(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 12.002 បាលី cs-km: sut.sn.12.002 អដ្ឋកថា: sut.sn.12.002_att PTS: ?
(វិភង្គ)សូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. វិភង្គសុត្តំ)
[៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នឹងញែក នូវបដិច្ចសមុប្បាទធម៌ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ៦កើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ៦ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោកស្តាយ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតមានព្រម ព្រោះជាតិជាបច្ច័យ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
[៦] ម្នាលភិក្ខុទាំងឡាយ ចុះជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយនៃអាយុ ដំណើរចាស់ទុំ នៃឥន្ទ្រិយទាំងឡាយ ណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ម្នាលភិក្ខុទាំងឡាយ ចុះមរណៈ តើដូចម្តេច ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់ទៅ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយ ណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះ ហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ជរានេះផង មរណៈនេះផង នេះ ហៅថា ជរា និងមរណៈ។
[៧] ម្នាលភិក្ខុទាំងឡាយ ចុះជាតិ តើដូចម្តេច។ កិរិយាកើតជាដំបូង កិរិយាកើតព្រម កិរិយាចុះចាប់ផ្ទៃ កិរិយាកើត កិរិយាវិលត្រឡប់មកកើត កិរិយាកើតប្រាកដនៃខន្ធទាំងឡាយ កិរិយាបាននូវអាយតនៈណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ជាតិ។
[៨] ម្នាលភិក្ខុទាំងឡាយ ចុះភព តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភព1) នេះ មាន៣គឺ កាមភព១ រូបភព១ អរូបភព១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភព។
[៩] ម្នាលភិក្ខុទាំងឡាយ ចុះឧបាទាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឧបាទាននេះ មាន៤គឺ កាមុបាទាន១ ទិដ្ឋុបាទាន១ សីលព្វតុបាទាន១ អត្តវាទុបាទាន១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧបាទាន។
[១០] ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកតណ្ហានេះ មាន៦ គឺ រូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា តណ្ហា។
[១១] ម្នាលភិក្ខុទាំងឡាយ ចុះវេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកវេទនានេះ មាន៦គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស១ វេទនាកើតអំពីសោតសម្ផ័ស្ស១ វេទនាកើតអំពីឃានសម្ផ័ស្ស១ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស១ វេទនាកើតអំពីកាយសម្ផ័ស្ស១ វេទនាកើតអំពីមនោសម្ផ័ស្ស១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។
[១២] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកផស្សៈនេះ មាន៦គឺ ចក្ខុសម្ផ័ស្ស១ សោតសម្ផ័ស្ស១ ឃានសម្ផ័ស្ស១ ជិវ្ហាសម្ផ័ស្ស១ កាយសម្ផ័ស្ស១ មនោសម្ផ័ស្ស១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផស្សៈ។
[១៣] ម្នាលភិក្ខុទាំងឡាយ ចុះអាយតនៈ៦ តើដូចម្តេច។ ចក្ខ្វាយតនៈ១ សោតាយតនៈ១ ឃានាយតនៈ១ ជិវ្ហាយតនៈ១ កាយាយតនៈ១ មនាយតនៈ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាយតនៈ៦។
[១៤] ម្នាលភិក្ខុទាំងឡាយ ចុះនាមរូប តើដូចម្តេច។ វេទនា១ សញ្ញា១ ចេតនា១ ផស្សៈ១ មនសិការៈ១ នេះហៅថា នាម។ មហាភូតរូប៤ និងឧបាទាយរូប របស់មហាភូតរូប៤នេះ ហៅថា រូប។ ម្នាលភិក្ខុទាំងឡាយ នាមនេះផង រូបនេះផង នេះហៅថា នាមរូប ដោយប្រការដូច្នេះ។
[១៥] ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកវិញ្ញាណនេះ មាន៦គឺ ចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិញ្ញាណ។
[១៦] ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សង្ខារនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារ។
[១៧] ម្នាលភិក្ខុទាំងឡាយ ចុះអវិជ្ជា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនដឹងក្នុងទុក្ខ១ សេចក្តីមិនដឹងក្នុងហេតុជាទីកើតទុក្ខ១ សេចក្តីមិនដឹងក្នុងទីរលត់ទុក្ខ១ សេចក្តីមិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អវិជ្ជា។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ ដោយប្រការដូច្នេះឯង។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
[១៨] ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
ចប់សូត្រ ទី២។