km:tipitaka:sut:sn:12:sut.sn.12.004



(វិបស្សី)សូត្រ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.004 បាលី cs-km: sut.sn.12.004 អដ្ឋកថា: sut.sn.12.004_att PTS: ?

(វិបស្សី)សូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. វិបស្សីសុត្តំ)

[២២] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ កាលនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ ក្នុងកាលមុន អំពីការត្រាស់ដឹង ទ្រង់មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ សត្វលោកនេះ ដល់នូវសេចក្តីលំបាកណាស់ តែងកើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែមទាំងមិនដឹងច្បាស់ នូវការរលាស់ចោលសេចក្តីទុក្ខ គឺជរា និងមរណៈនេះទៀតផង កាលណាទៅហ្ន៎ ទើបការរលាស់ចោលសេចក្តីទុក្ខ គឺជរា និងមរណៈនេះ នឹងប្រាកដឡើងបាន។

[២៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជរា និងមរណៈកើតមាន ជរានិងមរណៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើជាតិកើតមាន ជរានិងមរណៈក៏កើតមាន ជរានិងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជាតិកើតមាន ជាតិកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើភពកើតមាន ជាតិក៏កើតមាន ជាតិកើតមាន ព្រោះភពជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបភពកើតមាន ភពកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើឧបាទានកើតមាន ភពក៏កើតមាន ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបឧបាទានកើតមាន ឧបាទានកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើតណ្ហាកើតមាន ឧបាទានក៏កើតមាន ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបតណ្ហាកើតមាន តណ្ហាកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើវេទនាកើតមាន តណ្ហាក៏កើតមាន តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបវេទនាកើតមាន វេទនាកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើផស្សៈកើតមាន វេទនាក៏កើតមាន វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបផស្សៈកើតមាន ផស្សៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើសឡាយតនៈកើតមាន ផស្សៈក៏កើតមាន ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបសឡាយតនៈកើតមាន សឡាយតនៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើនាមរូបកើតមាន សឡាយតនៈក៏កើតមាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបនាមរូបកើតមាន នាមរូបកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើវិញ្ញាណកើតមាន នាមរូបក៏កើតមាន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបវិញ្ញាណកើតមាន វិញ្ញាណកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើសង្ខារទំាងឡាយកើតមាន វិញ្ញាណក៏កើតមាន វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបសង្ខារទាំងឡាយកើតមាន សង្ខារទាំងឡាយកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើអវិជ្ជាកើតមាន សង្ខារទាំងឡាយ ក៏កើតមាន សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ ព្រោះហេតុដូច្នេះ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីពោធិសត្វ មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលព្រះអង្គមិនធ្លាប់ស្តាប់ ក្នុងកាលមុនថា ការកើតឡើងព្រម ការកើតឡើងព្រម ដូច្នេះ។

[២៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជរា និងមរណៈមិនមាន ការរលត់នៃជរា និងមរណៈ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើជាតិមិនមាន ជរានិងមរណៈក៏មិនមាន ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជាតិមិនមាន ការរលត់នៃជាតិ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើភពមិនមាន ជាតិក៏មិនមាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបភពមិនមាន ការរលត់នៃភព ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើឧបាទានមិនមាន ភពក៏មិនមាន ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបឧបាទានមិនមាន ការរលត់នៃឧបាទាន ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើតណ្ហាមិនមាន ឧបាទានក៏មិនមាន ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបតណ្ហាមិនមាន ការរលត់នៃតណ្ហា ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើវេទនាមិនមាន តណ្ហាក៏មិនមាន ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបវេទនាមិនមាន ការរលត់នៃវេទនា ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើផស្សៈមិនមាន វេទនាក៏មិនមាន ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបផស្សៈមិនមាន ការរលត់នៃផស្សៈ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើសឡាយតនៈមិនមាន ផស្សៈក៏មិនមាន ការរលត់នៃផស្សៈ ព្រោះការរលត់នៃសឡាយតនៈ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបសឡាយតនៈមិនមាន ការរលត់នៃសឡាយតនៈ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើនាមរូបមិនមាន សឡាយតនៈក៏មិនមាន ការរលត់នៃសឡាយតនៈ ព្រោះការរលត់នៃនាមរូប។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបនាមរូបមិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើវិញ្ញាណមិនមាន នាមរូបក៏មិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបវិញ្ញាណមិនមាន ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើសង្ខារមិនមាន វិញ្ញាណក៏មិនមាន ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបសង្ខារទាំងឡាយមិនមាន ការរលត់នៃសង្ខារ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា។ ព្រោះហេតុដូច្នេះ ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា ការរលត់នៃវិញ្ញាណនេះ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីពោធិសត្វ មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលព្រះអង្គមិនធ្លាប់ស្តាប់ ក្នុងកាលមុនថា ការរលត់ ការរលត់ដូច្នេះ។

ចប់សូត្រ ទី៤។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.004.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann