីស្ងាត់ ទ្រង់សម្ងំនៅ មានព្រះបរិវិតក្ក ក្នុងព្រះទ័យកើតឡើង យ៉ាងនេះថា បុគ្គលមិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង រមែងនៅជាទុក្ខ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ណាហ្ន៎។
[៣៩] ទើបព្រះមានព្រះភាគ មានព្រះតំរិះយ៉ាងនេះថា អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវសីលក្ខន្ធ ដែលមិនទាន់ពេញលេញ តែថាក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្សដ៏សេស អាត្មាអញ មិនបានឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ ដោយសីលជាងខ្លួនអញ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវសមាធិក្ខន្ធ ដែលមិនទាន់ពេញលេញ តែថា អាត្មាអញ មិនឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ដោយសមាធិជាងខ្លួនអញ ក្នុងលោក ព្រមទាំងទេវលោក។បេ។ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវបញ្ញាខន្ធ ដែលមិនទាន់ពេញលេញ តែថា ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្សដ៏សេស អាត្មាអញ មិនឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ ដោយបញ្ញាជាងខ្លួនអញ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវវិមុត្តិក្ខន្ធ ដែលមិនទាន់ពេញលេញ តែថា ក្នុងលោក ព្រមទាំងទេវលោក។បេ។ អាត្មាអញ មិនឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ដោយវិមុត្តិ ជាងខ្លួនអញ ដែលអាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវវិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលមិនទាន់ពេញលេញ តែថាក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្សដ៏សេស អាត្មាអញ មិនឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈជាងខ្លួនអញ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ បើដូច្នោះ គួរអាត្មាអញ ធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅចំពោះធម៌ ដែលអាត្មាអញ បានត្រាស់ដឹងហើយ។
[៤០] លំដាប់នោះ សហម្បតិព្រហ្ម ដឹងនូវព្រះបរិវិតក្កក្នុងព្រះទ័យនៃព្រះមានព្រះភាគ ដោយចិត្តហើយ ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ដោយឆាប់ភ្លាម ដូចជាបុរសមានកំលាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ទើបសហម្បតិព្រហ្ម ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ហេតុនុ៎ះ យ៉ាងនេះហើយ បពិត្រព្រះសុគត ហេតុនុ៎ះ យ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចំរើន សូម្បីព្រះមានព្រះភាគទាំងឡាយណា ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ក្នុងអតីតកាល ព្រះមានព្រះភាគទាំងនោះ ក៏បានធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅចំពោះធម៌ យ៉ាងនេះដែរ បពិត្រព្រះអង្គដ៏ចំរើន ទុកជាព្រះមានព្រះភាគទាំងឡាយណា ជាអរហន្ត សម្មាសម្ពុទ្ធ ក្នុងអនាគតកាល ព្រះមានព្រះភាគទាំងនោះ ក៏នឹងធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅចំពោះធម៌ យ៉ាងនេះដែរ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ ទ្រង់ធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅចំពោះធម៌ យ៉ាងនេះចុះ។
[៤១] សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏ពោលពាក្យនេះ តទៅទៀតថា
ព្រះសម្ពុទ្ធទាំងឡាយណា ជាអតីតក្តី ព្រះសម្ពុទ្ធទាំងឡាយណា ជាអនាគតក្តី ព្រះសម្ពុទ្ធណា ក្នុងកាលឥឡូវនេះក្តី ទ្រង់ធ្វើសេចក្តីសោក របស់ជនទាំងឡាយដ៏ច្រើន ឲ្យវិនាស ព្រះសម្ពុទ្ធទាំងអស់នោះ ទ្រង់គោរពព្រះសម្ពុទ្ធក្នុងអតីតកាលផង បច្ចុប្បន្នកាលផង អនាគតកាលផង នេះជាធម្មតា របស់ព្រះពុទ្ធទាំងឡាយ ហេតុដូច្នោះ បុគ្គលអ្នកស្រឡាញ់ខ្លួន ប្រាថ្នានូវភាពនៃខ្លួនជាធំ កាលរលឹកឃើញសាសនារបស់ព្រះពុទ្ធទាំងឡាយ គួរធ្វើសេចក្តីគោរពព្រះសទ្ធម្ម។
(៣. ព្រហ្មទេវសុត្តំ)
[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអារាម ឈ្មោះជេតពន របស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង កូនប្រុសរបស់នាងព្រាហ្មណីមួយនាក់ ឈ្មោះ ព្រហ្មទេព បានចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះមានព្រះភាគ។ គ្រានោះ ព្រះព្រហ្មទេពមានអាយុ ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ចំពោះអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ដោយមិនយូរប៉ុន្មាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះព្រហ្មទេពមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
[៤៣] ទើបព្រះព្រហ្មទេពមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី កាលកំពុងត្រាច់ទៅបិណ្ឌបាត តាមលំដាប់ច្រក ក្នុងក្រុងសាវត្ថី ក៏ចូលសំដៅទៅកាន់ផ្ទះមាតារបស់ខ្លួន។ ក៏ក្នុងសម័យនោះ នាងព្រាហ្មណី ជាមាតារបស់ខ្លួន។ ក៏ក្នុងសម័យនោះ នាងព្រាហ្មណី ជាមាតារបស់ព្រះព្រហ្មទេពមានអាយុ តែងរៀបចំនូវគ្រឿងបូជា8) ជានិច្ចដល់ព្រហ្ម។ លំដាប់នោះ សហម្បតិព្រហ្ម មានសេចក្តីត្រិះរិះ យ៉ាងនេះថា នាងព្រាហ្មណី ជាមាតារបស់ព្រះព្រហ្មទេពមានអាយុនេះ តែងរៀបចំនូវគ្រឿងបូជាជានិច្ចដល់ព្រហ្ម បើដូច្នោះ មានតែអាត្មាអញ ចូលទៅរកនាងនោះ ហើយធ្វើឲ្យកើតសេចក្តីសង្វេគ។
[៤៤] ទើបសហម្បតិព្រហ្ម បាត់អំពីព្រហ្មលោក មកប្រាកដលើផ្ទះនៃមាតា របស់ព្រះព្រហ្មទេពមានអាយុ ដោយឆាប់រហ័ស ដូចជាបុរសមានកំលាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ។ លំដាប់នោះ សហម្បតិព្រហ្ម ឋិតនៅឰដ៏អាកាស បានពោលគាថាទាំងឡាយ នឹងនាងព្រាហ្មណីជាមាតា របស់ព្រះព្រហ្មទេពមានអាយុថា
ម្នាលនាងព្រាហ្មណី នាងរៀបចំនូវគ្រឿងបូជា ជានិច្ច ចំពោះព្រហ្មណា លោករបស់ព្រហ្មនោះ នៅឆ្ងាយ9) អំពីទីនេះណាស់ ម្នាលនាងព្រាហ្មណី គ្រឿងបូជាប្រាកដដូច្នេះ មិនមែនជាចំណីរបស់ព្រហ្មទេ នាងមិនដឹងនូវផ្លូវ10) របស់ព្រហ្ម ហើយចរចាដូចម្តេចបាន ម្នាលនាងព្រាហ្មណី ក៏ឯភិក្ខុ ឈ្មោះព្រហ្មទេព (ជាកូន) របស់នាងនេះ ជាអ្នកមិនមានឧបធិ ជាអ្នកដល់នូវភាពជាទេវតា ដ៏ក្រៃលែង មិនមានសេចក្តីកង្វល់ ជាអ្នកមិនចិញ្ចឹមបុគ្គលដទៃ ភិក្ខុនោះ ចូលមកកាន់ផ្ទះនាងឥឡូវនេះ ដើម្បីបិណ្ឌបាត ជាបុគ្គលគួរដើម្បីទទួលដុំបាយ ដែលគេនាំមកបូជា ជាអ្នកដល់នូវទីបំផុត នៃទុក្ខដោយវេទ11) មានខ្លួនអប់រំហើយ ជាបុគ្គលគួរទទួលទាន របស់ពួកមនុស្ស និងទេវតា បានបន្សាត់ចោល នូវបាបទាំងឡាយ មិនប្រឡាក់ដោយជ័រ គឺតណ្ហា និងទិដ្ឋិ ជាបុគ្គលមានសេចក្តីត្រជាក់ តែងប្រព្រឹត្តនូវការស្វែងរកអាហារ ភិក្ខុនោះ មិនមានសេចក្តីស្រឡាញ់ខាងក្រោយ12) មិនមានសេចក្តីស្រឡាញ់ខាងមុខ13) បានរម្ងាប់នូវរាគាទិក្កិលេសអស់ហើយ ប្រាសចាកផ្សែង គឺសេចក្តីក្រោធ មិនមានសេចក្តីទុក្ខ មិនមានសេចក្តីប្រាថ្នា ដាក់ចុះនូវដំបងក្នុងពួកសត្វ ដែលតក់ស្លុត14) និងពួកសត្វ ដែលខ្ជាប់ខ្ជួន15) ភិក្ខុនោះ ចូរបរិភោគនូវគ្រឿងបូជា គឺដុំបាយ ដ៏ប្រសើររបស់នាង ភិក្ខុនោះ ប្រាសចាកសេនា គឺកិលេស មានចិត្តស្ងប់រម្ងាប់ហើយ មិនមានសេចក្តីញាប់ញ័រ គឺតណ្ហា តែងត្រាច់ទៅ ដូចដំរី ដែលគេទូន្មានបាន មានសីលដ៏ល្អ មានចិត្តរួចស្រឡះហើយ ភិក្ខុនោះ ចូរបរិភោគ នូវគ្រឿងបូជា គឺដុំបាយដ៏ប្រសើរ របស់នាងចុះ នាងចូរមានសេចក្តីជ្រះថ្លា ចំពោះភិក្ខុនោះ កុំមានសេចក្តីញាប់ញ័រ ចូរតម្កល់នូវទាន ក្នុងទក្ខិណេយ្យបុគ្គល ម្នាលនាងព្រាហ្មណី ចូរនាងមើល នូវអ្នកប្រាជ្ញកន្លងបង់នូវឱឃៈ ហើយធ្វើបុណ្យ ជាទីនាំមក នូវសេចក្តីសុខចុះ។ នាងព្រាហ្មណី មានសេចក្តីជ្រះថ្លា មិនញាប់ញ័រចំពោះភិក្ខុនោះ បានតម្កល់នូវទាន ក្នុងទក្ខិណេយ្យបុគ្គល នាងព្រាហ្មណី បានឃើញអ្នកប្រាជ្ញ ដែលកន្លងបង់នូវឱឃៈហើយ ធ្វើនូវបុណ្យជាទីនាំមក នូវសេចក្តីសុខ។
(៤. ពកព្រហ្មសុត្តំ)
[៤៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពកព្រហ្មមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា ទីនេះទៀង ទីនេះឋិតថេរ ទីនេះ មាននៅគ្រប់កាល ទីនេះខ្ជាប់ខ្ជួន ទីនេះមានសភាពមិនច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃ ដែលជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែង ជាងទីរបស់ព្រហ្មនេះ មិនមានឡើយ។
[៤៦] គ្រានោះ ព្រះមានព្រះភាគ ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់ពកព្រហ្ម ដោយព្រះទ័យ របស់ព្រះអង្គហើយ ក៏បាត់អំពីវត្តជេតពន ទៅប្រាកដ ក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស ដូចបុរសមានកំលាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ពកព្រហ្ម បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ សូមព្រះអង្គស្តេចមក បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គស្តេចមកល្អហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គខានធ្វើបរិយាយ ដើម្បីស្តេចមកក្នុងទីនេះ ជាយូរអង្វែងហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទីនេះទៀង ទីនេះឋិតថេរ ទីនេះ មាននៅគ្រប់កាល ទីនេះខ្ជាប់ខ្ជួន ទីនេះមានសភាពមិនច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃ ដែលជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែងជាងទីរបស់ព្រហ្មនេះ មិនមានឡើយ។
[៤៧] កាលបើពកព្រហ្ម ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះ នឹងពកព្រហ្មថា ឱហ្ន៎ ពកព្រហ្មប្រកបដោយអវិជ្ជាហើយ ឱហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជាហើយ ព្រោះថា គាត់ពោលនូវរបស់ដែលមិនទៀង ថាជារបស់ទៀងវិញ ពោលនូវរបស់ដែលមិនឋិតថេរ ថាជារបស់ឋិតថេរវិញ ពោលនូវរបស់ដែលគ្មាននៅគ្រប់កាល ថាជារបស់មាននៅគ្រប់កាលវិញ ពោលនូវរបស់ដែលមិនខ្ជាប់ខ្ជួន ថាជារបស់ខ្ជាប់ខ្ជួនវិញ ពោលនូវរបស់ដែលមានសភាពច្យុត ថាជារបស់មានសភាពមិនច្យុតវិញ មួយទៀត សត្វតែងកើតផង ចាស់ផង ស្លាប់ផង ច្យុតផង បដិសន្ធិផង ក្នុងទីណា គាត់ពោលទីនោះថា សត្វក្នុងទីនេះមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ដូច្នោះវិញ មួយទៀត គាត់ពោលនូវទីដទៃ ជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែង ថាទីដទៃជាគ្រឿងរលាស់ចេញដ៏ក្រៃលែង មិនមានឡើយ។
[៤៨] ពកព្រហ្មពោលថា បពិត្រព្រះគោតម យើងទាំងឡាយ ជាជន៧២នាក់ ជាអ្នកស្រឡាញ់បុណ្យ ញុំាងអ្នកដទៃ ឲ្យប្រព្រឹត្តទៅតាមអំណាច (នៃខ្លួន) កន្លងហើយ នូវជាតិ និងជរា កំណើតក្នុងព្រហ្មនេះ ជាទីបំផុត ជាធម្មជាត ប្រព្រឹត្តទៅដោយវេទ ជនទាំងឡាយ ដ៏ច្រើន រមែងស្រឡាញ់យើងទាំងឡាយ។
[៤៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលពកព្រហ្ម អ្នកសំគាល់នូវអាយុណា ថាវែង អាយុនុ៎ះតិច មិនមែនវែងឡើយ ម្នាលព្រហ្ម មួយទៀត តថាគត ដឹងច្បាស់នូវអាយុមានប្រមាណ១សែន នៃនិរព្វុទៈ។16)
[៥០] ពកព្រហ្ម ទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឃើញអារម្មណ៍រកទីបំផុតគ្មាន ប្រព្រឹត្តកន្លងហើយ នូវជាតិជរា និងសេចក្តីសោក អើសីលវត្ត មានមកអំពីដើម របស់ខ្ញុំព្រះអង្គដូចម្តេច ខ្ញុំព្រះអង្គអាចដឹងច្បាស់ នូវសីលវត្តណា សូមព្រះអង្គ ប្រាប់នូវសីលវត្តនុ៎ះ ដល់ខ្ញុំព្រះអង្គ។
[៥១] ព្រះអង្គត្រាស់ថា អ្នកញុំាងមនុស្សច្រើន ដែលស្រេកទឹក ដែលត្រូវកំដៅគ្របសង្កត់ ឲ្យផឹកទឹកក្នុងរដូវប្រាំង17) ដោយហេតុណា ហេតុនោះ ជាសីលវត្តមានមកអំពីដើមរបស់អ្នក តថាគតរលឹកបានដូចបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកញុំាងប្រជុំជន ដែលត្រូវចោរចាប់ក្នុងឆ្នេរស្ទឹង ឈ្មោះឯណិ នាំទៅជាឈ្លើយ ឲ្យរួចបាន ដោយអំពើណា អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកញុំាងទូក ដែលនាគរាជកំណាច កំហែងចាប់ដោយកំលាំង ត្រង់ខ្សែទឹកនៃទន្លេគង្គា ឲ្យរួចបាន ដោយសេចក្តីអនុគ្រោះ ដល់មនុស្ស អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង ពីដើម តថាគត ឈ្មោះកប្បៈ ជាកូនសិស្សរបស់អ្នក រាប់អានអ្នកជាបុគ្គលមានប្រាជ្ញាល្អ បរិបូណ៌ដោយវត្ត អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកដឹងច្បាស់នូវអាយុនោះ របស់តថាគត ដោយពិត មួយទៀត ដឹងច្បាស់នូវជនទាំងឡាយដទៃ ហាក់ដូចជាព្រះពុទ្ធ នេះជាអានុភាពដ៏រុងរឿងរបស់អ្នក ជាសភាវៈ ញុំាងព្រហ្មលោកឲ្យភ្លឺស្វាងឋិតនៅ។
(៥. អញ្ញតរព្រហ្មសុត្តំ)
[៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រហ្មមួយអង្គ មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា បុគ្គលដែលមកក្នុងលោកនេះ គ្មានជាសមណៈ ជាព្រាហ្មណ៍ទេ។
[៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់ព្រហ្មនោះ ដោយព្រះទ័យហើយ ក៏ដូចបុរសមានកំលាំង។បេ។ ទៅប្រាកដក្នុងព្រហ្មលោកនោះ។ ទើបព្រះមានព្រះភាគ ទ្រង់ចូលតេជោធាតុ គង់ផ្គត់ព្រះភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ។
[៥៤] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ព្រះមានព្រះភាគ គង់ក្នុងទីណាហ្ន៎។ ព្រះមហាមោគ្គល្លានមានអាយុ ក៏បានឃើញ នូវព្រះមានព្រះភាគ ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា ដែលព្រះអង្គចូលតេជោធាតុ គង់ផ្គត់ព្រះភ្នែនឰដ៏អាកាស អំពីខាងលើនៃព្រហ្មនោះ លុះឃើញហើយ ក៏បាត់អំពីវត្តជេតពន ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស ដូចបុរសមានកំលាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ អាស្រ័យនូវទិសខាងកើត ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។
[៥៥] គ្រានោះ ព្រះមហាកស្សបមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ ព្រះមហាកស្សបមានអាយុ បានឃើញព្រះមានព្រះភាគ ដោយទិព្វចក្ខុ។បេ។ លុះឃើញហើយ ក៏ដូចបុរសមានកំលាំង។បេ។ បាត់អំពីវត្តជេតពន ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស។ លំដាប់នោះ ព្រះមហាកស្សបមានអាយុ អាស្រ័យនូវទិសខាងត្បូង ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។
[៥៦] គ្រានោះ ព្រះមហាកប្បិនមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ គ្រានោះ ព្រះមហាកប្បិនមានអាយុ ឃើញព្រះមានព្រះភាគ ដោយទិព្វចក្ខុ។បេ។ លុះឃើញហើយ ក៏ដូចបុរសមានកំលាំង។បេ។ បាត់អំពីវត្តជេតពន ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស។ លំដាប់នោះ ព្រះមហាកប្បិនមានអាយុ អាស្រ័យនូវទិសខាងលិច ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។
[៥៧] គ្រានោះ ព្រះអនុរុទ្ធមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ ទើបព្រះអនុរុទ្ធមានអាយុ បានឃើញ។បេ។ លុះឃើញហើយ ក៏ដូចបុរសមានកំលាំង។បេ។ ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស។ លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ អាស្រ័យនូវទិសខាងជើង ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។
[៥៨] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ បានពោលគាថានឹងព្រហ្មថា
ម្នាលអាវុសោ ទិដ្ឋិណារបស់អ្នក មានហើយក្នុងកាលមុន ទិដ្ឋិរបស់អ្នកនោះ មានក្នុងថ្ងៃនេះទៀត អ្នកឃើញនូវរស្មីរបស់ព្រះពុទ្ធ ដែលប្រព្រឹត្តកន្លង នូវរស្មីឯទៀត ក្នុងព្រហ្មលោកដែរឬ។
[៥៩] ព្រហ្មតបថា បពិត្រលោកនិទ៌ុក្ខ ទិដ្ឋិរបស់ខ្ញុំណា មានហើយក្នុងកាលមុន ទិដ្ឋិរបស់ខ្ញុំនោះ មិនមានទេ ខ្ញុំឃើញនូវព្រះរស្មី ដែលប្រព្រឹត្តកន្លង នូវរស្មីឯទៀត ក្នុងព្រហ្មលោកដែរ ឥឡូវនេះ ខ្ញុំនឹងពោល ដោយប្រការដូចម្តេច ព្រោះថា ខ្ញុំជាបុគ្គលទៀង ជាបុគ្គលមាននៅសព្វៗកាល។
[៦០] គ្រានោះ ព្រះមានព្រះភាគ ញុំាងព្រហ្មនោះឲ្យសង្វេគហើយ ក៏បាត់អំពីព្រហ្មលោកនោះ មកប្រាកដក្នុងវត្តជេតពន ដោយឆាប់រហ័ស ដូចបុរសមានកំលាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ លំដាប់នោះ ព្រហ្មក៏ហៅព្រហ្មជាបរិស័ទ មួយអង្គមកថា ម្នាលអ្នកនិទ៌ុក្ខ អ្នកចូរមក អ្នកចូរទៅរកព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ ចូរពោលយ៉ាងនេះ នឹងព្រះមហាមោគ្គល្លានមានអាយុថា បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ សាវ័កទាំងឡាយដទៃទៀត របស់ព្រះមានព្រះភាគនោះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដូចជាព្រះមហាមោគ្គល្លាន ព្រះកស្សប ព្រះកប្បិន ព្រះអនុរុទ្ធដ៏ចំរើន នៅមានទៀតដែរឬទេ។ ព្រហ្មជាបរិស័ទនោះ ទទួលពាក្យព្រហ្មនោះថា អើលោកអ្នកនិទ៌ុក្ខ ដូច្នេះហើយ ក៏បាត់អំពីព្រហ្មលោកនោះ មកប្រាកដក្នុងទីចំពោះមុខព្រះមហាមោគ្គល្លានមានអាយុ ដោយឆាប់រហ័ស ដូចបុរសមានកំលាំង។បេ។
[៦១] លំដាប់នោះ ព្រហ្មជាបរិស័ទនោះ ក្រាបថ្វាយបង្គំព្រះមហាមោគ្គល្លានមានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ព្រហ្មជាបរិស័ទនោះ លុះឋិតនៅក្នុងទីសមគួរហើយ បានពោលពាក្យនេះ នឹងព្រះមហាមោគ្គល្លានមានអាយុថា បពិត្រលោកអ្នកនិទ៌ុក្ខ។បេ។ ព្រះអនុរុទ្ធ។
[៦២] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ បានពោលគាថា នឹងព្រហ្មជាបរិស័ទថា
សាវ័កទាំងឡាយរបស់ព្រះពុទ្ធ នៅមានច្រើនអង្គ ជាអ្នកមានវិជ្ជា៣ផង សម្រេចដោយឫទ្ធិផង ឈ្លាសក្នុងវារៈនៃចិត្តផង ជាព្រះអរហន្តខីណាស្រពផង។
[៦៣] លំដាប់នោះ ព្រហ្មជាបរិស័ទនោះ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះមហាមោគ្គល្លានមានអាយុហើយ ក៏ចូលទៅរកព្រហ្មនោះ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រហ្មនោះថា បពិត្រអ្នកនិទ៌ុក្ខ ព្រះមហាមោគ្គល្លានមានអាយុ មានថេរវាចាយ៉ាងនេះថា
សាវ័កទាំងឡាយរបស់ព្រះពុទ្ធ នៅមានច្រើនអង្គ ជាអ្នកមានវិជ្ជា៣ផង សម្រេចដោយឫទ្ធិផង ឈ្លាសក្នុងវារៈនៃចិត្តផង ជាព្រះអរហន្តខីណាស្រពផង។
[៦៤] ព្រហ្មជាបរិស័ទ បានពោលពាក្យនេះហើយ ចំណែកខាងព្រហ្មជាអ្នកមានសេចក្តីត្រេកអរ ក៏ត្រេកអរនឹងភាសិតរបស់ព្រហ្មជាបរិស័ទនោះ។
(៦. ព្រហ្មលោកសុត្តំ)
[៦៥] សាវត្ថីនិទាន។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាក ក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះឯង មានព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គទៀត ឈ្មោះសុទ្ធាវាស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។ គ្រានោះ ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម បាននិយាយនឹងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ដូច្នេះថា នែគ្នាយើង កាលនេះ ជាកាលមិនទាន់គួរនឹងចូលទៅគាល់ព្រះមានព្រះភាគនៅឡើយទេ ព្រោះព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ កំពុងសម្ងំនៅក្នុងឈានសមាបត្តិផង ចំណែកខាងព្រហ្មលោកឯណោះ ស្តុកស្តម្ភ (ដោយឈានសុខ) និងរីក (ដោយផ្កា គឺអភិញ្ញា) ប៉ុន្តែមានព្រហ្មក្នុងព្រហ្មលោកនោះ នៅដោយសេចក្តីប្រមាទផង នែគ្នាយើង មក យើងនឹងចូលទៅឯព្រហ្មលោកនោះវិញ លុះចូលទៅដល់ហើយ ត្រូវញុំាងព្រហ្មនោះឲ្យសង្វេគ។ ព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស បានទទួលស្តាប់ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្មថា យ៉ាងហ្នឹងហើយ គ្នាយើង។ លំដាប់នោះ ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ក៏ដូចជាបុរសមានកំលាំង។បេ។ បាត់អំពីទីចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ទៅប្រាកដក្នុងព្រហ្មលោកនោះ។ ព្រហ្មនោះ បានឃើញព្រហ្មទាំងពីរនោះ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏សួរព្រហ្មទាំងនោះ យ៉ាងនេះថា នែគ្នាយើងទាំងឡាយ អ្នកទាំងឡាយមកអំពីទីណាហ្ន៎។ ព្រហ្មទាំងពីរ ក៏ប្រាប់ថា ម្នាលគ្នាយើង យើងទើបនឹងមកអំពីសំណាក់ នៃព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ម្នាលគ្នាយើង ចុះអ្នកនឹងទៅកាន់ទីបំរើព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ឬទេ។
[៦៦] កាលបើព្រហ្មទាំងពីរ និយាយយ៉ាងនេះហើយ ព្រហ្មនោះ អត់ទ្រាំនឹងពាក្យនោះមិនបាន ក៏និមិ្មតខ្លួនចំនួនមួយពាន់ ហើយនិយាយនឹងព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម យ៉ាងនេះថា ម្នាលគ្នាយើង អ្នកឃើញឥទ្ធានុភាពរបស់ខ្ញុំ មានសភាពយ៉ាងនេះឬទេ។ សុព្រហ្មតបថា ម្នាលគ្នាយើង ខ្ញុំឃើញឥទ្ធានុភាពរបស់អ្នក មានសភាពយ៉ាងនោះហើយ។ ព្រហ្មនោះតបថា ម្នាលគ្នាយើង ខ្ញុំនោះឯង មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ខ្ញុំនឹងទៅកាន់ទីបំរើសមណៈ ឬព្រាហ្មណ៍ដទៃណាទៀត ម្តេចបាន។
[៦៧] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និម្មិតខ្លួនចំនួនពីរពាន់ ហើយនិយាយនឹងព្រហ្ម យ៉ាងនេះថា ម្នាលគ្នាយើង អ្នកឃើញឥទ្ធានុភាពរបស់ខ្ញុំនោះ មានសភាពយ៉ាងនេះឬទេ។ ព្រហ្មនោះតបថា ម្នាលគ្នាយើង ខ្ញុំឃើញឥទ្ធានុភាពរបស់អ្នក មានសភាពយ៉ាងនោះហើយ។ សុព្រហ្មតបថា ម្នាលគ្នាយើង ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គមានឫទ្ធិច្រើនបំផុត ទាំងមានអានុភាពច្រើនជាងអ្នកផង ជាងខ្ញុំផង ម្នាលគ្នាយើង អ្នកគួរមកកាន់ទីបំរើព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។
[៦៨] លំដាប់នោះឯង ព្រហ្មនោះ បានពោលនូវគាថា ចំពោះព្រហ្មមួយអង្គ ឈ្មោះសុព្រហ្មថា
រូបគ្រុឌបីរយ រូបហង្សបួនរយ រូបខ្លែងប្រាំរយ (នេះជាសម្បត្តិ ក្នុងវិមាន) របស់ខ្ញុំ ជាអ្នកមានឈាន នែព្រហ្ម វិមាននោះ ភ្លឺស្វាង រុងរឿង ក្នុងទិសខាងជើង។
[៦៩] សុព្រហ្មតបថា វិមានរបស់អ្នកនោះ ភ្លឺស្វាង រុងរឿង ក្នុងទិសខាងជើង ក៏មែនហើយ ប៉ុន្តែ អ្នកប្រាជ្ញ មានប្រាជ្ញាល្អ តែងឃើញទោសក្នុងរូបផង ឃើញរូបដែលញាប់ញ័រសព្វកាលផង ហេតុនោះ បានជាលោកមិនត្រេកអរក្នុងរូប។
[៧០] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ញុំាងព្រហ្មនោះ ឲ្យសង្វេគហើយ ក៏បាត់អំពីទីនោះទៅ។ លុះចំណេរតមក ព្រហ្មនោះ ក៏បានទៅកាន់ទីបំរើព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ។
(៧. កោកាលិកសុត្តំ)
[៧១] ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះ មានព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។
[៧២] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម ប្រារព្ធនឹងកោកាលិកភិក្ខុ ហើយពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
តើអ្នកប្រាជ្ញណា ក្នុងលោកនេះ កំណត់រាប់នូវគុណព្រះខីណាស្រព ដែលជាគុណរាប់មិនអស់បាន18) ខ្ញុំសំគាល់នូវបុថុជ្ជន ដែលថាអាចរាប់នូវគុណព្រះខីណាស្រព ជាគុណរាប់មិនអស់បាន (នោះ) ថាជាបុគ្គលល្ងង់ខ្លៅ។19)
(៨. កតមោទកតិស្សសុត្តំ)
[៧៣] ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។
[៧៤] គ្រានោះ ព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ប្រារព្ធនឹងភិក្ខុឈ្មោះកតមោរកតិស្សកៈ ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
តើអ្នកប្រាជ្ញណា ក្នុងលោកនេះ កំណត់រាប់នូវគុណព្រះខីណាស្រព ដែលជាគុណរាប់មិនអស់បាន ខ្ញុំសំគាល់នូវបុគ្គលឥតប្រាជ្ញា ដែលថាអាចរាប់គុណព្រះខីណាស្រព ជាគុណរាប់មិនអស់បាន (នោះ) ថាជាបុគ្គលល្ងង់ខ្លៅ។
(៩. តុរូព្រហ្មសុត្តំ)
[៧៥] ទៀបក្រុងសាវត្ថី… សម័យនោះឯង កោកាលិកភិក្ខុមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មមួយអង្គឈ្មោះ តុទុ មានរស្មីភ្លឺ រុងរឿង ញុំាងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ចូលទៅរកកោកាលិកភិក្ខុ លុះចូលទៅដល់ហើយ ក៏ឋិតនៅឰដ៏អាកាស បាននិយាយនឹងកោកាលិកភិក្ខុ យ៉ាងនេះថា នែកោកាលិក លោកចូរញុំាងចិត្ត ឲ្យជ្រះថ្លាក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ព្រោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុសួរថា ម្នាលអាវុសោ អ្នកជាអ្វី។ តុទុព្រហ្មតបថា ខ្លួនខ្ញុំជាព្រហ្មម្នាក់ឈ្មោះតុទុ។ កោកាលិកភិក្ខុ សួរថា ម្នាលអាវុសោ អ្នកឯង ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាអនាគាមិបុគ្គលហើយ ហេតុអ្វីក៏ឥឡូវនេះ អ្នកមកក្នុងទីនេះ។ តុទុព្រហ្មតបថា លោកចូរឃើញកំហុសរបស់លោកនេះចុះ។
[៧៦] បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួនដោយវាចាណា វាចានោះ ដូចជាផ្លែដឹង កើតក្នុងមាត់បុរស ដែលកើតហើយ អ្នកណាសរសើរបុគ្គល ដែលគួរនិន្ទា ឬនិន្ទាបុគ្គល ដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់ រមែងមិនបានសុខ ព្រោះទោសនោះ ការចាញ់ធន ព្រមទាំងទ្រព្យគ្រប់ចំពូក ព្រមទាំងខ្លួន ទៅលើល្បែងភ្នាល់ទាំងឡាយ ទោសនេះ ជាទោសមានប្រមាណតិចទេ បុគ្គលដែលញុំាងចិត្តឲ្យប្រទូស្ត ក្នុងបុគ្គលទាំងឡាយ ដែលមានគតិល្អ ទោសនេះឯង ទើបជាទោសធំជាង។ បុគ្គលតំកល់វាចា និងចិត្តអាក្រក់ ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ទៅកើតក្នុងនរកណា នរកនោះ មានអាយុចំនួនមួយសែន និងសាមសិបប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។
(១០. កោកាលិកសុត្តំ)
[៧៧] ទៀបក្រុងសាវត្ថី… លំដាប់នោះឯង កោកាលិកភិក្ខុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះកោកាលិកភិក្ខុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមក ប្រព្រឹត្តទៅតាមអំណាចសេចក្តីប្រាថ្នាលាមក។
[៧៨] កាលបើកោកាលិកភិក្ខុ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ យ៉ាងនេះថា ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបទូលព្រះមានព្រះភាគ ជាគំរប់ពីរដង យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលគួរជឿ គួរប្រតិបត្តិតាមរបស់ខ្ញុំ មានស្រាប់ហើយ សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមកពិតៗ ប្រព្រឹត្តទៅតាមអំណាចនៃសេចក្តីប្រាថ្នាដ៏លាមក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់ពីរដង យ៉ាងនេះថា ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានទៅចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបទូលព្រះមានព្រះភាគ ជាគំរប់បីដង យ៉ាងនេះថា។បេ។ ប្រព្រឹត្តទៅតាមអំណាចសេចក្តីប្រាថ្នា។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់បីដង យ៉ាងនេះថា។បេ។ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។
[៧៩] លំដាប់នោះឯង កោកាលិកភិក្ខុ ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ កោកាលិកភិក្ខុ ចេញទៅមិនយូរប៉ុន្មាន កាយទាំងមូល ក៏ចេញជាអុទ20) ប៉ុនៗគ្រាប់ស្ពៃ អុទដែលប៉ុនគ្រាប់ស្ពៃ ក្លាយឡើងប៉ុនៗគ្រាប់សណ្តែកបាយ អុទដែលប៉ុនគ្រាប់សណ្តែកបាយ ក្លាយឡើងប៉ុនៗគ្រាប់សណ្តែកកង់ អុទដែលប៉ុនគ្រាប់សណ្តែកកង់ ក្លាយឡើងប៉ុនៗគ្រាប់ពុទ្រា អុទដែលប៉ុនគ្រាប់ពុទ្រា ក្លាយឡើងប៉ុនៗផ្លែពុទ្រា អុទដែលប៉ុនផ្លែពុទ្រា ក្លាយឡើងប៉ុនៗផ្លែកន្ទួតព្រៃ អុទដែលប៉ុនផ្លែកន្ទួតព្រៃ ក្លាយឡើងប៉ុនៗក្តិបព្នៅ អុទដែលប៉ុនក្តិបព្នៅ ក្លាយឡើងប៉ុនៗផ្លែព្នៅ អុទដែលប៉ុនផ្លែព្នៅ ក៏បែកធ្លាយ ហូរខ្ទុះនិងឈាម។ គ្រានោះ កោកាលិកភិក្ខុ ក៏ធ្វើមរណកាល ដោយជម្ងឺនោះទៅ។ លុះកោកាលិកភិក្ខុ ធ្វើមរណកាលហើយ ទៅកើតក្នុងបទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន។
[៨០] លំដាប់នោះ លុះវេលារាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ។ លុះសហម្បតិព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចបាត់អំពីទីនោះ។
[៨១] លុះកន្លងរាត្រីនោះទៅ ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ក្នុងរាត្រីនេះ សហម្បតិព្រហ្ម មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឈរនៅក្នុងទីដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ លុះសហម្បតិព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ ទើបនិយាយពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ រួចក៏បាត់អំពីទីនោះទៅ។
[៨២] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រមាណអាយុក្នុងបទុមនរក តើយូរប៉ុន្មាន។ ម្នាលភិក្ខុ ប្រមាណអាយុក្នុង បទុមនរក យូរពន់ពេក ប្រមាណអាយុ ក្នុងបទុមនរកនោះ មិនអាចរាប់បានដោយងាយថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណោះរយឆ្នាំ ប៉ុណ្ណោះពាន់ឆ្នាំ ឬប៉ុណ្ណោះសែនឆ្នាំបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះអាចធ្វើឧបមាបានឬទេ។
[៨៣] ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុ តថាគត អាចធ្វើបាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុ ដូចជារទេះផ្ទុកគ្រាប់ល្ង របស់អ្នកដែនកោសល ដែលមានចំណុះ ២០ខារិ21) លុះដល់កន្លងទៅមួយរយឆ្នាំៗ បុរសចាប់យកគ្រាប់ល្ងមួយគ្រាប់ៗ អំពីរទេះនោះ ម្នាលភិក្ខុ រទេះល្ងរបស់អ្នកដែនកោសល ដែលមានចំណុះ ២០ខារិនោះ អស់រលីង ឥតសេសសល់ ដោយលំដាប់ នេះឆាប់ជាង នៅមិនទាន់ដល់នរកឈ្មោះ អព្វុទៈ មួយទេ ម្នាលភិក្ខុ ២០អព្វុទនរក ស្មើនឹង និរព្វុទនរក មួយ ម្នាលភិក្ខុ ២០និរព្វុទនរក ស្មើនឹង អពពនរក មួយ ម្នាលភិក្ខុ ២០អពពនរក ស្មើនឹង អដដនរក មួយ ម្នាលភិក្ខុ ២០អដដនរក ស្មើនឹង អហហនរក មួយ ម្នាលភិក្ខុ ២០អហហនរក ស្មើនឹង កុមុទនរក មួយ ម្នាលភិក្ខុ ២០កុមុទនរក ស្មើនឹង សោគន្ធិកនរក មួយ ម្នាលភិក្ខុ ២០សោគន្ធិកនរក ស្មើនឹង ឧប្បលកនរក មួយ ម្នាលភិក្ខុ ២០ឧប្បលកនរក ស្មើនឹង បុណ្ឌរីកនរក មួយ ម្នាលភិក្ខុ ២០បុណ្ឌរីកនរក ទើបស្មើនឹង បទុមនរក មួយ ម្នាលភិក្ខុ ចំណែកកោកាលិកភិក្ខុ ទៅកើតក្នុងនរក ឈ្មោះ បទុមៈ ព្រោះតែចងចិត្តអាឃាត ក្នុងសារីបុត្ត និងមោគ្គល្លាន។
[៨៤] ព្រះមានព្រះភាគ បានត្រាស់សូត្រនេះហើយ លុះព្រះសុគតជាសាស្តា ទ្រង់ត្រាស់សូត្រនេះរួចហើយ ទើបត្រាស់ពាក្យនេះ តទៅទៀតថា
បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួន ដោយវាចាណា វាចានោះ ដូចជាផ្លែដឹង កើតក្នុងមាត់បុរស ដែលកើតហើយ អ្នកណាសរសើរបុគ្គល ដែលគួរនិន្ទា ឬនិន្ទាបុគ្គលដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់ រមែងមិនបានសុខព្រោះទោសនោះ ការចាញ់ធន ព្រមទាំងទ្រព្យគ្រប់ចំពូក ព្រមទាំងខ្លួន ទៅលើល្បែងភ្នាល់ទាំងឡាយ ទោសនេះ ជាទោសមានប្រមាណតិចទេ បុគ្គលដែលញុំាងចិត្តឲ្យប្រទូស្ត ក្នុងបុគ្គលទាំងឡាយ ដែលមានគតិល្អ ទោសនេះឯង ទើបជាទោសធំជាង។ បុគ្គលតំកល់វាចា និងចិត្តអាក្រក់ ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ទៅកើតក្នុងនរកណា នរកនោះ មានអាយុចំនួនមួយសែន និងសាមសិបប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។
ចប់ អាយាចនវគ្គ។
ឧទ្ទាននៃអាយាចនវគ្គនោះ គឺ
អាយាចនសូត្រ១ គារវសូត្រ១ ព្រហ្មទេវសូត្រ១ ពកព្រហ្មសូត្រ១ អបរាទិដ្ឋិសូត្រ១ បមាទសូត្រ១ បឋមកោកាលិកសូត្រ១ តិស្សកសូត្រ១ តុទុព្រហ្មសូត្រ១ ទុតិយកោកាលិកសូត្រដទៃទៀត១។