(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 07.v01 បាលី cs-km: sut.sn.07.v01 អដ្ឋកថា: sut.sn.07.v01_att PTS: ?
អរហន្តវគ្គ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. អរហន្តវគ្គោ)
(១. ធនញ្ជានីសុត្តំ)
[១០៥] ខ្ញុំបានស្តាប់យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង នាងព្រាហ្មណីឈ្មោះ ធនញ្ជានី (ជាភរិយា) នៃព្រាហ្មណ៍ម្នាក់ ជាភារទ្វាជគោត្រ នាងជ្រះថ្លាក្រៃពេក ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
[១០៦] លំដាប់នោះឯង នាងធនញ្ជានីព្រាហ្មណី កំពុងចាត់ចែងភត្ត ដើម្បីព្រាហ្មណ៍ភារទ្វាជគោត្រ ក៏ភ្លាត់បន្លឺនូវឧទានបីដងថា សូមថ្វាយបង្គំព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធអង្គនោះ សូមថ្វាយបង្គំព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។ កាលបើនាងព្រាហ្មណី ពោលយ៉ាងនេះហើយ ព្រាហ្មណ៍ភារទ្វាជគោត្រ និយាយនឹងនាងធនញ្ជានីព្រាហ្មណី យ៉ាងនេះថា មេចង្រៃនេះ ធ្លាប់តែឯចឹងៗ ហ៊ានពោលសរសើរសមណៈត្រងោល ក្នុងទីផ្តេសផ្តាស នែមេចង្រៃ អញនឹងលើកនូវវាទៈ1) ចំពោះគ្រូរបស់ហងឯងនោះ ក្នុងកាលឥឡូវនេះ។ ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក មនុស្សលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ខ្ញុំមិនដែលឃើញអ្នកណា អាចលើកនូវវាទៈ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះបានទេ ម្នាលព្រាហ្មណ៍ តែថាអ្នកចូរទៅចុះ លុះទៅហើយ គង់តែនឹងដឹងទេ។
[១០៧] គ្រានោះឯង ព្រាហ្មណ៍ភារទ្វាជគោត្រ ខឹងអន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយនៅក្នុងទីសមគួរ។ លុះព្រាហ្មណ៍ភារទ្វាជគោត្រ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា
បុគ្គលកាត់បង់នូវអ្វី ទើបដេកជាសុខ បុគ្គលកាត់បង់នូវអ្វី ទើបមិនសោកសៅ បពិត្រព្រះគោតម ព្រះអង្គពេញព្រះហ្ឫទ័យនឹងសម្លាប់ធម៌ណា ដែលជាធម៌ឯក។
[១០៨] ព្រះមានព្រះភាគត្រាស់ថា បុគ្គលកាត់បង់នូវសេចក្តីក្រោធ ទើបដេកជាសុខ បុគ្គលកាត់បង់នូវសេចក្តីក្រោធ ទើបមិនសោកសៅ ម្នាលព្រាហ្មណ៍ ពួកព្រះអរិយៈ តែងសរសើរនូវការសម្លាប់សេចក្តីក្រោធ ដែលមានឫសជាពិស មានចុងដ៏ផ្អែម ព្រោះថា បុគ្គលកាត់បង់នូវសេចក្តីក្រោធនោះបានហើយ ទើបមិនសោកសៅ។
[១០៩] កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍ភារទ្វាជគោត្រ បានទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចជាបុគ្គលផ្ងារ នូវរបស់ដែលផ្កាប់ បើកបង្ហាញ នូវរបស់ដែលកំបាំង ឬចង្អុលបង្ហាញផ្លូវ ដល់មនុស្សវង្វេង ឬក៏ទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានចក្ខុ នឹងឃើញរូបទាំងឡាយបាន ធម៌ដែលព្រះគោតមដ៏ចំរើន ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។ ព្រាហ្មណ៍ភារទ្វាជគោត្រ ក៏បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ លុះភារទ្វាជៈមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា (ព្រះភារទ្វាជៈនោះ) ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
(២. អក្កោសសុត្តំ)
[១១០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ព្រាហ្មណ៍ឈ្មោះ អក្កោសកភារទ្វាជៈ បានឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះសមណគោតម ក៏ខឹង អន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ជេរគម្រាមព្រះមានព្រះភាគ ដោយវាចាជាអសប្បុរស អាក្រក់។
[១១១] កាលបើអក្កោសកភារទ្វាជៈ ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់នឹងអក្កោសកភារទ្វាជព្រាហ្មណ៍ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច ពួកមិត្រអាមាត្យ ញាតិសាលោហិត ជាភ្ញៀវ ធ្លាប់មករកអ្នកដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ចួនកាលពួកមិត្តអាមាត្យ ញាតិសាលោហិត ជាភ្ញៀវ ធ្លាប់មករកខ្ញុំម្តងៗដែរ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកបានរៀបខាទនីយ ភោជនីយាហារ និងសាយនីយាហារ ទទួលពួកភ្ញៀវទាំងនោះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ចួនកាលខ្ញុំបានរៀបខាទនីយភោជនីយាហារ និងសាយនីយាហារ ទទួលពួកភ្ញៀវទាំងនោះដែរ។ ម្នាលព្រាហ្មណ៍ ប្រសិនបើពួកភ្ញៀវទាំងនោះ មិនទទួលយកទេ តើវត្ថុនោះ បានទៅអ្នកណាវិញ។ បពិត្រព្រះគោតមដ៏ចំរើន ប្រសិនបើពួកភ្ញៀវទាំងនោះ មិនទទួលយកទេ វត្ថុនោះ ត្រូវបានមកខ្ញុំវិញ។ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ក៏យ៉ាងនោះដែរ អ្នកឯងជេរតថាគត ដែលជាអ្នកមិនជេរ ខឹងនឹងតថាគត ដែលជាអ្នកមិនខឹង ប្រកួតប្រកាន់នឹងតថាគត ដែលជាអ្នកមិនប្រកួតប្រកាន់ តថាគត មិនទទួលការប្រទូស្ត របស់អ្នកនោះទេ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ។ ម្នាលព្រាហ្មណ៍ អ្នកណាជេរតបបុគ្គលដែលជេរ ខឹងតបបុគ្គលដែលខឹង ប្រកួតប្រកាន់តបបុគ្គល ដែលប្រកួតប្រកាន់ ម្នាលព្រាហ្មណ៍ បុគ្គលនេះ តថាគត ឲ្យឈ្មោះថា ស៊ីជាមួយគ្នា ធ្វើតបបុគ្គលដែលធ្វើហើយ តថាគតនោះ មិនបរិភោគជាមួយនឹងអ្នកទេ មិនធ្វើតបអ្នកវិញទេ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ។ ព្រាហ្មណ៍ពោលថា បរិស័ទ ព្រមទាំងស្តេច ស្គាល់ព្រះគោតមដ៏ចំរើន យ៉ាងនេះថា ព្រះសមណគោតម ជាព្រះអរហន្តមែន តែព្រះគោតមដ៏ចំរើន នៅតែខឹង។
[១១២] ព្រះមានព្រះភាគត្រាស់ថា បុគ្គលមិនក្រោធ មានខ្លួនទូន្មានហើយ រស់នៅសមរម្យ មានចិត្តរួចស្រឡះ ព្រោះយល់ត្រូវ អ្នកស្ងប់រម្ងាប់កិលេស មិនញាប់ញ័រ ដោយលោកធម៌ តើមានក្រោធពីណាមក ព្រោះថា អ្នកណាក្រោធតបបុគ្គលដែលក្រោធហើយ អ្នកនោះឯង នឹងមានសេចក្តីអាក្រក់ ព្រោះសេចក្តីក្រោធនោះឯង ឯបុគ្គលមិនក្រោធតបនឹងអ្នកដែលក្រោធ រមែងឈ្នះសង្គ្រាម ដែលគេឈ្នះបានដោយក្រ អ្នកណាដឹងថា អ្នកដទៃក្រោធនឹងខ្លួន ជាអ្នកមានស្មារតីរម្ងាប់សេចក្តីក្រោធបាន អ្នកនោះឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរនាក់ គឺខ្លួន និងអ្នកដទៃ បណ្តាជនទាំង២នាក់ គឺខ្លួននិងអ្នកដទៃ ដែលជាអ្នករក្សាសេចក្តីសុខ ជនទាំងឡាយណា មិនឈ្លាសក្នុងធម៌ ជនទាំងឡាយនោះ រមែងសំគាល់អ្នកនោះ ថាជាមនុស្សពាល។
[១១៣] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អក្កោសកភារទ្វាជៈព្រាហ្មណ៍ បានទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។ អក្កោសកភារទ្វាជព្រាហ្មណ៍ បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគហើយ។ លុះអក្កោសកភារទ្វាជៈមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា លោកក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញា ដ៏ឧត្តម នៃខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
(៣. អសុរិន្ទកសុត្តំ)
[១១៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះសមណគោតមហើយ ក៏ក្រោធខឹង អន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ជេរគម្រាមព្រះមានព្រះភាគ ដោយវាចាជាអសប្បុរស ក៏អាក្រក់។ កាលបើអសុរិន្ទកព្រាហ្មណ៍ ជេរយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏នៅតែស្ងៀម។ លំដាប់នោះឯង អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះថា នែសមណៈ យើងឈ្នះអ្នកឯងហើយ នែសមណៈ យើងឈ្នះអ្នកឯងហើយ។
[១១៥] ព្រះមានព្រះភាគត្រាស់ថា បុគ្គលពាល ពោលនូវផរុសវាចា តែងសំគាល់ថា ជ័យជំនះ តែថា សេចក្តីអត់ធន់ ជាជ័យជំនះ របស់អ្នកប្រាជ្ញនោះ អ្នកណាក្រោធតបនឹងបុគ្គលអ្នកក្រោធ អ្នកនោះឯង រមែងមានសេចក្តីអាក្រក់ ព្រោះសេចក្តីក្រោធនោះ បុគ្គលមិនក្រោធតបនឹងបុគ្គលអ្នកក្រោធ ឈ្មោះថា ឈ្នះសង្គ្រាម ដែលគេឈ្នះបានដោយកម្រ អ្នកណាដឹងថា អ្នកដទៃក្រោធនឹងខ្លួន ហើយមានស្មារតីរម្ងាប់សេចក្តីក្រោធបាន អ្នកនោះឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំង២នាក់ គឺខ្លួន និងអ្នកដទៃ បណ្តាជនទាំង២នាក់ គឺខ្លួននិងអ្នកដទៃ ដែលជាអ្នករក្សាសេចក្តីសុខ ជនទាំងឡាយ ដែលមិនឈ្លាសក្នុងធម៌ រមែងសំគាល់អ្នក ដែលអត់ធន់នោះ ថាជាមនុស្សពាល។
[១១៦] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បានដឹងច្បាស់។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
(៤. ពិលង្គិកសុត្តំ)
[១១៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ពិលង្គិកភារទ្វាជព្រាហ្មណ៍ បានឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះសមណគោតម ក៏ក្រោធខឹង អន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរស្ងៀម ក្នុងទីសមគួរ។
[១១៨] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះ ក្នុងចិត្តនៃពិលង្គិកភារទ្វាជព្រាហ្មណ៍ ដោយព្រះហឫទ័យហើយ ទ្រង់ត្រាស់នឹងពិលង្គិកភារទ្វាជព្រាហ្មណ៍ ដោយគាថា ថា
បុគ្គលពាលណា ប្រទូស្តចំពោះជន ដែលមិនបានប្រទូស្ត ជាសត្វដ៏ស្អាត មិនមានទីទួល គឺកិលេស បាបរមែងត្រឡប់មកត្រូវបុគ្គលពាលនោះវិញ ដូចជាធូលីដ៏ល្អិត ដែលគេបាចច្រាសខ្យល់។
[១១៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពិលង្គិកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។បេ។ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញា ដ៏ឧត្តម នៃខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
(៥. អហិំសកសុត្តំ)
[១២០] សាវត្ថីនិទាន។ លំដាប់នោះឯង អហឹសកភារទ្វាជព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះអហឹសកភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះ អហឹសកៈ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះអហឹសកៈ។
[១២១] ព្រះអង្គត្រាស់ថា ប្រសិនបើឈ្មោះអ្នកឯង ពិតដូច្នោះមែន អ្នកឯងគួរជាអ្នកមិនបៀតបៀន ព្រោះថា បុគ្គលណា មិនបៀតបៀន ដោយកាយវាចាចិត្ត បុគ្គលនោះ ទើបឈ្មោះថា អហឹសកៈ មួយទៀត បើបុគ្គលណា មិនសម្លាប់សត្វដទៃ បុគ្គលនោះ ឈ្មោះថា អហឹសកៈ។
[១២២] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អហឹសកភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បានដឹងច្បាស់។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
(៦. ជដាសុត្តំ)
[១២៣] សាវត្ថីនិទាន។ គ្រានោះឯង ជដាភារទ្វាជព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។
[១២៤] លុះជដាភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានពោល នឹងព្រះមានព្រះភាគ ដោយគាថា ថា
បណ្តាញខាងក្នុងក៏មាន បណ្តាញខាងក្រៅក៏មាន ពួកសត្វតែងចំពាក់ ដោយបណ្តាញ បពិត្រព្រះគោតម ព្រោះហេតុនោះ ខ្ញុំព្រះអង្គ សូមសួរនូវសេចក្តីនោះ តើអ្នកណា អាចកាប់ឆ្កា នូវបណ្តាញនេះបាន។
[១២៥] ព្រះអង្គត្រាស់ថា នរជនឃើញភ័យ ក្នុងសំសារវដ្ត ប្រកបដោយបញ្ញា មានព្យាយាម មានបញ្ញា ជាគ្រឿងរក្សាខ្លួន តាំងនៅក្នុងសីល ហើយចំរើននូវចិត្ត និងបញ្ញា នរជននោះ ទើបគួរកាប់ឆ្កា នូវបណ្តាញនេះបាន រាគៈក្តី ទោសៈក្តី អវិជ្ជាក្តី ដែលជនទាំងឡាយណា ឲ្យសាបរលាបទៅហើយ ជនទាំងនោះ មានអាសវៈអស់ហើយ ជាព្រះអរហន្ត ជនទាំងនោះ ឈ្មោះថា បានកាប់ឆ្កា នូវបណ្តាញបាន នាមក្តី រូបក្តី បដិឃសញ្ញា និងរូបសញ្ញាក្តី រលត់មិនសល់ក្នុងទីណា បណ្តាញនុ៎ះ ក៏ដាច់សូន្យក្នុងទីនោះ។
[១២៦] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ជដាភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
(៧. សុទ្ធិកសុត្តំ)
[១២៧] សាវត្ថីនិទាន។ គ្រានោះឯង សុទ្ធិកភារទ្វាជព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។
[១២៨] លុះសុទ្ធិកភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់ព្រះមានព្រះភាគថា
បុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ពុំទាន់បរិសុទ្ធនៅឡើយទេ លុះតែបុគ្គលណាមួយ ក្នុងលោក ដែលមានសីល ធ្វើនូវតបៈ ប្រកបដោយវិជ្ជា និងចរណៈ បុគ្គលនោះ ទើបឈ្មោះថា បរិសុទ្ធ ពួកសត្វឯទៀត ក្រៅពីនេះ រមែងមិនបរិសុទ្ធឡើយ។
[១២៩] ព្រះអង្គត្រាស់ថា បុគ្គល កាលពោលនូវពាក្យច្រើន តែជាអ្នកជ្រោកជ្រាកសៅហ្មងខាងក្នុង អាស្រ័យដោយការកុហក ក៏មិនឈ្មោះថា ព្រាហ្មណ៍ ព្រោះជាតិឡើយ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាល អ្នកចោលសំរាម ដែលមានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅ កាន់ព្រះនិព្វាន មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច រមែងដល់នូវសេចក្តីបរិសុទ្ធិ ដ៏ក្រៃលែងបាន ម្នាលព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ។
[១៣០] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុទ្ធិកភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
(៨. អគ្គិកសុត្តំ)
[១៣១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង អគ្គិកភារទ្វាជព្រាហ្មណ៍ លាយនូវបាយាស ដោយសប្បិ ដោយបំណងថា អាត្មាអញ នឹងបូជាភ្លើង នឹងបំរើនូវការបូជាភ្លើង។
[១៣២] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាលត្រាច់បិណ្ឌបាត តាមលំដាប់ផ្ទះ ក្នុងក្រុងរាជគ្រឹះហើយ ក៏ចូលទៅកាន់ផ្ទះ របស់អគ្គិកភារទ្វាជព្រាហ្មណ៍ លុះចូលទៅដល់ហើយ ទ្រង់ឈរនៅក្នុងទីសមគួរ។
[១៣៣] អគ្គិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ កំពុងទ្រង់ឈរ ដើម្បីបិណ្ឌបាត លុះឃើញហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា
អ្នកណាបរិបូណ៌ដោយវិជ្ជាបី មានជាតិ (ដ៏បរិសុទ្ធ) ជាអ្នកចេះចាំគម្ពីរច្រើន ជាអ្នកបរិបូណ៌ ដោយវិជ្ជា ចរណៈ អ្នកនោះ ទើបគួរបរិភោគ នូវបាយាសនេះបាន។
[១៣៤] ព្រះអង្គត្រាស់ថា បុគ្គល កាលពោលនូវពាក្យច្រើន តែជាអ្នកជ្រោកជ្រាកសៅហ្មង ខាងក្នុង ត្រូវសេចក្តីកុហករួបរឹតហើយ មិនឈ្មោះថា ព្រាហ្មណ៍ ព្រោះជាតិឡើយ អ្នកណាដឹងនូវខន្ធសន្តាន ដែលសត្វធ្លាប់អាស្រ័យនៅពីមុន ឃើញនូវសួគ៌ និងអបាយ មួយទៀត ជាអ្នកដល់នូវការអស់ទៅនៃជាតិ ជាអ្នកប្រាជ្ញ ដល់នូវការសម្រេច ព្រោះត្រាស់ដឹង បានឈ្មោះថា តេវិជ្ជបុគ្គល ព្រោះវិជ្ជាទាំងបីនុ៎ះ ទាំងបរិបូណ៌ ដោយវិជ្ជាចរណៈ ទើបឈ្មោះថា ព្រាហ្មណ៍ ព្រាហ្មណ៍នោះ គួរបរិភោគបាយាសនេះបាន។
ព្រាហ្មណ៍ក្រាបទូលថា សូមព្រះគោតមដ៏ចំរើន ជាព្រាហ្មណ៍ដ៏ចំរើន បរិភោគចុះ។
[១៣៥] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន ដែលបានអំពីការពោលគាថា ដូចជាចម្រៀងទេ ម្នាលព្រាហ្មណ៍ ធម៌នេះ មិនមែនជាធម៌ របស់ពួកបុគ្គលអ្នកឃើញធម៌អាថ៌ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់នូវការពោលគាថា ដូចជាចម្រៀង ម្នាលព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯងជាការចិញ្ចឹមជីវិត ចូរអ្នកទំនុកបម្រុងព្រះខីណាស្រព ដែលមានគុណបរិបូណ៌ អ្នកស្វែងរកនូវគុណដ៏ធំ ជាអ្នករម្ងាប់នូវសេចក្តីរពឹស ដោយបាយ និងទឹកដទៃចុះ ព្រោះថា នោះជាខេត្ត របស់បុគ្គលអ្នកប្រាថ្នានូវបុណ្យ។
[១៣៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អគ្គិកភារទ្វាជព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ អគ្គិកភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយដែរ។
(៩. សុន្ទរិកសុត្តំ)
[១៣៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបឆ្នេរស្ទឹងសុន្ទរិកា ក្នុងដែនកោសល។ សម័យនោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ តែងបូជាភ្លើង បំរើនូវការបូជាភ្លើង ទៀបឆ្នេរស្ទឹងសុន្ទរិកា។ លុះសុន្ទរិកភារទ្វាជព្រាហ្មណ៍ បូជាភ្លើង បំរើនូវការបូជាភ្លើងហើយ ក៏ក្រោកអំពីអាសនៈ ងាកមើលជុំទិសទាំងបួន គិតថា អ្នកណាហ្ន៎ គួរបរិភោគនូវបាយាស ដែលសល់ពីបូជានេះ។
[១៣៨] សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ ទ្រង់គង់ទទូរព្រះសិរ ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏កាន់នូវបាយាស ដែលសល់អំពីការបូជា ដោយដៃឆ្វេង ហើយកាន់នូវកុណ្ឌីទឹក ដោយដៃស្តាំ ចូលទៅរកព្រះមានព្រះភាគ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់បើកព្រះសិរ ដោយឮសូរជើង នៃសុន្ទរិកភារទ្វាជព្រាហ្មណ៍។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏ពោលថា លោកដ៏ចំរើននេះ ក្បាលត្រងោល លោកដ៏ចំរើននេះ ក្បាលត្រងោល ដូច្នេះហើយ ចង់ត្រឡប់អំពីទីនោះមកវិញ។ ទើបសុន្ទរិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រាហ្មណ៍ទាំងឡាយពួកមួយ ក្នុងលោកនេះ មានក្បាលត្រងោលដែរ បើដូច្នោះ មានតែអាត្មាអញ ត្រូវចូលទៅរកលោកដ៏ចម្រើននោះ ហើយសួរនូវជាតិវិញ។ លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា លោកដ៏ចំរើន ជាជាតិអ្វី។
[១៣៩] ព្រះអង្គត្រាស់ថា ចូរអ្នកកុំសួររកជាតិឡើយ ចូរសួរតែការប្រព្រឹត្តវិញ ភ្លើងតែងកើតអំពីឈើ ឯអ្នកប្រាជ្ញ ទោះបីកើតក្នុងត្រកូលទាប ក៏គង់មានសេចក្តីព្យាយាម ជាបុរសអាជានេយ្យ ជាអ្នកហាមឃាត់ នូវបាបដោយហិរិ ទូន្មានដោយបរមត្ថសច្ចៈ ប្រកបដោយការទូន្មាន នូវឥន្ទ្រិយ ដល់នូវទីបំផុតនៃចតុវេទ គឺមគ្គ៤ មានព្រហ្មចរិយៈនៅរួចហើយ បុគ្គលណាតាក់តែងនូវយ័ញ្ញ ជនគប្បីហៅបុគ្គលនោះ (ថាជាព្រាហ្មណ៍ដ៏ឧត្តម) បុគ្គលនោះ រមែងបូជានូវទក្ខិណេយ្យបុគ្គលទាំងឡាយ តាមកាល។
[១៤០] សុន្ទរិកភារទ្វាជព្រាហ្មណ៍ពោលថា វត្ថុនេះ ខ្ញុំបូជាហើយដោយប្រពៃ វត្ថុនេះ ខ្ញុំគំនាប់ហើយដោយប្រពៃ ដោយពិត ខ្ញុំមិនបានឃើញបុគ្គលណា ដែលដល់នូវវេទ ដូចជាព្រះអង្គសោះ ព្រោះថាជនឯទៀត លុះតែមិនឃើញពួកបុគ្គលដូចជាព្រះអង្គ ទើបបរិភោគបាយាស ដែលសល់អំពីការបូជា។
សូមព្រះគោតមដ៏ចំរើន ជាព្រាហ្មណ៍ដ៏ចំរើន បរិភោគចុះ។
[១៤១] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន ដែលបានអំពីការពោលគាថា ដូចជាចម្រៀងទេ ម្នាលព្រាហ្មណ៍ ធម៌នេះ មិនមែនជាធម៌ របស់ពួកបុគ្គលអ្នកឃើញធម៌អាថ៌ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់ នូវការពោលគាថា ដូចជាចម្រៀង ម្នាលព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯង ជាការចិញ្ចឹមជីវិត ចូរអ្នកទំនុកបម្រុងព្រះខីណាស្រព ដែលមានគុណបរិបូណ៌ អ្នកស្វែងរកនូវគុណដ៏ធំ អ្នករម្ងាប់នូវសេចក្តីរពឹស ដោយបាយ និងទឹកដទៃចុះ ព្រោះថា នោះជាខេត្ត របស់បុគ្គលអ្នកប្រាថ្នានូវបុណ្យ។
[១៤២] បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះអង្គ នឹងឲ្យនូវបាយាស ដែលសល់អំពីការបូជានេះ ដល់អ្នកណា។ ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញមានបុគ្គលណា ដែលបរិភោគបាយាសសល់អំពីការបូជា ហើយគប្បីដល់ នូវការទ្រុឌទ្រោមទៅ ដោយស្រួល ក្រៅពីតថាគត ឬក្រៅពីសាវ័កតថាគតនោះឡើយ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចាក់ចោល នូវបាយាស ដែលសល់អំពីការបូជានោះ ក្នុងទីគ្មានស្មៅស្រស់ ឬបាចទៅក្នុងទឹកដែលគ្មានសត្វចុះ។
[១៤៣] លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏បាចបាយយាស ដែលសល់អំពីការបូជានោះ ទៅក្នុងទឹកដែលគ្មានសត្វ។ បាយាស ដែលសល់អំពីការបូជានោះ លុះព្រាហ្មណ៍បានបាចទៅក្នុងទឹកហើយ ក៏ធ្វើសំឡេងឮវិចិដ វិដិចិដ ហុយផ្សែងឡើង ហុយផ្សែងថ្គោល។ ដូចជាផាល គេហាលអស់មួយថ្ងៃ ហើយដាក់ទៅក្នុងទឹក ធ្វើនូវសំឡេងឮវិចិដ វិដិចិដ ហុយផ្សែងឡើង ហុយផ្សែងថ្គោល យ៉ាងណាមិញ បាយាស ដែលសល់អំពីការបូជានោះ ព្រាហ្មណ៍បានបាចទៅក្នុងទឹកហើយ ធ្វើនូវសំឡេងឮវិចិដ វិដិចិដ ហុយផ្សែងឡើង ហុយផ្សែងថ្គោល យ៉ាងនោះឯង។ លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីសង្វេគ កើតសេចក្តីព្រឺរោម ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឋិតនៅក្នុងទីសមគួរ។
[១៤៤] លុះសុន្ទរិកភារទ្វាជព្រាហ្មណ៍ ឋិតក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ដោយព្រះគាថាទាំងឡាយថា
ម្នាលព្រាហ្មណ៍ អ្នកកុំដុតឧស សំគាល់ថាបរិសុទ្ធឡើយ ព្រោះថាការដុតនុ៎ះ ជាខាងក្រៅទេ បុគ្គលណា ប្រាថ្នានូវសេចក្តីបរិសុទ្ធិខាងក្រៅ អ្នកប្រាជ្ញទាំងឡាយ មិនហៅនូវបុគ្គលនោះ ថាមានសេចក្តីបរិសុទ្ធិ ព្រោះហេតុនោះឡើយ ម្នាលព្រាហ្មណ៍ តថាគត លះបង់នូវការដុតឧសហើយ ដុតតែភ្លើងខាងក្នុងទេ តថាគត មានភ្លើងរុងរឿងជានិច្ច មានចិត្តតាំងមាំជានិច្ច ជាអរហន្ត ប្រព្រឹត្តនូវព្រហ្មចរិយៈ ម្នាលព្រាហ្មណ៍ មានះរបស់អ្នក ដូចជាអម្រែកដ៏ធ្ងន់ សេចក្តីក្រោធ ដូចជាផ្សែង ពាក្យកុហក ដូចជាផែះ អណ្តាត ដូចជាវែក ហទយវត្ថុ ដូចជាកន្លែងភ្លើង ចិត្តដែលបុគ្គលទូន្មានល្អហើយ ដូចជាភ្លើងរបស់បុរស ពួកបុគ្គលដល់នូវវេទ ងូតក្នុងអន្លង់ណា មិនទទឹកខ្លួនសោះ តែងឆ្លងដល់ត្រើយ គឺព្រះនិព្វាន ម្នាលព្រាហ្មណ៍ អន្លង់នោះ គឺធម៌ មានសីលជាកំពង់ មិនល្អក់ ដែលសប្បុរសទាំងឡាយ សរសើរហើយ ថាជារបស់សប្បុរសទាំងឡាយ ម្នាលព្រាហ្មណ៍ សច្ចៈក្តី ធម្មៈក្តី2) សំយមៈក្តី3) ព្រហ្មចរិយៈក្តី ជាធម្មជាត តាំងនៅជាកណ្តាល ជាចំណែកដ៏ប្រសើរ ចូរអ្នកធ្វើនូវការនមស្ការ ចំពោះព្រះខីណាស្រព ដែលមានចិត្តស្លូតត្រង់ទាំងឡាយចុះ តថាគត ហៅជននោះ ថាជាអ្នករឭកនូវធម៌ ដូច្នេះឯង។
[១៤៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយរូបដែរ។
(១០. ពហុធីតរសុត្តំ)
[១៤៦] សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ព្រាហ្មណ៍ម្នាក់ជាភារទ្វាជគោត្រ មានគោចំនួន១៤ បាត់រកមិនទាន់ឃើញ។
[១៤៧] គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ដើររកគោទាំងនោះ ក៏ចូលទៅកាន់ដងព្រៃនោះ លុះចូលទៅដល់ហើយ បានឃើញព្រះមានព្រះភាគ គង់ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តម្កល់ព្រះស្មារតី ឆ្ពោះទៅរកព្រះកម្មដ្ឋាន ក្នុងដងព្រៃនោះ លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានពោលនូវគាថាទាំងឡាយនេះ ក្នុងសំណាក់ព្រះមានព្រះភាគថា
គោទាំង១៤ ដែលរកមិនឃើញអស់៦ថ្ងៃ នឹងថ្ងៃនេះហើយ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ ល្ងសូម្បីមានតែស្លឹកមួយ ឬមានស្លឹកពីរដែលខូចក្នុងចម្ការ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ កណ្តុរទាំងឡាយ រាំរែកដោយការលោតលេង ក្នុងជង្រុកទទេ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ កម្រាលដែលក្រាលចោលប្រាំពីរខែ សឹងដេរដាសដោយបាណកជាតិទាំងឡាយ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ កូនប្រុស កូនស្រី ដែលពោះម៉ាយ ឬមេម៉ាយ មានកូនមួយ ឬមានកូនពីរ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ ស្រមោច ដែលមានខ្លួនសៅហ្មង ដោយប្រជ្រុយ4) យកជើងបៀតបៀន នូវសេចក្តីលក់ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ ម្ចាស់បំណុល របស់សមណៈនេះ មកទារថា អ្នកចូរឲ្យមក ចូរឲ្យមក ដូច្នេះ ក្នុងបច្ចូសសម័យ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ។
[១៤៨] ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ គោ១៤ ដែលរកមិនឃើញអស់៦ថ្ងៃ នឹងថ្ងៃនេះហើយ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ល្ងសូម្បីមានតែស្លឹកមួយ ឬមានស្លឹកពីរ ដែលខូចក្នុងចម្ការ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កណ្តុរទាំងឡាយ រាំរែកដោយការលោតលេង ក្នុងជង្រុកទទេ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កម្រាលដែលក្រាលចោល៧ខែ សឹងដេរដាសដោយបាណកជាតិទាំងឡាយ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កូនប្រុស កូនស្រី ដែលពោះម៉ាយ ឬមេម៉ាយ មានកូនមួយ ឬមានកូនពីរ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ស្រមោចដែលមានខ្លួនសៅហ្មង ដោយប្រជ្រុយ យកជើងបៀតបៀននូវសេចក្តីលក់ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ម្ចាស់បំណុលរបស់តថាគត មកទារថា អ្នកចូរឲ្យមក ចូរឲ្យមក ដូច្នេះ ក្នុងបច្ចូសសម័យ ក៏មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត នៅជាសុខ។
[១៤៩] កាលព្រះមានព្រះភាគ ទ្រង់បានត្រាស់យ៉ាងនេះហើយ ភារទ្វាជគោត្តព្រាហ្មណ៍ ក៏បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាស ដោយអនេកបរិយាយ ដូចជាបុគ្គលធ្វើរបស់ដែលផ្កាប់ ឲ្យផ្ងារឡើង ឬដូចជាបើកបង្ហាញរបស់ដែលបិទបាំង ឬដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សដែលមានភ្នែក នឹងមើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាទីពឹង ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។ ភារទ្វាជគោត្តព្រាហ្មណ៍ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ លុះភារទ្វាជៈមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏គេចចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានតែព្យាយាម ជាគ្រឿងដុតនូវកិលេស មានខ្លួនបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ភារទ្វាជៈ មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ កិច្ចដែលគួរធ្វើ អាត្មាអញ ក៏បានធ្វើរួចហើយ កិច្ចឯទៀតក្រៅពីនេះ មិនមានឡើយ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជៈមានអាយុ ក៏បានជាព្រះអរហន្តមួយដែរ។
ចប់ អរហន្តវគ្គ ទី១។
បញ្ជីរឿងនៃអរហន្តវគ្គនោះគឺ
ធនញ្ជានីសូត្រ១ អក្កោសសូត្រ១ អសុរិន្ទសូត្រ១ ពិលង្គិកសូត្រ១ អហឹសកសូត្រ១ ជដាសូត្រ១ សុទ្ធិកសូត្រ១ អគ្គិកសូត្រ១ សុន្ទរិកសូត្រ១ ពហុធិតិសូត្រ១ ត្រូវជា១០សូត្រ។