km:tipitaka:sut:sn:12:sut.sn.12.020



(បច្ចយ)សូត្រ ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 12.020 បាលី cs-km: sut.sn.12.020 អដ្ឋកថា: sut.sn.12.020_att PTS: ?

(បច្ចយ)សូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. បច្ចយសុត្តំ)

[៦០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបដិច្ចសមុប្បាទធម៌ផង1) នូវបដិច្ចសមុប្បន្នធម៌2) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវសេចក្តីនោះ ចូរយកចិត្តទុកដាក់ ដោយប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៦១] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរា មរណៈកើតមាន ព្រោះជាតិជាបច្ច័យ ព្រះតថាគត កើតឡើងក្តី ព្រះតថាគត មិនទាន់កើតឡើងក្តី ធាតុ3) នោះ ធម្មដ្ឋិតិ4) នោះ ធម្មនិយាម5) នោះ ឥទប្បច្ច័យ6) នោះ តែងឋិតនៅជាធម្មតា តថាគត ត្រាស់ដឹង យល់ច្បាស់នូវបច្ច័យនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ទើបប្រាប់សំដែង ពន្យល់ តែងតាំង បើកបង្ហាញ ចែករលែក ធ្វើឲ្យរាក់ ហើយប្រាប់ថែមថា អ្នកទាំងឡាយ ចូរមើលចុះ។ ម្នាលភិក្ខុទាំងឡាយ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។បេ។ ម្នាលភិក្ខុទាំងឡាយ ជាតិកើតមាន ព្រោះភពជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ព្រះតថាគតកើតឡើងក្តី ព្រះតថាគតមិនទាន់កើតឡើងក្តី ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ ឥទប្បច្ច័យនោះ តែងឋិតនៅជាធម្មតា តថាគត ត្រាស់ដឹង យល់ច្បាស់ នូវបច្ច័យនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ទើបប្រាប់ សំដែង ពន្យល់ តែងតាំង បើកបង្ហាញ ចែករំលែក ធ្វើឲ្យរាក់ ហើយប្រាប់ថែមថា អ្នកទាំងឡាយ ចូរមើលចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ជារបស់ពិត ទៀតទាត់ មិនប្រែប្រួល មានសភាវៈនេះជាបច្ច័យ ក្នុងធម៌នោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិច្ចសមុប្បាទធម៌ ដោយប្រការដូច្នេះឯង។

[៦២] ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បន្នធម៌ទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរាមរណៈ មិនទៀង ជាធម្មជាតដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ជាតិ មិនទៀង ជាធម្មជាតិដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភព មិនទៀង ជាសភាវៈដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាសភាវៈតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន។បេ។ ម្នាលភិក្ខុទាំងឡាយ តណ្ហា… ម្នាលភិក្ខុទាំងឡាយ វេទនា… ម្នាលភិក្ខុទាំងឡាយ ផស្សៈ… ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ… ម្នាលភិក្ខុទាំងឡាយ នាមរូប… ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ… ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ… ម្នាលភិក្ខុទាំងឡាយ អវិជ្ជា មិនទៀង ជាធម្មជាតិដែលបច្ច័យប្រជុំតាក់តែង កើតព្រោះអាស្រ័យបច្ច័យ ជាធម្មជាតិតែងអស់ជាធម្មតា សូន្យជាធម្មតា វិនាសជាធម្មតា រលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងនេះហៅថា បដិច្ចសមុប្បន្នធម៌។

[៦៣] ម្នាលភិក្ខុទាំងឡាយ កាលណា អរិយសាវ័កបានឃើញ នូវបដិច្ចសមុប្បាទធម៌នេះផង នូវបដិច្ចសមុប្បន្នធម៌នេះផង ដោយប្រពៃ ដោយប្រាជ្ញា ដ៏ឧត្តម តាមពិត អរិយសាវ័កនោះ នឹងពិចារណារកទីបំផុតខាងដើម គឺខន្ធក្នុងអតីតកាលថា អាត្មាអញ បានកើតហើយក្នុងអតីតកាលដែរឬហ្ន៎ អាត្មាអញ មិនបានកើតក្នុងអតីតកាលទេឬហ្ន៎ អាត្មាអញបានកើតហើយក្នុងអតីតកាល ដូចម្តេចហ្ន៎ អាត្មាអញ បានកើតហើយក្នុងអតីតកាល ដោយប្រការដូចម្តេចហ្ន៎ អាត្មាអញកើតជាអ្វី ហើយបានកើតជាអ្វី ក្នុងអតីតកាលហ្ន៎ ដូច្នេះក្តី ពិចារណារកនូវទីបំផុតខាងចុង គឺខន្ធក្នុងអនាគតកាលថា អាត្មាអញ នឹងកើតក្នុងអនាគតកាលដែរឬហ្ន៎ អាត្មាអញ នឹងមិនកើតក្នុងអនាគតកាលទេឬហ្ន៎ អាត្មាអញ នឹងកើតក្នុងអនាគតកាល ដូចម្តេចហ្ន៎ អាត្មាអញ នឹងកើតក្នុងអនាគតកាល ដោយប្រការដូចម្តេចហ្ន៎ អាត្មាអញ នឹងកើតជាអ្វី ហើយកើតជាអ្វី ទៅក្នុងអនាគតកាលហ្ន៎ ដូច្នេះក្តី នឹងមានសេចក្តីងឿងឆ្ងល់ ចំពោះខន្ធខាងក្នុង (ខន្ធរបស់ខ្លួន) ក្នុងបច្ចុប្បន្នកាលឥឡូវនេះថា អាត្មាអញ មានដែរឬហ្ន៎ អាត្មាអញ មិនមានទេឬហ្ន៎ អាត្មាអញ មានដូចម្តេចហ្ន៎ អាត្មាអញ មានដោយប្រការដូចម្តេចទៅហ្ន៎ សត្វនេះមកពីណាហ្ន៎ សត្វនោះនឹងទៅកើតក្នុងទីណាហ្ន៎ ដូច្នេះក្តី ហេតុនេះ រមែងមិនមានឡើយ ដំណើរនោះ តើព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រះអរិយសាវ័កបានឃើញ នូវបដិច្ចសមុប្បាទធម៌នេះផង នូវបដិច្ចសមុប្បន្នធម៌នេះផង ដោយប្រពៃ ដោយប្រាជ្ញាដ៏ឧត្តមតាមពិត។

ចប់សូត្រទី១០។

ចប់ អាហារវគ្គ ទី២។

បញ្ជីនៃអាហារវគ្គនោះ គឺ

និយាយអំពីអាហារ១ អំពីមោលិយផគ្គុន១ អំពីសមណៈ និងព្រាហ្មណ៍២លើក អំពីកច្ចានគោត្រ១ អំពីធម្មកថិក១ អំពីអចេលកស្សប១ អំពីតិម្ពរុក្ខបរិព្វាជក១ អំពីពាល និងបណ្ឌិត១ អំពីបច្ច័យ១ ត្រូវជា១០។

 

លេខយោង

1)
ការកើតឡើងនៃហេតុ ព្រោះអាស្រ័យគ្នា ក្នុងទីនេះ សំដៅយកបច្ច័យ មានអវិជ្ជាជាដើម។
2)
សភាវធម៌ ដែលកើតឡើងហើយ ព្រោះអាស្រ័យបច្ច័យ។
3)
សភាពនៃធម៌ ដែលជាតួបច្ច័យ ហៅថា ធាតុ។
4)
ធម៌កើតឡើងអំពីបច្ច័យ អាស្រ័យគ្នា ហើយឋិតនៅ ហៅថា ធម្មដ្ឋិតិ។
5)
បច្ច័យដែលកំណត់នូវធម៌ ហៅថា ធម្មនិយាម។
6)
បច្ច័យនៃធម៌ មានជរាមរណៈ ជាដើមនេះ ហៅថា ឥទប្បច្ច័យ។
km/tipitaka/sut/sn/12/sut.sn.12.020.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann