km:tipitaka:sut:sn:12:sut.sn.12.005



(សិខី)សូត្រ ទី៥ ដោល (គោតម)សូត្រ ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.005 បាលី cs-km: sut.sn.12.005 អដ្ឋកថា: sut.sn.12.005_att PTS: ?

(សិខី)សូត្រ ទី៥ ដោល (គោតម)សូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. សិខីសុត្តំ ៦. វេស្សភូសុត្តំ ៧. កកុសន្ធសុត្តំ ៨. កោណាគមនសុត្តំ ៩. កស្សបសុត្តំ ១០. គោតមសុត្តំ)

[២៥] សូម្បីការត្រាស់ដឹងរបស់ព្រះពុទ្ធទាំង៧ព្រះអង្គ ក៏បណ្ឌិតគប្បីសំដែងឲ្យពិស្តារតាមទំនងយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ… ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ… ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ… ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ… ម្នាលភិក្ខុទាំងឡាយ ព្រះកស្សបៈមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ…។

[២៦] ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ ក្នុងកាលមុន អំពីការត្រាស់ដឹង មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ សត្វលោកនេះ ដល់នូវសេចក្តីលំបាកណាស់ តែងកើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែមទាំងមិនដឹងច្បាស់នូវការរលាស់ចោលសេចក្តីទុក្ខ គឺជរា និងមរណៈនេះទៀតផង កាលណាទៅហ្ន៎ ទើបការរលាស់ចោលសេចក្តីទុក្ខ គឺជរា និងមរណៈនេះ នឹងប្រាកដឡើងបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជរា និងមរណៈកើតមាន ជរានិងមរណៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើជាតិកើតមាន ជរានិងមរណៈក៏កើតមាន ជរានិងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជាតិកើតមាន។បេ។ ភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប… វិញ្ញាណ… ទើបសង្ខារទាំងឡាយកើតមាន សង្ខារទាំងឡាយកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើអវិជ្ជាកើតមាន សង្ខារទាំងឡាយក៏កើតមាន សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ ព្រោះហេតុដូច្នេះ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណនេះកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានស្តាប់ ក្នុងកាលមុនថា ការកើតឡើងព្រម ការកើតឡើងព្រម ដូច្នេះ។

[២៧] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជរា និងមរណៈមិនមាន ការរលត់នៃជរា និងមរណៈ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើជាតិមិនមាន ជរានិងមរណៈ ក៏មិនមាន ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជាតិមិនមាន។បេ។ ភព… ឧបាទាន… តណ្ហា… វេទនា… ផស្សៈ… សឡាយតនៈ… នាមរូប…. វិញ្ញាណ…. ទើបសង្ខារទាំងឡាយមិនមាន ការរលត់នៃសង្ខារ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា។ ព្រោះហេតុដូច្នេះ ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានស្តាប់ ក្នុងកាលមុនថា ការរលត់ ការរលត់ ដូច្នេះ។

ចប់សូត្រទី១០។

ចប់ ពុទ្ធវគ្គ ទី១។

បញ្ជីនៃពុទ្ធវគ្គនោះ គឺ

ទេសនាវិភង្គ១ បដិបទា១ ព្រះវិបស្សី១ ព្រះសិខី១ ព្រះវេស្សភូ១ ព្រះកកុសន្ធៈ១ ព្រះកោនាគមនៈ១ ព្រះកស្សបៈ១ ព្រះមហាសក្យមុនីគោតម១។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.005.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann