(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 12.018 បាលី cs-km: sut.sn.12.018 អដ្ឋកថា: sut.sn.12.018_att PTS: ?
(តិម្ពរុក)សូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. តិម្ពរុកសុត្តំ)
[៥៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះ បរិព្វាជក ឈ្មោះតិម្ពរុក្ខ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។
[៥៤] លុះតិម្ពរុក្ខ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយឥតហេតុទេ ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ មិនមានទេឬ។ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មិនមែនជាមិនមានទេ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មានដោយពិត។ បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ។ ម្នាលតិម្ពរុក្ខ តថាគត មិនមែនមិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ម្នាលតិម្ពរុក្ខ តថាគត ស្គាល់សេចក្តីសុខ និងទុក្ខ ដោយពិត ម្នាលតិម្ពរុក្ខ តថាគត ឃើញសេចក្តីសុខ និងទុក្ខ ដោយពិត។ ចុះកាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផងឬអ្វី ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយឥតហេតុទេឬអ្វី ព្រះអង្គត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ កាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ មិនមានទេឬ ព្រះអង្គត្រាស់ថា ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មិនមែនជាមិនមានទេ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មានដោយពិត កាលដែលខ្ញុំសួរថា បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ព្រះអង្គត្រាស់ថា ម្នាលតិម្ពរុក្ខ តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ម្នាលតិម្ពរុក្ខ តថាគត ស្គាល់សេចក្តីសុខ និងទុក្ខ ដោយពិត ម្នាលតិម្ពរុក្ខ តថាគត ឃើញសេចក្តីសុខ និងទុក្ខដោយពិត សូមព្រះគោតមដ៏ចំរើន ប្រាប់សេចក្តីសុខ និងទុក្ខ ដល់ខ្ញុំព្រះអង្គផង សូមព្រះគោតមដ៏ចំរើន សំដែងសេចក្តីសុខ និងទុក្ខដល់ខ្ញុំព្រះអង្គផង។
[៥៥] ម្នាលតិម្ពរុក្ខ កាលបើមានសេចក្តីយល់ឃើញខាងដើមថា វេទនានោះ ក៏គឺអ្នកនោះទទួល ដូច្នេះ លទ្ធិថា សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ក៏នឹងមាន ឯតថាគត មិនពោលយ៉ាងនេះទេ។ ម្នាលតិម្ពរុក្ខ កាលបើមានសេចក្តីយល់ឃើញខាងដើមថា វេទនាដទៃ អ្នកដទៃទទួល ដូច្នេះ បុគ្គលដែលត្រូវវេទនាគ្របសង្កត់ ក៏នឹងមាន លទ្ធិថា សេចក្តីសុខ និងទុក្ខ គឺអ្នកដទៃធ្វើឲ្យ ឯតថាគត មិនពោលយ៉ាងនេះទេ។ ម្នាលតិម្ពរុក្ខ តថាគត មិនប្រកាន់នូវទីបំផុតទាំងពីរនុ៎ះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ ឥតសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
[៥៦] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ តិម្ពរុក្ខបរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះរៀងទៅ។
ចប់សូត្រ ទី៨។