km:tipitaka:sut:sn:07:sut.sn.07.022



ខោមទុស្សសូត្រ ទី១២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 07.022 បាលី cs-km: sut.sn.07.022 អដ្ឋកថា: sut.sn.07.022_att PTS: ?

ខោមទុស្សសូត្រ ទី១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១២. ខោមទុស្សសុត្តំ)

[២០៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគមឈ្មោះ ខោមទុស្សៈ របស់ពួកសក្យៈ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ ចីវរ ក្នុងវេលាព្រឹក ហើយចូលទៅកាន់ខោមទុស្សនិគម ដើម្បីបិណ្ឌបាត។ សម័យនោះឯង ពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានប្រជុំគ្នាក្នុងរោង ដោយកិច្ចនីមួយ។ ចួនជាភ្លៀង ក៏ស្រក់ចុះមកមួយដំណក់ៗ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់យាងទៅជ្រកក្នុងរោងនោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានឃើញព្រះមានព្រះភាគ យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ទូលសួរយ៉ាងនេះថា ពួកជនត្រងោលបែបណា ឈ្មោះថាអ្នកស្ងប់រម្ងាប់ ពួកជនបែបណា នឹងដឹងនូវសភាធម៌។1)

[២០៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម ដោយគាថា ថា

ពួកសប្បុរសមិនមានក្នុងទីណា ទីនោះ មិនឈ្មោះថាទីប្រជុំឡើយ ជនទាំងឡាយណា មិនពោលធម៌ ជនទាំងនោះ មិនឈ្មោះថា សប្បុរស (អ្នកស្ងប់រម្ងាប់) ទេ លុះតែពួកជន លះបង់រាគៈ ទោសៈ មោហៈ ទាំងពោលនូវធម៌ផង ទើបឈ្មោះថា សប្បុរស (ពួកជនបែបនេះ នឹងដឹងនូវសភាធម៌)។

[២០៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងដោយអនេកបរិយាយ ដូចជា មនុស្សផ្ងារវត្ថុដែលផ្កាប់ ឬបើកបង្ហាញវត្ថុដែលកំបាំង ឬក៏ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្សកាន់ប្រទីបប្រេង ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា ឲ្យពួកមនុស្សដែលមានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន យើងខ្ញុំទាំងឡាយនេះ សូមដល់ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង សូមព្រះគោតមដ៏ចំរើន ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះតទៅ។

ចប់ ឧបាសកវគ្គ ទី២។

ឧទ្ទាននៃឧបាសកវគ្គនោះគឺ

កសីសូត្រ១ ឧទយសូត្រ១ ទេវហិតសូត្រ១ មហាសាលសូត្រ១ មានត្ថទ្ធសូត្រ១ បច្ចនិកសូត្រ១ នវកម្មិកសូត្រ១ កដ្ឋហារសូត្រ១ មាតុបោសកសូត្រ១ ភិក្ខកសូត្រ១ សង្គរវសូត្រ១ ខោមទុស្សសូត្រ១ ត្រូវជា១២។

ចប់ ព្រាហ្មណសំយុត្ត។

 

លេខយោង

1)
ធម៌ដែលត្រូវប្រតិបត្តិក្នុងទីប្រជុំ។
km/tipitaka/sut/sn/07/sut.sn.07.022.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann