km:tipitaka:sut:sn:10:sut.sn.10.008



សុទត្តសូត្រ ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 10.008 បាលី cs-km: sut.sn.10.008 អដ្ឋកថា: sut.sn.10.008_att PTS: ?

សុទត្តសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. សុទត្តសុត្តំ)

[៣០៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសីតវ័ន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង អនាថបិណ្ឌិកគហបតី បានទៅដល់ក្រុងរាជគ្រឹះ ដោយកិច្ចការនីមួយ។1) អនាថបិណ្ឌិកគហបតី បានឮដំណឹងថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ក៏មានប្រាថ្នា ដើម្បីចូលទៅជួបនឹងព្រះមានព្រះភាគ ក្នុងខណៈនោះឯង។ គ្រានោះឯង អនាថបិណ្ឌិកគហបតី មានសេចក្តីត្រិះរិះ យ៉ាងនេះថា ថ្ងៃនេះជាកាលមិនគួរ ដើម្បីចូលទៅជួបព្រះមានព្រះភាគទេ ចាំដល់ថ្ងៃស្អែក អាត្មាអញ នឹងចូលទៅជួបព្រះមានព្រះភាគ ដោយកាលគួរ ពុំខាន។ កាលបើសតិតាំងនៅក្នុងពុទ្ធគុណហើយ គាត់ដេកក្នុងមួយរាត្រី ក្រោកឡើង៣ដង ដោយស្មានថាភ្លឺហើយ។ គ្រានោះឯង អនាថបិណ្ឌិកគហបតី ក៏ចូលទៅរកសីវថិកទ្វារ (ទ្វារស្មសាន)។ ពួកអមនុស្ស ក៏បើកទ្វារឲ្យ។

[៣០៦] គ្រានោះ កាលអនាថបិណ្ឌិកគហបតី កំពុងចេញទៅអំពីនគរ ពន្លឺក៏បាត់ទៅ ងងឹតក៏កើតប្រាកដឡើង សេចក្តីភ័យ តក់ស្លុត និងការព្រឺរោម ក៏កើតឡើង។ គាត់ចង់ត្រឡប់មកអំពីទីនោះវិញ។ គ្រានោះឯង យក្សឈ្មោះ សិវកៈ បំបាំងខ្លួនមិនឲ្យឃើញ ធ្វើសំឡេងឲ្យឮឡើងថា ដំរីមួយសែន សេះមួយសែន រថទឹមដោយមេសេះអស្សតរមួយសែន នាងកញ្ញាពាក់កុណ្ឌល ជាវិការៈនៃកែវមណីមួយសែននាក់ ក៏មិនដល់ថ្លៃមួយចំណិត នៃជំហានមួយ ដែលគេចែកឲ្យជាចំណែកដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នកប្រសើរជាង ឯការត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។

គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។

[៣០៧] ពន្លឺបាត់ទៅ ងងឹតក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏កើតឡើង អស់វារៈពីរដងទៀត។ ឯអនាថបិណ្ឌិកគហបតី ក៏ចង់ត្រឡប់ពីទីនោះមកវិញទៀត។ សិវកយក្សបំបាំងខ្លួនមិនឲ្យឃើញ ក៏ធ្វើសំឡេងឲ្យឮឡើង អស់វារៈពីរដងទៀតថា

ដំរីមួយសែន សេះមួយសែន។បេ។ ក៏មិនដល់ថ្លៃមួយចំណិត នៃជំហានមួយ ដែលគេចែកឲ្យ ជាចំណែកដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នកប្រសើរជាង ឯការត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។

គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។

[៣០៨] ពន្លឺបាត់ទៅ ងងឹតក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏កើតឡើង អស់វារៈបីដងទៀត។ ឯអនាថបិណ្ឌិកសេដ្ឋី ក៏ចង់ត្រឡប់អំពីទីនោះមកវិញ។ សិវកយក្ស បំបាំងខ្លួនមិនឲ្យឃើញ ធ្វើសំឡេងឲ្យឮឡើង អស់វារៈបីដងទៀតថា

ដំរីមួយសែន សេះមួយសែន។បេ។ មិនដល់ថ្លៃមួយចំណិត នៃជំហានមួយ ដែលគេចែកឲ្យ ជាចំណែកដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នកប្រសើរជាង ឯការត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។

គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។

[៣០៩] គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅឯសីតវ័ន។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចូសសម័យនៃរាត្រី ទៅចង្ក្រមក្នុងទីវាលស្រឡះ។ ព្រះមានព្រះភាគ បានទតឃើញអនាថបិណ្ឌិកគហបតី កំពុងមកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់ចុះអំពីទីចង្ក្រម មកគង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ហៅអនាថបិណ្ឌិកគហបតី យ៉ាងនេះថា ម្នាលសុទត្ត ចូរអ្នកមកអាយ។ ទើបអនាថបិណ្ឌិកគហបតី ឱនក្បាលទៀបបាទា នៃព្រះមានព្រះភាគ ក្នុងទីនោះ ដោយគិតថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅអញចំឈ្មោះ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ គង់នៅជាសុខទេឬ។

[៣១០] ព្រះអង្គត្រាស់ថា

បុគ្គលជាអ្នកបន្សាត់បង់បាប រំលត់កិលេស រមែងដេកជាសុខសព្វកាល បុគ្គលណាមានសេចក្តីត្រជាក់ត្រជំ ឥតមានឧបធិក្កិលេស កាត់បង់តណ្ហាទាំងអស់ បន្ទោបង់សេចក្តីក្រវល់ក្រវាយ ក្នុងហ្ឫទ័យ មិនបានប្រឡាក់ ក្នុងកាមទាំងឡាយ បុគ្គលនោះ រមែងដល់នូវសេចក្តីរម្ងាប់កិលេសដោយចិត្ត មានចិត្តស្ងប់រម្ងាប់ ដេកនៅជាសុខ។

 

លេខយោង

1)
កិច្ចការនីមួយក្នុងទីនេះ សំដៅយកការជួញ។ អដ្ឋកថា។
km/tipitaka/sut/sn/10/sut.sn.10.008.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann