km:tipitaka:sut:sn:06:sut.sn.06.v02



ព្រហ្មបញ្ចកៈ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 06.v02 បាលី cs-km: sut.sn.06.v02 អដ្ឋកថា: sut.sn.06.v02_att PTS: ?

ព្រហ្មបញ្ចកៈ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. ទុតិយវគ្គោ)

សនង្កុមារសូត្រ ទី១

(១. សនង្កុមារសុត្តំ)

[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរឆ្នេរស្ទឹង ឈ្មោះសប្បិនី ទៀបក្រុងរាជគ្រឹះ។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មឈ្មោះ សនង្កុមារ មានរស្មីដ៏ល្អ ញុំាងឆ្នេរស្ទឹងសប្បិនីទាំងមូល ឲ្យភ្លឺស្វាង រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីសមគួរ។

[៨៦] លុះសនង្កុមារព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់ព្រះមានព្រះភាគថា

ពួកជនដែលអាស្រ័យនូវគោត្រ មានតែក្សត្រិយ៍ប្រសើរបំផុតក្នុងប្រជុំជន ចំណែកខីណាសវព្រាហ្មណ៍ អ្នកបរិបូណ៌ដោយវិជ្ជា និងចរណៈ ប្រសើរបំផុតក្នុងពួកទេវតា និងមនុស្ស។

[៨៧] លុះសនង្កុមារព្រហ្ម បានពោលគាថានេះហើយ ព្រះសាស្តា ទ្រង់ពេញព្រះហឫទ័យ។ លំដាប់នោះឯង សនង្កុមារព្រហ្មដឹងថា ព្រះសាស្តារបស់អាត្មាអញ ទ្រង់ពេញព្រះហឫទ័យ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះទៅ។

ទេវទត្តសូត្រ ទី២

(២. ទេវទត្តសុត្តំ)

[៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ កាលដែលទេវទត្ត ចៀសចេញទៅមិនយូរប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីដ៏ល្អ ញុំាងភ្នំគិជ្ឈកូដទាំងមូល ឲ្យភ្លឺស្វាង ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរនៅក្នុងទីសមគួរ។

[៨៩] លុះសហម្បតិព្រហ្ម ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់ព្រះមានព្រះភាគ ប្រារព្ធនឹងទេវទត្តថា

ផ្លែចេក សម្លាប់ដើមចេក ផ្លែឫស្សី សម្លាប់ដើមឫស្សី ផ្លែបបុស សម្លាប់ដើមបបុស គ្រឿងសក្ការៈ សម្លាប់បុរសខូច ដូចជាគភ៌ សម្លាប់មេសេះអស្សតរ។

អន្ធកវិន្ទសូត្រ ទី៣

(៣. អន្ធកវិន្ទសុត្តំ)

[៩០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុក អន្ធកវិន្ទៈ ក្នុងដែនមគធៈ។ សម័យនោះឯង ព្រះមានព្រះភាគ គង់ក្នុងទីវាល ក្នុងវេលារាត្រីងងឹតអ័ព្ទ។ ភ្លៀងក៏ធ្លាក់ស្រិបៗ។ គ្រានោះ លុះវេលារាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីដ៏ល្អ ញុំាងស្រុកអន្ធកវិន្ទៈទាំងមូល ឲ្យភ្លឺស្វាង រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីសមគួរ។

[៩១] លុះសហម្បតិព្រហ្ម ឈរក្នុងទីសមគួរហើយ ក៏បានពោលគាថាទាំងឡាយនេះ ក្នុងសំណាក់ព្រះមានព្រះភាគថា

ភិក្ខុគួរសេពសេនាសនៈស្ងាត់ គួរប្រព្រឹត្តឲ្យរួចស្រឡះ ចាកសំយោជនៈ បើមិនបានសេចក្តីត្រេកអរ ក្នុងសេនាសនៈនោះទេ ក៏គួរនៅក្នុងពួកចុះ តែថា ត្រូវរក្សាខ្លួន ត្រូវមានស្មារតី ភិក្ខុកាលត្រាច់ទៅបិណ្ឌបាត អំពីត្រកូលមួយ ទៅត្រកូលមួយ ត្រូវរក្សាឥន្ទ្រិយ ត្រូវមានប្រាជ្ញា មានស្មារតី ហើយគួរសេពសេនាសនៈស្ងាត់ ក្នុងទីណាមានពួកពស់តូច ពស់ធំ ជាសត្វទីឃជាតិ ដែលគួរខ្លាច ផ្លេកបន្ទោរកំពុងតែឆ្វៀលឆ្វាត់ មេឃកំពុងតែគ្រហឹម ក្នុងរាត្រីដែលងងឹតអ័ព្ទ ភិក្ខុអ្នករួចស្រឡះចាកភ័យ ចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ដែលឥតភ័យ ក៏អស់ព្រឺព្រួចរោមហើយ អង្គុយក្នុងទីទាំងនោះបាន មួយទៀត ហេតុនេះ ខ្ញុំឃើញច្បាស់ហើយ ខ្ញុំមិនមែននិយាយផ្តេសផ្តាសទេ ក្នុងព្រហ្មចរិយៈ គឺធម្មទេសនាម្តង បានពួកលោក ដែលលះបង់ នូវមច្ចុបានមួយពាន់ បានពួកលោកជាសេក្ខៈជាងប្រាំរយ ក៏មាន រយដប់ក៏មាន លោកទាំងអស់នោះ បានដល់នូវខ្សែអរិយមគ្គហើយ មិនទៅកើតជាសត្វតិរច្ឆានទេ មួយទៀត ចិត្តខ្ញុំគិតថា ពួកសត្វក្រៅពីសេក្ខៈនេះ សុទ្ធតែជាអ្នកបានចំណែកបុណ្យ តែខ្ញុំមិនអាចនឹងរាប់បាន ព្រោះខ្លាចមុសាវាទ។

អរុណវតីសូត្រ ទី៤

(៤. អរុណវតីសុត្តំ)

[៩២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី។បេ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស។

[៩៣] ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានព្រះរាជា ឈ្មោះ អរុណវន្ត។ ម្នាលភិក្ខុទាំងឡាយ ក៏ព្រះរាជាអរុណវន្ត មានរាជធានីឈ្មោះ អរុណវតី។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ព្រះនាមសិខី បានគង់អាស្រ័យនូវអរុណវតីរាជធានី។ ម្នាលភិក្ខុទាំងឡាយ សាវ័កមួយគូ ឈ្មោះ អភិភូ និង សម្ភវៈ ជាគូដ៏ប្រសើរ ជាគូដ៏ចំរើន របស់ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ បានត្រាស់ហៅភិក្ខុឈ្មោះ អភិភូ ថា ម្នាលព្រាហ្មណ៍ មក យើងនឹងចូលទៅកាន់ព្រហ្មលោកណាមួយ ទំរាំដល់ពេលភត្ត។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ និងអភិភូភិក្ខុ ក៏បាត់អំពីអរុណវតីរាជធានី ទៅប្រាកដក្នុងព្រហ្មលោកនោះ ដូចជាបុរសមានកម្លាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលំដាប់នោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ត្រាស់នឹងអភិភូភិក្ខុថា ម្នាលព្រាហ្មណ៍ អ្នកចូរសំដែងនូវធម្មីកថា ដល់ព្រហ្មផង ដល់បរិស័ទរបស់ព្រហ្មផង ដល់អ្នកបំរើរបស់ព្រហ្មផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះ អភិភូ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយញុំាងព្រហ្មផង ញុំាងបរិស័ទរបស់ព្រហ្មផង ញុំាងអ្នកបំរើរបស់ព្រហ្មផង ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។

[៩៥] ម្នាលភិក្ខុទាំងឡាយ បានឮមក ក្នុងរឿងនោះថា ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ពោលទោស តិះដៀល និន្ទាថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ ព្រះសាស្តា គង់នៅក្នុងទីចំពោះមុខ មិនសមបីបើសាវ័ក ហ៊ានសំដែងធម៌សោះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ត្រាស់នឹងអភិភូភិក្ខុថា ម្នាលព្រាហ្មណ៍ ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្មទាំងនោះ ពោលទោសថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ ព្រះសាស្តា គង់នៅក្នុងទីចំពោះមុខ មិនសមបីបើសាវ័ក ហ៊ានសំដែងធម៌សោះ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរញុំាងព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ឲ្យសង្វេគក្រៃលែងជាងប្រមាណចុះ។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយមានកាយប្រាកដ សំដែងធម៌ខ្លះ មានកាយមិនប្រាកដ សំដែងធម៌ខ្លះ មានកាយពាក់កណ្តាលខាងក្រោមប្រាកដ តែកាយពាក់កណ្តាលខាងលើ មិនប្រាកដ សំដែងធម៌ខ្លះ មានកាយពាក់កណ្តាលខាងលើប្រាកដ តែកាយពាក់កណ្តាលខាងក្រោម មិនប្រាកដ សំដែងធម៌ខ្លះ។

[៩៦] ម្នាលភិក្ខុទាំងឡាយ បានឮមក ក្នុងរឿងនោះថា ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម មានសេចក្តីអស្ចារ្យចំឡែក កើតឡើងក្នុងចិត្តថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ សមណៈមានឫទ្ធិច្រើន មានអានុភាពច្រើន។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អភិភូភិក្ខុ បានក្រាបទូលព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ធ្លាប់ពោលវាចា មានសភាពយ៉ាងនេះ ក្នុងកណ្តាលភិក្ខុសង្ឃថា ម្នាលអាវុសោទាំងឡាយ ខ្ញុំឋិតនៅក្នុងព្រហ្មលោក អាចញុំាងលោកធាតុ ទាំងមួយពាន់ ឲ្យដឹងច្បាស់ ដោយសំឡេងបាន។ ម្នាលព្រាហ្មណ៍ កាលនេះគួរហើយ ម្នាលព្រាហ្មណ៍ កាលនេះគួរហើយ ម្នាលព្រាហ្មណ៍ អ្នកឋិតនៅក្នុងព្រហ្មលោកហើយ គប្បីញុំាងលោកធាតុទាំងមួយពាន់ ឲ្យដឹងច្បាស់ ដោយសំឡេងចុះ។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយឋិតនៅក្នុងព្រហ្មលោក បានពោលគាថា ទាំងនេះថា

អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹងប្រែង ចូរប្រកបព្យាយាម ក្នុងពុទ្ធសាសនា ចូរកំចាត់បង់សេនានៃមច្ចុ ដូចជាកុញ្ជរ ញាំញីផ្ទះបបុស អ្នកណាមិនប្រហែស ក្នុងធម្មវិន័យនេះ អ្នកនោះនឹងលះបង់នូវជាតិសង្សារ ហើយធ្វើនូវទីបំផុតទុក្ខបាន។

[៩៧] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ និងអភិភូភិក្ខុ ញុំាងព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ឲ្យសង្វេគហើយ បាត់អំពីព្រហ្មលោកនោះ មកប្រាកដក្នុងអរុណវតីរាជធានីវិញ ដោយឆាប់រហ័ស ប្រៀបដូចជា។បេ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលនូវគាថាទាំងឡាយ អ្នកទាំងឡាយ បានឮដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ ពួកយើងខ្ញុំព្រះអង្គបានឮដែរ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលនូវគាថាទាំងឡាយ អ្នកទាំងឡាយ បានឮពាក្យថាដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ ពួកយើងខ្ញុំព្រះអង្គ បានឮយ៉ាងនេះថា

អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹងប្រែង ចូរប្រកបព្យាយាម ក្នុងពុទ្ធសាសនា ចូរកំចាត់បង់សេនានៃមច្ចុ ដូចជាកុញ្ជរ ញាំញីផ្ទះបបុស អ្នកណាមិនប្រហែស ក្នុងធម្មវិន័យនេះ អ្នកនោះ នឹងលះបង់នូវជាតិសង្សារ ហើយធ្វើនូវទីបំផុតទុក្ខបាន បពិត្រព្រះអង្គដ៏ចំរើន កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ ពួកយើងខ្ញុំព្រះអង្គ បានឮយ៉ាងនេះឯង។

[៩៨] ម្នាលភិក្ខុទាំងឡាយ ល្អហើយ ល្អហើយ ម្នាលភិក្ខុទាំងឡាយ ពិតជាប្រពៃហើយ កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ អ្នកទាំងឡាយបានឮ។ ព្រះមានព្រះភាគ ត្រាស់ព្រះពុទ្ធដីកានេះហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

បរិនិព្វានសូត្រ ទី៥

(៥. បរិនិព្វានសុត្តំ)

[៩៩] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងចន្លោះដើមសាលព្រឹក្សទាំងគូ ក្នុងសាលវ័ន របស់ពួកមល្លក្សត្រិយ៍ ដែលជាទីបត់ចូលទៅក្នុងក្រុងកុសិនារា ក្នុងសម័យជាទីបរិនិព្វាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក៏ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយថា សង្ខារទាំងឡាយ មានសេចក្តីសាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញុំាងកិច្ចទាំងពួង ឲ្យសម្រេច ដោយសេចក្តីមិនប្រហែសចុះ។ នេះជាបច្ឆិមវាចា របស់ព្រះតថាគត។

[១០០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលបឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ចូលអាកាសានញ្ចាយតនជ្ឈាន ចេញអំពីអាកាសានញ្ចាយតនជ្ឈាន ចូលវិញ្ញាណញ្ចាយតនជ្ឈាន ចេញអំពីវិញ្ញាណញ្ចាយតនជ្ឈាន ចូលអាកិញ្ចញ្ញាយតនជ្ឈាន ចេញអំពីអាកិញ្ចញ្ញាយតនជ្ឈាន ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ចេញអំពីនេវសញ្ញានាសញ្ញាយតនជ្ឈាន ចូលសញ្ញាវេទយិតនិរោធ ចេញអំពីសញ្ញាវេទយិតនិរោធ ត្រឡប់ចូលនេវសញ្ញានាសញ្ញាយតនជ្ឈានវិញ ចេញអំពីនេវសញ្ញានាសញ្ញាយតនជ្ឈាន ចូលអាកិញ្ចញ្ញាយតនជ្ឈាន ចេញអំពីអាកិញ្ចញ្ញាយតនជ្ឈាន ចូលវិញ្ញាណញ្ចាយតនជ្ឈាន ចេញអំពីវិញ្ញាណញ្ចាយតនជ្ឈាន ចូលអាកាសានញ្ចាយតនជ្ឈាន ចេញអំពីអាកាសានញ្ចាយតនជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលបឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ក្នុងចន្លោះ។

[១០១] កាលព្រះមានព្រះភាគ បរិនិព្វានហើយ សហម្បតិព្រហ្ម ពោលគាថានេះ ដំណាលគ្នានឹងការបរិនិព្វានថា

ព្រះតថាគត ជាសាស្តា មានគុណប្រាកដ ដូច្នេះ មិនមានបុគ្គលប្រៀបផ្ទឹមបានក្នុងលោក ទ្រង់ដល់នូវកម្លាំង នៃញាណ ត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់បរិនិព្វានហើយក្នុងលោកណា ពួកសត្វទាំងអស់ នឹងដាក់ចុះនូវរាងកាយ ក្នុងលោក (នោះ) មិនខានឡើយ។

[១០២] កាលព្រះមានព្រះភាគ បរិនិព្វានហើយ សក្កៈ ជាធំជាងទេវតាទាំងឡាយ ពោលគាថានេះ ដំណាលគ្នានឹងការបរិនិព្វានថា

សង្ខារទាំងឡាយ មិនទៀងទេហ្ន៎ មានការកើតឡើង និងការសូន្យទៅវិញ ជាធម្មតា លុះកើតឡើងហើយ ក៏រលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ។

[១០៣] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះអានន្ទមានអាយុ ពោលគាថានេះ ដំណាលគ្នានឹងការបរិនិព្វានថា

កាលដែលព្រះសម្ពុទ្ធ ប្រកបដោយហេតុដ៏ប្រសើរគ្រប់យ៉ាង ទ្រង់បរិនិព្វានហើយ សេចក្តីខ្លាចនោះ សេចក្តីព្រឺរោមនោះ ក៏តែងកើតមានប្រាកដ។

[១០៤] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះអនុរុទ្ធមានអាយុ ក៏ពោលគាថាទាំងនេះ ដំណាលគ្នានឹងការបរិនិព្វានថា

ខ្យល់អស្សាសៈ និងបស្សាសៈ របស់ព្រះសម្ពុទ្ធ ដែលមានព្រះហឫទ័យខ្ជាប់ខ្ជួន នឹងធឹង មិនមានទេ ព្រះសម្ពុទ្ធ ទ្រង់មិនញាប់ញ័រដោយតណ្ហាទេ ទ្រង់ប្រារព្ធសេចក្តីស្ងប់ គឺអនុបាទិសេសនិព្វាន ទ្រង់មានបញ្ញាចក្ខុ បរិនិព្វានហើយ ទ្រង់អត់សង្កត់នូវវេទនា ដោយព្រះហឫទ័យមិនបានរួញរា មានព្រះហឫទ័យរួចស្រឡះ ដូចជាប្រទីបរលត់ហើយ។

ចប់ ព្រហ្មបញ្ចកៈ។

ឧទ្ទាននៃព្រហ្មបញ្ចកៈនោះ គឺ

សនង្កុមារព្រហ្មសូត្រ១ ទេវទត្តសូត្រ១ អន្ធកវិន្ទសូត្រ១ អរុណវតីសូត្រ១ និងបរិនិព្វានសូត្រ១ នេះឈ្មោះថា ព្រហ្មបញ្ចកៈ ដែលព្រះមានព្រះភាគ សំដែងហើយ។

ឧទ្ទាន ក្នុងព្រហ្មសំយុត្តនោះ គឺ

ព្រហ្មាយាចនសូត្រ១ គាវរសូត្រ១ ព្រហ្មទេវសូត្រ១ ពកព្រហ្មសូត្រ១ ព្រហ្មដទៃទៀត ក្នុងអបរាទិដ្ឋិសូត្រ១ រឿងព្រហ្មលោកក្នុងបមាទសូត្រ១ បឋមកោកាលិកសូត្រ១ អាឡវិកៈ (តិស្សកៈ)សូត្រ១ តុទុព្រហ្មសូត្រ១ កោកាលិកភិក្ខុសូត្រ១ សនង្កុមារសូត្រ១ ទេវទត្តសូត្រ១ អន្ធកវិន្ទសូត្រ១ អរុណវតីសូត្រ១ បរិនិព្វានសូត្រ១ ត្រូវជា១៥ លំដាប់បាលី ដែលមានមក ប្រាកដដូច្នេះឯង។

ចប់ ព្រហ្មសំយុត្ត។

 

លេខយោង

km/tipitaka/sut/sn/06/sut.sn.06.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann