km:tipitaka:sut:sn:12:sut.sn.12.025



(ភូមិជ)សូត្រ ទី៥

សង្ខេប

ព្រះ​ភូមិជ សួរ​អំពី សុខ និង​ទុក្ខ… នឹង​ព្រះ​សារីបុត្ត។ តើ​ព្រះ​មាន​ព្រះភាគ បាន​ត្រាស់​ដូ​ម្តេច​ខ្លះ នឹង​ព្រះ​អានន្ន អំពី​សុខ និង​ទុក្ខ…?

sn 12.025 បាលី cs-km: sut.sn.12.025 អដ្ឋកថា: sut.sn.12.025_att PTS: ?

(ភូមិជ)សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. ភូមិជសុត្តំ)

[៧៩] ទ្រង់គង់ជិតក្រុងសាវត្ថី… គ្រានោះ ព្រះភូមិជៈមានអាយុ ចេញអំពីទីស្ងាត់ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភូមិជៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយទៀត ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយទៀត ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលសារីបុត្តមានអាយុ ព្រះមានព្រះភាគ ទ្រង់ពោលដូចម្តេច ទ្រង់ប្រាប់ដូចម្តេច ដល់យើងទាំងឡាយ ក្នុងហេតុទាំង៤នេះ ចុះកាលយើងទាំងឡាយព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យ ដែលព្រះមានព្រះភាគពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។

[៨០] ព្រះសារីបុត្តតបថា ម្នាលអាវុសោ សុខ និងទុក្ខ ព្រះមានព្រះភាគ បានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យ ដែលព្រះមានព្រះភាគ ពោលហើយផង មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខនិងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអាវុសោ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលសុខ និងទុក្ខ ក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើង ដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលសុខ និងទុក្ខ ក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៨១] ព្រះអានន្ទមានអាយុ បានស្តាប់ការចរចានេះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងព្រះភូមិជៈមានអាយុហើយ។ ទើបព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលការចរចា ទាំងអស់នោះ របស់ព្រះសារីបុត្តមានអាយុ ជាមួយនឹងព្រះភូមិជៈមានអាយុ ចំពោះព្រះមានព្រះភាគ។

[៨២] ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ប្រពៃហើយ ប្រពៃហើយ ត្រង់ពាក្យដែលសារីបុត្តព្យាករ ឈ្មោះថា ព្យាករដោយប្រពៃ។ ម្នាលអានន្ទ សុខ និងទុក្ខ តថាគត បានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យ ដែលតថាគតពោលហើយផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើង ដោយមិនអាស្រ័យហេតុ តែសុខ និងទុក្ខនោះឯង កើតឡើង ព្រោះផស្សៈជាបច្ច័យ។ ម្នាលអានន្ទ បណ្តាវាទៈទាំង៤នោះ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះ ទទួលសុខ និងទុក្ខ ក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើង ដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលសុខ និងទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៨៣] ម្នាលអានន្ទ កាលបើកាយមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះកាយសញ្ចេតនា1) ជាហេតុ ម្នាលអានន្ទ កាលបើវាចាមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះវចីសញ្ចេតនាជាហេតុ ម្នាលអានន្ទ កាលបើមនោមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះមនោសញ្ចេតនាជាហេតុ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារ2) ណា បុគ្គលតែងធ្វើកាយសង្ខារនោះដោយខ្លួនឯង ព្រោះអវិជ្ជាជាបច្ច័យក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើកាយសង្ខារនោះក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលកាលដឹងច្បាស់ តែងធ្វើកាយសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើកាយសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវចីសង្ខារណា បុគ្គលតែងធ្វើវចីសង្ខារនោះដោយខ្លួនឯង ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវចីសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើវចីសង្ខារនោះក៏មាន។ ម្នាលអានន្ទ បុគ្គលដឹងច្បាស់។បេ។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវចីសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើវចីសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺមនោសង្ខារណា បុគ្គលតែងធ្វើមនោសង្ខារនោះដោយខ្លួនឯង ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺមនោសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើមនោសង្ខារនោះក៏មាន។ ម្នាលអានន្ទ បុគ្គលដឹងច្បាស់។បេ។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺមនោសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើមនោសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ អវិជ្ជាធ្លាក់ចុះរឿយៗ ក្នុងធម៌ទាំងនេះឯង។

[៨៤] ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយណា កាយនោះ មិនមាន ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវាចាណា វាចានោះ មិនមាន។ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺចិត្តណា ចិត្តនោះ មិនមាន ខេត្តក្តី មិនមាន។ វត្ថុក្តី មិនមាន។ អាយតនៈក្តី មិនមាន។ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺអធិករណៈ3) ណា អធិករណ៍នោះក្តី មិនមាន។

ចប់សូត្រ ទី៥។

 

លេខយោង

1)
ចេតនាដែលកើតឡើងក្នុងកាយទ្វារ។
2)
កាយកម្ម។
3)
ហេតុ។
km/tipitaka/sut/sn/12/sut.sn.12.025.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann