(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 11.v01 បាលី cs-km: sut.sn.11.v01 អដ្ឋកថា: sut.sn.11.v01_att PTS: ?
សុវីរវគ្គ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. បឋមវគ្គោ)
(១. សុវីរសុត្តំ)
[៣២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[៣២៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានពួកអសុរ ច្បាំងតគ្នានឹងពួកទេវតា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅទេវបុត្តឈ្មោះ សុវីរៈ មកថា ម្នាលបាសុវីរៈ ពួកអសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នកទៅតតាំងនឹងពួកអសុរនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅសុវីរទេវបុត្តមក អស់វារៈ២ដងទៀតថា ម្នាលបាសុវីរៈ ពួកអសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នកទៅតតាំងនឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ២ដង។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅសុវីរទេវបុត្តមក អស់វារៈ៣ដងទៀតថា ម្នាលបាសុវីរៈ ពួកអសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នកទៅតតាំងនឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ៣ដងទៀត។
[៣២៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា បានពោលគាថា នឹងសុវីរទេវបុត្តថា
បុគ្គល កាលមិនតស៊ូ មិនព្យាយាមទេ តែងបានសេចក្តីសុខ ក្នុងទីណា ម្នាលសុវីរៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។
[៣២៩] សុវីរទេវបុត្ត ទូលថា
បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ មិនធ្វើកិច្ចការដែលត្រូវធ្វើ តែជាអ្នកសម្រេច នូវសេចក្តីប្រាថ្នាគ្រប់ចំពូក បពិត្រសក្កទេវរាជ សូមព្រះអង្គទ្រង់បង្ហាញ នូវកន្លែងដ៏ប្រសើរនោះ ដល់ខ្ញុំព្រះអង្គ។
[៣៣០] សក្កទេវរាជត្រាស់ថា
បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ ដល់នូវសេចក្តីសុខ ដោយចំណែកមួយក្នុងទីណា ម្នាលសុវីរៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។
[៣៣១] សុវីរទេវបុត្ត ទូលថា
បពិត្រសក្កទេវរាជ ដ៏ប្រសើរជាងទេវតា យើងបានសេចក្តីសុខណា ដោយមិនបាច់ធ្វើការងារ បពិត្រសក្កទេវរាជ សូមទ្រង់បង្ហាញសេចក្តីសុខដ៏ប្រសើរ ដែលមិនមានសោកសៅ មិនមានសេចក្តីចង្អៀតចង្អល់ចិត្តនោះ ដល់ខ្ញុំព្រះអង្គផង។
[៣៣២] សក្កទេវរាជ តបថា
ប្រសិនបើបុគ្គលណាមួយ មិនរស់នៅក្នុងកន្លែងណាមួយ ដោយឥតមានការងារ ផ្លូវនោះឯងហើយ ជាផ្លូវព្រះនិព្វាន ម្នាលសុវីរៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។
[៣៣៣] ម្នាលភិក្ខុទាំងឡាយ អម្បាលដូចយ៉ាងសក្កទេវរាជ ជាធំជាងពួកទេវតា កំពុងសោយផលបុណ្យរបស់ខ្លួន សោយរាជ្យជាឥស្សរាធិបតី ជាងពួកទេវតា នៅឋានតាវត្តិង្ស ម្តេចគង់សរសើរសេចក្តីប្រឹងប្រែង និងការព្យាយាមដែរ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយធ្វើការណ៍នុ៎ះ ឲ្យល្អក្នុងធម្មវិន័យចុះ ព្រោះថា អ្នកទាំងឡាយ បានបួសក្នុងធម៌វិន័យ ដែលតថាគត សំដែងហើយ ដោយប្រពៃយ៉ាងនេះ គួរណាស់តែរវៀសរវៃ ប្រឹងប្រែង ព្យាយាម ដើម្បីដល់នូវមគ្គផល ដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវមគ្គផល ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ កុំបីអាក់ខានឡើយ។
(២. សុសីមសុត្តំ)
[៣៣៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[៣៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានពួកអសុរ ច្បាំងតនឹងពួកទេវតា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅសុសិមទេវបុត្តមកថា ម្នាលបាសុសិមៈ ពួកអសុរទាំងនុ៎ះ ច្បាំងនឹងពួកទេវតា ម្នាលបាសុសិមៈ ចូរអ្នកទៅតតាំងនឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុសិមទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅសុសិមទេវបុត្ត អស់វារៈ២ដងទៀត។បេ។ ធ្វើពួកអសុរឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ២ដងទៀត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅសុសិមទេវបុត្តមក អស់វារៈ៣ដងថា ម្នាលបាសុសិមៈ ពួកអសុរទាំងនុ៎ះ ច្បាំងនឹងពួកទេវតា ម្នាលបាសុសិមៈ ចូរអ្នកទៅតតាំង នឹងពួកអសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុសិមទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ៣ដងទៀត។
[៣៣៦] ម្នាលភិក្ខុទាំងឡាយ ទើបសក្កទេវរាជ ជាធំជាងពួកទេវតា បានពោលគាថា នឹងសុសិមទេវបុត្តថា
បុគ្គល កាលមិនតស៊ូ មិនព្យាយាមទេ បានសេចក្តីសុខក្នុងទីណា ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។
[៣៣៧] សុសិមទេវបុត្តទូលថា
បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ មិនធ្វើកិច្ចការដែលត្រូវធ្វើ តែជាអ្នកសម្រេចនូវសេចក្តីប្រាថ្នាគ្រប់ចំពូក បពិត្រសក្កៈ សូមព្រះអង្គទ្រង់បង្ហាញ នូវកន្លែងដ៏ប្រសើរនោះ ដល់ខ្ញុំព្រះអង្គ។
[៣៣៨] សក្កទេវរាជ តបថា
បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ ដល់នូវសេចក្តីសុខ ដោយចំណែកមួយ ក្នុងទីណា ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ ក្នុងទីនោះផង។
[៣៣៩] សុសិមទេវបុត្តទូលថា
បពិត្រសក្កទេវរាជ ដ៏ប្រសើរជាងទេវតា យើងបានសេចក្តីសុខណា ដោយមិនបាច់ធ្វើការងារ បពិត្រសក្កទេវរាជ សូមទ្រង់បង្ហាញសេចក្តីសុខដ៏ប្រសើរ ដែលមិនមានសេចក្តីសោកសៅ មិនមានសេចក្តីតឹងចិត្តនោះ ដល់ខ្ញុំព្រះអង្គផង។
[៣៤០] សក្កទេវរាជ តបថា
ប្រសិនបើអ្នកណាមួយ មិនរស់នៅក្នុងទីណាមួយ ដោយមិនធ្វើការងារទេ ផ្លូវនោះឯងហើយ ជាផ្លូវព្រះនិព្វាន ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ ក្នុងទីនោះផង។
[៣៤១] ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងសក្កទេវរាជ ជាធំជាងពួកទេវតានោះ កំពុងសោយផលបុណ្យរបស់ខ្លួន សោយរាជ្យជាឥស្សរាធិបតី ជាងទេវតាទាំងឡាយ នៅឋានតាវត្តិង្ស ម្តេចគង់សរសើរសេចក្តីប្រឹងប្រែង និងការព្យាយាមដែរ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើការណ៍នុ៎ះឲ្យល្អ ក្នុងសាសនានេះចុះ ព្រោះថា អ្នកទាំងឡាយ បានបួសក្នុងធម៌វិន័យ ដែលតថាគត សំដែងហើយ ដោយប្រពៃយ៉ាងនេះ គួររវៀសរវៃ ប្រឹងប្រែង ព្យាយាម ដើម្បីដល់នូវមគ្គផល ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ កុំបីអាក់ខានឡើយ។
(៣. ធជគ្គសុត្តំ)
[៣៤២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[៣៤៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និងអសុរ បានផ្គុំគ្នា (ប្រទល់គ្នា) ហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ទេវរាជ ឈ្មោះសក្កៈ ជាធំជាងទេវតាទាំងឡាយ បានហៅពួកទេវតា ក្នុងឋានតាវត្តិង្សមកថា ម្នាលគ្នាយើង កាលបើពួកទេវតា ចូលកាន់សង្គ្រាមហើយ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម កើតឡើង ពួកអ្នកគប្បីក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំ ក្នុងសម័យនោះចុះ។ ព្រោះថា កាលបើអ្នកទាំងឡាយ ក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ មុខជានឹងស្ងប់រម្ងាប់ទៅវិញ។ បើពួកអ្នកមិនក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំទេ ក៏ត្រូវតែក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះបជាបតិចុះ។ ព្រោះថា កាលបើពួកអ្នកក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ បជាបតិ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅវិញបាន។ បើអ្នកទាំងឡាយ មិនក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ បជាបតិទេ ក៏ត្រូវក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ វរុណៈ។ ព្រោះថា កាលបើពួកអ្នក ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះវរុណៈ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅវិញ។ បើពួកអ្នកមិនក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះវរុណៈទេ ត្រូវតែក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ ឦសានៈ។ ព្រោះថា កាលបើពួកអ្នក ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះ ឦសាន សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅវិញ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកទេវតា ក្រឡេកមើលចុងទង់ជ័យនោះ នៃទេវរាជ ឈ្មោះសក្កៈ ជាធំជាងទេវតាទាំងឡាយក្តី ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះបជាបតិក្តី ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះវរុណៈក្តី ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះឦសានៈក្តី សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ ក៏នឹងស្ងប់រម្ងាប់ ចួនកាន មិនស្ងប់រម្ងាប់ក៏មានខ្លះ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សក្កទេវានមិន្ទ មិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ ជាអ្នកនៅខ្លាច នៅរន្ធត់ នៅតក់ស្លុត រត់ចេញនៅឡើយ។
[៣៤៤] ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បើពួកអ្នកនៅក្នុងព្រៃ ឬនៅទៀបគល់ឈើ ឬនៅក្នុងផ្ទះស្ងាត់ សេចក្តីខ្លាចក្តី សេចក្តីរន្ធត់ក្តី ឬសេចក្តីព្រឺរោមក្តី កើតឡើង ពួកអ្នកគប្បីរឭករឿយៗ នូវតថាគត ក្នុងសម័យនោះថា ព្រះមានព្រះភាគអង្គនោះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ទ្រង់ជ្រាបច្បាស់នូវលោក ព្រះអង្គប្រសើរបំផុត ជាសារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្ស ជាព្រះពុទ្ធ ទ្រង់ចែកនូវធម៌។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បើពួកអ្នករលឹករឿយៗ នូវតថាគត សេចក្តីខ្លាចក្តី សេចក្តីរន្ធត់ក្តី សេចក្តីព្រឺរោមក្តី ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ មុខជាស្ងប់រម្ងាប់ទៅ។ បើពួកអ្នកមិនរឭករឿយៗ នូវតថាគតទេ គប្បីរឭករឿយៗ នូវព្រះធម៌ថា ធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ជាធម៌ដែលព្រះអរិយបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌ដែលព្រះអរិយបុគ្គល គួរហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌ដែលព្រះអរិយបុគ្គល គួរបង្អោនចូលមកទុកក្នុងចិត្តបាន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្តនៃខ្លួន។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាលបើអ្នកទាំងឡាយ រឭករឿយៗ នូវធម៌ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ មុខជានឹងស្ងប់រម្ងាប់ទៅបាន។ បើអ្នកទាំងឡាយ មិនរឭកនូវធម៌ទេ គប្បីរឭកនូវសង្ឃថា ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយដោយប្រពៃ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយដោយត្រង់ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដើម្បីព្រះនិព្វាន ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយត្រឹមត្រូវ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ រាប់ជាគូនៃបុរស មាន៤គូ រាប់រៀងជាបុរសបុគ្គល មាន៨ ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគនុ៎ះ លោកគួរទទួលនូវគ្រឿងបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តប្រសើរបំផុត របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បើអ្នកទាំងឡាយ រឭកនូវសង្ឃ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាច ជាដើមនោះ មុខជានឹងស្ងប់រម្ងាប់ទៅបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា តថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនខ្លាច មិនរន្ធត់ មិនតក់ស្លុត មិនរត់ចេញទេ។
[៣៤៥] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ត្រាស់នូវព្រះពុទ្ធដីកានេះហើយ លំដាប់នោះ ព្រះសាស្តា ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា
ម្នាលភិក្ខុទាំងឡាយ កាលបើអ្នករាល់គ្នា នៅក្នុងព្រៃ ឬទៀបគល់ឈើ ឬក្នុងផ្ទះស្ងាត់ គប្បីរឭករឿយៗ នូវព្រះសម្ពុទ្ធ ភ័យនឹងមិនមានដល់ពួកអ្នកទេ បើអ្នកទាំងឡាយ មិនបានរលឹកនូវព្រះពុទ្ធ ដែលជាធំបំផុតក្នុងលោក ជានរៈអង់អាចទេ គប្បីរឭកធម៌ ជាធម៌ស្រោចស្រង់សត្វ ដែលតថាគតសំដែងល្អហើយ បើអ្នកទាំងឡាយ មិនបានរឭកធម៌ ជាធម៌ស្រោចស្រង់សត្វ ដែលតថាគត សំដែងល្អហើយទេ គប្បីរឭកសង្ឃ ជាបុញ្ញក្ខេត្តប្រសើរបំផុត (របស់សត្វលោកចុះ)។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នករាល់គ្នា រឭកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនេះ ភ័យក្តី សេចក្តីរន្ធត់ក្តី សេចក្តីព្រឺរោមក្តី នឹងមិនមានឡើយ។
(៤. វេបចិត្តិសុត្តំ)
[៣៤៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។បេ។
[៣៤៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និង អសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អសុរិន្ទ ឈ្មោះ វេបចិត្តិ បានហៅពួកអសុរមកថា ម្នាលពួកអ្នកនិទ៌ុក្ខ កាលបើសង្គ្រាមពួកទេវតា និងអសុរចួបប្រទះគ្នាហើយ ពួកអសុរឈ្នះ ពួកទេវតាចាញ់ ពួកអ្នកត្រូវចងសក្កទេវានមិន្ទនោះ ដោយចំណងទាំងឡាយ មានចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់អសុរបូរី ក្នុងសំណាក់របស់ខ្ញុំ។ ម្នាលភិក្ខុទាំងឡាយ ឯសក្កទេវានមិន្ទ ក៏បានហៅពួកទេវតា ក្នុងឋានតាវត្តិង្ស មកថា ម្នាលពួកអ្នកនិទ៌ុក្ខ កាលបើ សង្គ្រាមទេវតា និងអសុរ ចួបប្រទះគ្នាហើយ បើពួកទេវតាឈ្នះ ពួកអសុរចាញ់ ពួកអ្នកត្រូវចង វេបចិត្តិអសុរិន្ទ នោះ ដោយចំណងទាំងឡាយ មានចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់សុធម្មសភា ក្នុងសំណាក់របស់យើង។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសង្គ្រាមនោះ ពួកទេវតាឈ្នះ ពួកអសុរចាញ់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកទេវតាក្នុងឋានតាវត្តិង្ស ចងវេបចិត្តិអសុរិន្ទ ដោយចំណងទាំងឡាយ មានចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់សុធម្មសភា ក្នុងសំណាក់សក្កទេវានមិន្ទ។
[៣៤៨] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ បានឮថា វេបចិត្តិអសុរិន្ទ ដែលត្រូវពួកទេវតាចង ដោយចំណង មានចំណងក ជាគំរប់ប្រាំ ក៏ស្រែកជេរផ្តាសាសក្កទេវានមិន្ទ ដែលស្តេចចូលមកកាន់សុធម្មសភា ទាំងស្តេចចេញមកវិញ ដោយវាចា ជាអសប្បុរស ដ៏អាក្រក់។
[៣៤៩] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង មាតលិសង្គាហកទេវបុត្ត បាននិយាយនឹងសក្កទេវានមិន្ទ ដោយគាថាថា
បពិត្រមឃវសក្កទេវរាជ ព្រះអង្គឮវាចាអាក្រក់ របស់វេបចិត្តិអសុរិន្ទ ក្នុងទីចំពោះព្រះភក្ត្រហើយ ទ្រង់អត់ធ្មត់បាន តើព្រោះទ្រង់ខ្លាច ឬព្រោះទ្រង់មានកំឡាំងខ្សោយ។
[៣៥០] សក្កទេវរាជត្រាស់ថា ខ្ញុំឮវាចារបស់វេបចិត្តិអសុរិន្ទហើយ អត់ធ្មត់បាន មិនមែនព្រោះខ្លាច មិនមែនព្រោះមានកំឡាំងខ្សោយទេ តាមពិត អ្នកយល់ការណ៍ច្បាស់ ប្រហែលយ៉ាងខ្ញុំ ដូចម្តេចនឹងតបត ជាមួយបុគ្គលពាល។
[៣៥១] មា. បើព្រះអង្គមិនឃាត់ហាមបុគ្គលពាលទេ ពួកពាល នឹងរឹងរឹតតែឈ្លានពានឡើង ហេតុនោះ អ្នកប្រាជ្ញត្រូវហាមប្រាមបុគ្គលពាល ដោយអាជ្ញាដ៏ខ្លាំង។
[៣៥២] ស. អ្នកណាប្រកបដោយសតិ ដឹងថាអ្នកដទៃកំពុងក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់នូវអ្នកនុ៎ះឯងថា ជាអ្នកឃាត់ហាមបុគ្គលពាល។
[៣៥៣] មា. បពិត្រវាសវៈ ខ្ញុំយល់ឃើញថា ការអត់ធន់នេះឯង ជាទោសវិញទេ (ព្រោះថា) បុគ្គលពាល រមែងសំគាល់អ្នកអត់ធន់នោះថា អ្នកនេះអត់ធន់ ព្រោះខ្លាចអញ ហេតុនោះ បានជាអ្នកឥតប្រាជ្ញា រមែងសង្កត់សង្កិនគេ ដូចជាគោ ព្រួតសង្កត់សង្កិនគោចាញ់ ដែលបោលទៅ។
[៣៥៤] ស. បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តី ថា អ្នកនេះអត់ធន់បាន ព្រោះខ្លាចអញ ក៏តាមការណ៍ចុះ តែថា ប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍អ្វី ឲ្យក្រៃលែងជាខន្តី មិនមានទេ អ្នកណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះបុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរបុគ្គលនោះថា មានសេចក្តីអត់ទ្រាំ ដ៏ក្រៃលែង ព្រោះថា បុគ្គលមានកំឡាំងថយ តែងអត់ឱនជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ហៅកំឡាំងជននោះថា មិនមែនជាកំឡាំងទេ បុគ្គលជាអ្នកតិះដៀលជនមានកំឡាំង ជាអ្នកគ្រប់គ្រង់ធម៌ មិនមានទេ អ្នកណាខឹងតបនឹងបុគ្គលអ្នកខឹង សេចក្តីអាក្រក់ រមែងមានដល់អ្នកនោះឯង ព្រោះសេចក្តីខឹងតបនោះ បុគ្គលអ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះនូវសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គលណាមានស្មារតី ដឹងថាបុគ្គលដទៃខឹង ហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាលជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ថា គេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។
[៣៥៥] ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងសក្កទេវានមិន្ទនោះ ទ្រង់សោយផលបុណ្យរបស់ខ្លួន សោយរាជ្យ ជាឥស្សរាធិបតី លើទេវតាទាំងឡាយ ក្នុងឋានតាវត្តិង្ស ម្តេចគង់សរសើរគុណ សេចក្តីអត់ទ្រាំ និងសេចក្តីស្លូត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវញុំាងហេតុនោះ ឲ្យល្អក្នុងសាសនានេះចុះ ព្រោះថា អ្នកទាំងឡាយ បួសក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ដោយប្រពៃយ៉ាងនេះ គួរតែជាអ្នកអត់ធន់ផង ស្លូតបូតផង។
(៥. សុភាសិតជយសុត្តំ)
[៣៥៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។
[៣៥៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និងអសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថា នែទេវានមិន្ទ ជ័យជំនះចូរមានដោយសុភាសិតចុះ។ សក្កទេវរាជតបថា ម្នាលវេបចិត្តិ ជ័យជំនះ ចូរមានដោយសុភាសិតចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកទេវតា និងពួកអសុរ បានតាំងពួកបរិស័ទ (ជាសាក្សី) ថា ពួកបរិស័ទទាំងនេះ នឹងដឹងច្បាស់ នូវសុភាសិត ឬទុព្ភាសិតរបស់យើង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ វេបចិត្តិអសុរិន្ទ បាននិយាយនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ ចូរអ្នកពោលគាថាចុះ។ ម្នាលភិក្ខុទាំងឡាយ កាលវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បាននិយាយនឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា នែវេបចិត្តិ ពួកអ្នកជាទេវតា កើតមុនក្នុងឋាននេះ នែវេបចិត្តិ ចូរអ្នកពោលគាថាមុនចុះ។
[៣៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា
បើបុគ្គលមិនឃាត់ហាមជនពាលទេ ពួកជនពាល នឹងរឹងរឹតតែឈ្លានពានឡើង ហេតុនោះ អ្នកប្រាជ្ញត្រូវឃាត់ហាមជនពាល ដោយអាជ្ញាដ៏ខ្លាំង។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរ សប្បាយរីករាយនឹងគាថា ដែលវេបចិត្តិអសុរិន្ទ បានពោលហើយ តែពួកទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកឯងចូរពោលគាថាចុះ។
[៣៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បានពោលគាថានេះថា
អ្នកណាមានស្មារតី ដឹងថា អ្នកដទៃក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់អ្នកនុ៎ះឯង ថាជាអ្នកឃាត់ហាមបុគ្គលពាល។
ម្នាលភិក្ខុទាំងឡាយ ពួកទេវតា សប្បាយរីករាយនឹងគាថា ដែលសក្កទេវានមិន្ទពោលហើយ តែពួកអសុរនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទបានពោល នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរពោលគាថាចុះ។
[៣៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា
នែវាសវៈ ខ្ញុំយល់ឃើញថា សេចក្តីអត់ធន់នុ៎ះឯង ជាទោសវិញទេ ដ្បិតបុគ្គលពាល តែងសំគាល់អ្នកអត់ធន់នោះថា
អ្នកនេះអត់ធន់ ព្រោះតែខ្លាចអញ ហេតុនោះ បានជាបុគ្គលឥតប្រាជ្ញា រឹងរឹតតែសង្កត់សង្កិនគេ ដូចជាគោព្រួតសង្កត់សង្កិនគោដែលចាញ់ បោលទៅ។
ម្នាលភិក្ខុទាំងឡាយ ពួកអសុរសប្បាយរីករាយ នឹងគាថា ដែលវេបចិត្តិអសុរិន្ទពោលហើយ តែពួកទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទបានពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកចូរពោលគាថាចុះ។
[៣៦១] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បានពោលគាថាទាំងឡាយនេះថា
បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តីថា អ្នកនេះអត់ធន់ព្រោះតែខ្លាចអញ ក៏តាមការណ៍ចុះ តែថាប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍អ្វីឲ្យក្រៃលែងជាងខន្តិ មិនមានទេ ជនណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះបុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរជននោះ ថាជាអ្នកមានសេចក្តីអត់ទ្រាំដ៏ក្រៃលែង ព្រោះថា បុគ្គលមានកំឡាំងថយ តែងអត់សង្កត់ជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ពោលសំដៅកំឡាំងជននោះថា មិនមែនជាកំឡាំងទេ ជនអ្នកតិះដៀល ចំពោះបុគ្គលអ្នកមានកំឡាំង ជាអ្នកមានធម៌គ្រប់គ្រង មិនមានទេ អ្នកណាខឹងតបនឹងបុគ្គលអ្នកខឹង សេចក្តីអាក្រក់ រមែងមានដល់អ្នកនោះឯង ព្រោះសេចក្តីខឹងតបនោះ ឯបុគ្គលអ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គលណាមានស្មារតី ដឹងថា បុគ្គលដទៃខឹង ហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាលជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ថាគេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។
ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ ពោលគាថាទាំងឡាយហើយ ពួកទេវតាក៏អនុមោទនា តែពួកអសុរនៅស្ងៀម។
[៣៦២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកបរិស័ទរបស់ទេវតា និងអសុរ បាននិយាយគ្នា យ៉ាងនេះថា គាថាទាំងឡាយ ដែលវេបចិត្តិអសុរិន្ទពោលហើយ គាថាទាំងនោះ សុទ្ធតែប្រកបដោយការធ្លាក់ចុះក្នុងអាជ្ញា ប្រកបដោយការធ្លាក់ចុះក្នុងសស្ត្រា ឯសេចក្តីប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ សេចក្តីទាស់ទែង ក៏ព្រោះហេតុនេះ ការឈ្លោះ ក៏ព្រោះហេតុនេះ ចំណែកគាថាទាំងឡាយ ដែលសក្កទេវានមិន្ទ ពោលហើយនោះឯង ជាគាថាមិនធ្លាក់ក្នុងអាជ្ញា មិនធ្លាក់ចុះក្នុងសស្ត្រា ឯការមិនប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ ការមិនទាស់ទែង ក៏ព្រោះហេតុនេះ ការមិនឈ្លោះ ក៏ព្រោះហេតុនេះ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសុភាសិត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសារសុភាសិត ដូច្នេះឯង។
(៦. កុលាវកសុត្តំ)
[៣៦៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមនៃទេវតា និងអសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសង្គ្រាមនោះឯង ពួកអសុរមានជ័យជំនះ ពួកទេវតាបរាជ័យ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាចាញ់ហើយរត់ ឈមមុខទៅទិសខាងជើង ពួកអសុរក៏ដេញតាមពួកទេវតានោះៗ។
[៣៦៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះ សក្កទេវានមិន្ទ បាននិយាយនឹងមាតលិសង្គាហកទេវបុត្ត ដោយគាថា ថា
ម្នាលមាតលិ សម្បុក (នៃពួកគ្រុឌ) នៅលើដើមរកា អ្នកចូរបំបែរមុខចន្ទោលរថចេញ ពួកយើងស៊ូលះជីវិត ចំពោះពួកអសុរដោយពិតចុះ កុំឲ្យតែពួកគ្រុឌទាំងនេះ ខ្ចាត់ខ្ចាយពីសម្បុកឡើយ។
ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត បានទទួលព្រះបន្ទូលសក្កទេវានមិន្ទថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះហើយ ក៏ញាក់ត្រឡប់រថអាជានេយ្យ ដែលទឹមដោយសេះមួយពាន់។
[៣៦៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអសុរ ត្រិះរិះយ៉ាងនេះថា ឥឡូវនេះ សក្កទេវានមិន្ទ បត់រថអាជានេយ្យ ដែលទឹមដោយសេះមួយពាន់មកវិញហើយ ពួកទេវតានឹងតតាំងដោយពួកអសុរ ក្នុងលើកទី២ទៀត។ ពួកអសុរក៏ភិតភ័យ រត់ទៅកាន់អសុរបូរីវិញ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បានជ័យជំនះនេះដោយធម៌ ដូច្នេះឯង។
(៧. នទុព្ភិយសុត្តំ)
[៣៦៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា សក្កទេវានមិន្ទ ទៅរកទីស្ងាត់ ពួនសម្ងំ ហើយកើតសេចក្តីត្រិះរិះ ក្នុងចិត្តយ៉ាងនេះថា បុគ្គលណាជាសត្រូវនឹងអាត្មាអញ អាត្មាអញ មិនត្រូវប្រទូស្តដល់សត្រូវនោះទេ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ ដឹងនូវការត្រិះរិះ ក្នុងចិត្តរបស់ សក្កទេវានមិន្ទ ដោយចិត្តហើយ ក៏ចូលទៅរកសក្កទេវានមិន្ទ។
[៣៦៧] ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទបានឃើញវេបចិត្តិអសុរិន្ទ កំពុងតែដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរឈប់ អ្នកឯងត្រូវយើងចាប់។ វេបចិត្តិអសុរិន្ទពោលថា បពិត្រលោកអ្នកនិទ៌ុក្ខ ចិត្តណារបស់លោក មានក្នុងកាលមុន បពិត្រលោកអ្នកនិទ៌ុក្ខ លោកលះបង់ នូវចិត្តនោះហើយឬ។ សក្កទេវរាជត្រាស់ថា ម្នាលវេបចិត្តិ អ្នកឯងចូរស្បថ ដើម្បីកុំឲ្យប្រទូស្តដល់យើងទៀតឡើយ។
[៣៦៨] បាបណា របស់អ្នកពោលនូវពាក្យមុសាវាទ បាបណា របស់អ្នកតិះដៀលព្រះអរិយៈ បាបណា របស់អ្នកទ្រុស្តមិត្ត បាបណា របស់បុគ្គលអកតញ្ញូ បពិត្រ សុជម្បតិ អ្នកណា ប្រទូស្តដល់លោក បាបនោះៗ ចូរបានទៅអ្នកនោះវិញចុះ។
(៨. វេរោចនអសុរិន្ទសុត្តំ)
[៣៦៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ ទ្រង់សម្ងំ (ក្នុងសមាបត្តិ)។ គ្រានោះឯង សក្កទេវានមិន្ទ និងវិរោចនអសុរិន្ទ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរផ្អែកនឹងសន្លឹកទ្វារម្ខាងម្នាក់។
[៣៧០] លំដាប់នោះឯង វិរោចនអសុរិន្ទ បានពោលគាថានេះ ក្នុងសំណាក់ព្រះមានព្រះភាគថា
បុគ្គលជាបុរស (កូនប្រុស) ត្រូវតែខំប្រឹងឲ្យទាល់តែសម្រេចប្រយោជន៍ ព្រោះថា បុគ្គលជាបុរសឈ្មោះថាជាប្រយោជន៍សម្រេចល្អហើយ នេះជាពាក្យរបស់វិរោចនអសុរិន្ទ។
[៣៧១] ព្រះមានព្រះភាគត្រាស់ថា
បុគ្គលជាបុរស ត្រូវតែខំប្រឹងឲ្យទាល់តែសម្រេចប្រយោជន៍ ប្រយោជន៍ទាំងឡាយ (របស់បុរស) ឈ្មោះថា សម្រេចល្អហើយ ប៉ុន្តែ ប្រយោជន៍អ្វី ឲ្យក្រៃលែងជាជាងខន្តិ មិនមានទេ។
[៣៧២] វិរោចនអសុរិន្ទ តបថា
ពួកសត្វទាំងអស់ មានប្រយោជន៍សម្រេចហើយ តាមសមគួរដល់ការងារនោះៗ គ្រឿងបរិភោគ របស់ពួកសត្វទាំងអស់ មានការផ្សំ ត្រូវទុកជាសំខាន់បំផុត ប្រយោជន៍ទាំងឡាយ (របស់បុរស) ឈ្មោះថា សម្រេចល្អហើយ នេះជាពាក្យរបស់វិរោចនអសុរិន្ទ។
[៣៧៣] ព្រះមានព្រះភាគត្រាស់ថា
ពួកសត្វទាំងអស់ មានប្រយោជន៍សម្រេចហើយ តាមសមគួរដល់ការងារនោះៗ គ្រឿងបរិភោគរបស់សព្វសត្វ មានការផ្សំ ត្រូវទុកជាសំខាន់បំផុត ប្រយោជន៍ទាំងឡាយ (របស់បុរស) ឈ្មោះថា សម្រេចល្អហើយ ប៉ុន្តែប្រយោជន៍អ្វី ឲ្យក្រៃលែងជាងខន្តិ មិនមានទេ។
(៩. អរញ្ញាយតនឥសិសុត្តំ)
[៣៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា ពួកឥសីច្រើនរូប ជាអ្នកមានសីល មានគុណធម៌ល្អ នៅអាស្រ័យក្នុងកុដិ ដែលប្រក់ដោយស្លឹកឈើ ក្នុងដងព្រៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ និងវេបចិត្តិអសុរិន្ទ ចូលទៅរកពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ។
[៣៧៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ ពាក់ស្បែកឃើងដ៏ក្រាស់1) សៀតនូវព្រះខ័ន បាំងឆត្រដើរចូលទៅកាន់អាស្រមតាមទ្វារដ៏ប្រសើរ ដើរក្បែរពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ចម្ងាយប្រមាណមួយព្យាម។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសក្កទេវានមិន្ទ ដោះស្បែកជើងដ៏ក្រាស់ ប្រទានព្រះខ័ន ដល់ពួកទេវតាឯទៀត តែមិនដំឡោះឆត្រ ស្តេចចូលទៅកាន់អាស្រមតាមទ្វារខាង បានឈរធ្វើអញ្ជលិ នមស្ការពួកឥសី អ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ពីខាងក្រោមខ្យល់។
[៣៧៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បានពោលនឹងសក្កទេវានមិន្ទ ដោយគាថា ថា
ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តនូវវត្តដ៏យូរ រមែងឃ្លាតចេញអំពីកាយ ផ្សាយទៅតាមខ្យល់ បពិត្រ សហស្សនេត្រ សូមព្រះអង្គ ចៀសចេញពីទីនេះទៅ បពិត្រទេវរាជ ព្រោះក្លិនរបស់ពួកឥសី មិនស្អាតទេ។
[៣៧៧] ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តវត្ត អស់កាលដ៏យូរ រមែងធុំចេញអំពីកាយ ផ្សាយទៅតាមខ្យល់ (ក៏ពិតមែន) បពិត្រលោកដ៏ចំរើន តែថា យើងខ្ញុំប្រាថ្នាតែក្លិននុ៎ះ ដូចជាបុគ្គលត្រូវការកម្រងផ្កា ជាផ្កាដ៏វិចិត្រ ដាក់លើក្បាល ពួកទេវតា មិនសំគាល់ក្នុងការខ្ពើមរអើម ក្នុងក្លិននេះទេ។
(១០. សមុទ្ទកសុត្តំ)
[៣៧៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។
[៣៧៩] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា ពួកឥសីច្រើនរូប ជាអ្នកមានសីល មានគុណធម៌ដ៏ល្អ នៅអាស្រ័យក្នុងកុដិប្រក់ស្លឹក ទៀបឆ្នេរសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ក៏សម័យនោះឯង សង្គ្រាមទេវតា និងអសុរ ប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកទេវតា ប្រកបដោយធម៌ ពួកអសុរ មិនប្រកបដោយធម៌ទេ ភ័យអំពីពួកអសុរនោះ សមជានឹងមានដល់ពួកយើង ជាប្រាកដ បើដូច្នោះ មានតែពួកយើង ត្រូវចូលទៅរក សម្ពរអសុរិន្ទ ហើយសូមនូវអភយទាន។
[៣៨០] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ក៏បាត់អំពីកុដិប្រក់ដោយស្លឹក ទៀបឆ្នេរនៃសមុទ្រ ទៅប្រាកដក្នុងទីចំពោះមុខ សម្ពរអសុរិន្ទ ដូចជាបុរសមានកំឡាំង លានូវដៃដែលបត់ ឬបត់នូវដៃ ដែលលា ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ទើបពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បាននិយាយនឹងសម្ពរអសុរិន្ទ ដោយគាថា ថា
លោកអាចឲ្យភ័យក៏បាន ឲ្យអភ័យក៏បាន បានជាពួកឥសីមកសូមអភយទាន អំពីសំណាក់សម្ពរអសុរិន្ទ។
[៣៨១] សម្ពរអសុរិន្ទ តបថា
អភ័យ មិនមានដល់ពួកឥសី អ្នកកាចអាក្រក់ ជាអ្នកសេពគប់នឹងសក្កទេវរាជ កាលបើពួកឥសី សូមអភ័យ ខ្ញុំត្រឡប់ឲ្យភ័យដល់ពួកលោកវិញ។
[៣៨២] ពួកឥសីតបថា
កាលបើយើងសូមអភ័យ អ្នកបែរជាឲ្យភ័យដល់យើងវិញ យើងទទួលយកអភ័យតែម្យ៉ាងអំពីអ្នក ភ័យចូរមានដល់អ្នកចុះ គេបានពូជបែបណា គេបានផលបែបនោះដែរ អ្នកធ្វើល្អ រមែងបានផលល្អ អ្នកធ្វើអាក្រក់ រមែងបានផលអាក្រក់ ម្នាលអ្នក ពូជដែលអ្នកព្រោះហើយ អ្នកនឹងទទួលផលមិនខានឡើយ។
ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បានផ្តាសាសម្ពរអសុរិន្ទហើយ ក៏បាត់អំពីទីចំពោះមុខសម្ពរអសុរិន្ទ មកប្រាកដក្នុងកុដិប្រក់ដោយស្លឹក ទៀបឆ្នេរសមុទ្រវិញ ដូចជាបុរស មានកំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលា ដូច្នោះឯង។
[៣៨៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សម្ពរអសុរិន្ទ ត្រូវពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បានផ្តាសាហើយ ក៏តែងតែភ្ញាក់ក្នុងរាត្រី អស់វារៈ៣ដង។
ចប់ សុវីរវគ្គ ទី១។
ឧទ្ទាននៃសុវីរវគ្គនោះគឺ
សុវីរសូត្រ១ សុសិមសូត្រ១ ធជគ្គសូត្រ១ វេបចិត្តិសូត្រ១ សុភាសិតជយសូត្រ១ កុលាវកសូត្រ១ នទុព្ភិយសូត្រ១ វិរោចនអសុរិន្ទសូត្រ១ ពួកឥសីក្នុងអរញ្ញកសូត្រ១ ពួកឥសីក្នុងសមុទ្ទកសូត្រ១។