km:tipitaka:sut:sn:08:sut.sn.08.002



អរតិសូត្រ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 08.002 បាលី cs-km: sut.sn.08.002 អដ្ឋកថា: sut.sn.08.002_att PTS: ?

អរតិសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. អរតិសុត្តំ)

[២០៩] សម័យមួយ ព្រះវង្គីសៈមានអាយុ គង់នៅក្នុងអគ្គាឡវចេតិយ ទៀបក្រុងអាឡវី ជាមួយនឹងឧបជ្ឈាយ៍ ឈ្មោះនិគ្រោធកប្បៈមានអាយុ។ សម័យនោះឯង ព្រះនិគ្រោធកប្បៈមានអាយុ ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ក៏ចូលទៅកាន់វិហារ ចេញ (អំពីវិហារទៅវិញ) ក្នុងវេលាល្ងាច ឬក្នុងកាលថ្ងៃស្អែកឡើង។

[២១០] សម័យនោះឯង សេចក្តីអផ្សុក កើតមានដល់ព្រះវង្គីសៈមានអាយុ ទាំងរាគៈ ក៏ញុំាងកុសលចិត្តឲ្យវិនាស។ ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ ពេញជាមិនមានលាភ អើហ្ន៎ លាភ មិនមានដល់អាត្មាអញឡើយ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ បានដោយអាក្រក់ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយល្អទេ ព្រោះថា សេចក្តីអផ្សុក កើតឡើងដល់អាត្មាអញ រាគៈក៏ញុំាងកុសលចិត្តឲ្យវិនាស ពួកជនដទៃ គប្បីបន្ទោបង់សេចក្តីអផ្សុក របស់អាត្មាអញ ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង ដោយហេតុណា ហេតុនោះ អាត្មាអញ គប្បីបានជនទាំងនោះអំពីទីណា ក្នុងរាគៈនេះ បើដូច្នោះ មានតែអាត្មាអញ បន្ទោបង់ នូវសេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួនឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង។

[២១១] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក៏បន្ទោបង់សេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួនឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង រួចពោលគាថាទាំងឡាយនេះ ក្នុងវេលានោះថា

ភិក្ខុណាលះបង់ នូវសេចក្តីមិនត្រេកអរផង នូវសេចក្តីត្រេកអរផងនូវវិតក្កៈ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណផង ដោយប្រការទាំងពួង ហើយមិនធ្វើនូវព្រៃធំ គឺកិលេស ក្នុងអារម្មណ៍ណាមួយឡើយ ភិក្ខុនោះឈ្មោះថា មិនមានព្រៃធំ គឺកិលេស ជាអ្នកប្រាសចាកតណ្ហា របស់អ្វីមួយ ក្នុងលោកនេះ ដែលមានរូបឋិតលើផែនដីក្តី ដែលឋិតលើអាកាសក្តី ដែលឋិតនៅក្នុងរូងផែនដីក្តី1) របស់ទាំងអស់នោះ មិនទៀង រមែងគ្រាំគ្រាទៅ ពួកជនដែលស្គាល់ច្បាស់ នូវអត្តភាព តែងមកប្រជុំយ៉ាងនេះ តែងជាប់ចំពាក់ក្នុងឧបធិទាំងឡាយ អ្នកឯងជាបុគ្គល មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ចូរបន្ទោបង់នូវចំណង់ ក្នុងរូបដែលឃើញហើយ ក្នុងសំឡេងដែលឮហើយ ក្នុងក្លិន និងរសដែលប៉ះពាល់ហើយ ក្នុងផោដ្ឋព្វារម្មណ៍ ដែលពាល់ត្រូវហើយ អ្នកណាមិនជាប់នៅ ក្នុងបញ្ចកាមគុណនេះ ពួកជនហៅអ្នកនោះ ថាជាអ្នកប្រាជ្ញ មួយទៀត វិតក្កៈទាំងឡាយ ដែលមិនប្រកបដោយធម៌ អាស្រ័យនូវអារម្មណ៍៦ តាំងនៅក្នុងពួកបុថុជ្ជន បុគ្គលណា មិនទៅកាន់កិលេសវដ្តៈ ក្នុងទីណាមួយ ទាំងមិនពោលពាក្យអាក្រក់ បុគ្គលនោះ ឈ្មោះថាភិក្ខុ ជាអ្នកប្រាជ្ញ មានចិត្តតាំងមាំ អស់កាលជាយូរអង្វែង ជាអ្នកមិនកុហក មានប្រាជ្ញាជាគ្រឿងរក្សាខ្លួន ទាំងមិនមានសេចក្តីស្រឡាញ់ ឈ្មោះថាជាអ្នកប្រាជ្ញ បានត្រាស់ដឹងនូវព្រះនិព្វាន មួយទៀត បុគ្គលនោះ បរិនិព្វានហើយ ព្រោះអាស្រ័យព្រះនិព្វាន តែងទន្ទឹងនូវបរិនិព្វានកាល។

 

លេខយោង

1)
សំដៅយកពិភពនាគ។
km/tipitaka/sut/sn/08/sut.sn.08.002.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann