km:tipitaka:sut:sn:12:sut.sn.12.017



(អចេលកស្សប)សូត្រ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.017 បាលី cs-km: sut.sn.12.017 អដ្ឋកថា: sut.sn.12.017_att PTS: ?

(អចេលកស្សប)សូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. អចេលកស្សបសុត្តំ)

[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយស្តេចចូលទៅក្នុងក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ អចេលកស្សប បានឃើញព្រះមានព្រះភាគ យាងមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏ដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏ឋិតនៅក្នុងទីសមគួរ។

[៤៨] លុះអចេលកស្សប ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា យើងខ្ញុំនឹងសួរនូវហេតុនីមួយ ចំពោះព្រះគោតមដ៏ចម្រើន បើព្រះគោតមដ៏ចម្រើន បើកឱកាសដើម្បីការដោះស្រាយប្រស្នារបស់យើងខ្ញុំ។ ព្រះមានព្រះភាគ ត្រាស់តបថា កុំអាលសិន កស្សប កាលនេះ ជាកាលមិនគួរដល់ប្រស្នាទេ ព្រោះយើងកំពុងចូលមកកាន់ចន្លោះផ្ទះ។ អចេលកស្សប ក្រាបបង្គំសួរព្រះមានព្រះភាគ ជាគម្រប់ពីរដងថា យើងខ្ញុំនឹងសួរនូវហេតុនីមួយ ចំពោះព្រះគោតមដ៏ចម្រើន បើព្រះគោតមដ៏ចម្រើន បើកឱកាសដើម្បីការដោះស្រាយ នូវប្រស្នារបស់យើងខ្ញុំ។ កុំអាលសិន កស្សប កាលនេះ ជាកាលមិនគួរ ដល់ប្រស្នាទេ ព្រោះយើងកំពុងចូលមកកាន់ចន្លោះផ្ទះ។ អចេលកស្សប ក្រាបបង្គំសួរ ជាគម្រប់បីដង។បេ។ ព្រោះយើងកំពុងចូលមកកាន់ចន្លោះផ្ទះ។

[៤៩] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា យើងខ្ញុំមិនមានបំណង ដើម្បីសួរព្រះគោតមដ៏ចម្រើនច្រើនរឿងទេ។ ម្នាលកស្សប អ្នកប្រាថ្នានឹងសួរនូវហេតុណា ចូរសួរចុះ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយឥតហេតុ ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ មិនមានទេឬ។ ម្នាលកស្សប សេចក្តីទុក្ខ មិនមែនជាមិនមានទេ ម្នាលកស្សប សេចក្តីទុក្ខ មានដោយពិត។ បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីទុក្ខទេឬ។ ម្នាលកស្សប តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីទុក្ខទេ ម្នាលកស្សប តថាគត ស្គាល់សេចក្តីទុក្ខ ដោយពិត ម្នាលកស្សប តថាគត ឃើញសេចក្តីទុក្ខដោយពិត។ ចុះកាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងឬ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយឥតហេតុឬ ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ មិនមានទេឬ ព្រះអង្គត្រាស់ថា ម្នាលកស្សប សេចក្តីទុក្ខ មិនមែនជាមិនមានទេ ម្នាលកស្សប សេចក្តីទុក្ខ មានដោយពិត កាលដែលខ្ញុំសួរថា បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីទុក្ខឬ ព្រះអង្គត្រាស់ថា ម្នាលកស្សប តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីទុក្ខទេ ម្នាលកស្សប តថាគត ស្គាល់សេចក្តីទុក្ខ ដោយពិត ម្នាលកស្សប តថាគត ឃើញសេចក្តីទុក្ខដោយពិត បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ប្រាប់សេចក្តីទុក្ខ ដល់ខ្ញុំផង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងសេចក្តីទុក្ខដល់ខ្ញុំផង។

[៥០] ម្នាលកស្សប កាលបើមានសេចក្តីយល់ឃើញខាងដើមថា គេធ្វើ គេក៏ទទួលផល ដូច្នេះ លទ្ធិថា សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ក៏នឹងមាន បុគ្គលកាលពោលយ៉ាងនេះ ឈ្មោះថា ប្រកាន់នូវសស្សតទិដ្ឋិនុ៎ះ។ ម្នាលកស្សប កាលបើមានសេចក្តីយល់ឃើញខាងដើមថា អ្នកដទៃធ្វើ អ្នកឯទៀតទទួលផល ដូច្នេះ បុគ្គលដែលត្រូវវេទនាគ្របសង្កត់ ក៏នឹងមានលទ្ធិថា សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើ បុគ្គលកាលពោលយ៉ាងនេះ ឈ្មោះថា ប្រកាន់នូវឧច្ឆេទទិដ្ឋិនុ៎ះ។ ម្នាលកស្សប តថាគត មិនប្រកាន់នូវទីបំផុតទាំងពីរនុ៎ះឡើយ តែងសំដែងធម៌ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។

[៥១] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលផ្ងារឡើង នូវវត្ថុដែលផ្កាប់។បេ។ ដោយគិតថា ពួកបុគ្គលមានភ្នែកភ្លឺ នឹងឃើញរូបបាន យ៉ាងណាមិញ ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលកស្សប បុគ្គលណាធ្លាប់ជាអន្យតិរ្ថិយ ប្រាថ្នានូវបព្វជ្ជា ប្រាថ្នានូវឧបសម្បទា ក្នុងធម្មវិន័យនេះ បុគ្គលនោះ តែងនៅបរិវាស អស់៤ខែសិន លុះបុគ្គលនោះបាននៅបរិវាសកន្លង៤ខែហើយ ពួកភិក្ខុដែលមានចិត្តប្រោសប្រាណ កាលបើប្រាថ្នា ទើបបំបួស ទើបឲ្យឧបសម្បទា ដើម្បីភិក្ខុភាពបាន ម្យ៉ាងទៀត តថាគត បានដឹងច្បាស់នូវការផ្សេង នៃបុគ្គលដែលគួរនៅបរិវាស និងមិនគួរនៅបរិវាស។ អចេលកស្សបទូលថា បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលទាំងឡាយ ធ្លាប់ជាអន្យតិរ្ថិយ ប្រាថ្នានូវបព្វជ្ជា ប្រាថ្នានូវឧបសម្បទា ក្នុងធម្មវិន័យនេះ តែងនៅបរិវាសអស់៤ខែសិន លុះបុគ្គលនោះ បាននៅបរិវាសកន្លង៤ខែហើយ ពួកភិក្ខុដែលមានចិត្តប្រោសប្រាណ កាលបើប្រាថ្នា ទើបបំបួស ទើបឲ្យឧបសម្បទា ដើម្បីភិក្ខុភាពបាន ឯខ្ញុំព្រះអង្គនឹងហ៊ាននៅបរិវាសអស់៤ឆ្នាំ លុះខ្ញុំព្រះអង្គបាននៅបរិវាសកន្លង៤ឆ្នាំហើយ សូមពួកភិក្ខុដែលមានចិត្តប្រោសប្រាណបំបួស ឲ្យឧបសម្បទា ដើម្បីភិក្ខុភាពឲ្យទាន។

[៥២] អចេលកស្សប ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លុះកស្សបមានអាយុ បានឧបសម្បទាហើយ មិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងកំដៅនូវកិលេស មានចិត្តស្លុង (ទៅកាន់ព្រះនិព្វាន) កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌ ដែលជាទីបំផុតនៃព្រហ្មចរិយធម៌នោះ ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយក៏បានដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះកស្សបមានអាយុ ក៏រាប់ថាជាព្រះអរហន្តមួយអង្គដែរ។

ចប់សូត្រ ទី៧។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.017.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann