km:tipitaka:sut:sn:07:sut.sn.07.013



ទេវហិតសូត្រ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 07.013 បាលី cs-km: sut.sn.07.013 អដ្ឋកថា: sut.sn.07.013_att PTS: ?

ទេវហិតសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. ទេវហិតសុត្តំ)

[១៦១] ព្រះសាស្តា ទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់មានព្រះអាពាធដោយខ្យល់ ក្នុងព្រះឧទរ។ ព្រះឧបវាណៈមានអាយុ ជាអ្នកបំរើព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះឧបវាណៈមានអាយុមកថា ម្នាលឧបវាណៈ អ្នកចូរដឹងនូវទឹកក្តៅ ដល់តថាគតចុះ។ ព្រះឧបវាណៈមានអាយុ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូរទៅកាន់លំនៅរបស់ទេវហិតព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏ឈរស្ងៀមក្នុងទីសមគួរ។

[១៦២] ទេវហិតព្រាហ្មណ៍ បានឃើញព្រះឧបវាណៈមានអាយុ ឈរស្ងៀមក្នុងទីសមគួរ លុះឃើញហើយ បានពោលនឹងព្រះឧបវាណៈមានអាយុ ដោយគាថាថា

អ្នកត្រងោលដ៏ចំរើន ឃ្លុំសង្ឃាដី ឈរនៅស្ងៀម ប្រាថ្នាអ្វី ស្វែងរកអ្វី មកដើម្បីសូមនូវអ្វីហ្ន៎។

[១៦៣] ព្រះឧបវាណៈតបថា ព្រះសុគតជាអរហន្ត ជាអ្នកប្រាជ្ញក្នុងលោក ទ្រង់មានអាពាធដោយខ្យល់ ក្នុងព្រះឧទរ ម្នាលព្រាហ្មណ៍ បើអ្នកមានទឹកក្តៅ អ្នកចូរថ្វាយដល់ព្រះពុទ្ធជាអ្នកប្រាជ្ញ (ព្រោះថា) ព្រះមានព្រះភាគ គឺបូជនេយ្យបុគ្គល1) ទាំងឡាយ បានបូជាហើយ សក្ការេយ្យបុគ្គល2) ទាំងឡាយ បានធ្វើសក្ការហើយ អបចិនេយ្យបុគ្គល3) ទាំងឡាយ បានកោតក្រែងហើយ អាត្មាប្រាថ្នាដើម្បីនាំទឹកទៅថ្វាយព្រះអង្គ។

[១៦៤] លំដាប់នោះ ទេវហិតព្រាហ្មណ៍ ឲ្យបុរសរែកអម្រែកទឹកក្តៅ និងដុំស្ករអំពៅ ទៅប្រគេនព្រះឧបវាណៈមានអាយុ។ លំដាប់នោះឯង ព្រះឧបវាណៈមានអាយុ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏បានស្រង់ព្រះមានព្រះភាគ ដោយទឹកក្តៅ ហើយលាយស្ករអំពៅដោយទឹកក្តៅ ថ្វាយព្រះមានព្រះភាគ។ លំដាប់នោះ អាពាធព្រះមានព្រះភាគនោះ ក៏សះស្បើយទៅ។

[១៦៥] គ្រានោះ ទេវហិតព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះទេវហិតព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបទូលព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលគួរឲ្យទេយ្យធម៌ ចំពោះបុគ្គលណា ទានដែលបុគ្គលឲ្យចំពោះបុគ្គលណា ទើបមានផលច្រើន កាលបុគ្គលបូជាដូចម្តេច ទក្ខិណាទានសម្រេច4) ដូចម្តេច។

[១៦៦] ព្រះអង្គត្រាស់ថា បុគ្គលណា ដឹងនូវបុព្វេនិវាសផង ឃើញនូវសួគ៌ និងអបាយផង មួយទៀត ដល់នូវការអស់ទៅនៃជាតិ ជាអ្នកប្រាជ្ញ សម្រេចហើយ ព្រោះត្រាស់ដឹង បុគ្គលគួរឲ្យទេយ្យធម៌ចំពោះបុគ្គលនោះ ទានដែលបុគ្គលឲ្យចំពោះបុគ្គលនុ៎ះ ទើបមានផលច្រើន កាលបុគ្គលបូជាយ៉ាងនេះ ទក្ខិណាទាន តែងសម្រេច គឺមានផលច្រើន យ៉ាងនេះ។

[១៦៧] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ទេវហិតព្រាហ្មណ៍ ក៏បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

 

លេខយោង

1)
បុគ្គលដែលគួរដល់ការបូជា មានអសីតិមហាថេរជាដើម។
2)
បុគ្គលដែលគួរដល់សក្ការៈ។
3)
បុគ្គលដែលគួរដល់ការកោតក្រែង។
4)
ទក្ខិណាទានសម្រេច បានសេចក្តីថា ទក្ខិណាទាន មានផលច្រើន។ អដ្ឋកថា។
km/tipitaka/sut/sn/07/sut.sn.07.013.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann