km:tipitaka:sut:sn:09:sut.sn.09.014



បទុមបុប្ផសូត្រ ទី១៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 09.014 បាលី cs-km: sut.sn.09.014 អដ្ឋកថា: sut.sn.09.014_att PTS: ?

បទុមបុប្ផសូត្រ ទី១៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៤. គន្ធត្ថេនសុត្តំ)

[២៧៤] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុនោះត្រឡប់មកពីបិណ្ឌបាត (ធ្វើភត្តកិច្ចស្រេច) ក្នុងវេលាក្រោយភត្ត ក៏ចុះកាន់ស្រះបោក្ខរណី ហើយហិតផ្កាឈូក។

[២៧៥] គ្រានោះឯង ទេវតាដែលនៅអាស្រ័យ ក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ទើបចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ពោលគាថានឹងភិក្ខុនោះថា

លោកហិតផ្កា ដែលកើតក្នុងទឹកនុ៎ះ ដែលគេមិនបានឲ្យ បពិត្រលោកអ្នកនិរទុក្ខ ការហិតនុ៎ះ ជាអង្គមួយនៃការលួច លោកឈ្មោះថាជាអ្នកលួចក្លិន។

[២៧៦] ភិក្ខុនោះ តបថា

អាត្មាមិនបាននាំទៅ មិនបានកាច់ទេ គ្រាន់តែហិតផ្កា ដែលកើតក្នុងទឹក អំពីចម្ងាយទេតើ ចុះហេតុដូចម្តេច បានជាអ្នកនិយាយថា អាត្មាលួចក្លិន ចុះបុរសដែលមានអំពើផ្តេសផ្តាស ជីកគាស់ក្រអៅឈូក កាច់ផ្កាឈូកយ៉ាងនេះ ហេតុអ្វី ក៏អ្នកមិនថាឲ្យបុរសនុ៎ះផង។1)

[២៧៧] ទេវតា តបថា

បុរសដែលល្មោភផ្តេសផ្តាស ជាអ្នកប្រឡាក់ (ដោយរាគាទិក្កិលេស) ហួសកំណត់ ពាក្យរបស់ខ្ញុំមិនមាន ក្នុងបុរសនោះទេ ខ្ញុំគួរនិយាយតែនឹងលោកម្នាក់ហ្នឹង (ព្រោះ) សត្វដែលឥតមានទីទួល ពោលគឺកិលេស ជាអ្នកស្វែងរកសេចក្តីស្អាត អស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ។

[២៧៨] ភិក្ខុនោះតបថា

ម្នាលទេវតា អ្នកស្គាល់អាត្មាមែន អ្នកអនុគ្រោះអាត្មាមែន ម្នាលទេវតា កាលណាបើអ្នកឃើញអាត្មាធ្វើដូច្នេះ អ្នកគប្បីនិយាយឲ្យអាត្មាទៀតចុះ។

[២៧៩] ទេវតាតបថា

ខ្ញុំមិនបានចិញ្ចឹមលោកទេ មិនមែនគ្រាន់បើជាងលោកទេ លោកគប្បីទៅកាន់សុគតិ ដោយកម្មណា បពិត្រភិក្ខុ លោកត្រូវដឹងកម្មនោះខ្លួនលោកចុះ។

គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់នូវសេចក្តីសង្វេគ។

ចប់ វនសំយុត្ត។

ឧទ្ទាននៃវនសំយុត្តនោះ ដូច្នេះគឺ

វិវេកសូត្រ១ ឧបដ្ឋានសូត្រ១ កស្សបគោត្តសូត្រ១ សម្ពហុលសូត្រ១ អានន្ទសូត្រ១ អនុរុទ្ធសូត្រ១ នាគទត្តសូត្រ១ កុលឃរណីសូត្រ១ វជ្ជីបុត្តសូត្រ ក្នុងក្រុងវេសាលី១ សជ្ឈាយសូត្រ១ អយោនិសោមនសិការសូត្រ១ មជ្ឈន្តិកកាលសូត្រ១ បាកតិន្ទ្រិយសូត្រ១ ជា១៤ នឹងបទុមបុប្ផសូត្រ។

 

លេខយោង

1)
ក្នុងអដ្ឋកថា ថា កាលដែលទេវតាកំពុងស្តីឲ្យភិក្ខុនោះ មានតាបសម្នាក់ ចុះជីកគាស់ក្រអៅឈូក កាច់ផ្កាឈូក
km/tipitaka/sut/sn/09/sut.sn.09.014.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann