(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 12.024 បាលី cs-km: sut.sn.12.024 អដ្ឋកថា: sut.sn.12.024_att PTS: ?
(អញ្ញតិត្ថិយ)សូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. អញ្ញតិត្ថិយសុត្តំ)
[៧១] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជិតក្រុងរាជគ្រឹះ… គ្រានោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក1) សិន។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីសមគួរ។
[៧២] លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិព្វាជកទាំងនោះ ក៏ពោលពាក្យដូច្នេះថា ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលសារីបុត្តមានអាយុ បណ្ហាហេតុទាំង៤នេះ ព្រះសមណគោតម បានពោលដូចម្តេច បានប្រាប់ដូចម្តេច ចុះកាលយើងទាំងឡាយ ព្យាករដូចម្តេច ទើបឈ្មោះថា ជាអ្នកពោលតាមពាក្យដែលព្រះសមណគោតមពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះសមណគោតម ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។
[៧៣] ព្រះសារីបុត្តពោលថា ម្នាលអាវុសោ សេចក្តីទុក្ខ ព្រះមានព្រះភាគ បានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យដែលព្រះមានព្រះភាគ បានពោលហើយផង មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែសេចក្តីទុក្ខនោះ កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែសេចក្តីទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។
[៧៤] ព្រះអានន្ទមានអាយុ បានឮនូវការចរចា ដោយពាក្យនេះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះហើយ។ ទើបព្រះអានន្ទមានអាយុ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះត្រឡប់មកអំពីបិណ្ឌបាត ក្នុងបច្ឆាភត្តកាល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលនូវការចរចា ដោយពាក្យទាំងអស់នោះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ ចំពោះព្រះមានព្រះភាគ។
[៧៥] ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ប្រពៃហើយ ប្រពៃហើយ តាមដែលសារីបុត្តព្យាករហើយនោះ ឈ្មោះថា ព្យាករដោយប្រពៃ។ ម្នាលអានន្ទ សេចក្តីទុក្ខ ដែលតថាគតបានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យដែលតថាគតពោលហើយផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។
[៧៦] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះឯង។ ម្នាលអានន្ទ គ្រានោះ តថាគតស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ម្នាលអានន្ទ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនៅព្រឹកពេកណាស់ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅកាន់អារាមនៃពួកអន្យតិរ្ថិយបរិព្វាជកសិន។ ម្នាលអានន្ទ លំដាប់នោះ តថាគតចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ ម្នាលអានន្ទ លុះតថាគតអង្គុយក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិព្វាជកទាំងនោះ ក៏ពោលពាក្យដូច្នេះថា បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ចុះព្រះគោតមមានអាយុ ពោលដូចម្តេច ប្រាប់ដូចម្តេច ដល់យើងទាំងឡាយ ក្នុងហេតុទាំង៤នេះ យើងទាំងឡាយ កាលព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យដែលព្រះគោតមមានអាយុពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះគោតមមានអាយុ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអានន្ទ កាលបើអន្យតិរ្ថិយបរិព្វាជកទាំងនោះ ពោលយ៉ាងនេះហើយ តថាគត ក៏ពោលតបទៅនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ សេចក្តីទុក្ខ ដែលតថាគតបានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ទើបឈ្មោះថា ពោលតាមពាក្យដែលតថាគត បានពោលហើយផង មិនពោលបង្កាច់តថាគតដោយពាក្យមិនពិតផង ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអាវុសោទាំងឡាយ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែទុក្ខនោះ កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែទុក្ខនោះកើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអាវុសោទាំងឡាយ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ពួកសមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។
[៧៧] ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកពេកណាស់ ព្រោះថា សេចក្តីទាំងពួង ព្រះមានព្រះភាគ ទ្រង់ពោលតែដោយបទមួយ បពិត្រព្រះអង្គដ៏ចំរើន ឯសេចក្តីនុ៎ះ ប្រសិនបើព្រះអង្គ ពោលដោយពិស្តារវិញ ប្រហែលជាជ្រាលជ្រៅ ទាំងមានឱភាសជ្រាលជ្រៅណាស់។ ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកបំភ្លឺនូវសេចក្តីនោះ ក្នុងវាទៈទាំង៤នេះមកមើល។
[៧៨] បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ជរា និងមរណៈ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជរា និងមរណៈ មានជាតិជាហេតុ មានជាតិនាំឲ្យកើត មានជាតិជាកំណើត មានជាតិជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះជាតិ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ជាតិ មានភពជាហេតុ មានភពនាំឲ្យកើត មានភពជាកំណើត មានភពជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះភព មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភព មានឧបាទានជាហេតុ មានឧបាទាននាំឲ្យកើត មានឧបាទានជាកំណើត មានឧបាទានជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះឧបាទាន។បេ។ ម្នាលអានន្ទមានអាយុ ចុះតណ្ហា។បេ។ ម្នាលអានន្ទមានអាយុ ចុះវេទនា។បេ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលអានន្ទមានអាយុ ចុះផស្សៈ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈនាំឲ្យកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាប្រភព ម្នាលអាវុសោទាំងឡាយ ការរលត់នៃផស្សៈ ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃផស្សាយតនៈទាំង៦ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរា និងមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏តែងរលត់ទៅ ព្រោះការរលត់នៃជាតិ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។
ចប់ សូត្រ ទី៤។