km:tipitaka:sut:sn:09:sut.sn.09.001



វិវេកសូត្រ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 09.001 បាលី cs-km: sut.sn.09.001 អដ្ឋកថា: sut.sn.09.001_att PTS: ?

វិវេកសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១. វិវេកសុត្តំ)

[២៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏ក្នុងសម័យនោះ ភិក្ខុនោះ ទៅកាន់ទីសម្រាក ក្នុងវេលាថ្ងៃ ហើយត្រិះរិះនូវអកុសលវិតក្កទាំងឡាយ ដ៏លាមក ដែលអាស្រ័យនឹងបញ្ចកាមគុណ។

[២៤១] ក្នុងកាលនោះ មានទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នកមានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ភិក្ខុនោះ ប្រាថ្នាដើម្បីធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដោយគាថាទាំងឡាយថា

លោកប្រាថ្នាសេចក្តីស្ងាត់ បានជាចូលមកកាន់ព្រៃ តែចិត្តរបស់លោក នៅតែត្រាច់ទៅក្នុងអារម្មណ៍ខាងក្រៅ លោកចូរជាជននាំចេញ នូវឆន្ទរាគក្នុងជន (ដទៃ) តអំពីនោះ លោកនឹងបានសេចក្តីសុខ ប្រាសចាករាគៈមិនខាន លោកចូរលះបង់សេចក្តីមិនត្រេកអរចេញ លោកចូរជាអ្នកមានស្មារតី ខ្ញុំសូមរំឭកលោក ដែលជាអ្នកមានស្មារតី ព្រោះថា ធុលី គឺកិលេស ដែលបណ្ឌិតហៅថា បាតាល1) (នេះ) លំបាកនឹងឆ្លងណាស់ ធុលី គឺកាម កុំនាំលោកទៅឡើយ ដូចសត្វស្លាប ដែលប្រឡាក់ខ្លួនដោយអាចម៍ដី ប្រឹងទទះជម្រុះធុលី ដែលប្រឡាក់ខ្លួន ឲ្យធ្លាក់ចេញ យ៉ាងណា ភិក្ខុអ្នកមានព្យាយាម មានស្មារតី តែងធ្វើធុលី គឺកិលេស ដែលប្រឡាក់ខ្លួន ឲ្យធ្លាក់ចេញ យ៉ាងនោះឯង។

ក្នុងកាលនោះ ភិក្ខុនោះ ក៏បានដល់នូវសេចក្តីសង្វេគ ដោយសារទេវតានោះធ្វើឲ្យសង្វេគ។

 

លេខយោង

1)
ប្រែថា “ពិភពនាគ” ក៏បាន ថា “សមុទ្រ” ក៏បាន ថា “ភ្លើងក្នុងទន្លេ” ក៏បាន ខ្មែរយើងពីដើម ធ្លាប់នាំគ្នានិយាយថា “បាដាល” (បាលីលិបិក្រម)។
km/tipitaka/sut/sn/09/sut.sn.09.001.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann