km:tipitaka:sut:sn:09:sut.sn.09.006



អនុរុទ្ធសូត្រ ទី៦

សង្ខេប

ទេវតា ជា​ប្រពន្ធ​ពី​ដើម របស់​ព្រះអនុរុទ្ធ ព្យាយាម​ទាក់​ទាញ​គាត់ ទៅ​ឋាន​តាវត្តិង្ស។

sn 09.006 បាលី cs-km: sut.sn.09.006 អដ្ឋកថា: sut.sn.09.006_att PTS: ?

អនុរុទ្ធសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦. អនុរុទ្ធសុត្តំ)

[២៥២] សម័យមួយ ព្រះអនុរុទ្ធមានអាយុ គង់នៅនាដងព្រៃមួយ ក្នុងដែនកោសល។

[២៥៣] គ្រានោះឯង ទេវតាមួយអង្គ ឈ្មោះជាលិនី ជាពួកទេវតានៅឋានតាវត្តិង្ស ជាប្រពន្ធពីដើម របស់ព្រះអនុរុទ្ធមានអាយុ បានចូលទៅរកព្រះអនុរុទ្ធមានអាយុ លុះចូលទៅដល់ហើយ ទើបពោលគាថា នឹងព្រះអនុរុទ្ធមានអាយុថា

កាលពីដើម លោកប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងទីណា ចូរលោកតាំងចិត្ត ឲ្យនឹងក្នុងទីនោះ លោកមានពួកទេវតាចោមរោមជាបរិវារ តែងល្អក្នុងឋានទេវតា ឈ្មោះតាវត្តិង្ស ជាទីសម្រេចនៃសេចក្តីប្រាថ្នាគ្រប់យ៉ាង។

[២៥៤] ព្រះអនុរុទ្ធតបថា

ទេវកញ្ញាដែលទុគ៌ត តាំងនៅក្នុងសក្កាយទិដ្ឋិ ទោះបីពួកសត្វជាទុគ៌តនោះ ក៏ពួកទេវកញ្ញាប្រាថ្នាដែរ។

[២៥៥] ទេវតាតបថា

ពួកជនណាមិនឃើញឱទ្យាន ឈ្មោះនន្ទនៈ ជាអាវាសរបស់ពួកទេវតា មានប្រមាណ ៣1) ដ៏មានយស ពួកជននោះ ឈ្មោះថា មិនស្គាល់សេចក្តីសុខសប្បាយ។

[២៥៦] ព្រះអនុរុទ្ធតបថា

ម្នាលទេវតាពាល នាងឯងមិនដឹងពាក្យរបស់ព្រះអរហន្តទាំងឡាយថា សង្ខារទាំងពួងមិនទៀង មានការកើតឡើង និងការវិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ រលត់ទៅវិញ លុះតែរម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ ម្នាលនាង ជាលិនី ការនៅរបស់យើង ក្នុងពួកទេវតាទៀត ក្នុងកាលឥឡូវនេះ មិនមានទេ ជាតិសង្សារអស់ហើយ ឥឡូវភពថ្មីមិនមានទេ។

 

លេខយោង

1)
មានប្រមាណ ៣ គឺ ជាតិ១ សត្ត១ អវិនាស១។
km/tipitaka/sut/sn/09/sut.sn.09.006.txt · ពេលកែចុងក្រោយ: 2023/08/25 16:12 និពន្ឋដោយ Johann