km:tipitaka:sut:sn:12:sut.sn.12.011



(អាហារ)សូត្រ ទី១

សង្ខេប

ព្រះពុទ្ធ​ទ្រង់​ប្រៀន​ប្រដៅ​អំពី​អាហារ ៤យ៉ាង។

sn 12.011 បាលី cs-km: sut.sn.12.011 អដ្ឋកថា: sut.sn.12.011_att PTS: ?

(អាហារ)សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១. អាហារសុត្តំ)

[២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាហារនេះមាន៤ តែងប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង1) ។ អាហារ ទាំង៤ តើដូចម្តេច។ កវឡីការាហារ ដ៏គ្រោតគ្រាតក្តី ល្អិតក្តី (ជាទី១) ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤។ ម្នាលភិក្ខុទាំងឡាយ អាហារទាំង៤នេះឯង តែងប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។

[២៩] ម្នាលភិក្ខុទាំងឡាយ ចុះអាហារទាំង៤នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ អាហារទាំង៤នេះ មានតណ្ហាជាហេតុ មានតណ្ហានាំឲ្យកើត មានតណ្ហាជាកំណើត មានតណ្ហាជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ តណ្ហា មានវេទនាជាហេតុ មានវេទនានាំឲ្យកើត មានវេទនាជាកំណើត មានវេទនាជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះវេទនានេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ វេទនា មានផស្សៈជាហេតុ មានផស្សៈនាំឲ្យកើត មានផស្សៈជាកំណើត មានផស្សៈជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈនាំឲ្យកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះសឡាយតនៈនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ សឡាយតនៈនេះ មាននាមរូបជាហេតុ មាននាមរូបនាំឲ្យកើត មាននាមរូបជាកំណើត មាននាមរូបជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះនាមរូបនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ នាមរូប មានវិញ្ញាណជាហេតុ មានវិញ្ញាណនាំឲ្យកើត មានវិញ្ញាណជាកំណើត មានវិញ្ញាណជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ វិញ្ញាណ មានសង្ខារជាហេតុ មានសង្ខារនាំឲ្យកើត មានសង្ខារជាកំណើត មានសង្ខារជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារទាំងឡាយនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជានាំឲ្យកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាប្រភព។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នេះ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៣០] ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី១។

 

លេខយោង

1)
សត្វកំពុងស្វែងរកនូវសម្ភព គឺកំណើត ហៅថា សម្ភវេសី ក្នុងកំណើតទាំង៤នោះ ពួកសត្វដែលជាអណ្ឌជៈកំណើត និងជលាម្ពុជៈកំណើត ដែលមិនទាន់ញាស់ចេញមក និងមិនទាន់កើតចេញមកនៅឡើយ ហៅថា សម្ភវេសី លុះញាស់ចេញ កើតចេញហើយ ហៅថា ភូត។ ចំណែកសំសេទជៈកំណើត និងឱបបាតិកៈកំណើត ដែលកើតក្នុងខណៈចិត្តជាបឋម ហៅថា សម្ភវេសី តាំងអំពីខណៈ ជាគម្រប់ពីរទៅ ហៅថាភូត ឬថាកើតដោយឥរិយាបថណា បើមិនទាន់ផ្លាស់ឥរិយាបថនោះទេ ហៅថាសម្ភវេសីដែរ លុះផ្លាស់ឥរិយាបថនោះទៅហើយ ហៅថា ភូតដែរ។ មួយវិញទៀត សត្វដែលកើតហើយ មិនកើតទៅទៀត ហៅថាភូត បានដល់ព្រះខីណាស្រព សត្វដែលមិនទាន់លះបង់ភវសំយោជនៈបាន នៅស្វែងរកសម្ភពតទៅទៀត ហៅថាសម្ភវេសីដែរ បានដល់សេក្ខបុគ្គល និងបុថុជ្ជន (អដ្ឋកថា)។
km/tipitaka/sut/sn/12/sut.sn.12.011.txt · ពេលកែចុងក្រោយ: 2023/08/26 12:44 និពន្ឋដោយ Johann