ដូម្តេចដែលព្រះសម្មាសម្ពុទ្ធ ត្រាស់ថា ជាធម្មកថិក?
sn 12.016 បាលី cs-km: sut.sn.12.016 អដ្ឋកថា: sut.sn.12.016_att PTS: ?
(ធម្មកថិក)សូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៦. ធម្មកថិកសុត្តំ)
[៤៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងត្រាស់ថា ធម្មកថិក ធម្មកថិក (អ្នកសំដែងធម៌ អ្នកសំដែងធម៌) បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុជាធម្មកថិក មានដោយហេតុប៉ុន្មានយ៉ាង។
[៤៦] ព្រះអង្គត្រាស់ថា បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន។ បើភិក្ខុប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិនូវធម៌សមគួរដល់ធម៌។ បើភិក្ខុមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ នៃជរាមរណៈ ព្រោះការមិនប្រកាន់មាំ ទើបគួរហៅថា ភិក្ខុអ្នកដល់ នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។ បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃជាតិ។បេ។ បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃភព… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃឧបាទាន… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃតណ្ហា… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃវេទនា… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃផស្សៈ… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃសឡាយតនៈ… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃនាមរូប… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃវិញ្ញាណ… បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃសង្ខារ… បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុធម្មកថិក។ បើភិក្ខុប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិនូវធម៌ សមគួរដល់ធម៌។ បើភិក្ខុមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ នៃអវិជ្ជា ព្រោះការមិនប្រកាន់មាំ ទើបគួរហៅថា ភិក្ខុអ្នកដល់ នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។
ចប់សូត្រ ទី៦។