km:tipitaka:sut:sn:07:sut.sn.07.v02



ឧបាសកវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 07.v02 បាលី cs-km: sut.sn.07.v02 អដ្ឋកថា: sut.sn.07.v02_att PTS: ?

ឧបាសកវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ឧបាសកវគ្គោ)

កសិសូត្រ ទី១

(១. កសិភារទ្វាជសុត្តំ)

[១៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះឯកនាលា ក្នុងទក្ខិណាគិរិជនបទ នាដែនមគធៈ។ សម័យនោះឯង កសិភារទ្វាជព្រាហ្មណ៍ បានតាក់តែងនង្គ័លប្រមាណ៥០០ ក្នុងវេលាដែលព្រោះស្រូវ។

[១៥១] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ការងារ របស់កសិភារទ្វាជព្រាហ្មណ៍។ សម័យនោះឯង ការអង្គាស (លៀងភ្ញៀវ) របស់កសិភារទ្វាជព្រាហ្មណ៍ កំពុងប្រព្រឹត្តទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់ការអង្គាស លុះចូលទៅដល់ហើយ ក៏ប្រថាប់នៅក្នុងទីសមគួរ។ កសិភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ ដែលទ្រង់ឈរបិណ្ឌបាត លុះឃើញហើយ ក៏បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះសមណៈ ខ្ញុំព្រះអង្គភ្ជួរផង ព្រោះផង លុះខ្ញុំព្រះអង្គភ្ជួរហើយ ព្រោះហើយ ទើបបរិភោគ បពិត្រព្រះសមណៈ ចំណែកព្រះអង្គចូរភ្ជួរផង ព្រោះផង លុះភ្ជួរហើយ ព្រោះហើយ ចូរបរិភោគចុះ។ ម្នាលព្រាហ្មណ៍ តថាគតភ្ជួរផង ព្រោះផង លុះតថាគតភ្ជួរហើយ ព្រោះហើយ ទើបបរិភោគដែរ។ យើងខ្ញុំ មិនឃើញនឹម ឬនង្គ័ល ផាល ឬជន្លួញ ឬគោទាំងឡាយរបស់ព្រះគោតមដ៏ចំរើនទេ តែថាព្រះគោតមដ៏ចំរើន ពោលយ៉ាងនេះថា ម្នាលព្រាហ្មណ៍ តថាគតភ្ជួរផង ព្រោះផង លុះតថាគតភ្ជួរហើយ ព្រោះហើយ ទើបបរិភោគដែរ។

[១៥២] លំដាប់នោះ កសិភារទ្វាជព្រាហ្មណ៍ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា

ព្រះអង្គប្តេជ្ញាថាជាអ្នកភ្ជួរ តែថា ខ្ញុំព្រះអង្គមិនដែលឃើញនូវការភ្ជួររបស់ព្រះអង្គសោះ ខ្ញុំព្រះអង្គសូមសួរព្រះអង្គជាអ្នកភ្ជួរ សូមប្រាប់មក ធ្វើដូចម្តេច នឹងឲ្យយើងខ្ញុំដឹង នូវការភ្ជួរនោះបាន។

[១៥៣] ព្រះអង្គត្រាស់ថា សទ្ធាជាពូជ តបៈជាភ្លៀង បញ្ញារបស់តថាគតជានឹម និងនង្គ័ល ហិរិជាយាមនង្គ័ល ចិត្តជាខ្សែ សតិរបស់តថាគត ជាផាលនិងជន្លួញ តថាគតគ្រប់គ្រងកាយ គ្រប់គ្រងវាចា សង្រួមអាហារ សង្រួមផ្ទៃ តថាគត ធ្វើនូវការជម្រះស្មៅដោយសច្ចៈ សេចក្តីត្រេកអរក្នុងព្រះនិព្វាន ទុកជាការឈប់សម្រាក របស់តថាគត សេចក្តីព្យាយាម របស់តថាគត ដូចជាគោអូសនឹម ជាធម្មជាតនាំមកនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ បុគ្គលទៅក្នុងទីណា មិនសោកសៅ សេចក្តីព្យាយាម រមែងទៅកាន់ទីនោះ ដែលជាទីមិនត្រឡប់មកវិញ ស្រែនុ៎ះ តថាគតបានភ្ជួរយ៉ាងនេះ ស្រែនុ៎ះមានព្រះនិព្វានជាផល បុគ្គលភ្ជួរស្រែនុ៎ះហើយ រមែងរួចចាកទុក្ខទាំងពួងបាន។

កសិភារទ្វាជព្រាហ្មណ៍ ក្រាបទូលថា ព្រះគោតមដ៏ចំរើន ជាអ្នកភ្ជួរដ៏ល្អ ចូរបរិភោគចុះ ព្រោះថា ព្រះគោតមដ៏ចំរើន ភ្ជួរនូវស្រែ ដែលមានព្រះនិព្វានជាផល។

[១៥៤] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន ដែលបានអំពីការពោលគាថា ដូចជាចម្រៀងទេ ម្នាលព្រាហ្មណ៍ នេះជាធម្មតារបស់ពួកបុគ្គល អ្នកឃើញធម៌អាថ៌ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់នូវការពោលគាថា ដូចជាចម្រៀង ម្នាលព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯង ការចិញ្ចឹមជីវិត ចូរអ្នកទំនុកបម្រុងព្រះខីណាស្រព ដែលមានគុណបរិបូណ៌ ជាអ្នកស្វែងរកនូវគុណដ៏ធំ ជាអ្នករម្ងាប់នូវសេចក្តីរពឹស ដោយបាយនិងទឹកទៀតចុះ ព្រោះថា នោះជាខេត្តរបស់បុគ្គលអ្នកប្រាថ្នានូវបុណ្យ។

[១៥៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ កសិភារទ្វាជព្រាហ្មណ៍ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ ខ្ញុំព្រះអង្គ សូមដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

ឧទយសូត្រ ទី២

(២. ឧទយសុត្តំ)

[១៥៦] សាវត្ថីនិទាន។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍។ លំដាប់នោះឯង ឧទយព្រាហ្មណ៍ យកបាយ ដាក់ពេញបាត្រព្រះមានព្រះភាគ។

[១៥៧] ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ អស់វារៈពីរដង។ ឧទយព្រាហ្មណ៍ ក៏យកបាយ ដាក់ពេញបាត្រព្រះមានព្រះភាគ ជាគំរប់ពីរដង។

[១៥៨] ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅ របស់ឧទយព្រាហ្មណ៍ ជាគំរប់បីដង។ ឧទយព្រាហ្មណ៍ ក៏យកបាយ ដាក់ពេញបាត្រព្រះមានព្រះភាគ ជាគំរប់បីដង ហើយពោលពាក្យនេះ នឹងព្រះមានព្រះភាគថា ព្រះសមណគោតមនេះ ជាអ្នកជាប់ចិត្តក្នុងរស ទើបនិមន្តមករឿយៗ។

[១៥៩] ភ្លៀងបង្អុរចុះរឿយៗ ជនទាំងឡាយ ក៏ព្រោះពូជរឿយៗ អ្នកភ្ជួររាស់ទាំងឡាយ ភ្ជួររាស់ស្រែរឿយៗ តែងនាំស្រូវទៅកាន់ដែនក៏រឿយៗ ស្មូមទាំងឡាយ សូមរឿយៗ ម្ចាស់ទានទាំងឡាយក៏ឲ្យរឿយៗ លុះម្ចាស់ទានទាំងឡាយ ឲ្យរឿយៗហើយ រមែងទៅកាន់ឋានសួគ៌ក៏រឿយៗ អ្នករូតទឹកដោះគោទាំងឡាយ រូតរឿយៗ កូនគោក៏ចូលទៅរកមេគោរឿយៗ អ្នកល្ងង់ខ្លៅលំបាកផង ញាប់ញ័រផងរឿយៗ តែងចូលទៅកាន់គភ៌ក៏រឿយៗ ទាំងកើតទាំងស្លាប់ ក៏រឿយៗ គេនាំទៅកាន់ទីស្មសានក៏រឿយៗ ចំណែកអ្នកមានបញ្ញា ដូចជាផែនដី លុះបាននូវមគ្គហើយ មិនកើតក្នុងភពថ្មីទៀតរឿយៗឡើយ។

[១៦០] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ឧទយព្រាហ្មណ៍ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាទីពឹង ស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

ទេវហិតសូត្រ ទី៣

(៣. ទេវហិតសុត្តំ)

[១៦១] ព្រះសាស្តា ទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់មានព្រះអាពាធដោយខ្យល់ ក្នុងព្រះឧទរ។ ព្រះឧបវាណៈមានអាយុ ជាអ្នកបំរើព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះឧបវាណៈមានអាយុមកថា ម្នាលឧបវាណៈ អ្នកចូរដឹងនូវទឹកក្តៅ ដល់តថាគតចុះ។ ព្រះឧបវាណៈមានអាយុ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូរទៅកាន់លំនៅរបស់ទេវហិតព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏ឈរស្ងៀមក្នុងទីសមគួរ។

[១៦២] ទេវហិតព្រាហ្មណ៍ បានឃើញព្រះឧបវាណៈមានអាយុ ឈរស្ងៀមក្នុងទីសមគួរ លុះឃើញហើយ បានពោលនឹងព្រះឧបវាណៈមានអាយុ ដោយគាថាថា

អ្នកត្រងោលដ៏ចំរើន ឃ្លុំសង្ឃាដី ឈរនៅស្ងៀម ប្រាថ្នាអ្វី ស្វែងរកអ្វី មកដើម្បីសូមនូវអ្វីហ្ន៎។

[១៦៣] ព្រះឧបវាណៈតបថា ព្រះសុគតជាអរហន្ត ជាអ្នកប្រាជ្ញក្នុងលោក ទ្រង់មានអាពាធដោយខ្យល់ ក្នុងព្រះឧទរ ម្នាលព្រាហ្មណ៍ បើអ្នកមានទឹកក្តៅ អ្នកចូរថ្វាយដល់ព្រះពុទ្ធជាអ្នកប្រាជ្ញ (ព្រោះថា) ព្រះមានព្រះភាគ គឺបូជនេយ្យបុគ្គល1) ទាំងឡាយ បានបូជាហើយ សក្ការេយ្យបុគ្គល2) ទាំងឡាយ បានធ្វើសក្ការហើយ អបចិនេយ្យបុគ្គល3) ទាំងឡាយ បានកោតក្រែងហើយ អាត្មាប្រាថ្នាដើម្បីនាំទឹកទៅថ្វាយព្រះអង្គ។

[១៦៤] លំដាប់នោះ ទេវហិតព្រាហ្មណ៍ ឲ្យបុរសរែកអម្រែកទឹកក្តៅ និងដុំស្ករអំពៅ ទៅប្រគេនព្រះឧបវាណៈមានអាយុ។ លំដាប់នោះឯង ព្រះឧបវាណៈមានអាយុ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏បានស្រង់ព្រះមានព្រះភាគ ដោយទឹកក្តៅ ហើយលាយស្ករអំពៅដោយទឹកក្តៅ ថ្វាយព្រះមានព្រះភាគ។ លំដាប់នោះ អាពាធព្រះមានព្រះភាគនោះ ក៏សះស្បើយទៅ។

[១៦៥] គ្រានោះ ទេវហិតព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះទេវហិតព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបទូលព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលគួរឲ្យទេយ្យធម៌ ចំពោះបុគ្គលណា ទានដែលបុគ្គលឲ្យចំពោះបុគ្គលណា ទើបមានផលច្រើន កាលបុគ្គលបូជាដូចម្តេច ទក្ខិណាទានសម្រេច4) ដូចម្តេច។

[១៦៦] ព្រះអង្គត្រាស់ថា បុគ្គលណា ដឹងនូវបុព្វេនិវាសផង ឃើញនូវសួគ៌ និងអបាយផង មួយទៀត ដល់នូវការអស់ទៅនៃជាតិ ជាអ្នកប្រាជ្ញ សម្រេចហើយ ព្រោះត្រាស់ដឹង បុគ្គលគួរឲ្យទេយ្យធម៌ចំពោះបុគ្គលនោះ ទានដែលបុគ្គលឲ្យចំពោះបុគ្គលនុ៎ះ ទើបមានផលច្រើន កាលបុគ្គលបូជាយ៉ាងនេះ ទក្ខិណាទាន តែងសម្រេច គឺមានផលច្រើន យ៉ាងនេះ។

[១៦៧] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ទេវហិតព្រាហ្មណ៍ ក៏បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

មហាសាលសូត្រ ទី៤

(៤. មហាសាលសុត្តំ)

[១៦៨] សាវត្ថីនិទាន។ គ្រានោះ ព្រាហ្មណមហាសាលម្នាក់ មានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកឯងមានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង តើព្រោះហេតុអ្វី។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ មានកូនបួននាក់ ក្នុងទីនេះ កូនទាំងនោះ សមគំនិតគ្នានឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំព្រះអង្គចេញពីផ្ទះ។

[១៦៩] ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀននូវគាថាទាំងឡាយនេះ ហើយសូត្រក្នុងរោងជាទីប្រជុំ នៅវេលាដែលពួកមហាជនប្រជុំគ្នាផង នៅវេលាដែលកូនទាំងឡាយរបស់អ្នកអង្គុយហើយផងថា

ខ្ញុំត្រេកអរដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចំរើន ដល់កូនទាំងឡាយណាផង កូនទាំងនោះ ក៏សមគំនិតគ្នា ជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែដេញជ្រូក ក៏កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូចអារក្សទឹក ដែលមកដោយរូបជាកូន លះបង់នូវខ្ញុំ ដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ បិតាចាស់របស់បុគ្គលពាលទាំងឡាយ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយ ដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចឈើច្រត់ឡើយ ព្រោះឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ក្នុងខាងមុខ ក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹកជ្រៅក៏បាន បុគ្គលភ្លាត់រអិល គង់ទប់វិញបាន ដោយអានុភាពនៃឈើច្រត់។

[១៧០] លំដាប់នោះ ព្រាហ្មណមហាសាលនោះ បានរៀននូវគាថាទាំងឡាយនេះ ក្នុងសំណាក់ព្រះមានព្រះភាគ ហើយពោលក្នុងរោងជាទីប្រជុំ នៅវេលាដែលពួកមហាជនប្រជុំគ្នាផង នៅវេលាដែលកូនទាំងឡាយ អង្គុយហើយផងថា

ខ្ញុំត្រេកអរដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចំរើន ដល់កូនទាំងឡាយណាផង កូនទាំងនោះ ក៏សមគំនិតគ្នា ជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែដេញជ្រូក ក៏កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូចអារក្សទឹក ដែលមកដោយរូបជាកូន លះបង់នូវខ្ញុំ ដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ បិតាចាស់ របស់បុគ្គលពាលទាំងឡាយ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយ ដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចឈើច្រត់ឡើយ ព្រោះឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ក្នុងខាងមុខ ក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹកជ្រៅក៏បាន បុគ្គលភ្លាត់រអិល គង់ទប់វិញបាន ដោយអានុភាពនៃឈើច្រត់។

[១៧១] លំដាប់នោះ កូនទាំងឡាយ នាំព្រាហ្មណមហាសាលនោះ ទៅកាន់ផ្ទះ ហើយឲ្យងូតទឹក ឲ្យស្លៀកដណ្តប់ ដោយគូសំពត់មួយគូម្នាក់ៗ។ ទើបព្រាហ្មណមហាសាលនោះ យកសំពត់មួយគូ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីសមគួរហើយ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំព្រះអង្គជាព្រាហ្មណ៍ ស្វែងរកនូវទ្រព្យសម្រាប់អាចារ្យ (មកប្រគេន) ដល់អាចារ្យ សូមព្រះគោតមដ៏ចំរើន ជាអាចារ្យ ទទួលយកនូវចំណែកអាចារ្យរបស់ខ្ញុំព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ទទួលយក ដោយសេចក្តីអនុគ្រោះ។

[១៧២] លំដាប់នោះ ព្រាហ្មណមហាសាលនោះ ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

មានត្ថទ្ធសូត្រ ទី៥

(៥. មានត្ថទ្ធសុត្តំ)

[១៧៣] សាវត្ថីនិទាន។ សម័យនោះឯង ព្រាហ្មណ៍ឈ្មោះ មានត្ថទ្ធៈ (អ្នកមានមានះរឹងរូស) អាស្រ័យនៅក្នុងក្រុងសាវត្ថី។ ព្រាហ្មណ៍នោះ មិនសំពះមាតា មិនសំពះបិតា មិនសំពះអាចារ្យ មិនសំពះបងឡើយ។

[១៧៤] សម័យនោះឯង ព្រះមានព្រះភាគ កំពុងមានបរិស័ទច្រើន ចោមរោម ទ្រង់សំដែងធម៌។ គ្រានោះ មានត្ថទ្ធព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតមនេះឯង មានបរិស័ទច្រើនចោមរោម ទ្រង់សំដែងធម៌ បើដូច្នោះ មានតែអាត្មាអញចូលទៅរកព្រះសមណគោតម ប្រសិនបើព្រះសមណគោតមនិយាយនឹងអាត្មាអញ អាត្មាអញ ក៏និយាយនឹងលោកវិញ បើព្រះសមណគោតម មិននិយាយនឹងអាត្មាអញទេ អាត្មាអញ ក៏មិននិយាយនឹងលោកវិញដែរ។ លំដាប់នោះ មានត្ថទ្ធព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានឋិតនៅក្នុងទីសមគួរ។ គ្រានោះ ព្រះមានព្រះភាគ មិនទ្រង់មានព្រះបន្ទូលរក។ ទើបមានត្ថទ្ធព្រាហ្មណ៍ ចង់ត្រឡប់អំពីទីនោះវិញ ដោយគិតថា ព្រះសមណគោតមនេះ មិនដឹងអ្វីសោះ។

[១៧៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់មានត្ថទ្ធព្រាហ្មណ៍ ដោយព្រះហឫទ័យរបស់ព្រះអង្គ ហើយបានត្រាស់នឹងមានត្ថទ្ធព្រាហ្មណ៍ ដោយគាថា ថា

ម្នាលព្រាហ្មណ៍ មានះរបស់បុគ្គលណា ក្នុងលោកនេះ ម្នាលព្រាហ្មណ៍ មានះនោះ មិនប្រពៃទេ បុគ្គលមកហើយ ដោយប្រយោជន៍ណា បុគ្គលត្រូវចំរើន នូវប្រយោជន៍នោះឯង។

[១៧៦] លំដាប់នោះ មានត្ថទ្ធព្រាហ្មណ៍ដឹងថា ព្រះសមណគោតម ស្គាល់ចិត្តរបស់អាត្មាអញ ហើយក៏ឱនក្បាលចុះ ទៀបព្រះបាទយុគ្គលនៃព្រះមានព្រះភាគ ក្នុងទីនោះឯង ហើយជប់ព្រះបាទទាំងគូរបស់ព្រះមានព្រះភាគ ដោយមាត់ផង ច្របាច់ដោយដៃទាំងពីរផង ប្រកាសនាមខ្លួនឯងថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គឈ្មោះ មានត្ថទ្ធៈ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះមានត្ថទ្ធៈ។ គ្រានោះ បរិស័ទនោះ ក៏កើតសេចក្តីអស្ចារ្យក្នុងចិត្តថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ ដ្បិតមានត្ថទ្ធព្រាហ្មណ៍នេះ មិនសំពះមាតា មិនសំពះបិតា មិនសំពះអាចារ្យ មិនសំពះបងឡើយ ទើបតែព្រះសមណគោតម ធ្វើនូវមនុស្សបែបនេះ ឲ្យធ្វើនូវការគោរពដ៏ក្រៃលែងបាន។ គ្រានោះ ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះ នឹងមានត្ថទ្ធព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ ណ្ហើយ អ្នកចូរក្រោកឡើង ចូរអង្គុយលើអាសនៈរបស់ខ្លួនចុះ ព្រោះថា ចិត្តរបស់អ្នកជ្រះថ្លាក្នុងតថាគតហើយ។

[១៧៧] គ្រានោះ មានត្ថទ្ធព្រាហ្មណ៍ អង្គុយលើអាសនៈរបស់ខ្លួនហើយ បានក្រាបទូលព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលមិនគួរធ្វើមានះ ក្នុងពួកបុគ្គលណា បុគ្គលគួរប្រកបដោយសេចក្តីគោរព ក្នុងបុគ្គលណា ពួកបុគ្គលណា ដែលបុគ្គលគប្បីលំអុតលំអោន ពួកបុគ្គលណា ដែលបុគ្គលបូជាល្អហើយ ញុំាងប្រយោជន៍ឲ្យសម្រេច។

[១៧៨] ព្រះអង្គត្រាស់ថា បុគ្គលមិនគួរធ្វើមានះ ចំពោះមាតា បិតា បង និងអាចារ្យ ជាគំរប់៤ គួរប្រកបដោយសេចក្តីគោរព ចំពោះបុគ្គលទាំង៤នោះ បុគ្គលទាំង៤នោះ បុគ្គលគួរលំអុតលំអោន មួយទៀត បុគ្គលទាំង៤នោះ ដែលគេបូជាល្អហើយ ញុំាងប្រយោជន៍ឲ្យសម្រេច បុគ្គលគួរកំចាត់មានះ មិនគួររឹងត្អឹងដោយអនុស័យ គឺមានះនោះ ចំពោះព្រះអរហន្ត ដែលមានសេចក្តីត្រជាក់ មានសោឡសកិច្ចធ្វើរួចហើយ មិនមានអាសវៈ ជាអ្នកប្រសើរ។

[១៧៩] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មានត្ថទ្ធព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

បច្ចនិកសូត្រ ទី៦

(៦. បច្ចនីកសុត្តំ)

[១៨០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រាហ្មណ៍ ឈ្មោះបច្ចនិកសាតៈ (អ្នកមានសេចក្តីសុខជាសត្រូវ) អាស្រ័យនៅក្នុងក្រុងសាវត្ថី។ គ្រានោះ បច្ចនិកសាតព្រាហ្មណ៍ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ចូលទៅរកព្រះសមណគោតម បើព្រះសមណគោតម នឹងពោលនូវពាក្យណាៗ អាត្មាអញ គប្បីពោលទាស់នឹងពាក្យនោះៗរបស់លោក។

[១៨១] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ចង្រ្កមក្នុងទីវាល។ គ្រានោះ បច្ចនិកសាតព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ដើរតាមព្រះមានព្រះភាគ ដែលកំពុងចង្ក្រម ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះសមណៈ សូមព្រះអង្គសំដែងធម៌។

[១៨២] ព្រះអង្គត្រាស់ថា បច្ចនិកសាតព្រាហ្មណ៍ មានចិត្តសៅហ្មង ច្រើនដោយការប្រណាំងប្រជែង មិនងាយនឹងដឹងសុភាសិតទេ លុះតែបុគ្គលណា នាំចេញនូវការប្រណាំងប្រជែងផង នូវសេចក្តីមិនជ្រះថ្លានៃចិត្តផង លះបង់នូវគំនុំផង បុគ្គលនោះ ទើបដឹងនូវសុភាសិតបាន។

[១៨៣] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ បច្ចនិកសាតព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

នវកម្មិកសូត្រ ទី៧

(៧. នវកម្មិកសុត្តំ)

[១៨៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ សម័យនោះឯង នវកម្មិកភារទ្វាជព្រាហ្មណ៍ ឲ្យគេធ្វើការងារ ក្នុងដងព្រៃនោះ។ នវកម្មិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ គង់ក្រោមម្លប់សាលព្រឹក្សមួយ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកព្រះកម្មដ្ឋាន។ លុះឃើញហើយ ទើបនវកម្មិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ឲ្យគេធ្វើការងារ ក្នុងដងព្រៃនេះ កំពុងសប្បាយ ចុះព្រះសមណៈនេះ ឲ្យគេធ្វើការងារអ្វី សប្បាយដែរ។

[១៨៥] ទើបនវកម្មិកភារទ្វាជព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏បានពោលនឹងព្រះមានព្រះភាគ ដោយគាថាថា

នែភិក្ខុ លោកធ្វើការងារដូចម្តេច បានជាលោកមកនៅក្នុងព្រៃសាលព្រឹក្ស ព្រះគោតមតែមួយអង្គទេ ចុះបានសេចក្តីត្រេកអរណា ក្នុងព្រៃកើត។

[១៨៦] ព្រះអង្គត្រាស់ថា តថាគត មិនមានកិច្ចដែលត្រូវធ្វើក្នុងព្រៃទេ ព្រៃគឺកិលេសជាសត្រូវ តថាគត បានដកឫសគល់អស់ហើយ តថាគតនោះ ជាបុគ្គលម្នាក់ឯង មិនមានព្រៃ គឺកិលេសទេ ទាំងសរ គឺកិលេស វិនាសអស់ហើយ តថាគត លះបង់នូវសេចក្តីអផ្សុកហើយ ទើបត្រេកអរ ក្នុងព្រៃបាន។

[១៨៧] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ នវកម្មិកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។

កដ្ឋហារសូត្រ ទី៨

(៨. កដ្ឋហារសុត្តំ)

[១៨៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ សម័យនោះឯង មានពួកមាណពជាច្រើន ជាអ្នកនាំឧស ជាអន្តេវាសិក របស់ព្រាហ្មណ៍ភារទ្វាជគោត្តម្នាក់ នាំគ្នាចូលទៅកាន់ដងព្រៃនោះ លុះចូលទៅដល់ហើយ ក៏បានឃើញព្រះមានព្រះភាគ ទ្រង់គង់ក្នុងដងព្រៃនោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកកម្មដ្ឋាន លុះឃើញហើយ ក៏ចូលទៅរកភារទ្វាជគោត្តព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏បានពោលនូវពាក្យនេះ នឹងភារទ្វាជគោត្តព្រាហ្មណ៍ថា សូមជំរាបលោក សូមលោកដ៏ចំរើន គប្បីជ្រាប ដ្បិតព្រះសមណគោតម គង់ក្នុងដងព្រៃឯណោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកកម្មដ្ឋាន។

[១៨៩] គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ចូលទៅកាន់ដងព្រៃនោះ ជាមួយនឹងមាណពទាំងអម្បាលនោះ លុះចូលទៅដល់ហើយ បានឃើញព្រះមានព្រះភាគ ទ្រង់គង់ក្នុងដងព្រៃនោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកកម្មដ្ឋាន លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា

បពិត្រភិក្ខុ អ្នកចូលមករកព្រៃស្ងាត់ ឥតមានមនុស្ស ជាព្រៃដ៏ជ្រៅគួរឲ្យខ្លាចច្រើន លោកមានកាយដ៏ល្អ ប្រកបដោយប្រយោជន៍ មិនបានញាប់ញ័រ ទើបចំរើនឈានដ៏ល្អក្រៃពេកបាន ក្នុងព្រៃណាគ្មានចំរៀង ឬក្នុងព្រៃណាគ្មានល្បែងប្រគំ ព្រះមុនីក៏អាស្រ័យនៅ ក្នុងព្រៃនោះតែម្នាក់ឯង ព្រះមុនីមានចិត្តត្រេកអរ នៅក្នុងព្រៃម្នាក់ឯង ដោយហេតុណា ហេតុនេះ ជាការអស្ចារ្យប្រាកដដល់ខ្ញុំ ខ្ញុំកំពុងប្រាថ្នានូវត្រីទិព្វ គឺព្រហ្មលោកដ៏ប្រសើរ សំគាល់លោកថាជាអ្នកទៅកើតជាមួយនឹងមហាព្រហ្ម ជាធំក្នុងលោកដែរ ព្រោះហេតុអ្វី លោកដ៏ចំរើនអាស្រ័យនៅក្នុងព្រៃដែលឥតមនុស្ស លោកធ្វើនូវតបៈក្នុងទីនេះ ដើម្បីដល់នូវព្រហ្មលោកឬ។

[១៩០] ព្រះអង្គត្រាស់ថា ធម្មជាតិណាមួយ គឺសេចក្តីប្រាថ្នាក្តី សេចក្តីត្រេកអរក្តី មានប្រការផ្សេងៗ អាស្រ័យនៅក្នុងធាតុទាំងឡាយ គឺអារម្មណ៍មានសភាព មិនតែមួយ សព្វៗកាល មានការមិនដឹងជាមូល ប្រភពជាគ្រឿងញុំាងជនឲ្យជាប់ចំពាក់ ធម្មជាតិទាំងអស់នោះ តថាគត បានធ្វើឲ្យវិនាស ព្រមទាំងឫសគល់អស់ហើយ តថាគតនោះ មិនប្រាថ្នា មិនអាស្រ័យនូវតណ្ហា មិនចូលទៅរកតណ្ហា (និងអវិជ្ជាឡើយ) មានសេចក្តីឃើញដ៏បរិសុទ្ធ ក្នុងធម៌ទាំងពួង ហើយដល់នូវសម្ពោធិញ្ញាណ ដ៏ប្រសើរក្រៃលែង តថាគត គួរដល់ព្រហ្មលោក ជាអ្នកក្លៀវក្លា តែងដុតបំផ្លាញនូវកិលេស (ដោយឈានទាំងពីរ)។

[១៩១] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភារទ្វាជគោត្តព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។

មាតុបោសកសូត្រ ទី៩

(៩. មាតុបោសកសុត្តំ)

[១៩២] សាវត្ថីនិទាន។ គ្រានោះ ព្រាហ្មណ៍ឈ្មោះមាតុបោសកៈ (អ្នកចិញ្ចឹមមាតា) ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះមាតុបោសកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ស្វែងរកនូវភិក្ខារដោយធម៌ លុះស្វែងរកនូវភិក្ខាដោយធម៌ហើយ តែងចិញ្ចឹមនូវមាតាបិតា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្វើយ៉ាងនេះ ឈ្មោះថាជាអ្នកធ្វើនូវកិច្ច (តបគុណ) បានដែរឬ។ ព្រះអង្គត្រាស់ថា អើព្រាហ្មណ៍ អ្នកធ្វើយ៉ាងនេះ ឈ្មោះថាជាអ្នកធ្វើនូវកិច្ច (តបគុណ) បានហើយ ម្នាលព្រាហ្មណ៍ បុគ្គលណាស្វែងរក នូវភិក្ខាដោយធម៌ លុះស្វែងរកនូវភិក្ខាដោយធម៌ហើយ ចិញ្ចឹមមាតាបិតា បុគ្គលនោះ តែងបានបុណ្យដ៏ច្រើន។

[១៩៣] ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះ។បេ។

បុគ្គលណា ចិញ្ចឹមមាតាឬបិតាដោយធម៌ បណ្ឌិតទាំងឡាយ រមែងសរសើរបុគ្គលនោះ ក្នុងលោកនេះ ព្រោះការបំរើមាតាបិតាទាំងឡាយនោះ លុះបុគ្គលនោះ ទៅកាន់បរលោកហើយ រមែងរីករាយ ក្នុងឋានសួគ៌។

[១៩៤] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មាតុបោសកព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។

ភិក្ខកសូត្រ ទី១០

(១០. ភិក្ខកសុត្តំ)

[១៩៥] សាវត្ថីនិទាន។ គ្រានោះឯង ភិក្ខកព្រាហ្មណ៍ (ព្រាហ្មណ៍អ្នកសូម) បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកសូមគេ ឯព្រះអង្គ ក៏ជាអ្នកសូមគេដែរ យើងទាំងពីរនាក់ ផ្សេងគ្នាដូចម្តេច ក្នុងពាក្យថា អ្នកសូមនេះ។

[១៩៦] ព្រះអង្គត្រាស់ថា បុគ្គលណា សូមពួកជនដទៃ ដោយហេតុណា បុគ្គលនោះ មិនឈ្មោះថាភិក្ខុ (អ្នកសូម) ដោយហេតុនោះឡើយ បុគ្គលណា កាន់ធម៌មានពិស គឺអកុសលធម៌ បុគ្គលនោះ ក៏មិនឈ្មោះថាភិក្ខុដែរ ក្នុងលោកនេះ លុះតែបុគ្គលណា បានបណ្តែតបង់នូវបុណ្យ និងបាបចេញ ហើយប្រព្រឹត្តមគ្គ ព្រហ្មចរិយៈ ក្នុងខន្ធាទិលោក ដោយបញ្ញា បុគ្គលនោះ ទើបតថាគតហៅថា ភិក្ខុពិត។

[១៩៧] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខកព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹង ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។

សង្គរវសូត្រ ទី១១

(១១. សង្គារវសុត្តំ)

[១៩៨] សាវត្ថីនិទាន។ សម័យនោះឯង សង្គរវព្រាហ្មណ៍ អាស្រ័យនៅក្នុងក្រុងសាវត្ថី មានសេចក្តីសំគាល់ថា ទឹកជារបស់បរិសុទ្ធ រមែងប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបការព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រចីវរ ក្នុងវេលាព្រឹក ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ទើបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។

[១៩៩] លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សង្គរវព្រាហ្មណ៍ អាស្រ័យនៅក្នុងក្រុងសាវត្ថីនេះ មានសេចក្តីសំគាល់ថា ទឹកជារបស់បរិសុទ្ធ តែងប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យសេចក្តីអនុគ្រោះ ស្តេចចូលទៅកាន់លំនៅរបស់សង្គរវព្រាហ្មណ៍។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយភាពស្ងៀម។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ ចីវរក្នុងវេលាព្រឹក ហើយស្តេចចូលទៅកាន់លំនៅ របស់សង្គរវព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលព្រាហ្មណ៍ក្រាលថ្វាយ។

[២០០] លំដាប់នោះឯង សង្គរវព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសង្គរវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ បានឮថា អ្នកមានសេចក្តីសំគាល់ថា ទឹកជារបស់បរិសុទ្ធិ តែងប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក មែនឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនហើយ។ ម្នាលព្រាហ្មណ៍ ចុះអ្នកឯងយល់ឃើញអំណាចប្រយោជន៍ដូចម្តេច បានជាសំគាល់ថា ទឹកជារបស់បរិសុទ្ធិ ប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងទីនេះ បាបកម្មណា ដែលខ្ញុំព្រះអង្គបានធ្វើហើយ ក្នុងវេលាថ្ងៃ ខ្ញុំព្រះអង្គ បន្សាត់បង់នូវបាបកម្មនោះ ដោយការងូតទឹក ក្នុងវេលាល្ងាច បាបកម្មណា ដែលខ្ញុំព្រះអង្គបានធ្វើហើយ ក្នុងវេលាយប់ ខ្ញុំព្រះអង្គ ក៏បន្សាត់បង់នូវបាបកម្មនោះ ដោយការងូតទឹក ក្នុងវេលាព្រឹក បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញច្បាស់ នូវអំណាចប្រយោជន៍នេះឯង បានជាសំគាល់ថា ទឹកជារបស់បរិសុទ្ធិ ប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក។

[២០១] ព្រះមានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកបុគ្គលអ្នកដល់នូវវេទ បានងូតទឹកក្នុងអន្លង់ទឹកណា មិនបានទទឹកខ្លួនសោះ ហើយស្រាប់តែឆ្លងដល់ត្រើយម្ខាង អន្លង់ទឹកនោះ ក៏គឺធម៌ មានសីលជាកំពង់ មិនល្អក់ ដែលសប្បុរសទាំងឡាយ សរសើរថាជារបស់សប្បុរសទាំងឡាយ។

[២០២] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សង្គរវព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះតទៅ។

ខោមទុស្សសូត្រ ទី១២

(១២. ខោមទុស្សសុត្តំ)

[២០៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគមឈ្មោះ ខោមទុស្សៈ របស់ពួកសក្យៈ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ ចីវរ ក្នុងវេលាព្រឹក ហើយចូលទៅកាន់ខោមទុស្សនិគម ដើម្បីបិណ្ឌបាត។ សម័យនោះឯង ពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានប្រជុំគ្នាក្នុងរោង ដោយកិច្ចនីមួយ។ ចួនជាភ្លៀង ក៏ស្រក់ចុះមកមួយដំណក់ៗ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់យាងទៅជ្រកក្នុងរោងនោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានឃើញព្រះមានព្រះភាគ យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ទូលសួរយ៉ាងនេះថា ពួកជនត្រងោលបែបណា ឈ្មោះថាអ្នកស្ងប់រម្ងាប់ ពួកជនបែបណា នឹងដឹងនូវសភាធម៌។5)

[២០៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម ដោយគាថា ថា

ពួកសប្បុរសមិនមានក្នុងទីណា ទីនោះ មិនឈ្មោះថាទីប្រជុំឡើយ ជនទាំងឡាយណា មិនពោលធម៌ ជនទាំងនោះ មិនឈ្មោះថា សប្បុរស (អ្នកស្ងប់រម្ងាប់) ទេ លុះតែពួកជន លះបង់រាគៈ ទោសៈ មោហៈ ទាំងពោលនូវធម៌ផង ទើបឈ្មោះថា សប្បុរស (ពួកជនបែបនេះ នឹងដឹងនូវសភាធម៌)។

[២០៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងដោយអនេកបរិយាយ ដូចជា មនុស្សផ្ងារវត្ថុដែលផ្កាប់ ឬបើកបង្ហាញវត្ថុដែលកំបាំង ឬក៏ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្សកាន់ប្រទីបប្រេង ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា ឲ្យពួកមនុស្សដែលមានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន យើងខ្ញុំទាំងឡាយនេះ សូមដល់ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង សូមព្រះគោតមដ៏ចំរើន ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះតទៅ។

ចប់ ឧបាសកវគ្គ ទី២។

ឧទ្ទាននៃឧបាសកវគ្គនោះគឺ

កសីសូត្រ១ ឧទយសូត្រ១ ទេវហិតសូត្រ១ មហាសាលសូត្រ១ មានត្ថទ្ធសូត្រ១ បច្ចនិកសូត្រ១ នវកម្មិកសូត្រ១ កដ្ឋហារសូត្រ១ មាតុបោសកសូត្រ១ ភិក្ខកសូត្រ១ សង្គរវសូត្រ១ ខោមទុស្សសូត្រ១ ត្រូវជា១២។

ចប់ ព្រាហ្មណសំយុត្ត។

 

លេខយោង

1)
បុគ្គលដែលគួរដល់ការបូជា មានអសីតិមហាថេរជាដើម។
2)
បុគ្គលដែលគួរដល់សក្ការៈ។
3)
បុគ្គលដែលគួរដល់ការកោតក្រែង។
4)
ទក្ខិណាទានសម្រេច បានសេចក្តីថា ទក្ខិណាទាន មានផលច្រើន។ អដ្ឋកថា។
5)
ធម៌ដែលត្រូវប្រតិបត្តិក្នុងទីប្រជុំ។
km/tipitaka/sut/sn/07/sut.sn.07.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann