km:tipitaka:sut:sn:12:sut.sn.12.026



(ឧបវាណ)សូត្រ ទី៦

សង្ខេប

ទុក្ខ គឺ​បុគ្គល​ធ្វើ​ដោយ​ខ្លួន​ឯង ឬ​ទុក្ខ គឺ​បុគ្គល​ដទៃ​ធ្វើ​ឲ្យ?

sn 12.026 បាលី cs-km: sut.sn.12.026 អដ្ឋកថា: sut.sn.12.026_att PTS: ?

(ឧបវាណ)សូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. ឧបវាណសុត្តំ)

[៨៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះ ព្រះឧបវាណៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។

[៨៦] លុះព្រះឧបវាណៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ពោលដូចម្តេច ទ្រង់ប្រាប់ដូចម្តេច ដល់យើងទាំងឡាយ ក្នុងហេតុទាំង៤នេះ កាលយើងទាំងឡាយ ព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យដែលព្រះមានព្រះភាគ ទ្រង់ពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។

[៨៧] ម្នាលឧបវាណៈ សេចក្តីទុក្ខ តថាគតបានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យ ដែលតថាគត ពោលហើយផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង។ ម្នាលឧបវាណៈ បណ្តាសមណព្រាហ្មណ៍ទាំង៤ពួកនោះ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង តែទុក្ខនោះឯង កើតឡើងព្រោះផស្សៈជាបច្ច័យ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ តែទុក្ខនោះឯង កើតឡើង ព្រោះផស្សជាបច្ច័យ។ ម្នាលឧបវាណៈ បណ្តាសមណព្រាហ្មណ៍ទាំង៤ពួកនោះ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា។បេ។ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ សមណព្រាហ្មណ៍ទាំងនោះឯង ទទួលទុក្ខក្រៅអំពីផស្សៈ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

ចប់សូត្រ ទី៦។

 

លេខយោង

km/tipitaka/sut/sn/12/sut.sn.12.026.txt · ពេលកែចុងក្រោយ: 2024/10/11 15:53 និពន្ឋដោយ Johann