km:tipitaka:sut:sn:12:sut.sn.12.015



(ច្ចានគោត្ត)សូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.015 បាលី cs-km: sut.sn.12.015 អដ្ឋកថា: sut.sn.12.015_att PTS: ?

(ច្ចានគោត្ត)សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. កច្ចានគោត្តសុត្តំ)

[៤២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះ ព្រះកច្ចានគោត្រមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះកច្ចានគោត្រមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងត្រាស់ថា សម្មាទិដ្ឋិ សម្មាទិដ្ឋិ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ចុះសម្មាទិដ្ឋិ តើកើតមាន ដោយហេតុប៉ុន្មានយ៉ាង។

[៤៣] ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែអាស្រ័យនូវចំណែកពីរយ៉ាងគឺ អត្ថិភាព (សស្សតទិដ្ឋិ)១ នត្ថិភាព (ឧច្ឆេទទិដ្ឋិ)១។ ម្នាលកច្ចានៈ នត្ថិភាពក្នុងលោក រមែងមិនមាន ដល់បុគ្គលដែលឃើញនូវហេតុជាទីកើតនៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាមពិតឡើយ។ ម្នាលកច្ចានៈ អត្ថិភាពក្នុងលោក រមែងមិនមាន ដល់បុគ្គលដែលឃើញនូវទីរលត់នៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាមពិតឡើយ។ ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែជាប់ចំពាក់ដោយឧបាយ ឧបាទាន និងសេចក្តីប្រកាន់មាំ ចំណែកខាងអរិយសាវ័កនេះ រមែងមិនចូលទៅដល់ មិនប្រកៀកប្រកាន់ មិនអធិដ្ឋាន នូវឧបាយ និងឧបាទាន នូវការតាំងទុកនៃចិត្ត នូវសេចក្តីប្រកាន់មាំ និងអនុសយក្កិលេសនោះៗថា ខ្លួនរបស់អាត្មាអញ ដូច្នេះឡើយ។ ឧបាទានក្ខន្ធទុក្ខ កាលកើត ក៏កើតឡើង ឧបាទានក្ខន្ធទុក្ខ កាលរលត់ ក៏រលត់ទៅ ព្រោះហេតុនោះ ទើបអរិយសាវ័កមិនសង្ស័យ មិនងឿងឆ្ងល់ឡើយ។ ញាណរបស់អរិយសាវ័កនោះ រមែងមានក្នុងឧបាទានក្ខន្ធទុក្ខនុ៎ះ ដោយមិនបាច់ជឿពាក្យបុគ្គលដទៃឡើយ។ ម្នាលកច្ចានៈ សម្មាទិដ្ឋិ កើតមានដោយហេតុប៉ុណ្ណេះឯង។

[៤៤] ម្នាលកច្ចានៈ ទីបំផុតទី១នេះ ថា វត្ថុទាំងពួងមាន ទីបំផុតទី២នេះ ថា វត្ថុទាំងពួងមិនមាន។ ម្នាលកច្ចានៈ តថាគត មិនអាស្រ័យនូវទីបំផុតទាំងពីរនុ៎ះទេ តែងសំដែងនូវធម៌ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ឯការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតមានសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

ចប់សូត្រ ទី៥។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.015.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann