km:tipitaka:sut:sn:07:sut.sn.07.009



សុន្ទរិកសូត្រ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 07.009 បាលី cs-km: sut.sn.07.009 អដ្ឋកថា: sut.sn.07.009_att PTS: ?

សុន្ទរិកសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. សុន្ទរិកសុត្តំ)

[១៣៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបឆ្នេរស្ទឹងសុន្ទរិកា ក្នុងដែនកោសល។ សម័យនោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ តែងបូជាភ្លើង បំរើនូវការបូជាភ្លើង ទៀបឆ្នេរស្ទឹងសុន្ទរិកា។ លុះសុន្ទរិកភារទ្វាជព្រាហ្មណ៍ បូជាភ្លើង បំរើនូវការបូជាភ្លើងហើយ ក៏ក្រោកអំពីអាសនៈ ងាកមើលជុំទិសទាំងបួន គិតថា អ្នកណាហ្ន៎ គួរបរិភោគនូវបាយាស ដែលសល់ពីបូជានេះ។

[១៣៨] សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ ទ្រង់គង់ទទូរព្រះសិរ ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏កាន់នូវបាយាស ដែលសល់អំពីការបូជា ដោយដៃឆ្វេង ហើយកាន់នូវកុណ្ឌីទឹក ដោយដៃស្តាំ ចូលទៅរកព្រះមានព្រះភាគ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់បើកព្រះសិរ ដោយឮសូរជើង នៃសុន្ទរិកភារទ្វាជព្រាហ្មណ៍។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏ពោលថា លោកដ៏ចំរើននេះ ក្បាលត្រងោល លោកដ៏ចំរើននេះ ក្បាលត្រងោល ដូច្នេះហើយ ចង់ត្រឡប់អំពីទីនោះមកវិញ។ ទើបសុន្ទរិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រាហ្មណ៍ទាំងឡាយពួកមួយ ក្នុងលោកនេះ មានក្បាលត្រងោលដែរ បើដូច្នោះ មានតែអាត្មាអញ ត្រូវចូលទៅរកលោកដ៏ចម្រើននោះ ហើយសួរនូវជាតិវិញ។ លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា លោកដ៏ចំរើន ជាជាតិអ្វី។

[១៣៩] ព្រះអង្គត្រាស់ថា ចូរអ្នកកុំសួររកជាតិឡើយ ចូរសួរតែការប្រព្រឹត្តវិញ ភ្លើងតែងកើតអំពីឈើ ឯអ្នកប្រាជ្ញ ទោះបីកើតក្នុងត្រកូលទាប ក៏គង់មានសេចក្តីព្យាយាម ជាបុរសអាជានេយ្យ ជាអ្នកហាមឃាត់ នូវបាបដោយហិរិ ទូន្មានដោយបរមត្ថសច្ចៈ ប្រកបដោយការទូន្មាន នូវឥន្ទ្រិយ ដល់នូវទីបំផុតនៃចតុវេទ គឺមគ្គ៤ មានព្រហ្មចរិយៈនៅរួចហើយ បុគ្គលណាតាក់តែងនូវយ័ញ្ញ ជនគប្បីហៅបុគ្គលនោះ (ថាជាព្រាហ្មណ៍ដ៏ឧត្តម) បុគ្គលនោះ រមែងបូជានូវទក្ខិណេយ្យបុគ្គលទាំងឡាយ តាមកាល។

[១៤០] សុន្ទរិកភារទ្វាជព្រាហ្មណ៍ពោលថា វត្ថុនេះ ខ្ញុំបូជាហើយដោយប្រពៃ វត្ថុនេះ ខ្ញុំគំនាប់ហើយដោយប្រពៃ ដោយពិត ខ្ញុំមិនបានឃើញបុគ្គលណា ដែលដល់នូវវេទ ដូចជាព្រះអង្គសោះ ព្រោះថាជនឯទៀត លុះតែមិនឃើញពួកបុគ្គលដូចជាព្រះអង្គ ទើបបរិភោគបាយាស ដែលសល់អំពីការបូជា។

សូមព្រះគោតមដ៏ចំរើន ជាព្រាហ្មណ៍ដ៏ចំរើន បរិភោគចុះ។

[១៤១] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន ដែលបានអំពីការពោលគាថា ដូចជាចម្រៀងទេ ម្នាលព្រាហ្មណ៍ ធម៌នេះ មិនមែនជាធម៌ របស់ពួកបុគ្គលអ្នកឃើញធម៌អាថ៌ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់ នូវការពោលគាថា ដូចជាចម្រៀង ម្នាលព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯង ជាការចិញ្ចឹមជីវិត ចូរអ្នកទំនុកបម្រុងព្រះខីណាស្រព ដែលមានគុណបរិបូណ៌ អ្នកស្វែងរកនូវគុណដ៏ធំ អ្នករម្ងាប់នូវសេចក្តីរពឹស ដោយបាយ និងទឹកដទៃចុះ ព្រោះថា នោះជាខេត្ត របស់បុគ្គលអ្នកប្រាថ្នានូវបុណ្យ។

[១៤២] បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះអង្គ នឹងឲ្យនូវបាយាស ដែលសល់អំពីការបូជានេះ ដល់អ្នកណា។ ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញមានបុគ្គលណា ដែលបរិភោគបាយាសសល់អំពីការបូជា ហើយគប្បីដល់ នូវការទ្រុឌទ្រោមទៅ ដោយស្រួល ក្រៅពីតថាគត ឬក្រៅពីសាវ័កតថាគតនោះឡើយ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចាក់ចោល នូវបាយាស ដែលសល់អំពីការបូជានោះ ក្នុងទីគ្មានស្មៅស្រស់ ឬបាចទៅក្នុងទឹកដែលគ្មានសត្វចុះ។

[១៤៣] លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏បាចបាយយាស ដែលសល់អំពីការបូជានោះ ទៅក្នុងទឹកដែលគ្មានសត្វ។ បាយាស ដែលសល់អំពីការបូជានោះ លុះព្រាហ្មណ៍បានបាចទៅក្នុងទឹកហើយ ក៏ធ្វើសំឡេងឮវិចិដ វិដិចិដ ហុយផ្សែងឡើង ហុយផ្សែងថ្គោល។ ដូចជាផាល គេហាលអស់មួយថ្ងៃ ហើយដាក់ទៅក្នុងទឹក ធ្វើនូវសំឡេងឮវិចិដ វិដិចិដ ហុយផ្សែងឡើង ហុយផ្សែងថ្គោល យ៉ាងណាមិញ បាយាស ដែលសល់អំពីការបូជានោះ ព្រាហ្មណ៍បានបាចទៅក្នុងទឹកហើយ ធ្វើនូវសំឡេងឮវិចិដ វិដិចិដ ហុយផ្សែងឡើង ហុយផ្សែងថ្គោល យ៉ាងនោះឯង។ លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីសង្វេគ កើតសេចក្តីព្រឺរោម ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឋិតនៅក្នុងទីសមគួរ។

[១៤៤] លុះសុន្ទរិកភារទ្វាជព្រាហ្មណ៍ ឋិតក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ដោយព្រះគាថាទាំងឡាយថា

ម្នាលព្រាហ្មណ៍ អ្នកកុំដុតឧស សំគាល់ថាបរិសុទ្ធឡើយ ព្រោះថាការដុតនុ៎ះ ជាខាងក្រៅទេ បុគ្គលណា ប្រាថ្នានូវសេចក្តីបរិសុទ្ធិខាងក្រៅ អ្នកប្រាជ្ញទាំងឡាយ មិនហៅនូវបុគ្គលនោះ ថាមានសេចក្តីបរិសុទ្ធិ ព្រោះហេតុនោះឡើយ ម្នាលព្រាហ្មណ៍ តថាគត លះបង់នូវការដុតឧសហើយ ដុតតែភ្លើងខាងក្នុងទេ តថាគត មានភ្លើងរុងរឿងជានិច្ច មានចិត្តតាំងមាំជានិច្ច ជាអរហន្ត ប្រព្រឹត្តនូវព្រហ្មចរិយៈ ម្នាលព្រាហ្មណ៍ មានះរបស់អ្នក ដូចជាអម្រែកដ៏ធ្ងន់ សេចក្តីក្រោធ ដូចជាផ្សែង ពាក្យកុហក ដូចជាផែះ អណ្តាត ដូចជាវែក ហទយវត្ថុ ដូចជាកន្លែងភ្លើង ចិត្តដែលបុគ្គលទូន្មានល្អហើយ ដូចជាភ្លើងរបស់បុរស ពួកបុគ្គលដល់នូវវេទ ងូតក្នុងអន្លង់ណា មិនទទឹកខ្លួនសោះ តែងឆ្លងដល់ត្រើយ គឺព្រះនិព្វាន ម្នាលព្រាហ្មណ៍ អន្លង់នោះ គឺធម៌ មានសីលជាកំពង់ មិនល្អក់ ដែលសប្បុរសទាំងឡាយ សរសើរហើយ ថាជារបស់សប្បុរសទាំងឡាយ ម្នាលព្រាហ្មណ៍ សច្ចៈក្តី ធម្មៈក្តី1) សំយមៈក្តី2) ព្រហ្មចរិយៈក្តី ជាធម្មជាត តាំងនៅជាកណ្តាល ជាចំណែកដ៏ប្រសើរ ចូរអ្នកធ្វើនូវការនមស្ការ ចំពោះព្រះខីណាស្រព ដែលមានចិត្តស្លូតត្រង់ទាំងឡាយចុះ តថាគត ហៅជននោះ ថាជាអ្នករឭកនូវធម៌ ដូច្នេះឯង។

[១៤៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយរូបដែរ។

 

លេខយោង

1)
ធម្មៈ បានដល់ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។
2)
ការសង្រួម បានដល់ សម្មាកម្មន្តៈ សម្មាអាជីវៈ។
km/tipitaka/sut/sn/07/sut.sn.07.009.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann