កិរិយាអស់ទៅនៃអាសវ (មគ្គ) មានហេតុ តាមលំដាប់ ដូចរងទុក្ខដែរ កាលបើឃើញនូវអរិយសច្ច ៤។
sn 12.023 បាលី cs-km: sut.sn.12.023 អដ្ឋកថា: sut.sn.12.023_att PTS: ?
(ឧបនិស)សូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៣. ឧបនិសសុត្តំ)
[៦៨] ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កិរិយាអស់ទៅនៃអាសវៈ ចំពោះតែបុគ្គល ដែលដឹងច្បាស់ ឃើញច្បាស់ មិនពោលចំពោះបុគ្គល ដែលមិនដឹងច្បាស់ មិនឃើញច្បាស់ទេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលកាលដឹងអ្វី កាលឃើញអ្វី ទើបមានការអស់ទៅនៃអាសវៈ។ បុគ្គលដឹង ឃើញថា រូប ដូច្នេះ ហេតុជាទីកើតឡើងនៃរូបដូច្នេះ សេចក្តីរលត់នៃរូបដូច្នេះ។បេ។ វេទនាដូច្នេះ។បេ។ សញ្ញាដូច្នេះ។បេ។ សង្ខារទាំងឡាយដូច្នេះ។បេ។ វិញ្ញាណដូច្នេះ ហេតុជាទីកើតឡើងនៃវិញ្ញាណដូច្នេះ សេចក្តីរលត់នៃវិញ្ញាណដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបមានការអស់ទៅនៃអាសវៈ។
[៦៩] ម្នាលភិក្ខុទាំងឡាយ កាលធម៌1) ជាគ្រឿងអស់ទៅនៃអាសវៈ កើតឡើងហើយ ខយញ្ញាណ2) ណា កើតឡើងដែរ តថាគតពោលថា ខយញ្ញាណនោះ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃខយញ្ញាណ តើដូចម្តេច។ គប្បីឆ្លើយថា វិមុត្តិ គឺអរហត្តផល ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិមុត្តិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃវិមុត្តិ តើដូចម្តេច។ គប្បីឆ្លើយថា វិរាគៈ គឺមគ្គ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិរាគៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃវិរាគៈ តើដូចម្តេច។ គប្បីឆ្លើយថា និព្វិទាញាណ គឺពលវវិបស្សនា3) ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា និព្វិទាញាណ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃនិព្វិទាញាណ តើដូចម្តេច។ គប្បីឆ្លើយថា យថាភូតញ្ញាណទស្សនៈ គឺតរុណវិបស្សនា4) ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា យថាភូតញ្ញាណទស្សនៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃយថាភូតញ្ញាណទស្សនៈ តើដូចម្តេច។ គប្បីឆ្លើយថា សមាធិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សមាធិប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសមាធិ តើដូចម្តេច។ គប្បីឆ្លើយថា សុខៈ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុខៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសុខៈ តើដូចម្តេច។ គប្បីឆ្លើយថា បស្សទ្ធិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បស្សទ្ធិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃបស្សទ្ធិ តើដូចម្តេច។ គប្បីឆ្លើយថា បីតិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បីតិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃបីតិ តើដូចម្តេច។ គប្បីឆ្លើយថា បាមុជ្ជៈ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បាមុជ្ជៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃបាមុជ្ជៈ តើដូចម្តេច។ គប្បីឆ្លើយថា សទ្ធា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធា ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសទ្ធា តើដូចម្តេច។ គប្បីឆ្លើយថា ទុក្ខ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុក្ខ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃទុក្ខ តើដូចម្តេច។ គប្បីឆ្លើយថា ជាតិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ជាតិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃជាតិ តើដូចម្តេច។ គប្បីឆ្លើយថា ភព ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភព ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃភព តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទាន ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ឧបាទាន ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃឧបាទាន តើដូចម្តេច។ គប្បីឆ្លើយថា តណ្ហា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា តណ្ហា ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃតណ្ហា តើដូចម្តេច។ គប្បីឆ្លើយថា វេទនា ជាហេតុ។បេ។ គប្បីឆ្លើយថា ផស្សៈ ជាហេតុ… គប្បីឆ្លើយថា សឡាយតនៈ ជាហេតុ… គប្បីឆ្លើយថា នាមរូប ជាហេតុ… គប្បីឆ្លើយថា វិញ្ញាណ ជាហេតុ… គប្បីឆ្លើយថា សង្ខារទាំងឡាយ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សង្ខារទាំងឡាយ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសង្ខារទាំងឡាយ តើដូចម្តេច។ គប្បីឆ្លើយថា អវិជ្ជា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរួបរួមដូច្នេះ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ វិញ្ញាណ មានសង្ខារជាហេតុ នាមរូប មានវិញ្ញាណជាហេតុ សឡាយតនៈ មាននាមរូបជាហេតុ ផស្សៈ មានសឡាយតនៈជាហេតុ វេទនា មានផស្សៈជាហេតុ តណ្ហា មានវេទនាជាហេតុ ឧបាទាន មានតណ្ហាជាហេតុ ភព មានឧបាទានជាហេតុ ជាតិ មានភពជាហេតុ ទុក្ខ មានជាតិជាហេតុ សទ្ធា មានទុក្ខជាហេតុ បាមុជ្ជៈ មានសទ្ធាជាហេតុ បីតិ មានបាមុជ្ជៈជាហេតុ បស្សទ្ធិ មានបីតិជាហេតុ សុខៈ មានបស្សទ្ធិជាហេតុ សមាធិ មានសុខៈជាហេតុ យថាភូតញ្ញាណទស្សនៈ មានសមាធិជាហេតុ និព្វិទាញាណ មានយថាភូតញ្ញាណទស្សនៈជាហេតុ វិរាគៈ មាននិព្វិទាញាណជាហេតុ វិមុត្តិ មានវិរាគៈជាហេតុ ខយញ្ញាណ មានវិមុត្តិជាហេតុ។
[៧០] ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀងមានគ្រាប់ដ៏ថ្លោស បង្អុរចុះលើភ្នំ កាលទឹកនោះ ហូរទៅកាន់ទីទាប រមែងញុំាងជ្រោះភ្នំ ក្រហែង និងប្រឡាយទឹកឲ្យពេញ កាលបើជ្រោះភ្នំ ក្រហែង និងប្រឡាយទឹកពេញហើយ រមែងញុំាងត្រពាំងតូចឲ្យពេញ កាលបើត្រពាំងតូចពេញហើយ រមែងញុំាងបឹងឲ្យពេញ កាលបើបឹងពេញហើយ រមែងញុំាងស្ទឹងឲ្យពេញ កាលបើស្ទឹងពេញហើយ រមែងញុំាងទន្លេឲ្យពេញ កាលបើទន្លេពេញហើយ រមែងញុំាងមហាសមុទ្រឲ្យពេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ វិញ្ញាណ មានសង្ខារជាហេតុ នាមរូប មានវិញ្ញាណជាហេតុ សឡាយតនៈ មាននាមរូបជាហេតុ ផស្សៈ មានសឡាយតនៈជាហេតុ វេទនា មានផស្សៈជាហេតុ តណ្ហាមានវេទនាជាហេតុ ឧបាទាន មានតណ្ហាជាហេតុ ភព មានឧបាទានជាហេតុ ជាតិមានភពជាហេតុ ទុក្ខ មានជាតិជាហេតុ សទ្ធាមានទុក្ខជាហេតុ បាមុជ្ជៈ មានសទ្ធាជាហេតុ បីតិ មានបាមុជ្ជៈជាហេតុ បស្សទ្ធិ មានបីតិជាហេតុ សុខៈ មានបស្សទ្ធិជាហេតុ សមាធិ មានសុខៈជាហេតុ យថាភូតញ្ញាណទស្សនៈ មានសមាធិជាហេតុ និព្វិទាញាណ មានយថាភូតញ្ញាទស្សនៈជាហេតុ វិរាគៈ មាននិព្វិទាញាណជាហេតុ វិមុត្តិ មានវិរាគៈជាហេតុ ខយញ្ញាណ មានវិមុត្តិជាហេតុ។
ចប់សូត្រ ទី៣។