(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 07.010 បាលី cs-km: sut.sn.07.010 អដ្ឋកថា: sut.sn.07.010_att PTS: ?
ពហុធិតិសូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១០. ពហុធីតរសុត្តំ)
[១៤៦] សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ព្រាហ្មណ៍ម្នាក់ជាភារទ្វាជគោត្រ មានគោចំនួន១៤ បាត់រកមិនទាន់ឃើញ។
[១៤៧] គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ដើររកគោទាំងនោះ ក៏ចូលទៅកាន់ដងព្រៃនោះ លុះចូលទៅដល់ហើយ បានឃើញព្រះមានព្រះភាគ គង់ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តម្កល់ព្រះស្មារតី ឆ្ពោះទៅរកព្រះកម្មដ្ឋាន ក្នុងដងព្រៃនោះ លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានពោលនូវគាថាទាំងឡាយនេះ ក្នុងសំណាក់ព្រះមានព្រះភាគថា
គោទាំង១៤ ដែលរកមិនឃើញអស់៦ថ្ងៃ នឹងថ្ងៃនេះហើយ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ ល្ងសូម្បីមានតែស្លឹកមួយ ឬមានស្លឹកពីរដែលខូចក្នុងចម្ការ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ កណ្តុរទាំងឡាយ រាំរែកដោយការលោតលេង ក្នុងជង្រុកទទេ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ កម្រាលដែលក្រាលចោលប្រាំពីរខែ សឹងដេរដាសដោយបាណកជាតិទាំងឡាយ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ កូនប្រុស កូនស្រី ដែលពោះម៉ាយ ឬមេម៉ាយ មានកូនមួយ ឬមានកូនពីរ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ ស្រមោច ដែលមានខ្លួនសៅហ្មង ដោយប្រជ្រុយ1) យកជើងបៀតបៀន នូវសេចក្តីលក់ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ ម្ចាស់បំណុល របស់សមណៈនេះ មកទារថា អ្នកចូរឲ្យមក ចូរឲ្យមក ដូច្នេះ ក្នុងបច្ចូសសម័យ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ។
[១៤៨] ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ គោ១៤ ដែលរកមិនឃើញអស់៦ថ្ងៃ នឹងថ្ងៃនេះហើយ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ល្ងសូម្បីមានតែស្លឹកមួយ ឬមានស្លឹកពីរ ដែលខូចក្នុងចម្ការ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កណ្តុរទាំងឡាយ រាំរែកដោយការលោតលេង ក្នុងជង្រុកទទេ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កម្រាលដែលក្រាលចោល៧ខែ សឹងដេរដាសដោយបាណកជាតិទាំងឡាយ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កូនប្រុស កូនស្រី ដែលពោះម៉ាយ ឬមេម៉ាយ មានកូនមួយ ឬមានកូនពីរ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ស្រមោចដែលមានខ្លួនសៅហ្មង ដោយប្រជ្រុយ យកជើងបៀតបៀននូវសេចក្តីលក់ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ម្ចាស់បំណុលរបស់តថាគត មកទារថា អ្នកចូរឲ្យមក ចូរឲ្យមក ដូច្នេះ ក្នុងបច្ចូសសម័យ ក៏មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ។
[១៤៩] កាលព្រះមានព្រះភាគ ទ្រង់បានត្រាស់យ៉ាងនេះហើយ ភារទ្វាជគោត្តព្រាហ្មណ៍ ក៏បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាស ដោយអនេកបរិយាយ ដូចជាបុគ្គលធ្វើរបស់ដែលផ្កាប់ ឲ្យផ្ងារឡើង ឬដូចជាបើកបង្ហាញរបស់ដែលបិទបាំង ឬដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សដែលមានភ្នែក នឹងមើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាទីពឹង ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។ ភារទ្វាជគោត្តព្រាហ្មណ៍ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ លុះភារទ្វាជៈមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏គេចចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានតែព្យាយាម ជាគ្រឿងដុតនូវកិលេស មានខ្លួនបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ភារទ្វាជៈ មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ កិច្ចដែលគួរធ្វើ អាត្មាអញ ក៏បានធ្វើរួចហើយ កិច្ចឯទៀតក្រៅពីនេះ មិនមានឡើយ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជៈមានអាយុ ក៏បានជាព្រះអរហន្តមួយដែរ។
ចប់ អរហន្តវគ្គ ទី១។
បញ្ជីរឿងនៃអរហន្តវគ្គនោះគឺ
ធនញ្ជានីសូត្រ១ អក្កោសសូត្រ១ អសុរិន្ទសូត្រ១ ពិលង្គិកសូត្រ១ អហឹសកសូត្រ១ ជដាសូត្រ១ សុទ្ធិកសូត្រ១ អគ្គិកសូត្រ១ សុន្ទរិកសូត្រ១ ពហុធិតិសូត្រ១ ត្រូវជា១០សូត្រ។