(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 12.022 បាលី cs-km: sut.sn.12.022 អដ្ឋកថា: sut.sn.12.022_att PTS: ?
(ទុតិយទសពល)សូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. ទុតិយទសពលសុត្តំ)
[៦៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ប្រកបដោយកម្លាំង១០ផង ប្រកបដោយវេសារជ្ជធម៌៤ផង រមែងប្តេជ្ញានូវឋានៈប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅថា រូបដូច្នេះ ហេតុជាទីកើតឡើងនៃរូប ដូច្នេះ សេចក្តីរលត់នៃរូបដូច្នេះ វេទនាដូច្នេះ ហេតុជាទីកើតឡើងនៃវេទនា ដូច្នេះ សេចក្តីរលត់នៃវេទនា ដូច្នេះ សញ្ញាដូច្នេះ ហេតុជាទីកើតឡើងនៃសញ្ញា ដូច្នេះ សេចក្តីរលត់នៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ហេតុជាទីកើតឡើងនៃសង្ខារទាំងឡាយ ដូច្នេះ សេចក្តីរលត់នៃសង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ហេតុជាទីកើតឡើងនៃវិញ្ញាណ ដូច្នេះ សេចក្តីរលត់នៃវិញ្ញាណដូច្នេះ កាលបើធម្មជាតនេះមាន ធម្មជាតនេះក៏មានដែរ ព្រោះការកើតឡើងនៃធម្មជាតនេះ ទើបធម្មជាតនេះកើតឡើងដែរ កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះក៏មិនមានដែរ ព្រោះការរលត់នៃធម្មជាតនេះ ទើបធម្មជាតនេះរលត់ដែរ គឺថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញា ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
[៦៦] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសំដែងហើយ ដោយប្រពៃ តថាគត បានបើក បានប្រកាស ឲ្យងាយ ដូចជាបុរសគ្មានកំណាត់សំពត់ បិទបាំងកាយ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលតថាគតសំដែងហើយដោយប្រពៃ តថាគត បានបើក បានប្រកាស ឲ្យងាយ ដូចជាបុរសគ្មានកំណាត់សំពត់ បិទបាំងកាយ យ៉ាងនេះ កុលបុត្ត ដែលបួសហើយព្រោះសទ្ធា គួរតែប្រារព្ធ នូវសេចក្តីព្យាយាម (ប្រកបដោយអង្គ៤) ថា ស្បែក១ សរសៃ១ ឆ្អឹង១ ចូរសល់នៅចុះ ឯសាច់ឈាមក្នុងសរីរៈ ចូររីងស្ងួតទៅចុះ គុណជាតណា ដែលបុគ្គលគប្បីដល់ដោយកម្លាំងរបស់បុរស ដោយសេចក្តីព្យាយាម របស់បុរស ដោយសេចក្តីប្រឹងប្រែង របស់បុរស បើមិនទាន់ដល់នូវគុណជាតនោះទេ នឹងមិនបញ្ឈប់ នូវសេចក្តីព្យាយាម របស់បុរសឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ជិលច្រអូស រមែងច្រឡូកច្រឡំដោយអកុសលធម៌ដ៏លាមក នៅជាទុក្ខ ថែមទាំងញុំាងប្រយោជន៍នៃខ្លួន ដ៏ធំ ឲ្យសាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ ចំណែកបុគ្គល ដែលមានព្យាយាមតឹងរឹង រមែងស្ងប់ស្ងាត់ ចាកអកុសលធម៌ដ៏លាមក នៅជាសុខ ថែមទាំងញុំាងប្រយោជន៍នៃខ្លួនដ៏ធំ ឲ្យបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ ការដល់នូវគុណវិសេសដ៏ខ្ពង់ខ្ពស់1) ដោយឥន្ទ្រិយដ៏ថោកទាប2) រមែងមិនមានទេ ការដល់នូវគុណវិសេសដ៏ខ្ពង់ខ្ពស់ ដោយឥន្ទ្រិយដ៏ខ្ពង់ខ្ពស់ ទើបមាន។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនេះ ជាធម្មជាតជ្រះថ្លា គួរក្រេបផឹក ព្រោះព្រះសាស្តា មាននៅចំពោះមុខ។
[៦៧] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីការដល់នូវគុណធម៌ ដែលមិនទាន់បានដល់ ដើម្បីការត្រាស់ដឹងនូវគុណធម៌ ដែលមិនទាន់បានត្រាស់ដឹង ដើម្បីការធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ក្នុងសាសនានេះ ដោយគិតយ៉ាងនេះថា បព្វជ្ជារបស់យើងទាំងឡាយនេះ មិនមែនវៀច មិនមែនឥតផលទេ រមែងប្រកបដោយផល ប្រកដដោយសេចក្តីចម្រើន ព្រោះថា យើងទាំងឡាយ បរិភោគនូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនទាំងឡាយណា ការបូជាទាំងនោះ ចំពោះយើងទាំងឡាយ របស់ជនទាំងនោះ នឹងមានផលច្រើន មានអានិសង្សច្រើន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់នូវប្រយោជន៍របស់ខ្លួន គួរតែញុំាងកិច្ចទាំងពួង ឲ្យបរិបូណ៌ដោយសេចក្តីមិនប្រមាទ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់ នូវប្រយោជន៍របស់បុគ្គលដទៃ គួរតែញុំាងកិច្ចទាំងពួង ឲ្យបរិបូណ៌ ដោយសេចក្តីមិនប្រមាទ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលឃើញច្បាស់នូវប្រយោជន៍ទាំងពីរ គួរតែញុំាងកិច្ចទាំងពួង ឲ្យបរិបូណ៌ ដោយសេចក្តីមិនប្រមាទ។
ចប់សូត្រ ទី២។