អ្នកធ្លាប់បានស្គាល់ពាក្យថា ពាលបណ្ឌិត និងសង្គម ក្នុងធម៌ថា ពាល និងបណ្ឌិត មានអត្ថន័យល្អជាង។ និងលោកបណ្ឌិតក្នុងកុដិលោកមានជំនន់ជំពាក់ជាប់គ្នា ប៉ុន្តែពួកគេទាំងពីរមានភាពខុសប្លែកគ្នា ព្រះពុទ្ធលោកបានសិក្សាស្រាវជ្រាវ…
sn 12.019 បាលី cs-km: sut.sn.12.019 អដ្ឋកថា: sut.sn.12.019_att PTS: ?
(ពាលបណ្ឌិត)សូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសក សុខវិបុល
(៩. ពាលបណ្ឌិតសុត្តំ)
[៥៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ដែលមានអវិជ្ជាជាគ្រឿងរារាំង ដែលប្រកបដោយតណ្ហា រមែងមានកាយ គឺបដិសន្ធិនេះ កើតឡើងយ៉ាងនេះឯង1) ដ្បិត ផស្សៈ រមែងកើតឡើង ព្រោះអាស្រ័យនូវធម៌ជាគូៗនឹងគ្នានុ៎ះ យ៉ាងនេះ គឺកាយនេះផង2) នាមរូបខាងក្រៅផង3) បុគ្គលពាលដែលផស្សាយតនៈ4) ទាំង៦ ឬក៏បណ្តាផស្សាយតនៈទាំងនោះ ណាមួយ ពាល់ត្រូវហើយ រមែងទទួលនូវសុខ និងទុក្ខ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ដែលមានអវិជ្ជា ជាគ្រឿងរារាំង ដែលប្រកបដោយតណ្ហា រមែងមានកាយនេះ កើតឡើងយ៉ាងនេះឯង ដ្បិតផស្សៈរមែងកើតឡើង ព្រោះអាស្រ័យនូវធម៌ជាគូៗនឹងគ្នានុ៎ះ យ៉ាងនេះ គឺកាយនេះផង នាមរូបខាងក្រៅផង បុគ្គលជាបណ្ឌិត ដែលផស្សាយតនៈទាំង៦ ឬក៏ បណ្តាផស្សាយតនៈទាំងនុ៎ះ ណាមួយ ពាល់ត្រូវហើយ រមែងទទួលនូវសុខ និងទុក្ខ។
[៥៨] ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ បណ្ឌិត និងពាល តើមានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានសេចក្តីផ្សេងគ្នាដូចម្តេច។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ (នេះ) មានព្រះមានព្រះភាគជាឫសគល់ មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគជាទីពឹង របស់យើងខ្ញុំ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះមានព្រះភាគ បំភ្លឺនូវសេចក្តីនៃភាសិតនុ៎ះ ដល់ខ្ញុំព្រះអង្គឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយប្រុងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[៥៩] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ដែលអវិជ្ជាណាបិទបាំងទុកផង ដែលតណ្ហាណាប្រកបទុកផង ទើបកាយនេះកើតឡើង បុគ្គលពាលមិនបានលះបង់អវិជ្ជានោះផង មិនទាន់អស់តណ្ហានោះផង ដំណើរនោះ តើព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលពាល មិនបានប្រព្រឹត្តមគ្គព្រហ្មចរិយៈ ដើម្បីការអស់នៃទុក្ខ ដោយប្រពៃទេ ព្រោះហេតុនោះ បុគ្គលពាល លុះបែកធ្លាយរាងកាយទៅហើយ ក៏ចូលទៅចាប់បដិសន្ធិកាយ (ផ្សេងទៀត) កាលបុគ្គលពាលនោះ ចូលទៅចាប់បដិសន្ធិកាយ (ផ្សេងទៀត) រមែងមិនរួចស្រឡះ ចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលពាលនោះ មិនរួចស្រឡះចាកវដ្តទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ដែលអវិជ្ជាណាបិទបាំងទុកផង ដែលតណ្ហាណាប្រកបទុកផង ទើបកាយនេះកើតឡើង តែបុគ្គលជាបណ្ឌិត បានលះបង់អវិជ្ជានោះចេញផង ធ្វើឲ្យអស់តណ្ហានោះផង ដំណើរនោះ ព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះបណ្ឌិត បានប្រព្រឹត្តមគ្គព្រហ្មចរិយៈ ដើម្បីការអស់នៃទុក្ខ ដោយប្រពៃ ព្រោះហេតុនោះ បណ្ឌិត លុះបែកធ្លាយរាងកាយទៅហើយ មិនចូលទៅចាប់បដិសន្ធិកាយទៀតឡើយ កាលបណ្ឌិតនោះ មិនបានចូលទៅចាប់បដិសន្ធិកាយទៀត រមែងរួចស្រឡះ ចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បណ្ឌិតនោះ រមែងរួចស្រឡះ ចាកវដ្តទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តមគ្គព្រហ្មចរិយៈណា នេះឯង ជាសេចក្តីវិសេស នេះឯង ជាសេចក្តីអធិប្បាយ នេះឯងជាសេចក្តីផ្សេងគ្នា នៃបណ្ឌិត និងពាល។
ចប់សូត្រ ទី៩។